Friday, September 08, 2017

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយទៀត ខណៈស្ពានជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ទាំងស្រុងដើម្បីជួសជុលឡើងវិញ

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយបន្ថែមទៀតដើម្បី បញ្ជៀសការកកស្ទៈចរាចរណ៍គ្រា ដែលស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍ ទាំងស្រុង ដើម្បីធ្វើការជួសជុលកែលំអរ នៅក្រោយពិធី បុណ្យភ្ជុំបិណ្ឌខាងមុននេះ។ នេះតាមការឱ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន OCIC នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ការថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពី តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធលោក ឃួង ស្រេង បានសំណូមពរឱ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់ ពីផលប៉ះពាល់ដែលអាចកើតមានឡើង ខណៈពេលចាប់ផ្តើមសាងសង់ស្ពាន។

ពាក់ព័ន្ធការងារនេះដែរលោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធរណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលកែសំរួលកំណាត់ផ្លូវជាតិលេខ៥ ឱ្យបានល្អប្រសើរ ដើម្បីសំរួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ លើសពីនេះដើម្បីជួយសំរួលក៏ដូចជា ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ លោកអភិបាលក្រុង បានជំរុញឱ្យមានការរៀបចំដាក់លិខិតស្នើសុំទៅខាងក្រុមហ៊ុន « លីយ៉ុងផាត់ » ដើម្បីកុំឱ្យយកកំរៃចំពោះ រថយន្តប្រភេទទេសចរណ៍ ខណៈឆ្លងកាត់ស្ពានលីយ៉ុងផាត ( ព្រែកព្នៅ ) អំឡុងពេលដែលមានការស្ថាបនា ស្ពានថ្មី។

គួរបញ្ជាក់ថា គំរោងសាងសង់ស្ពានបាឡេនឹងត្រូវប្រើប្រាស់រយៈពេល៦ខែ ចាប់ផ្តើមចេញពីចំណុចឃ្លាំងសាំង ក្រុមហ៊ុនសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្លងទៅកាន់ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំណែកស្ពានជ្រោយចង្វារចាស់ គ្រោងបិទដើម្បីធ្វើការជួសជុលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ ហើយ។ បើតាមគំរោងនឹងប្រើរយៈពេល២២ខែ ក្នុងការស្ថាបនា ដោយចំណាយទឹក ប្រាក់ចំនួន៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនតាមរយៈអង្គការ JICA ៕



លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជំរុញឲ្យប្រទេស​មហាអនុតំបន់មេគង្គ​ ក្លាយជាអ្នក​នាំមុខគេ​លើពិភពលោក​ លើផលិតផល​កសិកម្ម​

សៀមរាប៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ។ លោកឧបនាយករដ្ឋមន្ដ្រី ថ្លែងបែបនេះនៅក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២។

លោកឧបនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ បានរៀបចំធ្វើឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «មហាអនុតំបន់មេគង្គឆ្ពោះ ទៅកាន់ខ្សែសង្វាក់តម្លៃ ផលិតកម្មកសិកម្ម ប្រកបដោយចរីភាព សុវត្ថិភាព និងបរិយាប័ន្ន» ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោក រ៉ាម៉េស ស៊ុបប្រាម៉ានៀម អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនានា ប្រចាំកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនា សណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសូមផ្ដល់អនុសាសន៍មួយចំនួន សម្រាប់ការពិភាក្សាគ្នា ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ។

អនុសាសន៍៥ចំណុចសំខាន់ៗ របស់លោកឧបនាយករដ្ឋមន្ដ្រី រួមមាន៖

ទី១- ជំរុញឲ្យបានឆាប់នូវការអនុម័តផែនការយុទ្ធសាស្រ្ដ សម្រាប់ជំរុញខ្សែសង្វាក់តម្លៃផលិតកម្ម កសិកម្មប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២ ដើម្បីធ្វើសុខដុមនីយកម្មនៃស្ដង់ដារសុវត្ថិភាពអាហារ ការត្រួតពិនិត្យជំងឺ និងសត្វល្អិតឆ្លងដែន និងធ្វើកសិកម្មប្រកបដោយនិរន្ដភាព និងបរិស្ថានល្អ។

ទី២- ជំរុញ និងពង្រឹងភាពជាដៃគូវិស័យឯកជន និងសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសពង្រីងការត្រួតពិនិត្យឲ្យបានខ្លាំងក្លា និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព របស់ក្រុមការងារកសិកម្ម នៃមហាអនុតំបន់មេគង្គ ដើម្បីសម្រេចបានជោគជ័យលើការអនុវត្ដផែនការយុទ្ធសាស្ដ្រ សម្រាប់ជំរុញវិនិយោគលើខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២។

ទី៣- បន្ដកិច្ចសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការធានាអភិវឌ្ឍសេដ្ឋកិច្ច បៃតងការរក្សានិរន្ដភាព បរិស្ថានសម្រាប់បណ្ដាប្រទេស មហាអនុតំបន់មេគង្គទាំងមូល រួមទាំងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការទទួលខុសត្រូវ ចំពោះជោគវាសនានៃមនុស្សជាតិ និងធនធានធម្មជាតិ ដោយផ្អែកលើក្របខ័ណ្ឌបច្ចេកទេស និងកិច្ចព្រមព្រៀងគោលនយោបាយចម្បងៗ ក្នុងតំបន់ និងពិភពលោក។

