Monday, December 09, 2019

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៣ នៅស្រុកអង្គរធំ

សៀមរាប៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារសំខាន់ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អនៅមូលដ្ឋាន ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក បន្ទាយស្រី និង ស្រុកអង្គរធំ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាស្រុកអង្គរធំ ។
អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក គឺជាការផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច បណ្តាអង្គភាពពាក់ព័ន្ធ ពិនិត្យដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការទាំងនោះ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ។
លោក អ៊ាន ឃុន មានប្រសាសន៍ឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់លើកកំពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ទាំងបុរស ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ។
អង្គវេទិការបស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៣នេះ មានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៥១៤នាក់ ស្រី ១៧២នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៤៤នាក់ ។
អង្គវេទិកាទទួលបានសំណួរ និង កង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋចំនួន១៣សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនបកស្រាយបំភ្លឺ១១សំណួរសំណូមពរ និង ស្ថិតក្នុងការតាមដានបន្ត ២សំណួរ ។ ដោយឡែកសំណួរ-សំណូមពរ ជាលាយលក្ខ័ជាអក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន៣០សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្តទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ ។
ក្នុងនោះដែរសមាជិកនៃអង្គវេទិកា បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយបានផ្តោតទៅលើបញ្ហា ដីធ្លី(ការធ្វើប័ណ្ណកម្មសិទ្ធិសម្គាល់អចនទ្រព្យ) , ផ្លូវថ្នល់ , បរិស្ថាន , រ៉ែថាមពល , ហេដ្ឋារចនាសម្ព័ន្ធ ,អត្តសញ្ញាណកម្ម(សៀវភៅគ្រួសារ,អត្តសញ្ញាណប័ណ្ណ) ,តម្លៃកសិផល ( ស្រូវ , ដំឡូង , ស្វាយ និង គ្រាប់ស្វាយចន្ទី ) ,ការងារសាសនា ។
លោក អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ពីការចូលរួមរបស់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល អាចនិយាយបានថា ជាកម្លាំងចលករជំរុញឲ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខ ហើយនេះក៏ជាសកម្មភាព ធ្វើឲ្យថ្នាលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសជ្រៅនៅសហគមន៍មូលដ្ឋាន ព្រឹត្តិការណ៏នេះ វាក៏ជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋានបន្ថែមទៀត៕






ទិវាលាងសំអាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងសាលាបឋមសិក្សាស្វាយជ្រំ

ស្វាយរៀង៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក សេង សិលា អភិបាលរង តំណាង ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងទិវាលាងសំអាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ស្ថិតនៅសាលាបឋមសិក្សាស្វាយជ្រំ ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោក ហង់ ជូន ណារ៉ុន ។
ពិធីនេះមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្តទាំង២៥ លោកអភិបាលស្រុកស្វាយជ្រំ លោក លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ នាយក នាយិកាសាលានានាក្នុងស្រុកស្វាយជ្រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាស្វាយជ្រំ អាជ្ញាធរដែនដី និងមាតាបិតាសិស្ស។
មានប្រសាសន៍ក្នុងឱកាសនោះដែរលោកស្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ និងសាលាបឋមសិក្សាស្វាយជ្រំ និងអង្គការយូនីសេហ្វដែលគាំទ្រក្នុងការរៀបចំពិធីនេះ។
លោកស្រី បានផ្តាំផ្ញើប្អូនៗឱ្យលាងសំអាតដៃនឹងសាប៊ូ មុនញុំាអាហារ-ចំណី និងក្រោយពេលចេញពីបង្គន់។ បន្ទាប់មកលោកស្រី បានអញ្ជើញទស្សនាសួនជីវចម្រុះ អាហារដ្ឋាន បណ្ណាល័យសតវត្សទី២១ និងទីធ្លាសាលាផងដែរ៕



ពិធីបើកការដ្ឋានស្តារអូរ ប្រឡាយទឹកកខ្វក់ចំនួន៥ខ្សែ ដើម្បីកែប្រែសោភ័ណ្ឌភាពក្រុងព្រះសីហនុឱ្យល្អប្រសើរ

ព្រះសីហនុ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ញូន លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន ស្តារអូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ នៅក្រុងព្រះសីហនុ ដើម្បីកែប្រែសោភ័ណ្ឌភាពក្រុងអោយល្អប្រសើរ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីផែនការជាយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តន៍បានជោគជ័យ តាមរយៈស្មារតីសាមគ្គីគ្នា ចិត្តគំនិតតែមួយ សកម្មភាពតែមួយ នៅក្នុងទិសដៅដើម្បីសម្រេចបាននូវផែនការប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយល្អសម្រាប់ប្រជាពលរដ្ឋ។
លើសពីនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមអូរប្រឡាយ ឫដំបន់ដីជាប់ប្រឡាយទាំង៥ ទីតាំង សូមចូលរួមជាមួយអាជ្ញារធរ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឲ្យផែនការនៃការស្តាររអូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ (អូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានភាពជោគជ័យ ដើម្បីរំដោះទឹកកខ្វក់ចេញ ពិសេសរំដោះទឹកជំនន់នៅរដូវវស្សាអោយបានទាន់ពេលវេលា ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ញូន បានមានប្រសាសន៍ថា អូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ នៅក្រុងព្រះសីហនុ នឹងត្រូវស្តារឲ្យរួចជាស្ថាពរ ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការរំដោះទឹកកខ្វក់ចេញពីប្រឡាយទាំងប្រាំ ដើម្បីបរិស្ថានស្អាត។





