Friday, October 25, 2019

វីដេអូ៖ ទីបំផុតលោកស្រី មូរ សុខហួរ រត់ទៅដល់សហរដ្ឋអាមេរិកវិញហើយ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

អគ្គរាជទូតថ្មីកម្ពុជា៩រូប ដែលទើបតែងតាំង ត្រៀមចេញទៅបំពេញបេសកកម្ម នៅតាមគោលដៅរៀងៗខ្លួន

អគ្គរាជទូតថ្មីរបស់កម្ពុជាចំនួន ៩រូប ដែលទើបនឹងត្រូវបានតែងតាំងថ្មី កំពុងត្រៀមខ្លួនទៅបំពេញបេសកកម្មតាមបណ្តាប្រទេស តាមគោលដៅរៀងៗខ្លួន។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ អគ្គរាជទូតថ្មីកម្ពុជាទាំងនោះ បានចូលជួបសុំការណែនាំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អគ្គរាជទូតកម្ពុជាទាំង៩រូបនោះ រួមមាន៖
១៖ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
២៖ លោក អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី
៣៖ លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី
៤៖ លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស
៥៖ លោក ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
៦៖ លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី
៧៖ លោកស្រី បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគូបា
៨៖ លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត
៩៖ លោក ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម។
ក្នុងជំនួបជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោកបានណែនាំ ឯកអគ្គរាជទូតថ្មីថ្មោងទាំងនោះថា នៅពេលបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និង លើកតម្លៃជាតិជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់កម្ពុជា ។
លោកប្រធានរដ្ឋសភា បានលើកឡើងបន្តថា បេសកកម្មកាទូត ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើរដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្បបានច្បាស់លាស់ជាក់ស្តែង អំពី ប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។ សូមបង្កលក្ខណៈងាយស្រួល លើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ។
លោកប្រធានរដ្ឋសភា បានជំរុញឱ្យតំណាងកម្ពុជាតាមប្រទេសនានា ដែលទើបតែងតាំងនោះ បន្តជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេស មកប្រទេសយើងឱ្យកាន់តែច្រើន ថែមទៀត ដោយផ្អែកលើសក្តានុពល ដែលប្រទេសមានស្រាប់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេស នោះផងដែរ។ លោកប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត។
តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលា និងទទួលអនុសាសន៍ពីលោកប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោកបានចំណាយពេលវេលាអនុញ្ញាតបានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅអនុវត្តការងារទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពិដានប្រាក់បៀវត្សដែលត្រូវជាប់ពន្ធសម្រាប់ឆ្នាំ២០២០គឺចាប់ពី១លាន២សែនរៀល ដល់១លាន៣សែនរៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុកពិដាននៃពន្ធបៀវត្សអប្បបរមាជាប់ពន្ធនឹងត្រូវដំឡើង ពី១លាន២សែនរៀល ដល់១លាន៣សែនរៀលសម្រាប់ឆ្នាំ២០២០ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការអនុវត្តជាក់ស្តែង កម្រិតអប្បបរមានៃប្រាក់បៀវត្សដែលត្រូវជាប់ពន្ធត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំសរុបចំនួនបីលើករួចមកហើយដូចជា៖ លើកទី១- ពី៥០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល នៅឆ្នាំ២០១៥ លើកទី២- ពី៨០ម៉ឺនរៀល ដល់១លានរៀល នៅឆ្នាំ២០១៧ លើកទី៣- ពី១លានរៀល ដល់១លាន២សែនរៀល នៅឆ្នាំ២០១៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចាប់តាំងពីនីតិកាលទី៥នៃរដ្ឋសភាមក ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្តោតការយកចិត្តទុកដាក់ជាប្រចាំក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា។
ស្របជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលតែងគិតគូរធានាឱ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានដំឡើងនោះ ត្រូវតែរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្សក្នុងស្មារតីជួយសម្រួលបន្ទុកសម្រាប់មន្រ្តីរាជការក៏ដូចជាកម្មករ និយោជិតមួយកម្រិតថែមទៀត៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា មានពីរចំណុចដែលគណបក្សប្រជាជនកម្ពុជាមិនធ្វើការកែប្រែលើបញ្ហាពន្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មុននឹងគណៈរដ្ឋមន្រ្តីរបស់យើងធ្វើការពិភាក្សាលើរបៀបវារៈស្តីពីសេចក្តីព្រៀងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លោកសុំយកឱកាសនេះជម្រាបជូនអង្គគណៈរដ្ឋមន្រ្តី និងធ្វើសេចក្តីប្រកាសជូនជនរួមជាតិជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏សូមបញ្ជាក់យ៉ាងមុតមាំថា មានពីរចំណុចដែលគណបក្សប្រជាជន មិនធ្វើការកែប្រែគឺ៖ ទី១- គឺពន្ធទៅលើបញ្ហាដីធ្លី៖ ដរាបណាដែលគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងរដ្ឋាភិបាល គណបក្សនៅតែបន្តមិនយកពន្ធទៅលើដីស្រែ ដីចម្ការ កសិកម្មរបស់ប្រជាពលរដ្ឋ និងទី២- ពន្ធលើប្រាក់បៀវត្សអប្បបរមា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គដើម្បីឆ្លងរបៀបវារៈដូចជា៖
ទី១- សេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
ទី២- សេចក្តីព្រៀងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
ទី៣- បញ្ហាផ្សេងៗ៖ សេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តី ស្តីពីការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣៕





ទីបំផុតលោកស្រី មូរ សុខហួរ រត់ទៅដល់សហរដ្ឋអាមេរិកវិញហើយ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

នៅទីបំផុតលោកស្រី មូរ ​សុខហួរ មនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី និងជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ បានរត់ទៅដល់សហរដ្ឋអាមេរិកវិញហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជា បានបរាជ័យនៅលើទឹកដីប្រទេសថៃ តាមរយៈអាជ្ញាធរថៃបិទមិនឲ្យចូលទឹកដីរបស់ខ្លួន។
លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកវិញហើយ, នេះបើតាមការអះអាងរបស់លោកស្រីប្រាប់វិទ្យុបារាំងអន្តរជាតិ RFI យ៉ាងដូច្នេះ។
កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មូរ សុខហួរ បានសារភាពថា លោកស្រីពិតជាត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ ប្រទេសថៃពិតប្រាកដមែន។ លោកស្រី មូរ សុខហួរ បានអះអាងឲ្យដឹងយ៉ាងដូច្នេះថា «ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុង បន្ទប់ពិសេសមួយ, ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ ហើយបន្ទាប់មកទៀតបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួរវិញ»។
នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី មេរដ្ឋប្រហារខុសច្បាប់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនសាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។
ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជនដែលត្រូវបានតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ទណ្ឌិត សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។
ជនត្រូវចោទទាំង៩រូប ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕



តំណាងរាស្រ្តវ័យក្មេង៖ បុគ្គលណាក៏ដោយឱ្យតែរស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់កម្ពុជា មិនថាខ្មែរ ឬជនបរទេសឡើយ

លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានលើកឡើងថា បុគ្គលណាក៏ដោយឱ្យតែរស់ ឬស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់កម្ពុជាជាធរមាន មិនថាជនជាតិខ្មែរ ឬបរទេសណាមួយនោះទេ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារដ្ឋអធិបតេយ្យ គ្មានហេតុផលណាមួយដែលកម្ពុជាត្រូវអនុញ្ញាតឲ្យប្រទេស ឬជនបរទេសណាមួយរំលោភមកលេីគោលការណ៍អធិបតេយ្យភាពនេះបានឡេីយ។ ការអន្តរាគមន៍ជាអន្តរជាតិណាមួយ អាចធ្វេីទៅបាន វៀរលែងតែមានការអនុញ្ញាត ឬការឯកភាពជាផ្លូវការពីរដ្ឋអធិបតេយ្យនោះ»។
តំណាងរាស្រ្តវ័យក្មេងរូបនេះ បានបញ្ជាក់បន្តថា៖ «ក្នុងន័យនេះ អំពេីទាំងឡាយដែលគ្មានការស្នេីសុំ ឬការឯកភាពពីរដ្ឋាភិបាលស្របច្បាប់នៃរដ្ឋនោះ នឹងត្រូវបានចាត់ទុកជាការរំលោភបំពានដែលទាមទារឲ្យមានការអនុវត្តច្បាប់ដើម្បីការពារអធិបតេយ្យនោះជាដាច់ខាត។
ជាមួយគ្នានេះផងដែរ មកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុគ្គលណាក៏ដោយត្រូវគោរពច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ មិនចំពោះថា បុគ្គលនោះជាខ្មែរ ឬជនបរទេសនោះទេ»៕

រាជរដ្ឋាភិបាល នឹងបន្តអនុគ្រោះ៥ឆ្នាំទៀត ដោយមិនយកភាគលាភចេញពីផលចំណេញអគ្គិសនីចូលថវិការដ្ឋទេគឺទុកវិនិយោគបន្ថែមដើម្បីបម្រើផលប្រយោជន៍ប្រជាជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តមិនយកភាគលាភចេញពីផលចំណេញលើវិស័យអគ្គិសនីចាប់ពីឆ្នាំ២០២០-២០២៥ ដើម្បីយកថវិកានោះទៅវិនិយោគបន្ថែមទៀតលើការពង្រីកបណ្តាញអគ្គិសនីឱ្យបានគ្រប់ភូមិទូទាំងប្រទេស។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានចំនួន៩២%នៃភូមិហើយដែលមានបណ្តាញអគ្គីសនីទៅដល់ដោយសារការវិនិយោគបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈការមិនយកភាគលាភពីផលចំណេញនោះ។ ដូចនេះរាជរដ្ឋាភិបាលនឹងអនុគ្រោះចំនួន៥ឆ្នាំបន្តទៀតដល់អគ្គិសនីកម្ពុជាដោយមិនបានយកភាគ​លាភបង់ចូលថវិកាជាតិទេដើម្បីយកថវិកានោះទៅវិនិយោគបន្ថែមក្នុងការពង្រីកបណ្តាញអគ្គិសនីឱ្យបាន១០០%នៃចំនួនភូមិទាំងអស់ទូទាំងប្រទេស៕


ការផ្សាយផ្ទាល់ពិសេស ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