ទី៤- ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួល ក្នុងការចែករំលែកព័ត៌មានកសិកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងបណ្ដាប្រទេសមហាអនុតំបន់មេគង្គ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ទី៥- លើកកម្ពស់ការទទួលយកនូវវិធីសាស្ដ្ររួមគ្នាក្នុងការត្រួតពិនិត្យជំងឺសត្វឆ្លងដែន ដោយផ្អែកលើបទពិសោធន៍ ដែលមានស្រាប់ និងសក្ដានុពលថវិកាដែលមាន ក្នុងនោះ ស្នើសុំឲ្យសាធារណរដ្ឋប្រជាមានិតចិន ពិចារណាដឹកនាំលើការងារនេះ ដោយមានការចូលរួម ពីប្រទេសមហាអនុតំបន់មេគង្គនីមួយៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ ធ្វើឡើងក្នុងគោលបំណងគិតគូរដល់ការគាំទ្រ ដល់គោលការណ៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្ដប់ប្រទេស៥ និងខេត្ត១ នៃប្រទេសចិន ប្រទេសកម្ពុជា ខេត្តយូណាន និងតំបន់ស្វ័យត្នហ្គាងស៊ី នៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងប្រទេសវៀតណាម ដែលជាសមាជិក នៃមហាអនុតំបន់នេះ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្កើនមិត្តភាពដើម្បីសន្តិភាព និងផលប្រយោជន៍ប្រជាជាតិទាំងអស់គ្នា

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានបញ្ជាក់ពីគុណតម្លៃធំធេងរបស់កត្តាសុខសន្តិភាពដែលកើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលនឹងទទួលបានការអភិវឌ្ឍផងដែរតាមរយៈការពង្រីកទំហំពាណិជ្ជកម្ម។

ខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាត្រូវតែមានសន្តិភាពដាច់ខាត ដើម្បីប្រទេសយើងមានឱកាសអភិវឌ្ឍ។ មិត្តភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គឺបានពង្រឹងនូវសុខសន្តិភាពដែលឈានឆ្ពោះទៅរកការពង្រីកទីផ្សារពាណិជ្ជកម្មរួមគ្នាដោយធ្វើការបើកច្រកព្រំដែនថ្មីថែមទៀតរួមគ្នា ជួយប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនៅតាមព្រំដែនរួមគ្នា ព្រមទាំងជួយជំរុញការអភិវឌ្ឍក្នុងប្រទេសជាដៃគូឱ្យមានការរីកចម្រើនទៅមុខទាំងអស់គ្នា ដោយមិនទុកឱ្យប្រទេសណានៅពីក្រោយឡើយ»។

តាមរយៈទស្សនៈកិច្ចផ្លូវការ និងកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកាលពីម្សិលមិញនៅវិមានរដ្ឋាភិបាលសន្តិភាព គឺបានពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការរវាងកម្ពុជា-ថៃបានល្អឡើងខ្ពស់មួយកម្រិតធំ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍កម្មករគ្រប់ទីកន្លែង

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានបញ្ជាក់ថាលោក តែងតែគិតគូរនិងដោះស្រាយបញ្ហារបស់បងប្អូនកម្មករ កម្មការិនីនៅគ្រប់ទីកន្លែងមិនថាក្នុងប្រទេសកម្ពុជាឬនៅប្រទេសថៃនោះឡើយ។

ខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ គឺបានគិតគូរចំពោះសុខទុក្ខបងប្អូនកូនក្មួយពលករ កម្មករ និងកម្មការិនីដែលកំពុងធ្វើការនៅប្រទេសថៃឱ្យទទួលបាននូវ លក្ខខណ្ឌការងារកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរកំពុងតែគិតគូរយ៉ាងខ្លាំងបំផុតចំពោះបងប្អូនកូនក្មួយ ដែលគ្មានក្រដាសស្នាមធ្វើការស្របច្បាប់ ដើម្បីឱ្យមានក្រដាសស្នាមនិងលិខិតធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃ ជាពិសេសបងប្អូនកូនក្មួយដែលកំពុងធ្វើការលើទូកនេសាទនៅតាមសមុទ្រក្នុងប្រទេសថៃ។
គ្រប់ដង្ហើមចេញចូលរបស់ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករកម្មទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ»។

ប្រសិនបើបងប្អូនកូនក្មួយមានបញ្ហាអ្វីអំពីលិខិតស្នាមធ្វើការស្របច្បាប់នៅក្រៅប្រទេស សូមទាក់ទងមកកាន់ស្ថានទូត ឬអគ្គកុងស៊ុលកម្ពុជាយើងដែលមានទីតាំងនៅតាមប្រទេសនីមួយៗ៕