ពិធីប្រកាសតែងតាំងប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ពិធីប្រកាសតែងតាំង ប្រធាន-អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលមាន លោក គី ចាន់សុផល តែងតាំងជាប្រធាន លេខាធិការដ្ឋានខេត្តពោធិ៍សាត់ និងលោក ប៊ន ចាន់រ៉ា ជាអនុប្រធាន លេខាធិការដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក លោក ស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព នានា ជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី និងយុវជន សសយក ផងដែរ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់៕







ទេសរដ្ឋមន្ត្រី គន់ គីម រៀបចំអតីតយុទ្ធជនកម្ពុជា ឱ្យជួបប្រតិភូអតីតយុទ្ធជនអាស៊ាន ស្វែងរកការឧបត្ថម្ភ

ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាតឱ្យជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ាន ក្នុងបំណងស្វែងរកការឧបត្ថម្ភមួយចំនួនដល់អតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ានដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអះអាងថា ការរៀបចំឱ្យអតីតយុទ្ធជនកម្ពុជា ជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ាននេះ ដើម្បីបានការជួយឧបត្ថម្ភជាងថវិកា ផ្ទះសម្បែង និងគ្រឿងបរិភោគជាដើម។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១១ ធ្នូ យើងនឹងរៀបចំអតីតយុទ្ធជនដែលមានការលំបាកខ្លាំងជាងគេ ដើម្បីជួបជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីបំផុសចលនាឧបត្ថម្ភ គាំទ្រចំពោះបងប្អូនអតីតយុទ្ធជនទាំងនោះ មានប្រទេសខ្លះជួយផ្ទះ មានប្រទេសខ្លះជួយថវិកា ខ្លះទៀតជួយស្បៀងអាហារ។ នេះជាការបំផុសចលនាជំហ៊ានទី១ ដែលប្រទេសកម្ពុជា ធ្វើជាប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាននៅពេលនេះ។ យើងបំផុសចលនា ដើម្បីឱ្យបណ្តាប្រទេសដទៃចូលរួមចំណែកទាំងអស់គ្នា»
ក្រៅពីបង្ហាញនូវការរៀបចំឱ្យអតីតយុទ្ធជនបានជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ានហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបង្ហាញពីលទ្ធផលមួយចំនួននៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២នាព្រឹកមិញផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា នៅកិច្ចប្រជុំនេះ ប្រទេសនៅក្នុងតំបន់អាស៊ាន បានឯកភាពគ្នាយកចិត្តទុកដាក់ខ្លាំងជាងគេ ទៅលើបញ្ហាសុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីជួយផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងកិច្ចប្រជុំព្រឹកនេះ ថ្នាក់ដឹកនាំអតីតយុទ្ធរបស់បណ្តាប្រទេសអាស៊ាន បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ដោយលើកយកការលើកស្ទួយចំពោះជីវភាព ការរៀបចំថែរក្សាទីតាំងប្រវត្តិសាស្ត្រសង្គ្រាមផងដែរ។ ជាក់ស្តែងនៅប្រទេសកម្ពុជា មានទីតាំងនយោបាយឈ្នះ-ឈ្នះ ដែលបានកសាងឱ្យក្លាយជាវិមានមួយដ៏អស្ចារ្យ គឺវិមានឈ្នះ-ឈ្នះ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងដែរថា កម្ពុជានឹងនាំគណៈប្រតិភូអតីតយុទ្ធរបស់បណ្តាប្រទេសអាស៊ាន ទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ ដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់ពីអ្វីដែលហៅថា នយោបាយឈ្នះ-ឈ្នះ ក្នុងរយៈពេល២០ឆ្នាំ ពីបាទដៃទទេ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ។
ក្រៅពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២រួចហើយនោះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ សហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ផងដែរ។ មហាសន្និបាតនេះ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ផងដែរថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។
សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។
លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕










