Monday, August 15, 2016

កម្ពុជា​​គឺពិត​ជាមាន​សុខ​ដុម​រមនាសាសនា​ និងជាតិ​សាសន៍ ​​ដោយសារ​ការអនុវត្ត​គោល​នយោបាយ​ដ៏ត្រឹម​ត្រូវ​របស់​រាជរ​ដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ថ្លែងទៅកាន់ភាគីកូរ៉េ ដោយស្នាមញញឹម និងភាពជឿជាក់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដូចនេះនៅក្នុងព្រះវិហារហានយលជុងអាំង នៃតំបន់ Cheonan ប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ។
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានលើកថា "កម្ពុជាគឺពិតជាមានសុខដុមរមនាសាសនា និងជាតិសាសន៍ ដូចគ្នានឹងសាធារណរដ្ឋកូរ៉េដែរ ដោយសារការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា" ។
នេះជាការលើកឡើង ក្នុងកម្មវិធីដំណើរទស្សនកិច្ច និងពិនិត្យទីតាំងស្នាក់នៅបណ្ដោះអាសន្ន របស់ពលករខ្មែរនៅតំបន់ Cheonan ក្នុងអំឡុងពេលផ្លាស់ប្ដូរកន្លែងធ្វើការ អត់កន្លែងស្នាក់នៅ របស់ក្រុមការងារស្ថានទូតដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៅព្រះវិហារហា នឹលជុងអាំង នៃតំបន់ Cheonan ខេត្ត ChungNam ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម និងសហការី ក៏បានចូលរួមកម្មវិធីអធិដ្ឋានដល់ព្រះយេស៊ូគ្រិស្ត ដើម្បីព្រះអង្គជួយឲ្យមានសុខសន្ដិភាពក្នុងពិភពលោក និងជួយប្រជាពលរដ្ឋកូរ៉េ និងកម្ពុជា មានសេចក្ដីសុខផ្លូវចិត្ត និងមានសុមង្គលក្នុងក្រុមគ្រួសារផងដែរ៕