Monday, June 08, 2020

លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងដំឡើងឋានៈ លោក ហ៊ុន ម៉ាណែត ពីអនុប្រធាន ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។
យោងតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ខុទ្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ៕


ទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាបណ្តាក់ទុននៅក្នុងប្រទេសខ្លួន

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិប​តេ​យ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកយោគកម្ពុជាទៅបណ្តាក់ទុនវិ​និយោគនៅក្នុងប្រទេសខ្លួន។ លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតមិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។
នៅក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋទីមទីម័រខាងកើត បានគោរពស្រឡាញ់និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រជាជននិងប្រទេសជាតិ របស់លោកប្រធានរដ្ឋសភា។ លោក ជាឥស្សរជនស្នេហាជាតិ ដែលបានចូលរួមរំដោះ បង្រួបបង្រួម និងអភិវឌ្ឍន៍ប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់លោក ហេង សំរិន (សម្តេចជាបុរសរបស់ប្រជាជន) កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ ។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកថា កម្ពុជាជាគេហដ្ឋានទី២របស់លោកទោះបីពេលនេះពិភពលោកមានបញ្ហាកូវីដ១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពកក់ក្តៅយ៉ាងខ្លំាង។លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានគោរពអញ្ជើញប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតតាមពេសសមស្របណាមួយ។
ជាការឆ្លើយតប លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតនៅពេលសមស្របខាងមុខ។ លោក ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះប្រសាសន៍របស់លោកដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត ល្អរវាងប្រទេសទំាងពីរកម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភា រដ្ឋសភាកម្ពុជា លោក ពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការអោយខ្លាំងក្លាថែមទៀតលើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ លោក បានមានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជា ធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន (អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និង អាស៊ាន នៅថ្ងៃអនាគត។
លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាននិងអន្តរសភាអាស៊ាន។ លោក បានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង៕








ក្រសួងទេសចរណ៍ជូនដំណឹងស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលលើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលលើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖


កម្ពុជាចាប់ផ្តើមមានជើងហោះហើរចូលកើនឡើងវិញនៅដើមខែមិថុនា

ភ្នំពេញ៖ នៅដើមខែមិថុនា ឆ្នាំ២០២០ ជើងហោះហើរនៅកម្ពុជាកំពុងមានការកើនឡើងជាបណ្តើរៗបន្ទាប់ពីមានការធូរស្បើយពីកូវីដ១៩នៅក្នុងស្រុក។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា ជើងហោះហើរនៅកម្ពុជាកំពុងតែមានការកើនឡើងជាបណ្តើរៗ ខណៈពេលដែរកូវីដ១៩ មានភាពស្ងប់ស្ងាត់នៅក្នុងកម្ពុជា។ នៅដើមខែមិថុនានេះ មានជើងហោះហើរជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។ ចំនួននេះមានការកើនឡើងជាងជើងហោះហើរនៅក្នុងខែ ឧសភា ដែលមានជាមធ្យមត្រឹមតែ៧ជើងក្នុងមួយថ្ងៃ។
លោកបន្តថា ការកើនឡើងនេះភាគច្រើន គឺជាការវិលត្រឡប់មស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅស្រុកក្រៅ និងមួយចំនួនទៀតជាអ្នករកស៊ី។ ចំណែកឯភ្ញៀវមកកម្ពុជា ក្នុងគោលបំណងទេសចរណ៍ គឺពុំទាន់មានចំនួនដែលអាចសន្និដ្ឋានបានឡើយ។
នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ជើងហោះហើរកម្ពុជាបានធ្លាក់ចុះ៩៨% បើធៀបទៅនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះគឺដោយសារតែបញ្ហាកូវីដ១៩ ដែលបណ្តាលឱ្យជើងហោះហើរនៅតាមបណ្តាប្រទេសនានាបានបិទ ជាហេតុធ្វើឱ្យពុំមានការហោះហើរមកកម្ពុជា។
រដ្ឋាភិបាលបានសម្រេចបើកឲ្យភ្ញៀវមកពីប្រទេសចំនួន៦ចូលមកកម្ពុជាបានវិញមានដូចជា អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាឡឺម៉ង់ និងអ៊ីរ៉ង់។ សម្រាប់អ្នកដំណើរជាជនបរទេស គឺត្រូវមានឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ហើយត្រូវគោរពតាមវិធានការផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា។លើសពីនេះ ពេលមកដល់កម្ពុជា ទាំងអ្នកដំណើរជនជាតិខ្មែរនិងបរទេស នឹងត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយត្រូវរង់ចាំទទួលលទ្ធផលនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ៕

ប្រភព៖ ស៊ីស៊ីថាមស៍


លោក គង់ គាំ៖ សម រង្ស៊ី-កឹម សុខា មិនអាចវិលត្រឡប់ចូលប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០២៣បានទេ

