Wednesday, June 30, 2021

គណៈប្រចាំការ នៃគ.ប.ក. សេចក្តីណែនាំវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta

 
 គណៈប្រចាំការ នៃគ.ប.ក. សេចក្តីណែនាំវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤០ដុល្លារ ក្នុងរយៈពេល៣ខែបន្ថែមទៀត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា» អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែដា ២០២១)។

យោងតាមសេចក្ដីប្រកាសព័ត៌ឲ្យដឹងថា ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ វិធានការចាំបាច់នានា ជាបន្តបន្ទាប់ក្នុងគោលបំណងគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចវិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍។

បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាត ឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

* រាជរដ្ឋាភិបាលបន្ត ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករ និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

* ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិកក្នុងមួយខែ)។

* បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែជូនកម្មករ-និយោជិត១នាក់ ដែលបំពេញការងារ ក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

* សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

* បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន រយៈពេល៦ខែបន្តទៀត គឺរហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២១។

ការពន្យារពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម សេដ្ឋកិច្ចជាក់ស្តែង៕

រដ្ឋមន្ត្រី​ក្រសួងសាធារណៈការ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន សម្រេចបាន២១,០៥% ហើយ

 កាលពី​ព្រឹក​ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និង ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

វត្តមាន​របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ធ្វើ​ឡើង​ក្នុង​គោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណនអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងនេះសម្រេចបានប្រមាណ២១,០៥% ហើយ។

ដោយភាព​សុទិដ្ឋិនិយម គឹរំ​ពឹង​ថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឺងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕






ខេត្តត្បូងឃ្មុំ ចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង មាន ចំនួន ៥ទីតាំង

 ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។ នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានា នៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការនេះ។

ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ។

លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាម បណ្តាក្រុង-ស្រុកខាងលើ ត្រូវទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដោយពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី។

លោក អភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុងសួង មាន០៥ទីតាំង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន

ទី១.មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
ទី២.មណ្ឌលសុខភាពសួង
៣.មណ្ឌលសុខភាពវិហារលួង
៤.ទីធ្លារវត្តពណ្ណរាយ
៥.ទីធ្លារវត្តវិហារខ្ពស់៕





អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ពន្ធ័ ចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩

 កោះកុង៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ឃឹម ចន័្ទឌី អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនបានចុះពិនិត្យមើលទីតាំងឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖

១- ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រ។
២-ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមាន ទំហំ៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។

សូមជម្រាបផងដែរថា ការឈូសឆាយដីរបស់រដ្ឋសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ឃឹម ចន័្ទឌី បានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមអ្នកម៉ៅការឈូសឆាយដីទាំងអស់ ធ្វើការសហការគ្នាទៅវិញទៅមក និងពន្លឿនក្នុងការឈូសឆាយ ការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់៕





សេចក្តីប្រកាសព័ត៌មាន ស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩

 សេចក្តីប្រកាសព័ត៌មាន ស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១)






ដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀង ដែលបានដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ថ្ងៃដំបូង ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី រស់នៅក្នុង ៣ក្រុង-ស្រុក ដែលមានក្រុងបាវិត ស្រុករំដួល និងស្រុកកំពង់រោទិ៍ ចំនួនប្រមាណជាង ១១ ម៉ឺននាក់ ដើម្បីចូលរួមកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លងកូវីត-១៩ ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់នៃខេត្តស្វាយរៀងនេះ។

ពិធីដំណើរកាបើកចាក់វ៉ាក់សាំងនេះ បានប្រារព្ធធ្វើឡើង នៅក្រុងបាវិត ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាអនុប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានប្រសាសន៍ថា៖ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀងទាំងមូល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់ពួកគាត់ ដោយមិនគិតថ្លៃ ដែលបានធ្វើអោយប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំង និងបានទន្ទឹងរង់ចាំជាយូរមកហើយ។

ថ្លែងក្នុងពិធីបើក ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង លោក មាស សាវ៉ន បានមានប្រសាសន៍ថា៖ ការរៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់ ខ.ភ.ម នៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងនាពេលនេះ គឺបានធ្វើឡើង តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងបទបញ្ជារបស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត និងព្រះសង្ឃ ដែលរស់នៅ និងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា៖ ទន្ទឹមនឹងកិច្ចការពារបូរណភាពទឹកដីនោះ ខ.ភ.ម មានការខិតខំ និងយកចិត្តទុកដាក់ណាស់ អនុវត្តតាម អនុសាសន៍របស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ គឺថាមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំងទេ គឺឲ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួនមនុស្ស។ ពាក្យស្លោកទាំងអស់នេះ បានធ្វើឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ និង ខ.ភ.ម បានយកចិត្តទុក និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត មិនខ្លាចនឿយហត់។ ទាំងអាជ្ញាធរដែនដី និងកងទ័ព បានខិតខំបម្រើដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់ លោកនាយករដ្ឋមន្ត្រី គឺថាធ្វើម៉េចចាក់វ៉ាក់សាំង ជូនដល់ពួកគាត់ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម និងក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩ ឲ្យប្រទេសជាតិ វិលមករកភាពដើមវិញ ដោយរស់នៅភាពសុខដុមរមនា។

