Thursday, May 05, 2022

ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៣៦៦នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ នៅបរិវេណវត្តភូមិថ្មី ឃុំរកាគយ ស្រុកកងមាស បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៦៦នាក់ (ស្រី២០៥នាក់) ដែលជាកម្លាំងចលករបន្ថែមទៀត សម្រាប់ការរុញច្រានកម្លាំងរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ចាម និងដើម្បីត្រៀមចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺសម្ដេចបានដាក់ចេញនូវវិធានការ ក្នុងការដឹកនាំគណបក្ស ក៏ដូចជាការដឹកនាំរដ្ឋាភិបាល នាំមកនូវសុខសន្តិភាព និងការរីកចម្រើនរុងរឿង និងនាំមកនូវជីវភាពរីកចម្រើនជូនដល់ប្រជាពលរដ្ឋ ដោយមិនមានប្រកាន់និន្នាការនយោបាយគណបក្សណាមួយឡើយ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយការមើលឃើញដូច្នេះ ទើបបងប្អូនដែលជាសមាជិក សមាជិកាថ្មីទាំង៣៦៦នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយការពេញចិត្ត រួមសុខរួមទុក្ខជាមួយគ្នា ជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា ពោលគឺ រួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាសប្បាយ រីករាយជាមួយនឹងសមិទ្ធផល និងការរីកចម្រើនដែលគណបក្សប្រជាជនកម្ពុជាបាននាំមកឱ្យប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានយកឱកាសនោះ សម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជន ចុះជួយស្រុកកងមាស និងថ្នាក់ដឹកនាំគណបក្សប្រជាជន នៅក្នុងមូលដ្ឋាន នៃស្រុកកងមាស ពិសេសឃុំរកាគយ ដែលបានខិតខំធ្វើការងារ ក្នុងការរៀបចំបញ្ចូលសមាជិកថ្មី បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ៕

ទស្សនៈអ្នកអាន៖ «ឈឹម ស៊ីថរ រៀបរាប់ពីទុក្ខលំបាកនៅណាហ្គាវើលដ៏ តែទាមទារចង់ធ្វើការនៅក្រុមហ៊ុនណាហ្គាវើល?»

វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់នៅពេលគេបានលឺការរៀបរាប់របស់នាង ឈឹម ស៊ីថរ អតីតប្រធានសហជីពនៅក្រុមហ៊ុនណាហ្គាវើលអំពីទុក្ខលំបាករបស់បុគ្គលិកកម្មករនៅក្រុមហ៊ុននេះ។ នៅក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី ១ឧសភា ឆ្នាំ ២០២២ ឈឹម ស៊ីថរ បានរៀបរាប់អំពីទុក្ខលំបាករបស់បុគ្គលិកណាហ្គាវើលដ៏ដែលត្រូវគេធ្វើបាប និងប្រើហិង្សាលើរាងកាយពីសំណាក់ភ្ញៀវ។ 



បើសិនជាស្តាប់ទៅ កន្លែងធ្វើការដែលបុគ្គលនោះបានរៀបរាប់ មិនគួរនឹងមានបុគ្គលិកណាចង់ទៅធ្វើការសោះឡើយ ហើយបុគ្គលិកទាំងអស់គួរតែលាឈប់ដើម្បីទៅរកកន្លែងធ្វើការថ្មី។ ប៉ុន្តែ ឈឹម ស៊ីថរ ភ្លេចគិតថា ខ្លួនកំពុងនិយាយជាន់កែងខ្លួនឯង។ សូមពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោមនេះដើម្បីឆ្លុះបញ្ចាំងអំពីការនិយាយបំផ្លើស ឬអំពីកង្វះភាពឡូហ្សិកនៃសម្តីរបស់សកម្មជន នយោបាយឈឹម ស៊ីថរ ៖ 