ធ្លាប់រួមសុខទុក្ខជាមួយគ្នាកាលពីអតីតកាល លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានធ្វើការទស្សន៍ទាយទុកជាមុនថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចវិលត្រឡប់ចូលរួម ការប្រកួតប្រជែងបានឡើយ។ ជាមួយគ្នានេះ លោក បានហៅលោក សម រង្ស៊ី ប្រធានផ្លេកបន្ទោររបស់អតីត CNRP និងបច្ចុប្បន្ន (ជាប្រធានស្តីទី មិនគ្រប់ទឹក) នៃ CNRP-O (អូកាច់) និងលោក កឹម សុខា ជាប្រធាន CNRP-IN (អិនកន្ទុយក្បាច់) ដើរនយោបាយមិនស៊ីធ្លុងគ្នាធ្វើឲ្យប្រជាធិបតេយ្យដំណើប និងខ្សាយរាត់រាយអស់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយបង្ហាញរូបថត មួយសន្លឹកជាមួយលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំង លោក គង់ គាំ បានរៀបរាប់ថា ដើម្បីតែមហិច្ឆិតា (ផ្លាស់ប្តូរ-ផ្តួលរំលំ) រំពឹងថា អន្តរជាតិ សហរដ្ឋអាមេរិក ប្រើសម្ពាធ ច្បាប់នេះ ច្បាប់នោះ EBA GSP បង្ខំឲ្យដោះលែង ឲ្យទម្លាក់ចោលការចោទប្រកាន់ ឲ្យ CNRP ដំណើរការឡើងវិញ ឲ្យប្រគល់សងតំណែងជាប់ឆ្នោត កុំទៅបោះឆ្នោត ដេកផ្ទះឈ្នះឯង មិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ រដ្ឋាភិបាលក្លែងក្លាយ។ តែការពិតទាំងអស់នេះគ្មាន បានប្រយោជន៍ណាមួយទេ។
លោក គង់ គាំ បានបន្តថា ឥឡូវនីតិកាលទី៦ (ឆ្នាំ២០១៨-ឆ្នាំ២០២៣) និងកាលកំណត់រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលថ្មីនៅឆ្នាំ២០២៣ ជិតមកដល់ហើយ តើនរណាខ្លះនៅជឿជាក់ នៅចាំជាប់ថាអតីត CNRP មានវត្តមានឡើងវិញ សងតំណែង និងប្រាក់រម្លឹកវិញ។ លោក បានដៀមដាមឲ្យលោក សម រង្ស៊ី បន្តថា ជាមេដឹកនាំ និងក្រុមនយោបាយជ្រុលនិយម ចិត្តទេវទត្តមាត់ទេវតា មានវប្បធម៌ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ប្រើតែនយោបាយឈឺសាច់ សាបព្រួសទុក្ខទោសចំពោះសកម្មជន ប្រជាពលរដ្ឋជាបន្តបន្ទាប់គ្មានស្រាកស្រាន្តដើម្បីតែមហិច្ឆិតាអំណាចបុគ្គលនិងក្រុមខ្លួនតែប៉ុណ្ណោះ៕

អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារចុះជួសជុលស្ពានឈើមួយកន្លែងតភ្ជាប់ពីភូមិតាសាស់ទៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង

នាព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២០ លោកអភិបាលរងស្រុកតាលោសែនជ័យ អាជ្ញាធរឃុំភូមិ យុវជនសសយក និងក្រុមការងារ បានចុះជួសជុលស្ពានឈើមួយកន្លែងតភ្ជាប់ពីភូមិតាសាស់ទៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ដែលឧបត្ថមសម្ភារ និងថវិកាជារបស់ក្រុមការងារចុះជួយឃុំផ្ទះរុង បន្ទាប់មកទៀតចែកអង្ករ និងភេជ្ជៈជូនចាស់ជរាងាយរងគ្រោះចំនួន៣គ្រួសារ នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដែលជាអំណោយដ៏ថ្លៃថ្ការបស់លោក ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ និងសម្អាតអនាម័យបរិស្ថានជាប់គុលស្ពានទៀតផង។ ការជួសជុលស្ពាននេះដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភូមិតាសាសនិងស្ដុកខ្ទុមក្នុងការដឹកកសិផលមកលក់ទីផ្សារនិងសំរាប់ដឹកអ្នកជំងឺមកកាន់មន្ទីពេទ្យបានទាន់ពេលវេលា៕




ប្រជាពលរដ្ឋភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានទទួលអំណោយសប្បុរសធម៌

