Monday, August 09, 2021

ក្រសួងសុខាភិបាល ជូនដំណឹងពីទីកន្លែង និងពេលវេលានៃការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញពីទីកន្លែង និងពេលវេលា នៃដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ឬដូសជំរុញ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការស៉ីវិលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca ដោយសារតែមិនអាចផ្តល់ជូន Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពុំសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំងនេះគ្រប់គ្រាន់ (Video inside)

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានស្នើសុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី១ និងដូសទី២ ដោយសាររាជរដ្ឋាភិបាលកម្ពុជា តែមិនទាន់អាចផ្តល់ជូនវ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពេលនេះ កម្ពុជាពុំទាន់បានសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់សម្រាប់ផ្តល់ជូនពួកគេទេ។


តាមរយៈសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ជាដូសទី៣ ឬដូសជំរុញ ដល់មន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់នោះ មានបុគ្គលមួយចំនួន ដែលបានចាក់វ៉ាក់សាំង Astra Zeneca ចំនួន២ដូសហើយនោះ បានស្នើសុំចាក់វ៉ាក់សាំងនេះជាដូសទី៣ ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានការសិក្សាបានម៉ត់ចត់ អំពីគម្លាតដូសទី១ ទី២ និងទី៣ ហើយលុះត្រាតែយើងមានវ៉ាក់សាំង ទើបយើងអា ចចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca ។ សម្រាប់អ្នកដែលមិនទាន់ ហើយបែរជាមកស្នើសុំចាក់ Astra Zeneca គឺយើងមិនផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយ ទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យកម្លាំងនគរបាល ដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេម»។

បើតាមសម្តេចតេជោ ហ៊ុន សែន ករណីបែបនេះ រាជរដ្ឋាភិបាល ក៏មិនទាន់បានសិក្សា អំពីគម្លាតនៃការចាក់វ៉ាក់សាំង Astra Zeneca ពីដូសទី១ ទី២ និងដូសទី៣ គឺរាជរដ្ឋាភិបាល បានសិក្សាតែពីគម្លាតរបស់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់តែប៉ុណ្ណោះ។ ហើយចំណុចមួយទៀត គឺយើងមិនមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់ ដើម្បីដំណើរការចាក់នោះទេ ដោយសម្តេចសម្តេចក៏កំពុងតែបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្ម ស្វះស្វែងរកទិញវ៉ាក់សាំង Astra Zeneca បន្ថែមទៀត។

សម្តេចបញ្ជាក់បន្ថែមថា «ដូច្នេះយើងមិនទាន់មានលទ្ធភាព ដើម្បីរក Astra Zeneca តាមសំណើស្នើសុំនោះទេ»។ សម្តេចបានស្នើឱ្យជនរួមជាតិ ទទួលយកអ្វីដែលរាជរដ្ឋាភិបាលកំពុងរៀបចំពេលនេះ និងបានប្រាប់ទៅអ្នកដែលបានចាក់ Astra Zeneca ឱ្យរង់ចាំវ៉ាក់សាំងនេះបន្តទៀត។ សម្តេចបានសុំយោគយល់នូវការលំបាកដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់នាពេលនេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។

ការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញ ត្រូវបានក្រសួងសុខាភិបាល ប្រកាសចាក់ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារផងដែរ៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដំណើរការចាក់វ៉ាក់សាំង ដូសទី៣(ដូសជម្រុញ) ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីជួរមុខ

 បន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសជម្រុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ដែលនូវសេសសល់ពីម្សិលមិញ។

វ៉ាក់សាំងដូសជម្រុញដែលប្រមុខរាជរដ្ឋាភិបាល បានផ្តល់ជូនមកខេត្តបន្ទាយមានជ័យ សម្រាប់មន្ត្រីរាជការសុីវិល គ្រូពេទ្យគ្រូបង្រៀន អាជ្ញារដែនដីគ្រប់ថ្នាក់ ប្រមាណ ១៣៦០០ ដូស បានកំពុងដំណើរការចាក់ចាប់ពីថ្ងៃទី៨ សីហា ដោយឡែកសម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបានដំណើរការចាក់ថ្ងៃទី៩ សីហា ប្រមាណ១០០០០ ដូសសម្រាប់ការចាក់ត្រូវបានរៀបចំដោយគោរពវិធានសុខាភិបាល តាមទីតាំងនីមួយៗ ។

