Saturday, November 02, 2019

សូមអញ្ជើញទស្សនាវីដែអូ ក្រោមចំណងជើងថា “ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិដ៏ប្រពៃ ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្ររ”

នៅថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សផ្សព្វផ្សាយវីដេអូ ក្រោមចំណងជើងថា «ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិដ៏ប្រពៃ
ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ»

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ជាថ្ងៃកំណត់នៃការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការផ្សព្វផ្សាយវីដេអូផ្លូវការមួយក្រោមចំណងជើងថា«ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិដ៏ប្រពៃដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ»។
តាមរយៈវីដេអូ ដែលមានរយៈពេល១៧នាទីនេះបានបង្ហាញនូវចម្លើយសារភាពរបស់អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើនដែលប្រកាសឈប់គាំទ្រ និងពួកគេក៏បានបកអាក្រាតអំពីផែនការរដ្ឋប្រហារដែលគ្រោងធ្វើនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ក្រោមលេសនៃការវិលចូលប្រទេសរបស់ទណ្ឌិតសម រង្ស៊ី និងគូកន។
នៅក្នុងចម្លើយសារភាព ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យពួកគេឈប់គាំទ្រ និងចូលមកសារភាព គឺដោយសារអ្នកទាំងនោះមានស្មារតី ភ្ញាក់រលឹកដោយសុទ្ធចិត្ត ហើយពួកគេមិនចង់ចូលរួមក្នុងសកម្មភាពខុសច្បាប់ និងខុសពីអ្វីដែលពលរដ្ឋខ្មែរទូទៅចង់បាន។
នៅក្នុងខ្លឹមសារនៃវីដេអូនោះ ក៏បានបង្ហាញផ្លូវដ៏ត្រឹមត្រូវ ដែលជាអត្ថន័យនៃការចូលខ្លួនមកសារភាពការទោសកំហុសរបស់អតីតសកម្មជនបក្សប្រឆាំង គឺជាការកសាងគុណសម្បត្តិដ៏ប្រពៃក្នុងការចូលរួមថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ជម្រើសល្អបំផុតសម្រាប់ខ្សែបណ្តាញរបស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជាអ្នកគាំទ្រសម រង្ស៊ី ផ្សេងទៀតដែលពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារនេះ គឺការចូលមកសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចដើម្បីទទួលបានការលើកលែងទោសផង និងដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រផង និងការពារសុខសន្តិភាព សម្រាប់កូនចៅយើងផង។


លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ​ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលេីកទី៣៥​ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជាច្រេីនផ្សេងទៀតរួមមាន​ ៖​
១- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
២- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
៣- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
៤- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
៥- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
៦- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
៧- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
៨- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
៩- ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
១០- អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង
១១- កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
សូម​ជម្រាប​ថា​ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ៕