ទី១៖ ប្រសិនបើក្រុមហ៊ុនណាហ្គាវើលក្តី ឬក្រុមហ៊ុនណា មួយផ្សេងក្តីដែលធ្វើទុក្ខបុកម្នេញបុគ្គលិកបែបនេះ តើហេតុអ្វីបានជាឈឹម ស៊ីថរ ខ្លួនឯងនិងបុគ្គលិកទាំងនោះមិនព្រមឈប់ពីការងារដែលក្រុមហ៊ុនបានបញ្ឈប់ហើយបានផ្តល់សំណងត្រឹមត្រូវតាមច្បាប់ បែរជានៅតែក្រាញននៀលឡាំប៉ា ទាមទារឲ្យក្រុមហ៊ុនយកខ្លួនចូលធ្វើការវិញ? ការទាមទារ នេះបានធ្វើឲ្យរាំងស្ទះដល់ដំណើរការចរចាដោះស្រាយវិវាទការងារជាច្រើនខែមកហើយ។ ម៉្យាងវិញទៀតការទាមទារដែលបង្ខំនិងគំរាមថៅកែឱ្យយកបក្ខពួកខ្លួនអោយចូលធ្វើការវិញ ហើយដែលមានលក្ខណៈផ្ទុយស្រឡះពីហេតុផលដែលខ្លួនបានបរិយាបែបនេះ ពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វាពិតជាល្បិចកលដើម្បីបិទបាំងរបៀបវារៈនយោបាយដែលនៅពីក្រោយខ្នងតែប៉ុណ្ណោះ។ 

ទី២៖ ពាក្យសម្តីរបស់ ឈឹម ស៊ីថរ គឺជាការបំផ្លើស បំប៉ោងខុសពីការពិតដើម្បីមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ពីព្រោះសូមកុំភ្លេចថា មានបុគ្គលិករាប់ពាន់នាក់ដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុននេះ ហើយពួកគេទាំងនោះមិនដែលបានលើកអំពីបញ្ហាទាំងនេះទេ។ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សុទ្ធតែសប្បាយចិត្តនឹងការងារ ហើយប្រាថ្នាចង់ធ្វើការងារបន្តក្នុងក្រុមហ៊ុននេះដោយគ្មានអ្នកណាចង់ឈប់ឡើយ លើកលែងតែក្រុមហ៊ុនបញ្ឈប់ដោយមូលហេតុផ្សេងៗដូចជាផលប៉ះពាល់ពីវិបត្តសេដ្ធកិច្ចសកល រឺ ជំងឺរាតត្បាតកូវីដ-១៩។ល។ នៅពេលក្រុមហ៊ុនបញ្ឈប់ បុគ្គលិកដែលបានយល់អំពីស្ថានការណ៍ និងយល់ច្បាប់បានសុខចិត្តឈប់ដោយទទួលបានសំណងយ៉ាងសមរម្យនិងត្រឹមត្រូវតាមច្បាប់ទាំងស្រុងទោះបីជាពួកគេសោកស្តាយការងារក៏ដោយ លើកលែងតែបុគ្គលិកមួយក្តាប់តូចដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរប៉ុណ្ណោះដែលមិនព្រមទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ហើយបែរជាទាមទារចង់ចូលធ្វើការវិញ។ 

ទី៣៖ ឈឹម ស៊ីថរ ក៍បានរៀបរាប់អំពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើក្រុមបាតុករដែលភាគច្រើនជាស្ត្រីដោយហៅព្រឹត្តិការណ៍នោះថាជា«ការធ្វើបាបស្ត្រី»។ តាមពិតសមត្ថកិច្ចគ្រាន់តែស្នើឲ្យក្រុមបាតុករទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ដែលជាទីលានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការប្រមូលផ្តុំតវ៉ា ស្របច្បាប់។ ប៉ុន្តែបាតុករដែលដឹកនាំដោយឈឹម ស៊ីថរមិនដែលស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយដោយនៅតែបន្តប្រមូលផ្តុំគ្នាតវ៉ាដោយខុសច្បាប់តាមទីសាធារណៈ ជាពិសេសនៅមុខក្រុមហ៊ុនដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់ដំណើរការរបស់ក្រុមហ៊ុន។ ដូច្នេះ សមត្ថកិច្ចក៏បានរៀបចំយករថយន្តទៅដឹកជញ្ជូនបាតុករទៅទីលានប្រជាធិបតេយ្យ តែមានបាតុករខ្លះមិនព្រមឡើងចង់ទៅទីលានប្រជាធិប្បតេយ្យនិងមិនព្រមឡើងលើរថយន្ត ក៏ត្រូវបានសមត្ថកិច្ចបង្ខំឲ្យឡើងរថយន្ត។ នេះមិនមែនជាការធ្វើបាបដូចដែលមេក្លោងបាតុកម្មខុសច្បាប់បានមួលបង្កាច់នោះទេ តែជាការប៉ះទង្គិចគ្នាបន្តិចបន្តួចដោយសារតែក្រុមបាតុករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ 

