Sunday, August 29, 2021

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត

 

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយដោយ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត។ 

នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះទៅកាន់ ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

លើមូលដ្ឋាននៃវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ និងក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់ យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ នាពេលដ៏ខ្លីខាងមុខនេះ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តការងារ ចំនួន៤ចំណុចបន្ថែមទៀតដូចក្នុងសេចក្តីណែនាំខាងក្រោម៖

អ្នកវិភាគចៅចាក់ស្មុក៖ អាមេរិកលើកទ័ពចូលអាហ្វហ្កានីស្ថានកាលពី២០ឆ្នាំ គឺដើម្បីសងសឹកលើក្រុមអាល់កៃដា មិនមែនដើម្បីស្តារលិទ្ធិប្រជាធិបតេយ្យនោះទេ

 (ភ្នំពេញ)៖ ក្រោយពីក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២ នៅអាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិក មិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។

ប្រសាសន៍របស់ប្រធានាធិបតីអាមេរិករូបនេះ ទំនងជាភាសាដ៏ស្មោះបំផុតចេញអស់ពីបេះដូងដើម្បីឆ្លើយតបនឹងការចោទប្រកាន់ និងការរិះគន់វាយប្រហារទាំងឡាយ និងក៏ជាការបង្ហាញយ៉ាងច្បាស់ផងដែរ ពីគោលបំណងពិតនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគតគឺដាច់ខាតត្រូវតែការពារផលប្រយោជន៍សហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់។

តាមរយៈសម្តីរបស់ប្រធានាធិបតីអាមេរិករូបនេះបានធ្វើឱ្យអ្នកតាមដានស្ថានការណ៍នយោបាយពិភពលោកយល់យ៉ាងច្បាស់ថា បានធ្វើឱ្យប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន មិនដឹងប៉ុន្មាននាក់ទេ ក្អួតឈាមដោយសារតែជឿលង់ថា ជំនួយ និងបេសកកម្មរបស់អាមេរិក គឺដើម្បីកសាងប្រទេសអាហ្វហ្កានីស្ថានមួយទំនើប ពោរពេញដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យចេញពីក្រុមតាលីបង់? តែពេលនេះពួកគេពិតជាបានដឹងច្បាស់ចំពោះគោលបំណងពិតដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចូលមកក្នុង ប្រទេសអាហ្វហ្កានីស្ថានទម្លាក់គ្រាប់បែកខ្ទេចខ្ទីប្រទេស ស្លាប់ទាហាន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ មិនមែនមកជួយខ្លួនដើម្បីកសាងប្រទេសឡើយ តែគឺដើម្បីការពារផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ និងសងសឹកទៅលើក្រុមអាល់កៃដាដឹកនាំដោយអូសាម៉ា ប៊ិនឡាដិន និងក្រុមតាលីបង់ដែលជាសម្ព័ន្ធមិត្តគ្នា។

ពលរដ្ឋអាហ្វហ្កានីស្ថានខ្លះដែលផ្តល់បទសម្ភាសឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសបាននិយាយថា ខ្លួនបានជឿលើសហរដ្ឋអាមេរិកចំពោះបេសកកម្មសេរីភាព និងប្រជាធិបតេយ្យ។ តែ២០ឆ្នាំមកនេះ បេសកកម្មដែលពលរដ្ឋអាហ្វហ្កានីស្ថាន ជឿជាក់លើបិតាប្រជាធិបតេយ្យសហរដ្ឋអាមេរិកនោះ បានរលាយសូន្យសុងបាត់ ហើយបញ្ជាក់ច្បាស់ចុងក្រោយដោយលោក ចូ បៃឌិន ថា អាមេរិកមិនមែនមកជួយកសាងប្រទេស ឬលទ្ធិប្រជាធិបតេយ្យឡើយ។

