Monday, January 15, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា

 


(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។


ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា ។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។ 


ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេស ជំនាន់ក្រោយឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី ហើយអាចងាយស្រួលយល់សម្រាប់មជ្ឈដ្ឋានទូទៅ ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា


(ទីក្រុងប៉ារីស)៖  ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ។


មានប្រសាសន៍នាឱកាសនោះ សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា ។ លើសពីនេះ កម្ពុជា-បារាំង បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម ។ ជាងនេះទៅទៀត ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។ល។


សម្តេចធិបតី បានបន្ថែមទៀតថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្ម ជាដើម ។ 


សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ ដែលកត្តាទាំងនោះ មានជាអាទិ៍៖ ទី១. រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។ ទី២. កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព ។ ទី៣. កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិន អាចចូលទៅកាន់ទីផ្សារចម្រុះ ជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ច ឱ្យឈានដល់កម្រិតខ្ពស់ ។ ជាក់ស្តែង, វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០ លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៦០ លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ ទ្រីលានដុល្លារអាម៉េរិក ។ បន្ថែមលើនេះ, កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ ៕










ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា


(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។


ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។ លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។ លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Philippe DELLEUR និងបានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សានៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ។




អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦


(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។


ក្នុងឱកាសនៃជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា  និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកជំទាវអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦  និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។ លោកជំទាវក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំងផងដែរ។ 


ជាការឆ្លើយតប សម្តេចធិបតីបានអរគុណចំពោះលោកជំទាវអគ្គលេខាធិការ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ សម្ដេចធិបតី បានថ្លែងទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០%  ដែលនេះបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។






ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក


(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។


ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក  ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត  តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ បណ្តា ប្រទេស នានា ។  


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់  និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។





គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលទស្សនកិច្ចរបស់ប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ លោក លី ស៊ូឡី មកចូលរួមពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅកម្ពុជា




(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ ប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ លោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីអនុវត្តនូវស្មារតីដែលថ្នាក់ដឹកនាំនៃគណបក្ស និងរដ្ឋទាំងពីរ បានឯកភាពគ្នា ដោយគណៈប្រតិភូបាន ១. ចូលរួមពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីលានជល់ដំរី ២. រៀបចំសិក្ខាសាលាទ្រឹស្ដីលើកទី២ រវាងគណបក្សទាំងពីរ ក្រោម ប្រធានបទ «បទពិសោធន៍និងរបៀបធ្វើដើម្បីពង្រឹងការការពារអេកូបរិស្ថានក្នុងការកសាងទំនើបកម្ម» និង៣. ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងការបកប្រែនិងបោះផ្សាយស្នាដៃសៀវភៅខ្មែរ- ចិន ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសនៃទស្សនកិច្ចនេះ គណៈប្រតិភូក៏បានជួបសម្តែងការគួរ សមជាមួយ ១. សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ២. ពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ានី សមាជិកគណៈ អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង៣. ពិភាក្សាការងារជាមួយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា៖








គណបក្សកាន់អំណាចនៅកម្ពុជា ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។

តាមរយៈសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនគោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន។




រាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ 

មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ ។ 

សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ឱ្យបានពេញលេញនូវសេវានេះ និងផ្តល់នូវមតិ  ព្រមទាំងធាតុចូលល្អៗ ដើម្បីឱ្យក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច យកមកកែលម្អ សំដៅពង្រឹងឱ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន។ 

សម្រាប់ ព័ត៌មាន បន្ថែមពាក់ព័ន្ធទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សូមចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ។







ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព


ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងការបោះឆ្នោតអាណត្តិទី៧នៃរដ្ឋសភានេះ ដែលជាមូលហេតុមួយអាចឱ្យថ្នាក់ដឹកនាំផ្ទេរអំណាចទៅអ្នកបន្តវេនថ្មី ហើយការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តន៍គោលនយោបាយ មិនស្រួលទេ ព្រោះក្នុងរយៈពេល៤០ឆ្នាំ យើង បានកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់ប៉ុណ្ណេះ ថ្នាក់ដឹកនាំយើង បានសម្រេចចិត្តដើម្បីធ្វើយ៉ាងណា កុំឱ្យសមិទ្ធផលដែលគាត់ខំប្រឹងកសាងមក ត្រូវបំផ្លាញចោល។ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាដើម្បីធានាថា ក្រោយពីការផ្ទេរតំណែងទៅ គឺនៅតែអាចថែរក្សាការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនបាន។


លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តផ្ទេរតំណែងនេះទៀតសោត ក៏វាអាស្រ័យទៅលើការគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុបដែលជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាផងដែរ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្ដេជ្ញាជួយប្រជាពលរដ្ឋក្រីក្រ ឲ្យមានជីវភាពមធ្យម ហើយជួយអ្នកមធ្យម ឲ្យក្លាយទៅជាអ្នកមាន

 


ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវគោលដៅក្នុងការប្រែក្លាយឋានៈប្រជាពលរដ្ឋក្រីក្រ ឱ្យក្លាយទៅជាឋានៈមធ្យម ហើយពលរដ្ឋដែលមានឋានៈមធ្យម ឲ្យក្លាយទៅជាអ្នកមានបន្ថែមទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពមធ្យមមានការកើនឡើងច្រើន ជាក់ស្តែងនៅភ្នំពេញ ប្រជាពលរដ្ឋមានឡាន មានម៉ូតូ ដែលភាគច្រើនពួកគាត់ពុំមែនជាអ្នកមានខ្លាំងនោះទេ ប៉ុន្តែគាត់ក៏មិនមែនក្រនោះដែរ ព្រោះគាត់អាចមានលទ្ធភាពទិញផ្ទះ ទិញឡាន ម៉ូតូប្រើប្រាស់បាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមសនជីវភាពមធ្យម ជាពិសេសមន្រ្តីរាជការ ភាគច្រើនអាចមានលទ្ធភាពទិញផ្ទះល្វែងរស់នៅបាន ដែលនេះហើយជាកំណើននៃជីវភាពមធ្យមដែលយើងចង់បាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលដៅ ធ្វើយ៉ាងណាឲ្យអ្នកដែលមានជីវភាពមធ្យម ក្លាយទៅជាអ្នកដែលមានជីវភាពធូធារ ហើយអ្នកដែលមានជីវភាពក្រ មកជាអ្នកដែលមានជីវភាពមធ្យម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនមានលុយច្រើនទេ ប៉ុន្តែរដ្ឋក៏មិនអត់ទឹកចិត្តដែរ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំឡុងពេលជំងឺរាតត្បាត សេដ្ឋកិច្ចត្រូវបានផ្អាក ហើយមនុស្សជាច្រើនបានបាត់បង់ការងារ បន្ទាប់ពីនោះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើអោយវិបត្តិថាមពលនៅអឺរ៉ុបធ្លាក់ចុះ។ ពិតណាស់ សេដ្ឋកិច្ចយើងកើនឡើងមួយចំនួន ប៉ុន្តែវាប៉ះពាល់មួយចំនួន និងវិបត្តិថាមពលផ្សេងៗ។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រជាកសិករសប្បាយចិត្តរឿងស្រូវឡើងថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃវិញ ដូច្នេះរាជរដ្ឋាភិបាលត្រូវមានវិធានការដោះស្រាយក្នុងកម្រិតណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្ពាធអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏មានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមសម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាដែលអនុវត្តចាប់ពីចុងឆ្នាំ ២០២២ មកដល់ពេលនេះអ្នកដែលទទួលផលប្រយោជន៍ពីការជួយនេះ មានចំនួនជាង ៤៩ ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១,៨សែននាក់ដែលរាជរដ្ឋាភិបាលជួយបន្ថែមតទៅទៀត។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនមានលុយច្រើនទេ ហើយរដ្ឋក៏មិនអត់ទឹកចិត្តដែរ តិចក្តីច្រើនក្តីរាជរដ្ឋាភិបាលត្រូវជួយប្រជាពលរដ្ឋ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជាជនគឺផ្តោតជាធំទៅលើការជួយប្រជាពលរដ្ឋ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជាជនគឺមានការងារពីរដែលធំផ្តោតទៅលើការជួយប្រជាពលរដ្ឋគឺ៖

ទី១- ជួយផ្តល់ត្រី 

ទី២- ជួយផ្តល់សន្ទូចអោយស្ទូចត្រី


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការជួយផ្តល់ត្រីគឺការជួយប្រជាពលរដ្ឋជាក់ស្តែងតែម្តងនៅក្នុងកាលៈទេសៈលំបាក ការជួយផ្តល់សន្ទូចអោយស្ទូចត្រីគឺការជួយកសាងសមត្ថភាពដើម្បីអោយគាត់មានឱកាសរស់ខ្លួនឯង។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤៕

លោកយាយ សយ នៅឯខេត្តកំពង់ឆ្នាំងដែលបានអំពាវនាវសុំសង័្កសី ពេលនេះបានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ហើយ


តាមរយៈការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង 

និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ នេះលោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកអភិបាលស្រុក លោកមេឃុំ ព្រមទាំងស្នងការរងមួយចំនួន បានដឹកនាំក្រុមការងារចុះទៅជួបលោក សយ ដែលកំពុងរស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបាននាំយកទៅជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្កមឧបនាយករដ្ឋមន្ត្រី។


អំណោយដ៏សប្បុរសនោះរួមមាន អង្ករ ទឹកស៊ីអ៊ីវ មី ត្រីខ ស័ង្កសី ដែកគោល ត្រីងៀត ទឹកបរិសុទ្ធ ទឹកផ្លែឈើ ប្រហុក មុង កន្ទេល ខ្នើយ និងថវិកាចំនួន ២លានរៀល។ ក្រៅពីអំណោយទាំងនេះ ក្រុមការងារដែលបានចុះទៅជួបលោកយាយ បានរួមគ្នាជួសជុល និងប្រក់ដំបូលស័ង្កសីជូនលោកយាយទៀតផង។


អំណោយទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមការងាររាជដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានដោះស្រាយបញ្ហាភ្លាមៗនៅពេលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋនៅមូលដ្ឋាន។


ទន្ទឹមនេះ ក្រៅពីអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏មានផងដែរអំណោយដ៏សប្បុរសពីសំណាក់សប្បុរសជននានា ជាសម្ភារៈ និងថវិកា បន្ទាប់ពីពួកគាត់បានឃើញពីទុក្ខលំបាករបស់លោកយាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។


គួរបញ្ជាក់ថា លោកយាយ សយ ដែលរស់នៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានអំពាវនាវសុំសប្បុរសជនឧបត្ថម្ភអៀនប៉ាន់ (ស័ង្កសី) ព្រោះខ្ទមរបស់លោកយាយធ្លុះធ្លាយដំបូលអស់ហើយ។ ពេលមានភ្លៀងម្ដងៗ លោកយាយនិងចៅពិការជើងដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ ត្រូវអង្គុយត្របោមក្បាលជង្គង់នៅក្រោមផ្ទះ៕