លោក អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំង Asutra Zenega ដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខ កម្លាំងជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណលោក។

ទោះបីជាទទួលបានការវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ 

សូមបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ ។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ 

និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕






អភិបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ  និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ  ដល់ក្រោម១៨ឆ្នាំ  នៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ សាមណេ  ប្រជាពលរដ្ឋ ប្អូនៗក្មួយៗ  និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់ក្មួយៗ  ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ 

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង  សម្រាប់កុមារ  និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ  ដល់ក្រោម១៨ឆ្នាំដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩  ខែសីហា  ឆ្នាំ២០២១នេះតាមពេលវេលានិងទីតាំងដូចខាងក្រោម ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល រួមមាន៖

១-  ក្រុងស្វាយរៀង : សាលាបឋសិក្សាព្រះសីហនុ។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-  ស្រុកស្វាយទាប : សាលាបឋមសិក្សាសាមគ្គី

៥-  ស្រុករំដួល : សាលាបឋមសិក្សា  កូវ  សាមុត  កំពង់ចក។ 

៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក  

៧-  ស្រុកស្វាយជ្រំ : សាលាបឋមសិក្សារកា,សាលាបឋមសិក្សាស្វាយជ្រំ ,  សាលាបឋមសិក្សាឈូកមាស,  អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម  ។ 

៨-ស្រុករមាសហែក : សាលាបឋមសិក្សាព្រៃស្វាយ,   សាលាបឋមសិក្សាអណ្តូងពោធិ៍ ,  សាលាបឋមសក្សាស្វាយទន្ទឹម ,  សាលាបឋមសិក្សាដូង  ,សាលាបឋមសិក្សាជីកដី  ,សាលាបឋមសិក្សាក្រសាំង។  

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម  ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕






អភិបាលខេត្តកោះកុង ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់វ៉ាក់សាំង សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ បំប្លែងថ្មី ដល់មន្ត្រីជួរមុខ

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួន ប្រឆាំងនឹងជំងឺកូវីដ-១៩ បំប្លែងថ្មី ជូនដល់មន្ត្រីជួរមុខរួមមាន៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីរាជការ និងកងកម្លាំងជួរមុខ នៅក្នុងខេត្ត ជាបន្តបន្ទាប់ផងដែរ។

លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់បុគ្គលិកពេទ្យ ក្រុមយុវជន កងកម្លាំងសមត្ថកិច្ច និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាព ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាឱកាសក្នុងការបម្រើជាតិ និងបម្រើរាស្ត្រ ដែលមិនអាចគេចវេសពីតួនាទី ការងារ និងភារកិច្ចនេះបានឡើយ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ត្រូវបានដឹកមកដល់ខេត្តកោះកុង ដើម្បីចាក់ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕






លោក ហ៊ុន ម៉ានី ផ្តល់ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក ដែលកំពុងចូលរួមសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំង ទាំង៣២ ទីតាំងនៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ ឌុង សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអនុប្រធាន សមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់ជូនដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក ដែលកំពុងចូលរួមសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំង ទាំង៣២ ទីតាំងនៅស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងស្រុកមេមត់ ។

ថ្លែងក្នុងឱកាសនោះ លោកប្រធានបានពាំនាំការកោតសរសេីរ និងការថ្លែងអំណរគុណរបស់ លោកប្រធាន ហ៊ុន ម៉ានី ដល់សមាជិក សមាជិកា ទាំងអស់ ដែលបានខិតខំប្រឹងប្រែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ  ជាពិសេស ការថែរទាំសុខភាព និងវិធានការអនាម័យ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលផងដែរ។

 សូមបញ្ជាក់ជូនថា អំណោយដែលបានផ្តល់ជូនរួមមាន៖

១-ស្រុកត្បូងឃ្មុំ ទទួលបាន ទឹកសុទ្ធវីតាល់ ១៦០ កេស ម៉ាស់ ៨,០០០ សន្លឹក ស្រោមដៃ ១៥០ គូ និងថវិកា ៣,៦០០,០០០ រៀល។

