Friday, March 10, 2017

ទស្សនៈ៖ កុំយកមនុស្សប្រូ មកដូរមេឃុំទេវតា!

បើបងប្អូនប្រជាពលរដ្ឋសម្រេចចិត្តខុស នឹងនាំឱ្យមានជម្លោះ បែកបាក់សាមគ្គីភាពនៅក្នុងមូលដ្ឋានភូមិឃុំរបស់អស់លោកអ្នកជាក់ជាពុំខាន។ ពាក្យស្លោកក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាញសង្គម «មេឃុំប្រូពូកែសន្យា មេឃុំទេវតាពូកែធ្វើការ» និង «កុំយកមេឃុំប្រូ ដូរមេឃុំទេវតា» ជាអាវុធគំនិតសាធារណៈ​មួយទប់ទល់នឹង ពាក្យស្លោកនយោបាយរបស់គណបក្សប្រឆាំង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។ តើនេះជាការប្រកួតប្រជែងបែបប្រជាធិបតេយ្យ ឬជាការឈានទៅរកភាពតានតឹងថ្មីមួយសម្រាប់បរិយាកាសនយោបាយមុនពេលបោះឆ្នោតឃុំសង្កាត់?
ការបង្ហាញទស្សនៈមតិ និងការយល់ឃើញក្រោយសមាជគណបក្សប្រឆាំងបានជះឥទ្ធិពលថ្មីមួយ នាំដល់ប្រតិកម្មជាបន្តបន្ទាប់របស់គណបក្សនយោបាយទាំងពីរ (#CPP) និងមានការថ្លែងសារទៅវិញទៅមកដើម្បីទាមទារកែតម្រូវ និងការប្រកែករឹងរូសមិនយល់ព្រម (CNRP)។ ការវិវឌ្ឍន៍មិននៅស្ងៀមទេ ចលនាថ្លែងញត្តិពីបណ្តាមេឃុំភាគច្រើនលើសលុប ទូទាំងប្រទេសបានបញ្ជូនពីគ្រប់ទិសទីទាមទារការពន្យល់ និងមិនសុខចិត្តទទួលយកការប្រមាថលើតម្លៃការងារអព្យាក្រឹត្យរបស់មេឃុំកំពុងកាន់តំណែងទាំងឡាយ។
រយៈពេលកសាងបរិយាកាសនយោបាយស្ងប់ស្ងាត់ និងយោគយល់មានមិនច្រើនទេ។ ដូច្នេះតើសមត្ថកិច្ចមួយណាទើបអាចចាត់ការតាមនីតិវិធីស្របច្បាប់ដើម្បីបញ្ចៀសការប្រឈមទាំងឡាយ? បើគិតតាមច្បាប់បោះឆ្នោតឃុំសង្កាត់មានស្ថាប័នពីរជាសំខាន់គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (#គ.ជ.ប.)ប្រៀបជាស្ថាប័នម្តាយដែលបង្កើតកូន និងក្រសួងមហាផ្ទៃជាស្ថាប័នឪពុកមើលការខុសត្រូវ និងដាក់វិន័យករណីកូនណាធ្វើខុស។ បន្ថែមលើសអំពីនេះ ច្បាប់វិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ ក៍បានបញ្ជាក់រឹតតែច្បាស់ទៅទៀតថា មានតែក្រសួងមហាផ្ទៃមួយគត់ដែលមានសិទ្ធិគ្រប់គ្រងគណបក្សនយោបាយតាមច្បាប់ប្រគល់ឱ្យសម្រាប់ចាត់ការទូទៅ ទាំងចុះបញ្ជីគណបក្សនយោបាយ រហូតដល់ចាត់ចែងនីតិវិធីដាក់វិន័យ ឬលើកបណ្តឹងទៅស្ថាប័នតុលាការ (#court)។ មេឃុំមិនបានកើតពីការបោះឆ្នោត ឯកត្តនាមទេ គឺមេឃុំតំណាងឱ្យគណបក្សនយោបាយ ហើយឈរតំណាងឱ្យគណបក្សតាមការស្រឡាញ់គាំទ្ររបស់ប្រជាជនមូលដ្ឋាន ដូច្នេះពេលដែលមេឃុំដាក់ញត្តិទាមទារកម្រិតទូទាំងប្រទេសហើយនោះ មានតែស្ថាប័នជាអាណាព្យាបាលមួយគត់ដែលអាចលើកករណីមកពិចារណា?
