Wednesday, June 28, 2017

កម្ពុជា-ចិន ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ​ ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការ​ពលកម្ម​ជំនាញ​

ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ចិន សិននីង អភិបាលរងខេត្តជាំងស៊ូ នៅទីក្រុងណានជីង នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានឯកភាពជាមួយរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញ ខណៈវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងមានការលូតលាស់ និងស្របទៅនឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

នាឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពយ៉ាងល្អរវាង កម្ពុជា-ចិន តាំងពីថ្នាក់ដឹកនាំសម័យមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងសម័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ផ្តើមចេញពីចំណុចនេះ ធ្វើឱ្យការវិនិយោគពាណិជ្ជកម្មទេសចរណ៍ចិននៅកម្ពុជា កើនឡើងជាលំដាប់។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ភាគីកម្ពុជាបានអរគុណចំពោះភាគីចិន ដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស៊ូ បានគាំទ្របង្កើតឱ្យមានការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះ ទៅជាតំបន់ឧស្សាហកម្ម មានរោងចក្រជាង១០០ និងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២ម៉ឺននាក់ មិនត្រឹមតែប៉ុណ្ណោះ នាពេលអនាគត ភាគីទាំងពីរមានសុឆន្ទៈប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាទីក្រុងទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។

លោករដ្ឋមន្រ្តីបានបន្តថា ភាគីចិនក៏បានបង្កើតឱ្យមានវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ សម្រាប់ជួយអភិវឌ្ឍធនធានមនុស្ស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែក៏សម្រាប់លើកស្ទួយធនធានមនុស្ស ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ហើយនាពេលថ្មីៗនេះ ក៏មានការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជើងហោះហើរនេះ បានបង្កលក្ខណៈងាយស្រួលមួយកម្រិតទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើង សម្រាប់ប្រទេសកម្ពុជា៕




(សូមទស្សនាវីដេអូ) ប្រសាសន៍សំខាន់ៗ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុង​ពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា​ (ប្រភពពីGN)

ក្រសួងរៀបចំដែនដី រៀបចំផែនការសាងសង់ផ្ទះជាង​៣០០ខ្នង​ ជូនគ្រួសារយោធិន​ និងនគរបាល​ តាមបណ្ដោយ​ព្រំដែន​ ក្នុងខេត្ត​មួយចំនួន​

បើតាមលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងបានរៀបចំផែនការសាងសង់ផ្ទះជាង៣០០ខ្នង សម្រាប់ឆ្នាំ២០១៧នេះ ជូនគ្រួសារយោធិន និងនគរបាល តាមបណ្ដោយព្រំដែនក្នុងខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវេទិកាលំនៅដ្ឋានថ្នាក់ជាតិ នៅសណ្ឋាគារអ៊ីនធឺរខន់ ធីណេនថល លោកអគ្គនាយក បេងហុង សុជាតិ​ ខេមរ៉ូ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី ដែលអនុវត្តដោយអគ្គនាយកលំនៅដ្ឋាន បានសាងសង់ផ្ទះជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារពួកគេបានចំនួន១,៦៨០ខ្នង និងបានសាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាលបានចំនួន ៤,០៧៧ខ្នង នៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកថ្លែងយ៉ាងដូច្នេះថា ក្រសួងបានរៀបចំផែនការសាងសង់ផ្ទះ ប្រចាំឆ្នាំ២០១៧ ជូនគ្រួសារយោធិន និងនគរបាល តាមបណ្ដោយព្រំដែនក្នុងខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួន៣៦៧ខ្នង។