ចំណុចខ្លះៗខាងលើនេះសបញ្ជាក់ថា សម្តីរៀបរាប់របស់ ឈឹម ស៊ីថរ គឺជាកលល្បិចសុទ្ធសាធ ប៉ុន្តែ វាក៍ជាកលល្បិច ដ៏រាក់កំភែលពេកដែលធ្វើឲ្យគេចាប់ចំណុចបានយ៉ាងងាយដោយសារតែការនិយាយមិនបានគិត និងនិយាយជាន់កែងខ្លួនឯង។ ពាក្យសម្តីដែលខ្វះភាពឡូហ្សិកនេះ មិនខុសអ្វីពីពាក្យចាស់បូរាណពោលថា «ស្តោះទឹកមាត់លើទ្រូងឯង»  ឬក៏«ហែកទ្រូងឲ្យក្អែកចឹក» នោះឡើយ។

សរុបមកវិញ ការតវ៉ាក្រោមការញុះញង់ពង្វក់ដោយ ឈឹម ស៊ីថរ គឺជាល្បិចកលដើម្បីបិទបាំងរបៀបវារៈនយោបាយនៅពីក្រោយខ្នងដោយយកសហជីពធ្វើជាឈ្នាន់តែប៉ុណ្ណោះ។ ជាធម្មតា សហជីពបង្កើតឡើងដើម្បីការពារបុគ្គលិក កម្មករពីការជិះជាន់ឬការរំលោភសិទ្ធិពីសំណាក់និយោជក និងជួយដោះស្រាយវិវាទការងារតាម ច្បាប់ស្តីពីការងារ។ ប៉ុន្តែអ្វីដែល ឈឹម ស៊ីថរ បាននិងកំពុងដឹកនាំធ្វើ គឺខុសពីនេះទាំងស្រុងដោយសារម្យ៉ាង ឈឹម ស៊ីថរ មិនទទួលយកដំណោះស្រាយតាមច្បាប់ការងារ ហើយទាមទារនូវអ្វីដែលមិនសមហេតុផល និងម្យ៉ាងទៀត ប្រសិនបើគេជឿលើ សម្តីរៀបរាប់របស់ឈឹម ស៊ីថរ គឺសកម្មជននយោបាយរូបនេះកំពុងដឹកនាំការតវ៉ាឲ្យបុគ្គលិកទៅធ្វើការនៅកន្លែងដែលគេជិះជាន់ទៅវិញ ពីព្រោះខណៈដែលខ្លួនខំរៀបរាប់អំពីទុក្ខលំបាករបស់បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៏ តែបែរជាកំពុងដឹកនាំទាមទារឲ្យក្រុមហ៊ុន ដដែលនេះទទួលយកបុគ្គលិក ចូលធ្វើការវិញ? «តើឯណាទៅភាពឡូហ្សិកនៃការតវ៉ា???»

ដោយ: អ្នកនយោបាយតុកា

https://www.facebook.com/PoliticoCoffeeInsider/posts/pfbid02tXoUL6ecch8AGP7aXe8kheqTvwsAftqS88bTWMCpqrAMcRYs8tQ4CsWLu3jWtbwJl


វិភាគអន្តរជាតិ៖ តើលោក ពូទីន នឹងប្រកាស «សង្រ្គាមផ្លូវការ» លើអ៊ុយក្រែន នៅថ្ងៃទី៩ ខែឧសភា ឬ?


(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានចាត់ទុកសកម្មភាពរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែនគឺជាទង្វើ ឈ្លានពាន។ ប៉ុន្តែ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានហៅវាថាជា «ប្រតិបត្តិការយោធាពិសេស» ជំនួសឱ្យការប្រកាសសង្រ្គាមជាផ្លូវការលើ អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីលោកខាងលិច និងក្រុមអ្នកវិភាគជឿថាវិមានក្រឹមឡាំង អាចនឹងយកថ្ងៃទី៩ ខែឧសភានេះប្រកាសសង្រ្គាម ជាផ្លូវការ ដើម្បីបើកផ្លូវឱ្យលោក ពូទីនបង្កើនយុទ្ធនាការរបស់លោកនៅអ៊ុយក្រែន។

* ហេតុអ្វីថ្ងៃទី៩ ខែឧសភា ជាថ្ងៃពិសេសសម្រាប់រុស្ស៉ី?