ដំណោះស្រាយអាចមានច្រើនយ៉ាង បើសិនជាបញ្ហានោះមានកម្រិតស្រាល ឬមិនប៉ះពាល់ដល់ស្ថិរភាពនយោបាយ ឬសណ្តាប់ធ្នាប់សាធារណៈ។ ការយល់ឃើញពេលនេះគឺថាអាចជាកម្រិតធ្ងន់បើសិនជាតំណាងគណបក្សនៅមូលដ្ឋានយល់ថាខ្លួនកំពុងទទួលសម្ពាធ និងការប្រមាថជាសាធារណៈចំពោះតម្លៃការងាររបស់ខ្លួន ពិសេសនៅពេលដែលសារកុហកបំភ័ន្តស្មារតី និងការចោទប្រកាន់មិនត្រូវបានដោះស្រាយទាន់ពេលវេលាទេនោះ វានឹងនាំឱ្យមានការបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋទៅលើស្ថាប័នមូលដ្ឋានរបស់រដ្ឋទាំងមូល។
ឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់ និងការអនុវត្តជាទូទៅក្នុងយន្តការអន្តរជាតិដែរគឺមានតែការជជែកពិភាក្សាក្នុងចំណោមអង្គនៃតំណាងគណបក្សនយោបាយទេ ដែលអាចធ្វើឱ្យដំណើរការវិមជ្ឈការ និងវិសហមជ្ឈការអាចរំកិលខ្លួនដល់ដំណាក់កាលរឹងមាំបាន។ អា​ស្រ័យហេតុនេះ ស្ថាប័នក្រសួងមហាផ្ទៃ គួរតែកោះប្រជុំសមាជមេឃុំពីគ្រប់គណបក្សនយោ​បាយនៅទូទាំងប្រទេសដើម្បីផ្លាស់ប្តូរយោបល់ និងទស្សនៈជាវិជ្ជមានឆ្ពោះទៅកាន់សន្តិភាពយូរអង្វែង ជៀសវាងការឆ្លៀតឱកាសរបស់ក្រុមអ្នកប្រជាកលនិយមបន្តកុហកបោកប្រាស់ប្រជាជនតទៅទៀត ហើយនេះជាប្រជាធិបតេយ្យប្រជាជនពិតប្រាកដ។ សមាជមេឃុំទូទាំងប្រទេសទៀតសោត នឹងជួយបញ្ចៀសការប្រឈមមុខតានតឹងដាក់គ្នា រវាងគណបក្សនយោ​បាយធំៗនៅកម្ពុជាផងដែរ៕
អត្ថបទ៖ ក្រពុំឈូក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានអ្នកនយោបាយខ្លះឃោសនាបោកប្រាស់រឿងតម្លៃអង្ករ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា​ កន្លងមកឱ្យតែជិតដល់រដូវការឃោសនាបោះឆ្នោត តែងមានមានអ្នក​នយោ​បាយឃោសនាបោកប្រាស់រឿងតម្លៃអង្ករ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួនក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានអ្នកនយោបាយខ្លះដើរសន្យាបោកប្រាស់ ប្រជាពលរដ្ឋពាក់ព័ន្ធរឿងតម្លៃអង្ករ។ នៅពេលទៅឃោសនានៅតាមទីផ្សារ គេសន្យាថានឹងធ្វើ ឱ្យតម្លៃអង្ករចុះថោក ប៉ុន្តែនៅពេលទៅឃោសនាតាមទីជនបទស្រែចម្ការ គេសន្យាថានឹងធ្វើឱ្យ តម្លៃអង្ករលក់បានថ្លៃជាដើម គឺមានន័យថា ក្នុងមួយរយៈពេលខ្លី គេភូតកុហកបានពីរដងទៅ លើប្រធានបទដូចគ្នា។ លោក ក៏បានបន្ថែមទៀតថា អ្នកខ្លះជិះកង់ទេ តែដើរសន្យាថានឹងទិញ ម៉ូតូឱ្យជិះនៅពេលបានឈ្នះឆ្នោត អ្នកខ្លះរស់នៅផ្ទះខ្ទមទេ ប៉ុន្តែ ដើរសន្យាថាធ្វើផ្ទះក្បឿងចែក​ឱ្យ គេនៅ នៅពេលឈ្នះឆ្នោតជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ពាក់ព័ន្ធការកុហកបោកប្រាស់របស់អ្នក​នយោ​បាយនេះ គឺតែងតែកើតឡើងជារឿយៗឱ្យតែជិតដល់រដូវការបោះឆ្នោត។ លោក បានថ្លែង​ទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើគេភូតយើងម្តង អ្នកភូតខុស គឺយើងមិនខុសទេ បើគេ​ភូតយើងលើកទី២ អ្នកភូតខុស គឺយើងមិនខុសទេ ប៉ុន្តែនៅពេលដែលគេភូតយើងលើកទី៣ អ្នកភូតមិនខុសទេ គឺយើងនេះហើយជាអ្នកខុសព្រោះឱ្យគេភូតបានដល់ទៅបីដង៕


