Sunday, December 26, 2021

បទវិភាគអន្តរជាតិ៖ ដើមណូអែលឡើងថ្លៃ គឺបង្ហាញពីភាពច្របូកច្របល់ នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកឆ្នាំ២០២១

(ប៉េកាំង)៖ «សូម្បីតែដើមណូអែលក៏គេចមិនផុតពីភាពច្របូកច្របល់ នៃសេដ្ឋកិច្ចឆ្នាំ២០២១ដែរ»។ កាសែត The Washington Post បានចុះផ្សាយដូចពោលខាងលើនេះ។ យោងទៅតាមការព្យាករណ៍ នៃសហគមន៍ដើមណូអែលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឆ្នាំនេះ ដើមណូអែលបានឡើងថ្លៃពី ១០ ដល់ ៣០ភាគរយ រហូតដល់មានឥស្សរជនជំនាញ បានផ្តល់យោបល់ឱ្យជនជាតិអាមេរិកថា «គួរតែឆាប់ទិញ កុំរង់ចាំដល់មុនបុណ្យណូអែលប៉ុន្មានថ្ងៃ» ហើយ «កុំជ្រើសរើសច្រើនពេក មិនថាធំឬតូច ចេះបត់បែនបន្តិចទៅ»។


ដើមណូអែលឡើងថ្លៃគឺជាបាតុភាពមួយដែលអាចបង្ហាញថា ការចំណាយក្នុងជីវភាពរស់នៅរបស់ជនជាតិអាមេរិកបន្តកើនឡើងទៀត ។ នៅខែវិចិ្ឆកា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានឡើងដល់៦.៨ភាគរយ ដែលបង្កើតកំណត់ត្រាខ្ពស់ថ្មីមួយក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ ។ អតិផរណាបាន «យកទៅ» នូវចំនួនប្រាក់ខែដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ហើយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ។ មនុស្សជាច្រើនបានធ្លាក់ចូលក្នុងភាពទទីសទទាស នៅពេលដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ។


មនុស្សដែលគ្មានប័ណ្ណប្រាក់ខែ និងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ហើយក៏កាន់តែពិបាកឆ្លងបុណ្យណូអែលនេះដែរ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងឱ្យដឹងថា ជនជាតិអាមេរិកចំនួនជាង ២១លាននាក់ គ្មានចំណីអាហារហូបចុកគ្រប់គ្រាន់ នៅដើមខែធ្នូនេះ។


អ្វីដែលគួរឱ្យអស់សំណើចនោះ គឺទីផ្សារភាគហ៊ុនបានកើនឡើង ហើយផ្ទះបានឡើងថ្លៃ អ្នកមានទ្រព្យដែលបានឈរលើកំពូលខ្សែទ្រព្យសម្បត្តិទាំងនោះ កាន់តែមានឡើងៗ។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី Forbes បានជ្រើសរើសមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិជាងមួយរយលានដុល្លារអាមេរិកចំនួន ១០នាក់ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុត នៅលើទូទាំងពិភពលោកឆ្នាំ២០២១ ក្នុងនោះ មានមហាសេដ្ឋី ៦នាក់មកពីសហរដ្ឋអាមេរិក។ គិតមកទល់ថ្ងៃទី១០ ខែធ្នូ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង ៣សែន ៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលគិតជាមធ្យមប្រាក់ទុនសុទ្ធរបស់មនុស្សម្នាក់ៗ បានកើនឡើង ៥១ភាគរយ។


ក្នុងបរិបទដែលជំងឺកូវីដ១៩ បាននិងកំពុងរីករាលដាល គម្លាតរវាងអ្នកមាន និងអ្នកក្រីក្ររបស់សហរដ្ឋអាមេរិក បានពង្រីកធំយ៉ាងឆាប់រហ័ស។


បើមើលពីសំបកក្រៅឃើញថា មូលហេតុដែលជនជាតិអាមេរិក ពិបាកអបអរសាទរបុណ្យណូអែល គឺពាក់ព័ន្ធនឹងកត្តាដូចជាតម្លៃទំនិញឡើងថ្លៃ និងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម តែតាមការពិត គឺបណ្តាលមកពីអសមត្ថិភាពរបស់អ្នកនយោបាយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការអនុវត្តគោលនយោបាយរូបិយវត្ថុហិរញ្ញវត្ថុ ដែលមិនទទួលខុសត្រូវ គឺជាលទ្ធផលចៀសមិនរួច ដែលបណ្តាលមកពីការតម្កល់ទុកផលប្រយោជន៍នយោបាយ ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាជន។


នៅសហរដ្ឋអាមេរិកដែលស្ថិតក្នុងបរិបទជំងឺកូវីដ១៩ សណ្តាប់ធ្នាប់សង្គមដែលប្រាក់ទុនមានអាទិភាព និងអ្នកមានទ្រព្យមានសិទ្ធិខ្ពស់ជាងគេ កាន់តែរីករាលដាលទៅៗ ដូច្នេះ ជនជាតិអាមេរិកមានការព្រួយបារម្ភ និងអារម្មណ៍អស់កម្លាំងកាន់តែធ្ងន់ធ្ងរ។ អ្នកនយោបាយក្រុងវ៉ាស៊ីនតោន ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ គួរតែទទួលខុសត្រូវចំពោះបុណ្យណូអែលឆ្នាំនេះ ដែលមានសភាពលំបាកសម្រាប់ជនជាតិអាមេរិកធម្មតា៕

ដោយ៖ fresh news