Thursday, April 11, 2019

កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្ដីអំពីការផ្ទេរកម្មវិធីជូនមូលដ្ឋានគោលដៅ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្ដីអំពីការផ្ទេរកម្មវិធីជូនមូលដ្ឋានគោលដៅ ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក សៀក គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៦០ នាក់ (ស្រី២១នាក់) ។
សិក្ខាសាលារយៈពេល២ថ្ងៃចាប់ថ្ងៃទី៩ ដល់ ១០ខែមេសា ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ជាំងអំពីស្នាដៃសម្រេចបានរបស់កម្មវិធីកសាងភាពធន់ក្នុងសហគមន៍ កំណត់និងបន្តពង្រឹងបណ្ដាមេរៀនពិសោធន៍ នៅក្នុងកម្មវិធីនានានៅខាងក្នុង និងខាងក្រៅសហគមន៍គោលដៅនៃសាខា និងជំរុញដាក់សកម្មភាពនៃខ្នាតគំរូកសាងភាពធន់ក្នុងសហគមន៍ទៅក្នុងផែនការអភិវឌ្ឍនិងផែនការ ប្រតិបត្តិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរដល់មន្ត្រីកាកបាទក្រហមកម្ពុជា ដែលខិតខំប្រឹងប្រែងបំពេញបេសកកម្មការងារមនុស្សធម៌ ក្នុងការឆ្លើយតបទៅកាន់ជនរងគ្រោះ ជនងាយរងគ្រោះបានទាន់ពេលវេលា។

ទន្ទឹមនិងនេះ លោកអគ្គលេខាធិការរងទី២ បានលើកទឹកចិត្តដល់មន្ត្រីតាមសហគមន៍ ត្រូវចូលរួមថែទាំនូវសមិទ្ធផលដែលមាននេះ និងត្រូវស្វែងរកមូលនិធិដើម្បីគាំទ្រនិរន្តរភាព និងជួសជុលអណ្តូងទឹកដែលខូច ឬរីងស្ងួត ជៀសវាងខ្វះខាតទឹកប្រើប្រាស់នារដូវក្តៅនេះ និងត្រូវត្រៀមកម្លាំងដើម្បីចូលរួមដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលកើតមានឡើងដោយសារបម្រែបម្រួលអាកាសធាតុ ជាពិសេសត្រូវត្រៀមទូកនៅពេលដែលមានគ្រោះទឹកជំនន់ សម្រាប់ជួយដល់ចាស់ជរា និងស្ត្រីមានផ្ទៃពោះ ឱ្យទាន់ពេលវេលា។ មួយវិញទៀតលោកអគ្គលេខាធិការរងទី២ បានជំរុញឱ្យមន្ត្រីស្ម័គ្រចិត្ត ត្រូវបំប៉នវិជ្ជាសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា ទៅតាមសាលាគោលដៅនានាក្នុងខេត្ត ៕

No comments:

Post a Comment