លោកស្រី ម៉ែន សំអន ដឹកនាំមន្រ្តីចូលរួមកាន់​បិណ្ឌ​វេណទី៣ នៅវត្តសារាវ័នតេជោ

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់​ទំនងជា​មួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំមន្ដ្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូល រួមកាន់​បិណ្ឌ​វេណ​ទី៣ នៅ​វត្តសារាវ័នតេជោ ក្នុង​ខណ្ឌដូនពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
នៅក្នុង​ឱកាស​នោះ​ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច បាននាំ ​យកនូវបច្ច័យ និងទេយ្យទានមួយចំនួនប្រគេន​ដល់​ព្រះ​សង្ឃ​ ដើម្បីបញ្ជូនកុសលផលបុណ្យ ជូនទៅ ដល់​បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក ខាងមុខឱ្យមកទទួល កុសលផលបុណ្យនេះ ។
តាមទម្លាប់ជាង៣០ឆ្នាំកន្លងមក លោកស្រី និងក្រុមគ្រួសារ ធ្វើបុណ្យផ្សេងៗ ឬកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រៅពី ប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃរួចហើយ លោកស្រី មិនដែលភ្លេចធ្វើទានជាថវិកា ដល់លោកយាយ លោកតាសិស្ស និស្សិត ជាពិសេសកុមារតូចៗ ដែលមកចូលរួមក្នុងកម្មវិធីនិមួយនោះទេ ពីព្រោះជាអ្នក ត្រូវការ ចាំបាច់បំផុត ដែលគេហៅថាអ្នកអត់ឃ្លានពិតប្រាកដ។ សូមឱ្យថ្នាក់ដឹកនាំទាំងអស់ ដែលមានលទ្ឋភាព ហើយ បានធ្វើបុណ្យកុំភ្លេចធ្វើទានជាមួយអ្នកអត់ឃ្លានផង ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោម​ពិធី​បុណ្យធំៗផ្សេងទៀត ដែលប្រជាជន កម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូត ដល់ថ្ងៃ១៥រោច ខែភទ្របទ។  ពិធីបុណ្យនេះគេចាត់​ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គ ផលជូនដល់​បុព្វការីជនដែលបាន​បែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខ ឱ្យមកទទួលព្រមទាំងបាន រួចផុតពីបាបកម្មទាំងឡាយ ៕







«វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន»ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

«វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន» រៀបចំដោយក្រសួងបរិស្ថាន និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននិងមានការចូលរួមពីមន្រ្តីរាជកា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងសិស្ស និស្សិត មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំង៨ នៅរាជធានី ខេត្ត ដែលមានចំនួនសរុបប្រមាណ១២០នាក់។

«វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន» បង្កើតឡើង ក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្នុងការសិក្សាស្រាវជ្រាវ រិះរកអំណះអំណាងតាមបែបវិទ្យាសាស្ត្រ បន្ថែមទៀតសំដៅចូលរួមចំណែកកិច្ចគាំពារបរិស្ថាន និងការការពារធនធានជីវៈចម្រុះ ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់សាធារៈជនទូទៅបានយល់ដឹងនិងចូលរួមចំណែកការពារអភិរក្សផងដែរ។ លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានបញ្ជាក់ថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ «វេទិកាយុវជនឆ្នើមថ្នាក់ជាតិ» បានផ្តល់ឱកាសដល់ យុវជនជជែកពិភាក្សា អំពីបញ្ហាបរិស្ថាន ដំណោះស្រាយ របកកំហើញបច្ចេកវិជ្ជាសមស្របថ្មី ចូលរួមជាមួយ រាជរដ្ឋា ភិបាល ទាំងផ្នែកគោលនយោបាយ និងការបញ្ជា្របទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផែនការអភិវឌ្ឍប៉ៃតង យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ប្រកបដោយនិរន្តភាព តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិង ការរស់នៅដោយចីរភាព។
លោកស្រី បានបន្ថែមថា វេទិការថ្ងៃនេះ ក្រុមយុវជនទាំងអស់ នឹងខិតខំ មិនត្រឹមតែដើម្បីជ័យជំនះតែមួយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពន្យល់ដល់សាធារណជនផងដែរ អំពីបញ្ហាបរិស្ថានដែលកំពុងកើតមាន និង ផ្តល់ជាធាតុចូលដែលមានលក្ខណៈប្រាកដប្រជា បែបវិទ្យាសាស្រ្ត ក្នុងការកសាងគោលនយោបាយ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផែនការអភិវឌ្ឍន៍បៃតង យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ប្រកបដោយនិរន្តភាព តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិង ការរស់នៅដោយចីរភាព៕








ស្វែងយល់ បដិវត្តន៍ពណ៌ទូទាំងសកលលោក

(ពិភពលោក)៖ បដិវត្តន៍ពណ៌ជាពាក្យមួយដែលត្រូវបានប្រើប្រាស់ដោយទូទាំងសកលលោក ដោយដំបូងឡើយ គេប្រើដើម្បីពណ៌នាពីចលនាផ្សេងៗជាច្រើនដែលកើតឡើងក្នុងសង្គមមួយចំនួនក្នុងអតីតសភាពសូវៀត និងឧបទ្វីបបាល់កង់ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០។

