ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងតែចងក្រងសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីបង្ករភាពងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់ និងទាក់ទាញអ្នកវិនិយោគទុន នៅគ្រាដែលកម្ពុជាកំពុងស្ថិតនៅក្នុងសម័យ សេដ្ឋកិច្ចឌីជីថលឬសេដ្ឋកិច្ចសម័យទំនើប។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ បានប្រកាសថា ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើសេចក្តីព្រាងច្បាប់សំខាន់ថ្មីមួយ ដើម្បីសម្រួលដល់ស្ថានការណ៍ពាណិជ្ជកម្មនៅកម្ពុជា និងការទាក់ទាញវិនិយោគិនអន្តរជាតិមករកស៊ីនៅកម្ពុជា នៅគ្រាដែលកម្ពុជាកំពុងតែត្រៀមធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ដែលពេលនោះហើយនឹងមានការប្រកួតប្រជែងគ្នាខ្លាំង និងមួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាកំពុងតែស្ថិតនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ឬសេដ្ឋកិច្ចសម័យទំនើបផងដែរ។
សេចក្តីព្រាងច្បាប់ដែលមានឈ្មោះជាភាសារអង់គ្លេសថា៖ ( អ៊ីខមមើស E-Commerce និងអ៊ីផេមិន E-Payment ) នឹងបញ្ចប់សេចក្តីព្រាងច្បាប់នេះ នៅចុងឆ្នាំ២០១៤នេះ ជូនទីស្តីការណៈរដ្ឋមន្រ្តីដើម្បី ពិនិត្យ និងឆ្លងសំរេច។
ការបង្កើតឲ្យមានសេចក្តីព្រាងច្បាប់នេះ គឺអាស្រ័យទៅលើហេតុផលថា៖ កម្ពុជាកំពុងតែរីកចំរើន យ៉ាងខ្លាំងក្នុងវិស័យ អ៊ិន ធឺណែត នាពេលចុងក្រោយនេះ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ ពន្យល់ប្រាប់អ្នកកាសែតនៅឯវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកម៉ិញនេះថា៖ ( សេចក្តី ព្រាងច្បាប់ថ្មីនេះមានសារៈសំខាន់និងចាំបាច់ណាស់។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា៖ នៅលើពិភពលោកនេះមានប្រជាជនចំនួនជាង ៣ពាន់លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត។
ដោយឡែក ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬFacebook ចំនួន១ លាន២សែននាក់ និងអ្នកប្រើប្រាស់អ៊ិនធឺណែតចំនួន២លាន៧ សែននាក់ទៀត។ ជាងនេះទៅទៀត កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន៧លាន៨សែននាក់ និងស៊ីមទូរស័ព្ទដៃ ចំនួន២១លាន១សែនស៊ីម។
អនុប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការងារសាធារណៈរបស់ក្រុមហ៊ុន Google ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ម៉ៃ និលស៊ុន បានមានប្រសាសន៍ថា៖ ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត គឺងាយស្រួលក្នុងការទាក់ទងក្នុងវិស័យពាណិជ្ជកម្ម និងការទិញលក់ទំនិញនៅក្នុងតំបន់៕
អត្ថបទដោយ៖ ខេមរា