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារភូមិអំពេង ដឹកនាំដោយ លោក សោម ពិសិដ្ឋ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែបលោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ លោក អ៉ឹង ឆាយ អនុប្រធានទី១ ក្រុមការងារចុះជួយភូមិព្រមទាំងសមាជិកសមាជិការក្រុមការងារភូមិទាំងអស់បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ផងដែរ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប មានប្រសាសន៍ថា សម្ភារ និងថវិកាទាំងនេះ ជាទឹកចិត្តរបស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជាខេត្តកែប ក្នុងការជួយដោះស្រាយបញ្ហាលំបាករបស់បងប្អូននៅមូលដ្ឋាន ។
លោក អុឹង ឆាយ អភិបាលរងខេត្ត និងអនុប្រធានទី១ ក្រុមការងារចុះជួយភូម បានបញ្ជាក់ថា សម្ភារ និងថវិកាទាំងនេះសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៣១ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម ថវិកា៥ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវខិតខំប្រកបការងារអាជីវកម្ម ផលិតកម្ម តាមជំនាញវិជ្ជាជីវៈដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងត្រូវចៀសវាងជាដាច់ខាតនូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា។
លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់កុំលេងល្បែងស៉ីសង និងត្រូវសហការជាមួយអជ្ញាធរមានសមត្តកិច្ចក្នុងការទប់ស្កាត់រាល់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ កុំអោយកើតមានឡើងក្នុងមូលដ្ឋាន និងត្រូវអនុវត្តន៍តាមការណែនាំរបស់អជ្ញាធរ ក្នុងការងារបំពេញបែបបទអាត្រានុកូលដ្ឋាន អោយបានត្រឹមត្រូវ ។
លោកអភិបាលខេត្ត ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គមអោយបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាល នៃជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ព្រោះទាំងប្រទេសជិតខាង និងក្នុងប្រទេសកម្ពុជាយើង នៅតែមានជំងឺកូវីត-១៩នេះ នៅឡើយ៕




អភិបាលខេត្តប៉ៃលិន៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ បណ្តុះធនធានមនុស្ស និងលើកកម្ពស់សីលធម៌សង្គម

ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើក កម្ពស់ សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹង ទាំង ចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្តបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ព្រះភិក្ខុ សៀង ម៉ាប់ ជាព្រះចៅអធិការថ្មី វត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូ រតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានវត្តមាននិមន្តចូលរួមពីសំណាក់ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជឧបការីផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ប៊ូ គ្រី ព្រមទាំងព្រះមេគណទាំងពីគណៈ ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាង ច្រើន កុះករផងដែរ។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនានិងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយ គុណបុណ្យស្មារតី ០២ ធ្នូ ១៩៧៨ និងថ្ងៃជ័យជនះ ៧ មករា ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះ-ឈ្នះបានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខ សន្តិភាពពេញលេញ និងធ្វើឲ្យមាន ការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយ រដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា បានកំណត់ ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរម្យ គ្រូនៃយើង ដោយមិនប្រកាន់គណៈ មហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនាកត្តាលិស។ លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍ សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដ តែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយ សន្ដិភាព យុត្ដិធម៌ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅប្រទេសណាក៏គេមានសាសនា ដើម្បីគោរព បូជា តាមប្រពៃណីទំនៀមទម្លាប់ របស់ខ្លួនផងដែរ ដូច្នេះ«ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួម ចំណែក យ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។
ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជឧបការីផ្ទាល់សម្តេច ព្រះមហា សង្ឃរាជ ប៊ូ គ្រី បានមានសង្ឃដីកា ផ្តល់នូវពុទ្ធ ឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយ យក ទៅគោរព បដិបត្តិ ទៅតាម គន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជាព្រះ បរម្យគ្រូនៃយើង បានចងក្រងជាគម្ពី បិដក ឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ហើយវត្តអារាមជាទីជំរក អប់រំរិយាធម៌ ដល់ពុទ្ធ បរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និង ជាឱកាសល្អក្នុងការ រួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តី សុខ សាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធ ឱវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តី ថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើ ហិង្សា សង្គម។ នៅក្នុងឱកាសនោះដែរ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ក៍បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ សំខាន់ ព្រះភិក្ខុ សៀង ម៉ាប់ ចៅអធិការវត្តថ្មី ដោយព្រះអង្គជាអ្នក រម្ងាប់អធិករណ៍ និង សហការ គ្រប់គ្រង គរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាស និកជន ឲ្យរៀនសូត្របដិបត្តិធម៌ និង វិន័យ មាន បិដកជាគោល ហើយរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេសការពង្រីកនូវវិស័យ ពុទ្ធកៈ សិក្សា និងអភិវឌ្ឍន៍ ព្រមទាំងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានប្រកេនអង្ករ ចំនួន ៥០០គីឡូក្រាម និងបច្ច័យ ចំនួន ២១៤០០០រៀល និង៧០០ដុល្លា ដល់ ព្រះភិក្ខុ សៀង ម៉ាប់ ព្រះចៅអធិការវត្តថ្មី សម្រាប់ប្រើប្រាស់ជាក់ស្តែងនៅក្នុងវត្ត៕




ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ !

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និង មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។
អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។ បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និង បុរសជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង ៕