Thursday, April 11, 2019

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋកុំដាក់សំរាមតាមផ្លូវសាធារណៈ និងទុកសំរាមឲ្យបានត្រឹមត្រូវ

ដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០១៩ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។
ការអំពាវនាវដោយសារតែ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ខាងមុខនេះ បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រីត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ ដូច្នេះ ក្នុងអំឡុងពេលការឈប់សម្រាកខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវបានអនុវត្តមិនបានពេញលេញទេ នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរជាមិនខាន ៕

កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្ដីអំពីការផ្ទេរកម្មវិធីជូនមូលដ្ឋានគោលដៅ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្ដីអំពីការផ្ទេរកម្មវិធីជូនមូលដ្ឋានគោលដៅ ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក សៀក គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៦០ នាក់ (ស្រី២១នាក់) ។
សិក្ខាសាលារយៈពេល២ថ្ងៃចាប់ថ្ងៃទី៩ ដល់ ១០ខែមេសា ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ជាំងអំពីស្នាដៃសម្រេចបានរបស់កម្មវិធីកសាងភាពធន់ក្នុងសហគមន៍ កំណត់និងបន្តពង្រឹងបណ្ដាមេរៀនពិសោធន៍ នៅក្នុងកម្មវិធីនានានៅខាងក្នុង និងខាងក្រៅសហគមន៍គោលដៅនៃសាខា និងជំរុញដាក់សកម្មភាពនៃខ្នាតគំរូកសាងភាពធន់ក្នុងសហគមន៍ទៅក្នុងផែនការអភិវឌ្ឍនិងផែនការ ប្រតិបត្តិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរដល់មន្ត្រីកាកបាទក្រហមកម្ពុជា ដែលខិតខំប្រឹងប្រែងបំពេញបេសកកម្មការងារមនុស្សធម៌ ក្នុងការឆ្លើយតបទៅកាន់ជនរងគ្រោះ ជនងាយរងគ្រោះបានទាន់ពេលវេលា។

ទន្ទឹមនិងនេះ លោកអគ្គលេខាធិការរងទី២ បានលើកទឹកចិត្តដល់មន្ត្រីតាមសហគមន៍ ត្រូវចូលរួមថែទាំនូវសមិទ្ធផលដែលមាននេះ និងត្រូវស្វែងរកមូលនិធិដើម្បីគាំទ្រនិរន្តរភាព និងជួសជុលអណ្តូងទឹកដែលខូច ឬរីងស្ងួត ជៀសវាងខ្វះខាតទឹកប្រើប្រាស់នារដូវក្តៅនេះ និងត្រូវត្រៀមកម្លាំងដើម្បីចូលរួមដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលកើតមានឡើងដោយសារបម្រែបម្រួលអាកាសធាតុ ជាពិសេសត្រូវត្រៀមទូកនៅពេលដែលមានគ្រោះទឹកជំនន់ សម្រាប់ជួយដល់ចាស់ជរា និងស្ត្រីមានផ្ទៃពោះ ឱ្យទាន់ពេលវេលា។ មួយវិញទៀតលោកអគ្គលេខាធិការរងទី២ បានជំរុញឱ្យមន្ត្រីស្ម័គ្រចិត្ត ត្រូវបំប៉នវិជ្ជាសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា ទៅតាមសាលាគោលដៅនានាក្នុងខេត្ត ៕

គំរោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្រាលកៅស៊ូ DBST ក្នុងក្រុងកំពង់ឆ្នាំងសម្រេចបាន ៤០% ហើយ

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះថាការជួសជុលកំណាត់ជាតិលេខ៥ ផ្លូវក្រាលកៅស៊ូ DBST ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង១៥០០ម៉ែត្រ ទទឹង ១១ម៉ែត្រ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពកែលំអរសោភ័ណភាព បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ សម្រេចបាន៤០%ហើយ ។
លោក កែវ ពៅ បានអោយដឹងទៀតថា ថវិកាដែលយកមកជួសជុល គឺជាថវិកា របស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវបានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តទៅបានដោយរលូន។

លោក កែវ ពៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវ និងអ្នកធ្វើដំណើរសូមនមេត្តាមានការយោគយល់ ផលប៉ះពាល់មួយចំនួននៅក្នុងពេលជួសជុលផ្លូវនេះផងដែរ ។

កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជានឹងទទួលនូវឥទ្ធិពល នៃសម្ពាធទាបដែលកើតពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់ បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្រសួងបានអំពាវនាវ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទរះ ពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុកនៅពេលមានភ្លៀង ព្រោះរដូវវស្សានៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅក្តៅ និងរំហួតខ្ពស់» ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