ការបើកចាក់វ៉ាក់សាំង នៅ៣ ក្រុង ស្រុក នៃខេត្តស្វាយរៀងនេះ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មានប្រជាពលរដ្ឋ កម្មការ កម្មការិនី និងព្រះសង្ឃ ប្រមាណជាង ១១ម៉ឺន នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្ត បានធ្វើការទទួលចាក់វ៉ាក់សាំង មានចំនួន ២ស្រុក គឺនៅស្រុករំដួល និងស្រុកកំពង់រោទិ៍ ដែលមានប្រជាពលរដ្ឋ ចំនួន ៨ម៉ឺន ៦ពាន់ ២៩៤នាក់ និងក្រៅពីនោះ មានប្រជាពលរដ្ឋ កម្មករ និយោជិត នៅក្រុងបាវិតមាន ចំនួន ២ម៉ឺន ៦ពាន់ ៨៩៧នាក់ទៀត ទទួលខុសត្រូវដោយក្រុមគ្រូពេទ្យកងទ័ព របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជាអ្នករ៉ាប់រង និងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងនោះ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃ។

គួរបញ្ជាក់ដែរថា៖ សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងក្រុងបាវិតនេះ ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរដែនដីខេត្ត ក្រុង និងសង្កាត់ផងនោះ ដោយបានរៀបចំទីតាំងចាក់ មានចំនួន ៣ទីតាំង ក្នុងនោះទីតាំងទី១ ចាក់នៅសាលាបឋមសិក្សាក្រុងបាវិត ទីតាំងទី២ ចាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន) និងទី៣ នៅឯវិទ្យាល័យជីភូ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ដើម្បីស្ដារឡើងវិញនៅផ្នែកសុខាភិបាល សេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ ៕





ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥

 កំពង់ចាម៖ តាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥ ក្នុងនោះ នៅក្នុងស្រុកបាធាយ មាន ០៣ទីតាំង ស្រុកជើងព្រៃ មានចំនួន ១៦ទីតាំង ស្រុកព្រៃឈរ ១៥ទីតាំង ស្រុកកំពង់សៀម ចំនួន ០៨ទីតាំង និងក្រុងកំពង់ចាម មានចំនួន ០៤ទីតាំង ។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក៏ដូចជា ការសួរសុខទុក្ខ ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ នៅតាមក្រុង ស្រុក ទាំង ៥ខាងលើ ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា បន្ទាប់ពីបងប្អូនទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជម្ងឺកូវីដ ១៩ ។ លោក លើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយើង ជាច្រើននាក់ បានឆ្លងជម្ងឺនេះ ជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក៏បានផ្ដល់នូវវ៉ាក់សាំងបង្ការទាំងនេះ យកមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក នៅក្នុងខែកក្កដា នេះ មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។ ឯកឧត្ដម មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។

បើតាម លោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័គ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម ។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ សរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់ ។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨.០០នាទី ដល់ម៉ោង ១១.០០នាទី នាពេលរសៀល ចាប់ពីម៉ោង ១៣.០០នាទី ដល់ម៉ោង ១៦.០០នាទី ៕







 រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការសម្រេចជាថ្មី។

ព័ត៌មានលម្អិតសូមអានសេចក្ដីសម្រេចខាងក្រោម÷






អាជ្ញាធរជាតិអប្សរា កំពុងស្ដារប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ប្រវែងជាង៣ពាន់ម៉ែត្រ

 ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ក៏ដូចជាការបញ្ជៀសទឹកជំនន់នៅក្នុងតំបន់អង្គរ និងក្រុងសៀមរាប ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយបុរាណចំនួន២ខ្សែ ដែលមានប្រវែងសរុប ៣,៣០០ម៉ែត្រ។

ប្រព័ន្ធប្រឡាយដែលបាននិងកំពុងស្ដាររួមមាន ខ្សែទី១មានប្រវែង២០០០ម៉ែត្រ ស្ថិតនៅផ្នែកខាងលិចស្ទឹងសៀមរាប ដែលមានទីតាំងចាប់ភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ រហូតដល់ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ខ្សែទី២ ផ្នែកខាងកើតស្ទឹងសៀមរាប មានប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ប្រឡាយទាំង២ខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃប្រឡាយរំដោះទឹកជំនន់ពីស្ទឹងសៀមរាប ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងរលួស ហើយក៏ជាប្រឡាយនាំទឹកដ៏សំខាន់ ចូលទៅក្នុងកសិន្ធុប្រាសាទអង្គរធំ អង្គរវត្ត បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងអាងស្តុកទឹកនានាក្នុងតំបន់អង្គរ អាងស្កុកទឹកភ្នំបូកផងដែរ។

លើសពីនេះទៅទៀត ការងារស្តាប្រឡាយខាងលើនេះ ក៏ផ្តល់ជាប្រយោជន៍ក្នុងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ៕