ប្រជាពលរដ្ឋជិត១០០០គ្រួសារ​ ក្នុងខេត្តកំពង់ចាម​ បានទទួលអំណោយ​ ពីថ្នាក់ដឹកនាំ​ រាជរដ្ឋាភិបាល​ និងក្រសួង​ធម្មការ​

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជិត១០០០គ្រួសារ រស់នៅឃុំចំនួន៣របស់ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងធម្មការ។
ពិធីផ្តល់អំណោយនេះ   ត្រូវបានធ្វើឡើងក្រោមវត្តមាន   លោកស្រី   ងួន ធួន   ទីប្រឹក្សារាជរដ្ឋាភិបាល ភរិយាអតីតរដ្ឋមន្រ្តីក្រសួងធម្មការ លោកបណ្ឌិត មិន ឃិន រួមជាមួយលោកស្រី មិន    ចណ្ឌីណែត   អនុរដ្ឋលេខាធិការក្រសួងធម្មការ   ព្រមទាំងមានការចូលរួមពីអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណ វត្តកងតាណឹង ឃុំកងតាណឹង។
អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន​៖ អង្ក៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ ម៉ី១កេស ប្រេងឆា១ដប ដែលជាអំណោយរបស់អង្គការតាមរយៈសពលោកបណ្ឌិត មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕




មេឃុំនៅទូទាំងស្រុកបាទី ខេត្តតាកែវ ចេញញត្តិថ្កោលទោសចំពោះ​ការចោទប្រកាន់ថា​ជាមេឃុំបម្រើ​បក្ស​

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដាក់ចេញនូវសារនយោបាយរបស់ ​ ដែលចោទ​ប្រកាន់​ថា «មេឃុំធ្វើការបម្រើបក្ស» ក៏មានការផ្ទុះកំហឹងជាបន្តបន្ទាប់ពីមេឃុំ-ចៅសង្កាត់ទូទាំងប្រទេស។ ដូចគ្នាដែរមេឃុំ​នៅទូទាំងស្រុកបាទី នៃខេត្តតាកែវ ក៏បានចេញញត្កិថ្កោលទោសព្រមៗគ្នា ដោយបាន​ថ្កោលទោស​យ៉ាងដាច់អហង្ការចំពោះគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើពួកគាត់។
ខ្លឹមសារនៅក្នុងញត្តិនោះបានបញ្ជាក់ថា៖ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គ្រប់មេឃុំទាំងអស់គឺចេញ​ពីបក្សនយោបាយដោយប្រព័ន្ធបោះឆ្នោតឯកត្តនាម គណបក្សចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត គឺបានរៀបចំជាកម្មវិធីនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍឃុំសង្កាត់​ មានន័យថាគណបក្ស​ប្រកួតប្រជែងគ្នា​ដើម្បីបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន…។ ក្រោយពេលប្រជាពលរដ្ឋបោះឆ្នោតរួចហើយ មេឃុំជាប់ឆ្នោតត្រូវអនុវត្តតួនាទី មុខងារ និងសិទ្ធិអំណាចនានា ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ​ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន។
នៅក្នុងញត្តិថ្កោលទោសនោះបានចាត់ទុក ការចោទប្រកាន់ថាមេឃុំបម្រើបក្សគឺមិនត្រឹមត្រូវ ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះវិរៈភាពរបស់មេឃុំ ដែលបាន​លះបង់កម្លាំងកាយ ចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក និងជាការប្រមាថមើលងាយឆន្ទៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានបោះឆ្នោតផ្តល់ការទុកចិត្តដល់មេឃុំកន្លងមក។
គួររំលឹកផងដែរថា សកម្មជនគណបក្សសង្គ្រោះជាតិបានចាកចេញពីបក្សដោយមូលហេតុអស់ជំនឿលើការដឹកនាំរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ដោយឡែកនៅក្នុងឃុំកុមារាជា ស្រុកបាទី  ខេត្តតាកែវនេះក៏សកម្មជន​គណបក្ស​សង្គ្រោះជាតិជាច្រើន​បានប្រារព្ធពិធីលាលែងពីបក្ស ត្រឡប់មករួមរស់ក្នុងជីវភាពបក្សប្រជាជនកម្ពុជាវិញចំនួន២លើករួចមកហើយ៕