រំលឹកលើបញ្ហានេះប្រជាជនកម្ពុជាប្រាកដជានៅចាំយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ចំៗថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយនោះទេ។ បើធ្វើបែបនេះ តើឯណាទៅតម្លៃនៃប្រទេសមួយ បើគ្រាន់តែអនុវត្តច្បាប់ប្រទេសខ្លួនសោះ ធ្វើមិនបាន ហើយបែរជាត្រូវបានបង្គាប់បញ្ជាពីអ្នកដទៃនោះ ? ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនោះ ត្រូវបានប្រជាជនកម្ពុជាពេញផ្ទៃប្រទេស ចេញញាតិគាំទ្រពេញទំហឹងចំពោះជំហរដ៏រឹងមាំរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា។

បទពិសោធនៅអាហ្វានីស្ថានគឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលក្រោយសម្រេចផែនការរបស់ខ្លួនក្នុងការសងសឹកលើពួកអាល់កៃដា គឺសហរដ្ឋអាមេរិក នឹងត្រូវចាកចេញ ហើយបទពិសោធនាអតីតកាលនៅប្រទេសវៀតណាមខាងត្បូង និងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៥ គឺកាលណាដែលគ្មានផលប្រយោជន៍ ក៏សហរដ្ឋអាមេរិកបោះបង់ចោល ចាកចេញទៅដោយគ្មានស្តាយស្រណោះ ហើយអ្នកដែលទទួលរងគ្រោះបន្តគឺពលរដ្ឋនៃម្ចាស់ស្រុក។

ក្រឡែកទៅកាន់ប្រវត្តិសាស្រ្តដែលជាអតីតមិនអាចបំភ្លេចបានសម្រាប់កម្ពុជា សង្រ្គាមនៅវៀតណាមដែលមានរយៈពេលពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ គឺជាសង្រ្គាមដ៏យូរអង្វែង និងដ៏សាហាវបំផុតមួយចាប់តាំងពីការបញ្ចប់សង្រ្គាម លោកលើកទី២មក។ សង្គ្រាមវៀតណាម-អាមេរិក នេះ បានរាលដាលចូលមកកម្ពុជា ចាប់ផ្តើមឆ្នាំ១៩៦២ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក លន់ នល់ មានការគាំទ្រកាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន រួមមានគ្រាប់បែកតូច-ធំ គ្រាប់បែកចង្កោម (ជាង៣០លានគ្រាប់) និងគ្រាប់បែកគីមីផងដែរ។ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ បានជួយរុញច្រានឲ្យកើតមាន របបប្រល័យពូជសាសន៍ខែ្មរក្រហមនៅកម្ពុជា ។

សង្គ្រាមជាង១០ឆ្នាំនេះ (១៩៦២-៧៥) បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់ ។ នៅឆ្នាំ១៩៧៥ ក្រោយពីសហរដ្ឋអាមេរិកបោះបង់ចោលកម្ពុជា ឈប់គាំទ្ររបបសាធារណរដ្ឋខ្មែររបស់ សេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ពលរដ្ឋខ្មែរត្រូវបានធ្លាក់ ក្នុងកណ្តាប់ដៃនៃរបបខ្មែរក្រហម និងរងគ្រោះស្លាប់ បាត់បង់ជីវិតដោយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ស្លាប់ពលរដ្ឋជាច្រើនលាននាក់ និងថែមទាំងសហរដ្ឋអាមេរិក ទាមទាឱ្យកម្ពុជាសងបំណុលកខ្វក់របស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះថែមទៀត។

ក្រោយពីរបបខ្មែរក្រហមដួលរំលំនៅឆ្នាំ១៩៧៩ សង្គ្រាមនៅកម្ពុជាមិនអាចរលត់បានឡើយ បានបន្តសង្គ្រាមស៉ីវិលជាង២០ឆ្នាំទៀត ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះដើម្បីកុំឱ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែល ប្រជាជនកម្ពុជាដែលជឿងប់ងុលលើអាមេរិក គួរតែប្រុងប្រយ័ត្នចំពោះរាល់ការជឿទុកចិត្ត ឬការទទួលជំនួយណាមួយរបស់បរទេស ហើយមកបំផ្លាញកម្ពុជាសារជាថ្មីទៀត៕

ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

ដោយ៖ ចៅចាក់ស្មុក