Monday, December 06, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ


(ភ្នំពេញ)៖ ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។



ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលផ្លូវជាតិលេខ១១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ មិនត្រឹមតភ្ជាប់អ្នកលឿង ក្រុងព្រៃវែង ទៅថ្នល់ទទឹងប៉ុណ្ណោះទេ តែក៏បានជួយទប់ទល់នឹងទឹកជំនន់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ ត្រូវបានចុះហត្ថលេខាខ្ចីថវិកាចិន ប្រមាណ១០៦លានដុល្លារ ពេលសម្តេចទស្សនកិច្ចនៅចិន ក្នុងចន្លោះថ្ងៃទី១៤ ដល់ ១៧ ខែឧសភា ឆ្នាំ២០១៧។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ សាងសង់រួចរាល់មុនពេលកំណត់ ១៤ខែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ បានបម្រើដល់ការដឹកជញ្ជូនក្នុងខេត្ត និងតភ្ជាប់ជាមួយខេត្តដទៃ រួមទាំងការតភ្ជាប់ផ្លូវហាយវ៉េរបស់អាស៊ានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើតាមលោកឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិន ជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចារឱ្យសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ១១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសោកស្តាយដែលកូវីដ១៩ មកបំផ្លាញថវិកាជាតិកម្ពុជា។ កុំអីសម្តេចប្រកាសសាងសង់ភ្លាមចំពោះគម្រោងសាងសង់ផ្លូវតភ្ជាប់ស្រុកល្វាឯម មកផ្លូវជាតិលេខ១១នេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាជួបស្ថានភាពលំបាកដោយសារកូវីដ១៩យ៉ាងណាក្តី តែកម្មវិធីជំនួយសង្គមមិនអាចលុបបំបាត់ ហើយអាចនឹងមានការសិក្សាបន្ថែម ដោយសម្តៅគ្របដណ្តប់លើមនុស្សចាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយការអត់បាយនោះឡើយ។ ការប្រកាសប្តេជ្ញានេះ ត្រូវបានដាក់ចេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ថ្ងៃដែលសម្តេចទទួលបានការគាំទ្រជាប្រធានក្រុមប្រឹក្សារដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចជាបេក្ខភាពមួយរូប ដែលទទួលបានការគាំទ្រ ១០០ភាគរយ ពីសភាឱ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋ ខុសពីបេក្ខភាពមុនៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ ដែលជាគោលនយោបាយមួយរបស់សម្តេច ចាប់តាំងពីពេលត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋនៅឆ្នាំ១៩៨៥មកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ជីវិតដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៥ ខែធ្នូ ម្សិលមិញនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែ១៦នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារព្យាបាលអ្នកជំងឺកូវីដ១៩ របស់វិស័យឯកជនមួយចំនួនត្រូវប្រគល់ត្រឡប់ទៅឱ្យម្ចាស់របស់គេវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទំហំធំ និងមានផ្នែកសង្គ្រោះបន្ទាន់ច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានមរតកតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានអ្នកចូលរួមជាង ១ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវគ្រប់គ្រងថវិកាដោយប្រយ័ត្នប្រយែងបំផុត ដើម្បីបង្កាហានិភ័យណាមួយបង្កឡើងដោយជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលបានសហការគ្នាធ្វើឱ្យសម្រេចការសាងសង់ផ្លូវលេខ១១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាបផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា គម្រោងទាំងនេះ ដើម្បីតភ្ជាប់បណ្តាញផ្លូវនៅកម្ពុជា ដើម្បីពលរដ្ឋធ្វើដំណើរទៅមុខ ដោយមិនបាច់ត្រឡប់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាបុគ្គលមួយរូប ដែលបានល្បីខ្លាំងដោយសារតែ ប៉ុលពត និងត្រីភាគី ហើយត្រូវផ្សាយបន្តដោយសារព័ត៌មានថៃ មានបាងកកប៉ុស្តិ៍ និងឌឹណេសិន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនខ្វល់នឹងរឿងក្រុមប្រឆាំងជេរនោះទេ ហើយសម្តេចក៏ឱ្យពួកគេត្រៀមជេរ លោក ហ៊ុន ម៉ាណែត ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្លឿនការនាំចូលផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងឃើញវត្តមានម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកចិញ្ចឹមត្រីប្រា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្រោយពេលមានរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាអស់កង្វល់រឿងរកវ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងដាក់បទបញ្ជាឱ្យប្រញាប់ប្រញាលពិនិត្យ និងផ្តល់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋនៅតាមព្រំដែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជេរប្រមាថសម្តេច ប្រហែលជាមានក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩ ហើយត្រូវបូជានៅតាមទីតាំងដែលសម្តេចបានរៀបចំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ពីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ។ សម្តេចតេជោ បានចោទសួរថា ការរាតត្បាតជំងឺកូវីដ១៩នៅវៀតណាមបច្ចុប្បន្ន ជាបាបកម្មឬយ៉ាងណា។