ក្រោយមកពាក្យនេះ ក៏ត្រូវបានប្រើប្រាស់ក្នុងបដិវត្តន៍មួយក្នុងតំបន់ផ្សេងទៀតរួមទាំងតំបន់មជ្ឈឹមបូព៌ាផងដែរ។ អ្នកអង្កេតការណ៍មួយចំនួនដូចជាលោក Justin Rainmondo និងលោក Michael Lind បានចាត់ទុកព្រឹត្តិការណ៍នេះថា ជារលកនៃបដិវត្តន៍ជាក់ស្តែងដូចជាបដិវត្តន៍អំណាចមនុស្ស ឆ្នាំ១៩៨៦ (ឬបដិវត្តន៍ពណ៌លឿង) ក្នុងប្រទេសហ្វីលីពីនជាដើម។

អ្នកចូលរួមក្នុងបដិវត្តន៍ពណ៌ភាគច្រើន ធ្វើបដិវត្តន៍ទាមទារដោយអហិង្សា ឬហៅថា ចលនាតស៊ូស៊ីវិល។ មធ្យោបាយក្នុងការបះបោរទាំងនោះមានដូចជាការធ្វើបាតុកម្ម កូដកម្ម និងអន្ត​រាគមន៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលគេមើលឃើញថា មានប្រព្រឹត្តអំពើពុករលួយ ឬផ្តាច់ការ និងដើម្បីតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ ពេលខ្លះចលនាទាំងនេះ ក៏មានប្រើប្រាស់សម្ពាធខ្លាំង សម្រាប់ការផ្លាស់ប្តូរផងដែរ។ យ៉ាងនេះក្តីការធ្វើបដិវត្តន៍មិនមែនសុទ្ធតែអាចសម្រេចលទ្ធផល ទៅតាមការគ្រោងទុកនោះទេ។ ពេលខ្លះវាក៏អាចផ្តល់នូវផលវិបាកជាច្រើន ហួសពីអ្វីដែលយើងនឹកស្មានមិនដល់ផងដែរ។ បដិវត្តន៍ពណ៌ជាទូទៅបានប្រើប្រាស់ពណ៌ផ្កា ឬវត្ថុអ្វីដែលជាក់លាក់ណាមួយជានិមិត្តសញ្ញា។

ខាងក្រោមនេះជាចលនាបដិវត្តន៍ពណ៌សំខាន់ៗដែលកើតមានឡើងទូទាំងសកលលោក៖

១៖ បដិវត្តន៍ផ្កា ការណេហ្ស៊ិន (Carnation Revolution) កើតឡើងក្នុងប្រទេស ព័រទុយហ្កាល ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៤ មនុស្សចូលរួមធ្វើបដិវត្តន៍នេះ នាំគ្នាភ្ជាប់មកជាមួយនូវផ្កា ការណេហ្ស៊ិននេះ។

២៖ បដិវត្តន៍ពណ៌លឿង (Yellow Revolution) កើតឡើងនៅក្នុងប្រទេស ហ្វីលីពីន ចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាបដិវត្តន៍ដែលគ្មានអំពើហិង្សា ដើម្បីប្រឆាំងលោកប្រធានាធិបតី Ferdinand Marcos។

៣៖ បដិវត្តន៍ក្រណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេស ឆេកូស្លូវ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ ជាការផ្តួលរំលំរបបកុម្មុយនីសក្នុងប្រទេស ឆេកូស្លូវ៉ាគី។

៤៖ បដិវត្តន៍ ប៊ូលឌូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេស យូហ្គោស្លាវី ចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់លោក Slobodan Milošević។

៥៖ បដិវត្តន៍ផ្កាកូឡាប (Rose Revolution) កើតឡើងក្នុងប្រទេស ហ្ស៊កហ៊្សី ចាប់ផ្តើមនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០០៣ ឈានដល់ការទម្លាក់លោក Eduard Shevardnadze។

៦៖ បដិវត្តន៍ពណ៌ទឹកក្រូច( Orange Revolution) កើតឡើងក្នុងប្រទេស អ៊ុយក្រែន ចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥។ ការធ្វើបដិវត្តន៍នេះបានកើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០០៤។

៧៖ បដិវត្តន៍ពណ៌ស្វាយ (Purple Revolution) កើតឡើងក្នុងប្រទេស អ៊ីរ៉ាក់ ចាប់ផ្តើម និងបញ្ចប់ទៅវិញនៅខែមករា ឆ្នាំ២០០៥។ ពណ៌នេះត្រូវបានប្រើប្រាស់ សំដៅទៅលើ ពណ៌ថ្នាំលើម្រាមដៃនៃអ្នកដែលបោះឆ្នោតរួចហើយ ។ អ្នកធ្វើបដិវត្តន៍ចង់បានការឆ្នោតដោយគ្មានការក្លែងបន្លំ។

៨៖ បដិវត្តន៍ផ្កា ធូលីប (Tulip Revolution) កើតមានឡើងក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥។ បដិវត្តន៍នេះ ពេលខ្លះត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ពណ៌ស៊ីជម្ពូផងដែរ។ វាជាបដិវត្តន៍ដែលបង្កអំពើហិង្សា និងកើតឡើងបន្ទាប់ពីការមិនពេញចិត្តការបោះឆ្នោតសភា ឆ្នាំ២០០៥។

៩៖ បដិវត្តន៍ដើម ស៊ីដា (Cedar Revolution) កើតឡើងក្នុងប្រទេស លីបង់ ចាប់ផ្តើមពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៥។ វាកើតឡើង បន្ទាប់ពីការធ្វើឃាតទៅលើមេដឹកនាំបក្សប្រឆាំងលោក Rafik Hariri ក្នុងឆ្នាំ២០០៥ និងជាការទាមទារឱ្យស៊ីរី បញ្ឈប់ការឈ្លានពានទៅលើប្រទេស លីបង់។

