Friday, September 08, 2017

លោកស្រី ម៉ែន សំអន ដឹកនាំមន្រ្តីចូលរួមកាន់​បិណ្ឌ​វេណទី៣ នៅវត្តសារាវ័នតេជោ

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់​ទំនងជា​មួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំមន្ដ្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូល រួមកាន់​បិណ្ឌ​វេណ​ទី៣ នៅ​វត្តសារាវ័នតេជោ ក្នុង​ខណ្ឌដូនពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
នៅក្នុង​ឱកាស​នោះ​ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច បាននាំ ​យកនូវបច្ច័យ និងទេយ្យទានមួយចំនួនប្រគេន​ដល់​ព្រះ​សង្ឃ​ ដើម្បីបញ្ជូនកុសលផលបុណ្យ ជូនទៅ ដល់​បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក ខាងមុខឱ្យមកទទួល កុសលផលបុណ្យនេះ ។
តាមទម្លាប់ជាង៣០ឆ្នាំកន្លងមក លោកស្រី និងក្រុមគ្រួសារ ធ្វើបុណ្យផ្សេងៗ ឬកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រៅពី ប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃរួចហើយ លោកស្រី មិនដែលភ្លេចធ្វើទានជាថវិកា ដល់លោកយាយ លោកតាសិស្ស និស្សិត ជាពិសេសកុមារតូចៗ ដែលមកចូលរួមក្នុងកម្មវិធីនិមួយនោះទេ ពីព្រោះជាអ្នក ត្រូវការ ចាំបាច់បំផុត ដែលគេហៅថាអ្នកអត់ឃ្លានពិតប្រាកដ។ សូមឱ្យថ្នាក់ដឹកនាំទាំងអស់ ដែលមានលទ្ឋភាព ហើយ បានធ្វើបុណ្យកុំភ្លេចធ្វើទានជាមួយអ្នកអត់ឃ្លានផង ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោម​ពិធី​បុណ្យធំៗផ្សេងទៀត ដែលប្រជាជន កម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូត ដល់ថ្ងៃ១៥រោច ខែភទ្របទ។  ពិធីបុណ្យនេះគេចាត់​ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គ ផលជូនដល់​បុព្វការីជនដែលបាន​បែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខ ឱ្យមកទទួលព្រមទាំងបាន រួចផុតពីបាបកម្មទាំងឡាយ ៕







No comments:

Post a Comment