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម និងទទួលយកមិនបានចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ១៩ទៅវៀតណាម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីមេទ័ពព្រំដែនវៀតណាម ជាការធ្វើឱ្យសម្តេចរើបម្រាស់ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចតេជោ ហ៊ុន សែន ចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្នើរដ្ឋាភិបាលវៀតណាមឱ្យដកតំណែងមេទ័ពព្រំដែនរូបនេះ តែរដ្ឋាភិបាលដកចេញពីព្រំដែន យកទៅធ្វើជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមិនអាចឱ្យនរណាប្រមាថនោះឡើយ ទោះបីកម្ពុជាតូច ឬក្រក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សម្តៅដល់អត្ថន័យចំនួន២។ អត្ថន័យទី១ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត។ ដូច្នេះបេក្ខភាពក្នុងបក្សផ្សេងទៀត ចង់ប្រកួតប្រជែង គឺសុំដាក់ពាក្យ។ អត្ថន័យទី២ គឺបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺមាន៤ខ្សែត្រៀម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកស្នើសម្តេចឱ្យពន្លឿនការឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានបញ្ជាក់តបថា មិនអាចធ្វើទៅបាននោះឡើយ គឺមិនអាចយកលោក ហ៊ុន ម៉ាណែត មកដឹកនាំថ្នាក់ដឹកនាំចាស់ៗ ដែលធ្លាប់ពលោក ហ៊ុន ម៉ាណែត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចជាអ្នកជំរុញឱ្យសម្តេច ជា ស៊ីម ធ្វើប្រធានគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសទាំង៣ បានធ្វើជាសេនាធិការជូនសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបញ្ញវន្តជុំវិញខ្លួន១០នាក់។ ប៉ុន្តែអ្នកយកមកនៅជាប់ខ្លួន ឧស្សាហ៍ហៅមកជំនុំ គឺកូនប្រុស៣នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ទៀត ដែលបានត្រៀមបម្រុងទុក ក៏បានចេញមកគាំទ្រលោក ហ៊ុន ម៉ាណែត ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញមនុស្ស៧ក្រុម ស្ទង់មតិតាមទាមកាហ្វេជុំវិញប្រសាសន៍សម្តេចគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏នឹងអញ្ជើញថ្វាយព្រះរាជដំណើរចុងក្រោយនៅថ្ងៃបូជាព្រះសពផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងមិនគួរចំណាយពេលចេះដឹងរឿងគណបក្សប្រជាជនកម្ពុជានោះទេ គួរទៅប្រឹងជួយជ្រោមជ្រែងបក្សប្រឆាំងរបស់ខ្លួនទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជជែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងជំនួបកាលពីថ្ងៃទី០១ ខែធ្នូ ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យការឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកាដូរបស់ប្រធានាធិបតីចិន ជូនរាជរដ្ឋាភិបាល ជូនសម្តេច និងប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងបក្សប្រជាជនកម្ពុជា មានមនុស្សជាច្រើនមានលទ្ធភាពជានាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តំណែងនាយករដ្ឋមន្ត្រី ឱ្យបានស្មើយ៉ាងហោចណាស់ ស្មើសម្តេច ពញាយ៉ាត ដែលបានគ្រងរាជ្យ ៤៣វស្សា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវពលរដ្ឋខ្មែរងើបឡើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឱ្យគេមើលប្រមាថមើលងាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីទៀតថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសមាជិកអាស៊ាន មិនត្រូវដើរឱ្យហួសពីធម្មនុញ្ញអាស៊ាន ដោយទៅលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសសមាជិកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សមាជិកថ្មី ប៉ុន្តែសមាជិកចាស់ មិនប្រាកដចាស់ទេ ព្រោះមានមេដឹកនាំថ្មី។ ដោយឡែកសមាជិកថ្មី មិនប្រាកដថ្មីទេ ព្រោះមានមេដឹកនាំចាស់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖១២នាទីព្រឹកថ្ងៃដដែល,
ដោយ៖ Fresh News















អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ និងមនុស្សចាស់ត្រូវថែទាំសុខភាពឱ្យបានល្អ ពេលអាកាសធាតុចុះត្រជាក់ ការពាកុំឱ្យឆ្លងជំងឺកូវីដ និងការពារកុំឱ្យឆ្លងជំងឺផ្តាសាយ

ព្រះសីហនុ៖  នារសៀលថ្ងៃទី០៥ ខែធ្នូ  ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងនៅបរិវេណសាលាដុនបូសស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ។ 


ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ៖

-សង្កាត់លេខ១ ចំនួន ៣៨នាក់

-សង្កាត់លេខ២ ចំន ៤៣នាក់

-សង្កាត់លេខ៣ ចំនួន ១៤៨នាក់ 

-សង្កាត់លេខ៤ ចំនួន ២៧៣នាក់។ 


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោបានធ្វើការណែនាំឱ្យអាជ្ញាធរពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង និងមានអាយុច្រើន ម្យ៉ាងដោយសារអាកាសធាតុចុះត្រជាក់ចាប់ពីដើមខែធ្នូនេះ ជាការគំរាមកំហែងដល់សុខភាពរបស់បងប្អូននៅក្នុងមូលដ្ឋាន។ ហើយជារៀងរាល់ឆ្នាំនៅពេលចុះខ្យល់ត្រជាក់ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលមានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជំងឺផ្តាសាយ។ 


ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺផ្តាសាយ និងជំងឺកូវីដទាំងអស់ គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធរយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ពាក់រក្សាកំដៅ ទប់ទល់ នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ  ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។ 


លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរភូមិសង្កាត់ ក្រុមប្រឹក្សាសង្កាត់ គណៈអភិបាលក្រុងព្រះសីហនុ តែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងមូលដ្ឋាន និងស្វែងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតាគ្រប់ពេលវេលា សូមលោកតាលោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបំរើបងប្អូនបន្តទៀត។ ជាមួយគ្នានេះ លោកអភិបាលខេត្តព្រមទាំងបានអំពាវនាវដល់លោកយាយលោកតា ត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ត្រូវ ទី១.កុំឱ្យឆ្លងជំងឺកូវីដ ទី២.កុំឱ្យឆ្លងជំងឺផ្តាសាយ ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតសុវត្ថិភាព ជាការ សំខាន់សម្រាប់ខ្លួនយើងក្រុមគ្រួសារកូនចៅរបស់យើងមានសុខភាពល្អ។ 


អំណោយដែលសម្តេចតេជោ ផ្តល់ជូនរួមមាន៖ អាវរងា ១ ភួយ ១ ក្រម៉ា ១ តែ ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកគោខាប់ ៦កំប៉ុង នំ ១ប្រអប់ ម៉ាស់ ១០ និងថវិកា ៥ម៉ឺនរៀល៕






សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺផ្តោតការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋជាសំខាន់គ្រប់កាលៈទេសៈ

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគិតពីសុខមាលភាពប្រជាពលរដ្ឋជារឿងសំខាន់នៅគ្រប់កាលៈទេសៈ។ ទាក់ទិនបញ្ហានេះ សម្តេចតេជោ បានជំរុញឱ្យមន្ត្រីអាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋក្នុងរដូវរងារនះ ដោយរហ័សចែកអាវរងារជូនប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយ ជាមនុស្សចាស់ ជៀសវាងមានភាពរងារ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ដោយសាររដូវរងារ ហើយមិនបានដឹង មិនបានជួយទាន់ពេលវេលា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយផ្តោតទៅលើសុខទុក្ខប្រជាពលរដ្ឋជាសំខាន់ ហើយដូចជាកម្មវិធីសង្គម ដែលផ្តល់អំណោយឧបត្ថម្ភជូនដល់គ្រួសារចំនួន ៧០ម៉ឺនគ្រសារ គឺនៅបន្តអនុវត្កកម្មវិធីជំនួយមួយនេះដដែល ទោះបីប្រទេសកម្ពុជា ជួបនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ តែរាជរដ្ឋាភិបាលនៅបន្តផ្តល់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដដែល និងនៅមានកម្មវិធីអនុគ្រោះពន្ធផងដែរ៕






សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យអាជ្ញាធរនិងប្រជាជនយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារក្រើនដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ដែលតាមការព្យាករណ៍នឹងអូសបន្លាយរហូតដល់ខែកុម្ភៈឆ្នាំ២០២២។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ 


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ចុះជួយគ្រួសារដែលជួបការលំបាកនៅក្នុងពេលអាកាសធាតុចុះត្រជាក់ ដោយមានការចែកអំណោយទាំងអាវរងារ មុង ភួយ និងថវិកាផងដែរ។ 


សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ដល់សុខភាពសមាជិកក្នុងគ្រួសារក្នុងពេលចុះត្រជាក់ជាពិសេសតាយាយ និងឪពុកម្តាយចាស់ៗជាដើម។ សម្តេចបានបន្តថា នៅខាងអឺរ៉ុប និងប្រទេសមួយចំនួនទៀត មានការស្លាប់បាត់បង់ជីវិតដោយសារអាកាសធាតុចុះត្រជាក់នេះផងដែរ៕





សម្ដេចតេជោ ហ៊ុន សែន៖ មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីប្រសាសន៍ប្តេជ្ញាចិត្តរបស់សម្តេចដែលបានលើកឡើងកាលពីឆ្នាំ១៩៨៥នៅក្នុងរដ្ឋសភាថា មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ហើយការប្តេជ្ញាចិត្តនេះទទួលបានការគាំទ្រពីរដ្ឋសភា១០០%ដែលគាំទ្រលោកធ្វើជានាយករដ្ឋមន្រ្តីចាប់ពីពេលនោះមក។  សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ 


សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីបញ្ហាកូវីដ-១៩បានធូរស្បើយមែន ប៉ុន្តែនៅតែបន្តកម្មវិធីជំនួយសង្គមផ្សេងៗ ការអនុគ្រោះពន្ធទៅលើវិស័យប្រឈមនានាហើយថែមទាំងពង្រីកដល់មនុស្សចាស់ ពិសេសគឺប្រជាជនដែលក្រីក្រពិតប្រាកដ៕





ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយនឹង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង

   

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១