១០៖ បដិវត្តន៍ពណ៌ ខៀវ (Blue Revolution) កើតឡើងក្នុងប្រទេស គុយវែត ក្នុងខែមីនា ឆ្នាំ២០០៥។ ជាការទាមទារឱ្យស្ត្រីមានសិទ្ធចូលរួមក្នុងការបោះឆ្នោត។

១១៖ បដិវត្តន៍ ខោខូវប៊យ (Jeans Revolution) កើតឡើងក្នុងប្រទេស បេឡារូស ចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៦។ ក្នុងបាតុកម្មនេះ មនុស្សនាំគ្នា ខោខូវប៊យ ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Alexander Lukashenko។

១២៖ បដិវត្តន៍រមៀត (Saffron Revolution) កើតឡើងក្នុងប្រទេស ភូមា ចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍រមៀត ដោយសារព្រះសង្ឃចូលរួមការធ្វើបាតុកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។

១៣៖ បដិវត្តន៍ទំពាំងបាយជូ (Grape Revolution) កើតឡើងក្នុងប្រទេស ម៉ុលដាវី ចាប់ផ្តើមពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ ឈ្មោះនៃបដិវត្តន៍នេះ ដោយសារប្រទេស ម៉ុលដាវី សម្បូរចម្កាទំពាំងបាយជូ។

១៤៖ បដិវត្តន៍ពណ៌បៃតង (Green Revolution) កើតឡើងក្នុងប្រទេស អ៊ីរ៉ង់ កើតឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ជាការធ្វើបដិវត្តន៍ដើម្បីប្រឆាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេស អ៊ីរ៉ង់ក្នុងឆ្នាំ២០០៩។

១៥៖ បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេស ទុយនេស៊ី ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីបណ្តេញលោក Ben Ali ចេញពីដំណែង។

១៦៖ បដិវត្តន៍ផ្កាឈូក (Lotus Revolution) កើតឡើងក្នុងប្រទេស អេហ្ស៊ីប កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ផ្កាឈូក ត្រូវបានគេដឹងថា ជាដំណាងឱ្យការរស់ឡើងវិញជាជីវិត និងព្រះអាទិត្យសម្រាប់ប្រទេសអេហ្ស៊ីបបុរាណ។

១៧៖ បដិវត្តន៍ ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសចិន ចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។ ការធ្វើបដិវត្តន៍ ផ្កាម្លិះត្រូវបានលេចឡើងជាលើកដំបូងនៅក្នុងគេហទំព័រ Boxun.com។ បាតុកម្មនេះ កាន់តែលេចឡើងកាន់តែច្បាស់ បន្ទាប់ពីការបិទប្រព័ន្ធអ៊ីនធើណែត ដែលផ្តល់ការស្រាវជ្រាវអំពីផ្កាម្លិះ។

១៨៖ បដិវត្តន៍ចម្រុះពណ៌ (Colorful Revolution) កើតឡើងក្នុងប្រទេស ម៉ាសេដូន ចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ចម្រុះពណ៌ ដោយសារក្រុមបាតុករគប់បាល់ជាប់ដោយថ្នាំចម្រុះពណ៌ទៅលើ អគាររដ្ឋាភិបាល។ បដិវត្តន៍នេះធ្វើឡើងដើម្បីប្រឆាំងនឹង ប្រធានាធិបតី Gjorge Ivanov និងរដ្ឋាភិបាល ម៉ាសេដូន៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ប្រភព៖ Fresh News








លោក ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាអនុរដ្ឋ មន្រ្តីការពារជាតិអាស៊ាន-ជប៉ុន លើកទី៩ ដែលធ្វើឡើងនៅទីក្រុង Fu kuoka ប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ខាងមុខនេះ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងរបស់ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

វេទិការអនុរដ្នមន្រ្តីការពារជាតិ ជប៉ុន-អាសាន គឺជាវេទិការតំបន់មួយដែលរៀបចំប្រជុំជារៀងរាល់ឆ្នាំ មានការ ចូលរួមពីអនុរដ្នមន្រ្តីការពារជាតិ ជប៉ុន និង បណ្តាប្រទេសអាសាន ១០ប្រទេស និង អគ្គលេខាធិការដ្ឋាន អាស៊ាន និង មានអញ្ជើញ រដ្នមន្រ្តីអាស៊ានមួយប្រទេសថ្លែងសន្ទរកថាផង ។

សម្រាប់ឆ្នាំនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ត្រូវបានរដ្ឋមន្ដ្រីការពារជាតិជប៉ុន អញ្ជើញឱ្យថ្លែងសន្ទរកថា ប្រមាណ៤០នាទីស្តីអំពី សភាពការណ៍ក្នុងតំបន់និងទស្សនវិស័យរបស់កម្ពុជា ៕


អ្នកប្រើប្រាស់អគ្គិសនី ដែលសង្ស័យថាចំនួនគីឡូអគ្គិសនីរបស់ខ្លួនឡើងមិនប្រក្រតី អាចស្នើសុំការផ្តល់​សេវាពិនិត្យ​ និងផ្ទៀងផ្ទាត់​នាឡិកាស្ទង់​ដោយមិនយកកម្រៃ​ ពីអាជ្ញាធរ​អគ្គិសនីកម្ពុជា​

កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីដែលសង្ស័យថាចំនួនគីឡូអគ្គិសនីរបស់ខ្លួនឡើងមិនប្រក្រតី រួចមានបំណងចង់រកការពិត និងចង់ដោះស្រាយបញ្ហានេះដោយត្រឹមត្រូវ អាចស្នើសុំការផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាស្ទង់ដោយមិនយកកម្រៃ ពីអាជ្ញាធរអគ្គិសនីកម្ពុជា។

ក្នុងករណីដែលអ្នកប្រើប្រាស់ណាមួយដែលមិនជឿលើការផ្ទៀងផ្ទាត់នេះទេ អាជ្ញាធរអគ្គីសនីកម្ពុជាអាចផ្តល់នូវជម្រើសផ្សេងទៀតដើម្បីឲ្យដឹងការពិត គឺអ្នកប្រើប្រាស់នោះអាចទិញនាឡិកាណាដែលខ្លួនយល់ថាត្រឹមត្រូវពិតប្រាកដ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាល បន្ទាប់ពីអាជ្ញាកណ្តាលយើងខ្ញុំពិនិត្យរួចឃើញថានាឡិកានោះត្រឹមត្រូវតាមបច្ចេកទេសមែន យើងខ្ញុំនឹងអនុញ្ញាតឲ្យដូចខាងក្រោម៖ ទី១- យកនាឡិកាដែលអ្នកប្រើប្រាស់ថាត្រឹមត្រូវនេះដាក់ទន្ទឹមគ្នាជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីពិនិត្យមើលទាំងអស់គ្នា ថាតើនាឡិការបស់អ្នកផ្គត់ផ្គង់វាស់ខុសពីនាឡិការបស់អ្នកប្រើប្រាស់ ទិញថ្មីទេ បើវាវាស់ខុសគ្នាមែន អាជ្ញាកណ្តាលយើងខ្ញុំនឹងរកខុសត្រូវជូនអ្នកប្រើប្រាស់ ។ ទី២- បើអ្នកប្រើប្រាស់ណាដែលមិនចង់ប្រើនាឡិការបស់អ្នកផ្គត់ផ្គង់ទេ យើងខ្ញុំអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់នោះដូរមកប្រើនាឡិកាដែលអ្នកប្រើប្រាស់យល់ថាត្រឹមត្រូវនេះបាន ឲ្យតែនាឡិកានេះរក្សាប្លុមបេត្រឹមត្រូវ មិនរបើកពីរោងចក្រផលិតមក។

សូមបញ្ជាក់ថា ជម្រើសនេះអាចអនុវត្តចំពោះអ្នកប្រើប្រាស់ទាំងអស់ ទោះជាអ្នកប្រើប្រាស់នោះកំពុងប្រើអគ្គិសនីនៅក្នុងតំបន់របស់អ្នកកាន់អាជ្ញាប័ណ្ណឯកជនណាក៏ដោយ៕




លោក ម៉ម ប៊ុនហេង ស្នើចិនវិនិយោគលើផ្នែកសាងសង់មន្ទីរពេទ្យភ្នែក បរិក្ខារទំនើប រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត និងបណ្ដុះបណ្ដាលបច្ចេកទេសវះកាត់ ដល់កម្ពុជា

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើឱ្យអង្គការមូលនិធិ អាស៊ាន សម្រាប់បង្ការភាពពិការ ភ្នែក (Asian Foundation for Prevention of Blindness) ដែលមានទីស្នាក់ការ នៅទីក្រុង ហុងកុង ពិនិត្យ មើលលទ្ធភាព នៃការវិនិយោគលើផ្នែកចំនួន៤សំខាន់ៗ នៅកម្ពុជា រួមមាន៖ មន្ទីរពេទ្យភ្នែក ប្រចាំតំបន់ ក្នុង ខេត្តកំពង់ចាម ឧបករណ៍ -បរិក្ខារពេទ្យទំនើ​ប រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត និងការបណ្ដុះ​បណ្ដាល​បច្ចេក​ទេសវះកាត់ភ្នែក ដល់គ្រូពេទ្យកម្ពុជា ព្រោះនេះជាតម្រូវការចំបាច់ ។

លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះក្នុងឱកាស ទទួលដំណើរទស្សនកិច្ចរបស់ លោក Leung chun-ying អនុប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់នយោបាយរបស់ចិន នឹងសហការី មកកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា​​ នេះនៅសណ្ឋាគារអ៊ីនធឺខន ។

លោក ម៉ម ប៊ុនហេង បានថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានបញ្ហាភ្នែក ច្រើនឡើងៗ ដែលបណ្ដាធ្វើឱ្យមានភាពខ្វះខាត អគារ ឧបករណ៍ បរិក្ខារពេទ្យ សម្រាប់ផ្គត់ផ្គង់ការព្យាបាល និងវះកាត់ភ្នែក​ជូនពូកគាត់ ដែលកត្ដាទាំងនេះ ទាមទារឱ្យមានកិច្ចសហការ យ៉ាងជិតស្និទ្ធ និងវិនិយោគពីដៃគូជាតិ-អន្ដរជាតិ បន្ថែមទៀត ។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏រីករាយត្រៀមស្វាគមន៍ ចំពោះគោលបំណងចង់មក​វិនិយោគរបស់មហាមិត្ដចិនផងដែរ ។