ថ្ងៃទី៩ ខែឧសភា ត្រូវបានគេស្គាល់ជាទូទៅថាជា «ទិវាជ័យជម្នះ» (Victory Day) នៅក្នុងប្រទេសរុស្ស៉ីដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំឮកដល់ជ័យជម្នះរបស់កងទ័ពក្រហមនៃអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីហ៊ីត្លែរអំឡុងសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ជាមួយ ការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ក្រោមអធិបតីភាពមេដឹកនាំរុស្ស៉ី តួយ៉ាងដូចជាលោក ពូទីន។ ក្រុមមន្ត្រីលោកខាងលិច ជឿថាលោក ពូទីន អាចនឹងយកថ្ងៃជានិមិត្តរូបសម្រាប់ប្រជាជនរុស្ស៉ីមួយនេះ ដើម្បីប្រកាសពីជោគជ័យនៅអ៊ុយក្រែន ឬប្រកាសង្រ្គាមជាផ្លូវការ ឬក៏ប្រកាសទាំង២ ក្នុងពេលតែមួយម្ដង។ បើគេចាំមិនភ្លេចទេ, លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ពោលមួយថ្ងៃប៉ុណ្ណោះក្រោយរុស្ស៉ីប្រារព្ធទិវាអ្នកការពារមាតុភូមិ (Defender of the Fatherland Day) ដែលជាទិវាយោធាដ៏សំខាន់មួយ ទៀតនៅរុស្ស៉ី។

* កែនកងទ័ពបន្ថែម?

លោក អូឡិច អ៉ីញ៉ាតូវ (Oleg Ignatov) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ពីរុស្ស៉ី មកពីវិទ្យាសា្ថន Crisis Group បាននិយាយថាលោក ពូទីន មានជម្រើស ជាច្រើនដាក់នៅលើតុរួចជាស្រេច ហើយក្នុងនោះ «ការប្រកាសសង្រ្គាមជាផ្លូវការ» អាចជាសេណារីយ៉ូប្រាកដប្រជាមួយជាងគេ។ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនបានប្រកាសសង្រ្គាមផ្លូវការលើរុស្ស៉ីនោះទេ ប៉ុន្តែលោកបានដាក់ចេញច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស នៅពេលរុស្ស៉ីចាប់ផ្ដើមការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ជម្រើសផ្សេងទៀតសម្រាប់លោក ពូទីន នោះគឺប្រកាសដាក់ចេញច្បាប់កែនកងទ័ពរុស្ស៉ី ដែលអាចត្រូវបានប្រើប្រាស់ក្នុងការកែនកងទ័ពទាំងស្រុង ឬមួយផ្នែក នៅក្នុងករណីមានការឈ្លានពានប្រឆាំងសហព័ន្ធរុស្ស៉ី ឬការគំរាមឈ្លានពានដោយផ្ទាល់ ឬក៏ជម្លោះប្រដាប់អាវុធដែលគំរាមកំហែង ដោយផ្ទាល់ដល់សហព័ន្ធរុស្ស៉ី។ តាមរយៈការដាក់ចេញច្បាប់នេះ , វានឹងផ្ដល់ឱ្យរដ្ឋាភិបាលលោក ពូទីន មិនត្រឹមតែអំណាចកែនកងទ័ពប៉ុណ្ណោះ តែវា ក៏អាចបង្វែរធនធានសេដ្ឋកិច្ចនានា យកមកធ្វើសង្រ្គាមផងដែរ។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក, កងទ័ពរុស្ស៉ីយ៉ាងហោច ១៥,០០០នាក់ត្រូវបានគេរាយការណ៍ថាបានពលីជីវិត។ ដូច្នេះការកែន ឬប្រមូលកងទ័ពបន្ថែមគឺជារឿងចំាបាច់បំផុត ប្រសិនបើមូស្គូចង់សម្រេចគោលដៅណាមួយរបស់ខ្លួននៅអ៊ុយក្រែន។ លោក អ៉ីញ៉ាតូវបានបន្ថែមថា ការកែនកងទ័ពមានន័យថារុស្ស៉ីអាចនឹងកោះហៅទាំងកងទ័ពកំពុងបំពេញតួនាទី, កងទ័ពបម្រុង រួមទាំងប្រជាជនរុស្ស៉ីឆ្លងកាត់កាតព្វកិច្ចយោធា និងដែលបានទទួលការបណ្ដុះបណ្ដាលយោធា ឱ្យចូលរួមប្រយុទ្ធ។ ប៉ុន្តែ បើតាមអ្នកជំនាញរូបនេះ ការធ្វើបែបនេះក៏អាចនឹងបង្កហានិភ័យធំដល់ រដ្ឋាភិបាលលោក ពូទីនដូចគ្នាដែរ។ ពោលគឺវាអាចមានន័យស្មើថាលោក ពូទីនទទួលស្គាល់ថាផែនការយោធាពីដំបូងរបស់លោកនៅអ៊ុយក្រែន មិនបានដំណើរការតាមផែនការ ហើយអាចនឹងបង្កការខូចខាតយ៉ាងធំសម្បើមដល់សេដ្ឋកិច្ចរុស្ស៉ីដែលកំពុងយ៉ាប់យឺនស្រាប់ ព្រមទាំងអាចធ្វើឱ្យ លោក ពូទីនបាត់បង់ការគំាទ្រនៅក្នុងស្រុក ខណៈប្រជាជនរុស្ស៉ីមួយចំនួនដែលគាំទ្រការឈ្លានពានអ៊ុយក្រែន ពួកគេមិនចង់ទៅប្រយុទ្ធដោយផ្ទាល់ នៅអ៊ុយក្រែននោះទេ។ បានន័យថា ប្រសិនជាលោក ពូទីន ប្រកាសកែងកងទ័ពទាំងស្រុងមែន នោះអាចនឹងធ្វើឱ្យប្រជាជនរុស្ស៉ីខ្លះមិនពេញចិត្ត។