២-ស្រុកពញាក្រែក ទទួលបាន ទឹកសុទ្ធវីតាល់ ៥៥ កេស ម៉ាស់ ៥,៥០០ សន្លឹក  ស្រោមដៃ ១៥០ គូ និងថវិកា ២,៤៧៥,០០០ រៀល។

៣-ស្រុកមេមត់ ទទួលបាន ទឹកសុទ្ធវីតាល់ ៥០កេស ម៉ាស់ ៤,០០០ សន្លឹក ស្រោមដៃ ២០០ គូ និងថវិកា ២,១៧៥,០០០ រៀល។

៤-ស្រុកអូររាំងឪ ថវិកា ២,២៥០,០០០ រៀល។

សរុប  -ទឹកសុទ្ធវីតាល់ ២៦៥ កេស -ម៉ាស់១៧,៥០០ សន្លឹក -ស្រោមដៃ ៥០០ គូ -និងថវិកា ១០,៥០០,០០០រៀល៕





អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បន្ទាយមានជ័យ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយ ថវិកា សម្ភារៈ ដែលជាការចូលរួមឧបត្ថម្ភរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ចំនួន៥០,០០០,០០០រៀល និង ត្រីខ ៥០០កេស សម្រាប់ខេត្តប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្ត តាមរយៈក្រុមការងាររបស់អ្នកឧកញ៉ា។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្ត អំណោយថវិកាទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនពរអ្នកឧកញ៉ា  និងគ្រួសារ  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






រដ្ឋមន្ដ្រីសុខាភិបាល៖ នៅពេលពលរដ្ឋទូទាំងប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ នឹងអាចបង្កើតភាពសុំាដល់សង្គម ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា នៅពេលប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម១៨ឆ្នាំ នៅមណ្ឌលសុខភាពទឹកថ្លា នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ម  ប៊ុនហេង បន្ដថា «នៅពេលដែលប្រជាពលរដ្ឋយើងទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។ លើសពីនោះ សម្រាប់កុមារ និងយុវវ័យយើង អាចមករៀនសូត្រឡើងវិញ រៀនពូកែ មានសុខភាពល្អ នោះអនាគតប្រទេសក៏មានភាពល្អប្រសើរផងដែរ»។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម១៨ឆ្នាំ យើងសង្កេតឃើញថា ជាមាតាបិតា ជាអាណាព្យាបាល បាននាំកូនមកវ៉ាក់សាំងដោយភាពសប្បាយរីករាយ ទោះមេឃកំពុងភ្លៀងក៏នៅបន្ដដំណើរមកទទួលយកវ៉ាក់សាំងផងដែរ ដែលបង្ហាញឱ្យថា ពួកគាត់មានការយល់ដឹងខ្ពស់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍យើង និងដើម្បីឈានទៅបើកសាលារៀនឡើងវិញ។នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង។

លោកថ្លែងបន្ដថា ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃទី៨ ខែសីហានេះ កុមារ និងយុវវ័យ ជិត១២ម៉ឺននាក់ហើយ ក្នុងចំណោម២១ម៉ឺននាក់ នៅរាជធានីភ្នំពេញ ដែលបានមកទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ រួចរាល់។ នេះជាចលនាមួយដ៏អស្ចារ្យ អនុវត្ដនូវគោលនយោបាយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

ទន្ទឹមនឹង រដ្ឋមន្ដ្រីសុខាភិបាល ក៏នៅតែទទូចដល់ប្រជាពលរដ្ឋថា ទោះបីជាយើងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ក៏ដោយ ប្រជាពលរដ្ឋយើង ក៏ត្រូវតែបន្ដគោរពវិធានសុខាភិបាល និងការណែនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ៣ការពារ ៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធិភាព ទោះក្នុងកំលុងការរាលត្បាតជំងឺកូវីដ១៩នេះ ពិសេសប្រភេទបំប្លែងថ្មីក៏ដោយ។

គួររំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះកុមារ និងយុវវ័យ សរុបជិត២លាននាក់ទូទាំងប្រទេស ៕







អភិបាលខេត្តបន្ទាយមានជ័យ បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្ត ចំនួន២ទីតាំង ទី១ សាលប្រជុំធំសាលាខេត្តនិង ទីតាំងទី២ សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត ។

លោក អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ

ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះលោក។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