ឆ្លើយតប នឹងសំណើររបស់លោក ម៉ម ប៊ុនហេង ខាងលើនេះ ​លោក Leung chun-ying គ្រោងនឹងផ្ដល់​រថយន្ដ​គ្លី​និកព្យាបាលភ្នែកចល័តមួយយគ្រឿង ដែលមានគ្រឿងបរិក្ខារពេទ្យ គ្រប់គ្រាន់ សម្រាប់ការ​ធ្វើការព្យា​បាល និងវះកាត់បានភ្លាមៗ ដែលតម្លៃសរុបរហូតដល់ទៅជិត៤០ម៉ឺនដុល្លារ ដែលអាចព្យាបាល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេសបាន ពិសេសនៅតំបន់ដាច់ស្រយាល ជៀសវាងការធ្វើដំណើរឆ្លងខេត្ដ ដើម្បីធ្វើការព្យាបាលឬ វះកាត់​ភ្នែក តែតម្រូវឱ្យខាងក្រសួងសុខាភិបាលកម្ពុជា ធ្វើការសហការរួមគ្នា ដោយធ្វើយ៉ាងម៉េច ធ្វើការវះកាត់ភ្នែក ឱ្យបានចំនួន២ពាន់ករណី ក្នុងមួយឆ្នាំ ។

លោកបន្ដថា ចំពោះសំណើរមួយចំនួនទៀត លោកនឹងធ្វើការពិភាក្សា ស្វែងយល់បន្ថែមទៀត ដើម្បីឈានដល់​ការ​​ឯកភាពលើលទ្ធភាព នៃការវិនិយោគលើផ្នែកទាំងអស់នេះ​នៅកម្ពុជា ។

គួររលឹកដែលថាកន្លងមក រាជរដ្ឋាភិបាលចិនបានជួយដល់កម្ពុជា ជាច្រើនដូចជា ផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ ចំនួន២០០គ្រឿង ម៉ាស៊ីនអេក្រូចំនួន២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន ជាច្រើនទៀតផងដែរ ៕











ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់​ អញ្ជើញជា​អធិបតី​ក្នុងពិធី​បើកវគ្គអប់រំ​នយោបាយ​គណបក្ស​ខេត្តវគ្គ២​ ឆ្នាំ២០១៧​

ស្នាក់ការគណបក្សខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៧នេះ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយគណបក្សខេត្តវគ្គ២ សម្រាប់ឆ្នាំ២០១៧ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តារមន្ទីរជុំវិញខេត្ត។

លោក ម៉ៅ ធនិន បានមានប្រសាសន៍បន្តថា វគ្គបំប៉នអប់រំនេះគឺជាទុនដ៏វិសេសវិសាលសម្រាប់យុវជនយើង ជាវិធីសាស្ត្រសម្រាប់ការឃោសនា សម្រាប់វាយបក ការពារ ក៏ដូចជាការកសាងបណ្តាញ និងកម្មវិធីមនុស្សធម៌នានា ជាពិសេសគឺការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ក្នុងនាមជាយុវជនសកម្ម ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានខ្លាំងក្លា ជាពិសេសត្រូវចេះបំផុសបំផុល ដើម្បីត្រៀមជាកម្លាំងសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះផងដែរ៕






លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាលើកកម្ពស់អក្ខរកម្ម ឱ្យកាន់តែប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា

នៅក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋ ខ្មែរទាំងអស់ រួមគ្នាលើកកម្ពស់ការងារអក្ខរកម្មនេះឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា និង មនុស្សជាតិទាំងមូល។ នេះបើតាមសារលិខិតរបសើលោកនាយករដ្ឋមន្រ្ដី ក្នុងឱកាសអបរទិវា អក្ខរកម្មជាតិ- អន្តរជាតិ ៨ កញ្ញា ២០១៧ ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ទៀតថា « ឆ្នាំនេះកម្មវិធីអក្ខរកម្មបានអនុវត្តន៍ ដោយបើកថ្នាក់ រៀនអក្ខរកម្ម នៅតាមរោងចក្រចំនួន៦ ធ្វើឱ្យបងប្អូនកម្មករ កម្មការិនីទទួលបានការរៀនសូត្រ ចេះទាំងអក្សរ ចេះទាំងលេខ និងថែមទាំងបង្កឱកាស ធ្វើការងារឱ្យប្រសើរឡើងតាមរយៈការចេះគណនាលេខ ស្គាល់លេខ គណនី ការវាស់ផលធៀប និងបរិមាណដែលជាមូលដ្ឋានគ្រឹះ សម្រាប់អាជី​ពការងារប្រចាំថ្ងៃ មានប្រាក់ចំណូល ខ្ពស់ ធ្វើឱ្យជីវភាពប្រសើរឡើង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ » ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងថា សមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមអនុវត្តរបស់ ក្រសួង អប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូរអភិវឌ្ឍនានា ពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់មន្ដ្រីអប់រំគ្រ​ប់លំដាប់ថ្នាក់ មន្ដ្រីរាជការ ព្រះសង្ឃ បញ្ញវន្ដ ម្ចាស់ រោងចក្រសហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេស ។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការ ជាតិ អន្ដរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ បុព្វជិត សាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្ម នាពេលកន្លងមកនេះផងដែរ ៕





ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី០៨ ខែកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


(សូមទស្សនាវីដេអូ) ថៃសន្យាជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងប្រមាណ១៥,០០០លានដុល្លារនៅក្នុងឆ្នាំបន្ទាប់ខាងមុខនេះ

(សូមទស្សនាវីដេអូ) លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី ណារ៉ាផន ច័ន្ទអូចា អញ្ជើញទស្សនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

លោក ប្រាយុទ្ធ ច័ន្ទអូចា បានចាកចេញពីកម្ពុជាហើយបន្ទាប់ពីបញ្ចប់ទស្សនកិច្ចពេញមួយថ្ងៃនៅកម្ពុជា

នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការពេញមួយថ្ងៃនៅកម្ពុជា តាមជើងហោះពិសេសមួយ នៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញជូនដំណើរនោះ រួមមានលោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ព្រមទាំងមន្ដ្រីមួយចំនួនទៀតផងដែរ៕



(សូមទស្សនាវីដេអូ)៖ លទ្ធផលនៃជំនួប​កម្ពុជា-ថៃ នឹងក្លាយ​ជាផែនទី​ចង្អុលផ្លូវ​មួយនៃ​ទំនាក់​ទំនងប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ ព្រមទាំងភរិយានៃនាយករដ្ឋមន្រ្តីទាំងពីរ នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ អញ្ជើញរួមគ្នាសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ» ដែលជាទីតាំងនិមិត្តរូបដំបូងគេនៅកម្ពុជាបង្ហាញពីទំនាក់ទំនង និងមិត្តភាបរវាងកម្ពុជានិងថៃ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា សួនមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅចន្លោះរុក្ខវិថីលេខ៩២ និងវិថីលេខ៩៦ មានទំហំបណ្តោយប្រវែង៤៥៤ម៉ែត្រ និងទទឹងប្រវែង៣១ម៉ែត្រ លាតសន្ធឹងចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់មហាវិថីព្រះមុនីវង្ស ក្នុងភូមិសាស្រ្តវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកអភិបាល បានបន្តថា សួននេះត្រូវបានកសាងឡើងតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ប៉ុន្តែមិនទាន់បានប្រសិទ្ធនាមជាក់លាក់ណាមួយនៅឡើយនោះទេ និងត្រូវបានជួសជុលកែលម្អទៅតាមសម័យកាលជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់កែលម្អសួននេះ ដោយបានរៀបចំអាងបាញ់ទឹក តម្លើងបង្គោលភ្លើង ដាំស្មៅ-ផ្កាចម្រុះពណ៌ និងផ្លាស់ប្តូរកម្រាលថ្មើរជើង ពីថ្មបាយក្រៀម មកជាថ្មក្រានីត លើផ្ទៃក្រឡាសរុបទំហំ ១៤,០៧៤ម៉ែត្រក្រឡា។ លុះនៅដើមឆ្នាំ២០១៧ ផ្តើមចេញពីទំនាក់ទំនងការទូត «កម្ពុជា-ថៃ» ក្រុមហ៊ុន ណុងនូច ប៉ាតាយា ហ្គាឌិន អ៊ែន រីស៊ត បានស្នើសុំធ្វើការកែលម្អ និងលើកកម្ពស់សោភ័ណភាពសួនបន្ថែមទៀត តាមរយៈការតុបតែងដាំដើមរុក្ខជាតិចម្រុះដូចជា ដើមធ្នង់ ស្វាយ ស្លា ជ្រៃ ម្ជុលពេជ្រ ត្នោតប្រាក់ មរមើ តែហុកកៀន និងដើមត្របែកព្រៃសរុបចំនួន ១១,០១៤គុម្ព ដោយនៅតែរក្សាទ្រង់ទ្រាយ រចនាបទនៃសួនដើមដដែល ធ្វើឲ្យផ្ទៃសួនទាំងមូលកាន់តែមានសោភ័ណភាពស្រស់បំព្រង បន្ស៊ីគ្នាទៅនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងហេដ្ឋារចនាសម្ព័ន្ធបំពាក់ភ្ជាប់ក្នុងតំបន់នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានចាត់ទុកសមិទ្ធិផល «សួនមិត្តភាពកម្ពុជា-ថៃ» បានកើតចេញអំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងមិត្តភាពយូរអង្វែងនៃទំនាក់ទំនងការទូត «កម្ពុជា-ថៃ» ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ថៃឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍។

សូមបញ្ជាក់ថា លោក ប្រាយុទ្ធ និងភរិយា ព្រមទាំងគណៈរដ្ឋមន្រ្តីថៃ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់លោកហ៊ុន សែន។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ប្រាយុទ្ធ ក្នុងឋានៈជានាយករដ្ឋមន្រ្តីរបស់ថៃ នៅក្នុងប្រទេសកម្ពុជានេះ គឺដើម្បីចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមប្រធានបទ «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»៕