អំណោយជាគ្រឿងឧបភោគបរិភោគត្រូវបានផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២០០គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា លោកស្រី តុង ណារី សមាជិកក្រុមលេខាសម្ដេច និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព រួមជាមួយប្រតិភូសមាគមមិត្តភាព វៀតណាមតៃនិញ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាកចំនួន ២០០ គ្រួសារ។
ក្នុងឱកាសនោះផងដែរលោកស្រី មាន សំអាន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមថែទាំសុខភាពឱ្យបានល្អ ដោយ រស់នៅស្អាត ហូបស្អាត និងដាំបន្លែបង្ការជុំវិញផ្ទះ សម្រាប់អាហារ ប្រចាំថ្ងៃផងដែរ ជាពិសេសតាមផ្ទះនីមួយ ត្រូវតែមានបង្គន់អនាម័យហើយនៅអំឡុងពេលនេះជារដូវរងារ និងធ្លាក់ខ្យល់ផងនោះ ត្រូវប្រុងប្រយ័ត្នចំពោះភ្លើងចង្រ្កាន ការដុតធូបទៀន ដែលអាចបង្ករជាអគ្គិភ័យដោយយថាហេតុ។
គួបញ្ជាក់ផងដែរថា៖ ក្នុងពីធីសំណេះសំណាល និងចែកអំណោយនោះ គ្រួសារនីមួយៗ ទទួលបានអំណោយរួមមាន៖ ភួយ ១, មី ១កេះ, ទឹកដោះគោ ១កំប៉ុង និង ស្ករស ១ គីឡូ៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អបសាទរកញ្ញា សៀវ ម៉ី និងកីឡាការិនីពីរទៀតដែលប្រកួតឈ្នះដណ្តើមបានមេដាយមាស

ភ្លាមៗបន្ទាប់ពីកញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ដណ្តើមបានមេដាយមាស និងកីឡាករិនីពីររូបទៀត ដណ្តើមបានមេដាយប្រាក់នោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចូលរួមអបអរសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់បួកគេផងដែរ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី បានដណ្តើមបានមេដាយមាស ១គ្រឿង ហើយកីឡារិនីតេក្វាន់ដូរពីររូបទៀតដណ្តើមបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពិន។
កីឡារិនីតេក្វាន់ដូពីររូបទៀត ដែលដណ្តើមបានមេដាយប្រាក់រួមមាន៖ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា និងកីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល។
ជ័យជម្នះរបស់កញ្ញា ស៊ន សៀវម៉ី និងកីឡាការិនីពីររូបផ្សេងទៀត សម្រាប់ការប្រកួតនៅថ្ងៃនេះ បាននាំមកនូវមោទនភាព និងសប្បាយរីករាយជាខ្លាំងសម្រាប់ជនរួមជាតិកម្ពុជា។
គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦) ៕



ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា

លោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជូតទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានកោតស្ញប់ស្ញែងចំពោះការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដែលផ្ទុយខុសកាលពី ១៧ឆ្នាំមុន នៅក្នុងពេលដែលលោកបានមកបំពេញទស្សនកិច្ច។ លោកបានលើកឡើងដូចនេះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១ នៅក្នុងឱកាសដែលព្រមទាំងលោកបណ្ឌិត ថោង ខុន និងលោក Eigo Onuma អគ្គនាយក នៃអង្គការទេសចរណ៍ជប៉ុន ប្រចាំទីក្រុងបាងកក បានអញ្ជើញចូលរួមក្នុងពិធីបើក Japan Travel Fair លើកទី៣ នៅផ្សារទំនើប AEON សែនសុខ រាជធានីភ្នំពេញ។
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានមកប្រទេសកម្ពុជា ក្នុងនាមជាឯកអគ្គរាជទូត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៩ ហើយជីវភាព របស់ខ្ញុំនៅទីនេះ មានរយៈពេល ៣ខែហើយ ខ្ញុំបានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញ កាល ពី១៧ឆ្នាំមុន ប៉ុន្តែទេសភាព របស់ទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺខុសគ្នាឆ្ងាយពីពេលនោះហើយ ខ្ញុំមានការស្ងប់ស្ញែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា»។
នៅក្នុងឱកាសនោះដែរលោក មិកាមិ ម៉ាស្សាហិរូ បានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននិងកំពុងទៅទស្សនាប្រទេសជប៉ុន កាន់តែច្រើនជាងពេលមុន៕








អាកាសធាតុចុះត្រជាក់ខ្លាំង! សូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ជាពិសេសវីរកងទ័ពឈរជើងតាមព្រំដែន

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩។
បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ធាតុអាកាសនៅកម្ពុជាមានដូចជា៖
១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន សីតុណ្ហភាពអប្បបរមាមានពី១៧-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៤-២៦អង្សាសេ។
២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង សីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៥-២៧អង្សាសេ។
៣៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៧-២៩អង្សាសេ។
៤៖ ខេត្តតាកែវ កែប កំពត និងព្រះសីហនុ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី៤ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ចំនួន៣

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបន្តបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានអនុម័តដោយរដ្ឋសភានា ពេលកន្លងទៅ។
សម័យប្រជុំព្រឹទ្ធសភានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។
របៀបវារៈសម្រាប់សម័យប្រជុំនេះ មានដូចជា៖
១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