លោក ខេមរ៉ូ បានបន្តថា ក្រសួងរៀបចំដែនដី បានដាក់ឲ្យដំណើរការគម្រោងសាងសង់លំនៅដ្ឋានសមរម្យចំនួន ២ក្រុមហ៊ុន រួមមាន៖ ទី១៖ គម្រោងលំនៅដ្ឋានសាធារណៈរបស់ក្រុមហ៊ុន World Bridge Land Co.,Ltd  ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងកសាងផ្ទះល្វែងចំនួន ២,២៩៧ល្វែង និងទី២៖ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន B & BM Deverlopment Co.,Ltd ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដែលកំពុងសាងសង់ផ្ទះចំនួន ៥,៣៤០ខ្នង។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី តាមរយៈអគ្គនាយកដ្ឋានលំនៅដ្ឋាន បានសហការជាមួយក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន ប្រតិបត្តិការលើគម្រោងអភិវឌ្ឍឡើងវិញ នូវអគារប៊ូឌីញ «ស» មានសភាពចាស់ទ្រុធទ្រោម ដែលចំណាយថវិកាវិនិយោគពី ៧០-៨០លានដុល្លារអាមេរិក។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឲ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ក្នុងឆ្នាំ២០១៦ កន្លងទៅ មានប្រមាណ ៥,៥៨០លានដុល្លារអាមេរិក។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានប្រមាណ ៤,៣៦២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ គឺមានកំណើនប្រមាណ ២០ភាគរយ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ២០ម៉ឺននាក់ ក្នុងមួយថ្ងៃ។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួនប្រមាណ ៤.៥លាននាក់ ស្មើនឹង ២៧.១ភាគរយ និងបន្តកើនឡើងដល់ ៧.៩២លាននាក់ ស្មើនឹង ៤៤ភាគរយ នៅឆ្នាំ២០៣០។ សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅដ្ឋានសម្រាប់តំបន់រាជធានី ទីក្រុង និងទីប្រជុំជន មានប្រមាណ ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ៕





អាមេរិក​ទម្លាយ​រឿង​សម្ងាត់៖ ​យោធាស៊ីរី​កំពុង​រៀបចំ​គម្រោង​វាយប្រហារ​ដោយ​ប្រើអាវុធគីមី​ទៀត​ហើយ!

(វ៉ាស៊ីនតោន)​៖ សេត​វិមាន​សហរដ្ឋអា​មេរិកបា​នឱ្យដឹងថា​ រដ្ឋាភិបាល​ស៊ីរី​ទំនងជា​កំពុងរៀប​ចំ​ធ្វើ​ការវាយ​ប្រហារដោយ​អាវុធ​គីមីសារ​ជាថ្មីម្តង​ទៀត ​និងបាន​ព្រមានប្រធានាធិបតី​ស៊ីរីលោក​ បាស្សា អា​ល់ អាស្សាដ​ ថា រូបលោករួមទាំងកងទ័ពរបស់លោក នឹងទទួលរងគ្រោះដោយលទ្ធផលធ្ងន់ធ្ងរជាក់ជាពុំខានឡើយបើសិនជាហ៊ានបើកការវាយប្រហារបែបដូច្នោះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ការរៀបចំនាពេលថ្មីៗនេះរបស់ស៊ីរី គឺដូចទៅនឹងសកម្មភាពទាំងប៉ុន្មានដែលត្រូវបានធ្វើឡើងនៅមុនការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ ដែលបានផ្តាច់យកអាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៧០នាក់ រួមមានទាំងកុមារតូចៗផងដែរ ហើយទង្វើរនេះហើយដែលបានជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យកងនាវាចម្បាំងអាមេរិកបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ស្រោចទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងប្រទេសស៊ីរី ទោះបីជារដ្ឋាភិបាលលោក អាស្សាដ បានបដិសេធថា មិនបានបើកការវាយប្រហារដោយអាវុធគីមីក៏ដោយ។

គួរបញ្ជាក់ផងដែរថា ការសម្រេចបាញ់មីស៊ីលជិត ៦០គ្រាប់ ទៅលើមូលដ្ឋានទ័ពស៊ីរីនោះ គឺជាសកម្មភាពព្រមានដោយផ្ទាល់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្រ្គាមស៊ីវិលរយៈ០៦ឆ្នាំ របស់ប្រទេសស៊ីរី ហើយវាក៏បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា របស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់ លោក អាស្សាដ ថែមទៀតផង៕


អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យ​ស្ថានភាពទឹក​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ​ ជាមួយនិង​បងប្អូន​សហគមន៍​ទាំង៨​

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកនៅតាមប្រឡាយស្ទឹងមានជ័យ ជាមួយនិងបងប្អូនសហគមន៍ទាំង៨។
លោក ស៊ុយ សេរិទ្ធ និងមន្ត្រីជំនាញ បានមានប្រសាសន៍ថា នឹងយកគ្រឿងចក្រ ចុះស្តានៅរសៀលថ្ងៃនេះតែម្តង ដើម្បីឲ្យចរន្តទឹកហូរបានលឿន នៅស្ថានីយបូមទឹកបឹងទំពន់ បូម២៤ម៉ោង លើ២៤ម៉ោង។