តែទោះបែបនេះក្ដី, បើតាមលោក អ៉ីញ៉ាតូវ, វានៅតែមានលទ្ធភាពអាចទៅរួចថាលោក ពូទីនអាចនឹងដាក់ចេញ «ច្បាប់កែនកងទ័ព» ដោយមិនចាំបាច់ ប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែន តាមរយៈការដាក់ចេញច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស, ពន្យារពេលការបោះឆ្នោត និងពង្រឹងអំណាចពេញដៃ បន្ថែម។

* តើអាចនឹងមានរឿងអ្វីផ្សេងកើតឡើង?

ប្រសិនបើ លោក ពូទីន មិនប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែនទេ នោះលោកអាចនឹងប្រកាសពីជោគជ័យ ដែលលោកជប់ឡើងនៅក្នុង សេចក្ដីថ្លែងការណ៍ នាឱកាសប្រារព្ធទិវាជ័យជម្នះថ្ងៃទី៩ ខែឧសភា។ ជម្រើសទាំងនោះរួមមានការក្រសោបយកតំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើត អ៊ុយក្រែន ដូចជាលូហាន់ និងដូណេត ដោយដាក់តំបន់ទាំង២នេះក្រោមឧបសម្ព័ន្ធរបស់ខ្លួន, សម្រេចឱ្យបានគោលដៅធំណាមួយក្នុងទីក្រុងអូដេសា (Odesa) ឬក៏ប្រកាសពីការគ្រប់គ្រងទីក្រុងម៉ារីយូប៉ូល (Mariupol) នៃភាគខាងត្បូងអ៊ុយក្រែន ទាំងស្រុង។

បន្ថែមពីលើនេះ វាក៏អាចទៅរួចដែលថារុស្ស៉ីមានផែនការប្រកាសបង្កើតសាធារណរដ្ឋមួយក្នុងទីក្រុង ខឺសុន (Kherson) នៃភាគអាគ្នេយ៍ប្រទេស អ៊ុយក្រែនតាមរយៈការបោះឆ្នោតប្រជាមតិ។ នៅត្រង់ចំណុចនេះដែរ លោក អូឡិច អ៉ីញ៉ាតូវ បានសង្កត់ធ្ងន់ថាលោក ពូទីនអាចនឹងប្រកាសថាកងទ័ព រុស្ស៉ីសម្រេចបានជោគជ័យមួយចំនួននៅអ៊ុយក្រែន ហើយលោកអាចនឹងប្រើថ្ងៃទី៩ ខែឧសភា ដើម្បីពង្រឹងប្រជាប្រិយភាពរបស់លោក។ ប៉ុន្តែ លោក អ៉ីញ៉ាតូវ បានទទួលស្គាល់ថាគេពិតជាបាកស្មានណាស់ថាតើលោក ពូទីន នឹងធ្វើអ្វីចេញមកក្រៅ ពីព្រោះថារាល់ការសម្រេចចិត្តទាំងឡាយនៅរុស្ស៉ី ត្រូវបានគេជឿជាក់ថាធ្វើឡើងដោយលោក ពូទីនតែម្នាក់ និងទីប្រឹក្សាមួយចំនួនតូចរបស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២ ខែឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងថាវាមានហេតុផលដែល អាចទៅរួចថារុស្ស៉ីអាចនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីយកថ្ងៃទី៩ ខែឧសភា ក្នុងការឃោសនាតាមដែលលោកពូទីនចង់បាន និង ជាការបិទបាំងពីបរាជ័យយុទ្ធសាស្ត្រនៅក្នុងសង្រ្គាមអ៊ុយក្រែន៕

ប្រភព៖ CNN (ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News