លោក ស៊ុយ សេរិទ្ធ បានបន្តថា ទោះបីជាការបោះឆ្នោតកន្លងទៅថ្មីៗនេះ លទ្ធផលសម្លេងឆ្នោតក្នុងមូលដ្ឋាននេះ បានថយចុះយ៉ាងណាក្តី ក្នុងនាមអាជ្ញាធរនៅតែបន្តខិតខំចុះជួប និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា៕




លោក សួស យ៉ារ៉ា៖ ពាក្យថា​ «សង្រ្គោះជាតិ»​ គឺជាពាក្យ​មួយដែល​មានដើមកំណើត​ ពីគណបក្ស​ប្រជាជនកម្ពុជា​

ក្នុងឱកាស អបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧) ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក សួស យ៉ារ៉ា សមាជិកនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានលើកឡើងថា ពាក្យថា «សង្រ្គោះជាតិ» គឺជាពាក្យមួយដែលមានដើមកំណើត ពីគណបក្សប្រជាជនកម្ពុជាត្រូវប្រើ បើផ្អែកតាមប្រវត្តិសាស្ត្រ មិនមែនគណបក្សផ្សេង យកទៅប្រើបោកបញ្ឆោត ប្រជាពលរដ្ឋនោះទេ។

លោក សួស យ៉ារ៉ា បានថ្លែងបន្តថា ទោះបីលោកជាយុវជនជំនាន់ក្រោយក៏ពិតមែន តែប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ត្រូវតែដឹង និងទទួលស្គាល់ទាំងអស់គ្នា។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកទៅទស្សនានៅខេត្តត្បូងឃ្មុំ ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់នានា ក្រោមវត្តមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស ជាកន្លែងដែលលោកនាយករដ្ឋមន្រ្តី ធ្វើការតស៊ូសង្រ្គោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក សួស យ៉ារ៉ា បន្តថាផ្តើមចេញពីតំបន់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្គ្រោះខ្មែរគ្រប់ភាគី ក្លាយជាខ្មែរតែមួយ ជ្រកក្រោមដំបូលរាជរដ្ឋាភិបាល ដោយគ្មានការបែងចែកដូចមុននោះទេ ហើយនាំគ្នាកសាងប្រទេសជាតិ ឲ្យមានសន្តិភាព មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ លោកបន្ថែមថា ដូច្នេះពាក្យសង្រ្គោះជាតិ យើងត្រូវផ្តល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាស្ថាបនិកតែមួយគត់។ ហើយពាក្សសង្រ្គោះជាតិ ជាកម្មសិទ្ធិដើមរបស់គណបក្សប្រជាជនកម្ពុជា ដោយឡែក គណបក្សផ្សេងដែលយកពាក្យសង្រ្គោះជាតិមកប្រើ គឺជាការបោកប្រាស់សុទ្ធសាធ បើផ្អែកតាមប្រវត្តិរបស់គណបក្សនោះ តើគេបានសង្គ្រោះអ្វីខ្លះ?

លោក សួស យ៉ារ៉ា បានឲ្យដឹងទៀតថា លោកនឹងធ្វើជាអ្នកឧទ្ទេសនាម ក្នុងពេលសមរម្យណាមួយ ជាមួយប្រធានគណបក្សខេត្ត សមាជិកបក្ស សមាជិកា និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ទៅទស្សនាកន្លែងតស៊ូពិតប្រាកដ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តត្បូងឃ្មុំ។

លើសពីនោះ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅឆ្នាំ២០១៨ ដើម្បីគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត៕




ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។
- សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងជម្នះឧបសគ្គបែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ទាំងការហ៊ុមព័ទសេដ្ឋកិច្ចពីខាងក្រៅ។ សម្តេចបន្តថា ទោះមានឧបសគ្គធំៗយ៉ាងណា ក៏គណបក្សប្រជាជនប្រឹងប្រែងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ។
- សម្តេចតេជោ បានបន្ថែមថា បើគ្មានគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលប្រឹងប្រែងបង្រួមបង្រួមជាតិទេនោះ គ្មានថ្ងៃចរចារសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ ហើយក៏គ្មានរដ្ឋធម្មនុញ្ញនោះដែរ ដែលនេះជាសច្ចភាពប្រវត្តិសាស្ត្រ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញកិច្ចចរចាសន្តិភាពនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈសម្តេចផ្ទាល់បានដាក់ចេញនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងក្លាយពីប្រទេសមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយនឹងវិវឌ្ឍន៍ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
- សម្តេចប្រមុខបក្សកាន់អំណាច បានប្រកាសប្តេជ្ញារក្សាសុខសន្តិភាព ដោយមិនឲ្យកម្លាំងនយោបាយអមិត្តទាំងឡាយណា មកបំផ្លាញនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតដោយសេចក្តីថ្លៃថ្នូរ។ សម្តេចបន្តថា ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ វាយតម្លៃថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តធម៌។ សម្តេចតេជោថ្លែងថា ការបោះឆ្នោតនេះ គឺជាជោគជ័យជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៃដំណើរការតាមរបបកម្ពុជាប្រជាធិបតេយ្យ សេរី ពហុបក្ស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សកាន់អំណាចមួយនេះ នឹងនៅតែបន្តឈ្នះឆ្នោតដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ ហើយក៏បានធ្វើឲ្យបរាជ័យនូវបំណងអាក្រក់របស់អ្នកចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។
- សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបន្តរក្សាជំហរនិងការប្តេជ្ញាដ៏រឹងមាំក្នុងការថែរក្សាសុខសន្តិភាព ដែលជាឃឿនសម្រាប់សេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវការលាបពណ៌ ជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដែលជានាំឲ្យប្រទេសជាតិឈានទៅរកជម្លោះ និងការបែកបាក់។
- សម្តេចតេជោ ហ៊ុន សែន ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តសហការជាមួយគណបក្សនយោបាយ និងអង្គការដៃគូជាតិ អន្តរជាតិ ដែលមានសុច្ចរិតភាព ដើម្បីរក្សានូវបរិយាកាសនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ និងបង្កើនការជឿទុកចិត្តដល់អ្នកវិនិយោគ។
- សម្តេចតេជោ ក៏សង្ឃឹមថា អង្គការអន្តរជាតិដទៃនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរក្សាបាននូវមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ត្រូវរួបរួមសាមគ្គី និងការពារនូវសមិទ្ធិផលនាពេលបច្ចុប្បន្នដែលកើតចេញ ពីសុខសន្តិភាព។ សម្តេចបានរំលឹកសមាជិក សមាជិកាថា ការបែកបាក់ជាតិ និងសង្រ្គាមរ៉ាំរ៉ៃ ពីអតីតកាល គឺបណ្តាលមកពីកំហុសធ្ងន់ធ្ងរធំបំផុតផ្នែកនយោបាយ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍ជាតិ ហើយត្រូវចងចាំមិនគន្លងប្រវត្តិសាស្រ្តដ៏ឈឺចាប់នេះវិលមកវិញនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សមាជិក សមាជិកាទាំងអស់ត្រូវផ្តល់ជូនប្រជាជនវិញ នូវការទទួលខុសត្រូវ និងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយមន្រ្តីគណបក្សគ្រប់រូប ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានឆ្ពោះទៅមុខ មិនអាចនៅរង់ចាំស៊ីកេរ្តិ៍ដ៏មោទនភាពពីអតីតកាលនោះទេ។
- សម្តេចតេជោ បានរំលេចថា សុខសន្តិភាព និងវឌ្ឍនភាពនាពេលបច្ចុប្បន្ន គឺបានកើតចេញពីកិច្ខខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន និងពុះពារគ្រប់ឧបស័គ្គទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនជំនាន់ ដែលស្គាល់តែភ្លើងសង្រ្គាម និងស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាម។
- សម្តេចតេជោថា ប្រវត្តិសាស្រ្ត គឺអ្នកឈ្នះជាអ្នកសរសេរ ដូច្នេះមិនអនុញ្ញាតឲ្យអ្នកដទៃឈ្នះមកសរសេរប្រវត្តិសាស្រ្តនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យសង្គមរាស្រ្តនិយមសម្តេច នរោត្តម សីហនុ ជាអ្នកសរសេរប្រវត្តិសាស្ត្រ តែក្រោយរបបសាធារណរដ្ឋរបស់លោក លន់ នល់ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ហើយចោទសម្តេចព្រះបិតាឯករាជ្យជាតិ ជាជនក្បត់ជាតិ។
- សម្តេចតេជោថា តាមតឹកតាងប្រវត្តិសាស្រ្តនេះ គឺបានបង្ហាញថា អ្នកឈ្នះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ដូច្នេះមិនឲ្យអ្នកដទៃឈ្នះឆ្នោតដើម្បី សរសេរប្រវត្តិសាស្រ្តនោះឡើយ។ សម្តេចថា បើអ្នកដទៃមានឱកាសសរសេរប្រវត្តិសាស្រ្ត គេឡើងតម្កើង សម សារី និងសឹង ងុកថាញ់ ដែលជាជនដែលសម្តេច នរោត្តម សីហនុ ថា ជាជនក្បត់ជាតិនោះ នឹងក្លាយជាវីរបុរសជាតិ និងស្នេហាជាតិ ហើយសម្តេចនរោត្តម សីហនុ នឹងក្លាយជាជនក្បត់ជាតិជាថ្មីមិនខាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យក្រសួងមហាផ្ទៃចាត់វិធានការទៅលើអង្គការសង្គមស៊ីវិល នៃបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត ដែលបានធ្វើការវាយប្រហារទៅលើស្ថានការណ៍បោះឆ្នោត និងគណៈកម្មាធិការជាតិបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យថា តើអ្នកមានទោសទណ្ឌអាចផ្សារភ្ជាប់ខ្លួនជាមួយគណបក្សនយោបាយបានដែរឬទេ? សម្តេចស្នើឲ្យសមាជិកសភាធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយពិនិត្យទៅលើបញ្ហានេះផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត គឺដើរស្របគ្នាជាមួយគណបក្សប្រឆាំង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ខ្លាំងៗដល់គណបក្សសង្រ្គោះជាតិ ដែលម្ខាងប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងម្ខាងបែរជាខោកក្បាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងនឹងស្មានមិនដល់ថា គណបក្សសង្រ្គោះជាតិ ដែលមិនទាន់ទាំងបានឈ្នះឆ្នោតផង បែរជាមើលងាយដល់គណបក្ស នយោបាយតូចៗ។ សម្តេចអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មិនត្រូវមើលងាយទៅដល់គណបក្សតូចៗនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនទាន់បានបំពេញគ្រប់គ្រាន់តាមបំណងប្រាថ្នារបស់ប្រជាជន ហើយមន្រ្តីក៏មិនទាន់ល្អទាំងអស់នោះដែរ ព្រោះហេតុនេះហើយទប់បក្សដាក់ចេញនូវគោលនយោបាយ និងការធ្វើកំណែទម្រង់ជាច្រើន។ សម្តេចតេជោ បានរិះគន់គណបក្សប្រឆាំងថា មិនមើលឃើញពីការប្រឹងប្រែង និងខិតខំរបស់គណបក្សប្រជាជនកម្ពុជានោះទេ តែប្រឹងតែប្រមូលផ្តុំនូវកំហុសឆ្គងរបស់បក្ស។ សម្តេចតេជោ អំពាវនាវដល់សមាជិកទាំងអស់ មិនត្រូវឲ្យគេមកបំផ្លាញសន្តិភាពកម្ពុជាបាននោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃដដែលនេះ





សុន្ទករថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃគម្រប់ខួព៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃនេះក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារចំនួន៦ទំព័រដូចខាងក្រោម៖







សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃថ្ងៃកំណើតគណៈបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន គណបក្សប្រជាជនកម្ពុជា រួមជាមួយនិងសមាជិក សមាជិកាប្រមាណ៥ម៉ឺននាក់ បានអញ្ជើញចូលរួមអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតគណៈបក្សប្រជាជនកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនា ឆ្នាំ២០១៧) ដែលពិធីនេះ បានធ្វើឡើងយ៉ាងមហោឡារឹក នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុសនិងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បន្តថាក្នុងរយៈពេល ៣៨ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនដែលបានបំរើជាប្រយោជន៍ជាតិមានតុភូមិ និងធ្វើអោយប្រជាតិជាតិមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោបានមានសប្រសាសន៍សង្កត់ធ្ងន់ផងដែរ អំពីការ ថែរក្សាការពារសន្តិភាពដែលជាសេចក្តីត្រូវការចំបាចច់បំផុតរបស់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ។ តាមរយៈជ័យជំនះដ៏ធំធេងនេះ គឺបានធានានូវមូលដ្ឋានយ៉ាងរឹងមំាសម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលជ័យជម្នះ ដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខទៀត៕