Tuesday, August 10, 2021

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត់

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការសាងសង់ទំបន់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះទៅអង្គការសិទ្ធិមនុស្សនេះថាចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។



លោកបានចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហក និងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយ ផលប៉ះពាល់ទាំងឡាយ តាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយ និងវិធានការច្បាស់លាស់រួចហើយដូចជា៖

១) ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមកំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។

២) គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន ១១៨ខ្នង ផ្ទះឈើចំនួន ៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន ១២៧ខ្នង ជីកស្រះចំនួន ៦៣ ស្រះ សាលារៀនចំនួន ១២ សាលាមតេយ្យចំនួន ១២ សាលាឃុំចំនួន ២ វត្តអារាម ៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន ១៨១។

ដោយឡែកប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា 100% ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន ៥៦គ្រួសារ មិនព្រមទទួលសំណង និងសុខចិត្តរស់នៅនៅទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ផលប៉ះពាល់ ផ្សេងទៀត។

លោក ភក្រ្តា បានថ្លែងថា ការពិពណ៌នាក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារី អគ្គិសនីសេសាន ២ គ្រាន់តែយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោងខុសពីការពិតអំពីកម្ពុជា និងដើម្បីធ្វើវិទ្ធង្សប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជា និងព្យាយាមចិញ្ចឹមទំនាស់ដើម្បីបម្រើរបៀបវារៈនយោបាយមួយពិតប្រាកដមួយប៉ុណ្ណោះ។

លោកបានថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ បានផ្តល់ផលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ ដូចជា៖ គម្រោងមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០០MW ជាសំណង់វារីអគ្គិសនីដ៏ធំមួយដែលចាត់ទុកថាជាថាមពលដែលអាចកកើតឡើងវិញបាន និងមានការលើកទឹកចិត្តក្នុងការប្រើប្រាស់ថាមពលបែបនេះ។ គម្រោងនេះអាចផ្តល់ថាមពលអគ្គិសនីយ៉ាងច្រើន និងអាចផលិតថាមពលស្អាតរយៈពេលវែង និងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសអាចទទួលថាមពលអគ្គិសនីប្រើប្រាស់បាន ព្រមទាំងវាអាចកាត់បន្ថយការកើនឡើងនៃភពផែនដីយើង។

លោកបានមានប្រសាសន៍ថា ការអភិវឌ្ឍវារីអគ្គិសនី និងផលិតថាមពលអគ្គិសនី ស្របទៅតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានលឿនលើគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងឯកជន និងសាធារណៈ។ គម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីគឺជាការកសាងធុង អាគុយ និងសន្តិសុខថាមពលសម្រាប់ប្រទេស។ កម្ពុជាបានអភិវឌ្ឍប្រទេសពីការដុតចង្កៀងប្រេងកាតមកជាការប្រើប្រាស់ថាមពលកកើតឡើងវិញ គួរតែអង្គការសិទ្ធិមនុស្សមួយនេះកោតសរសើរទៅវិញទេដែលរាជរដ្ឋាភិ បាលកម្ពុជាបានគិតគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ជូនប្រជាពលរដ្ឋតាមតម្រូវការ និងផ្តោតលើការអភិវឌ្ឍលើវិស័យអាទិភាពរបស់ជាតិ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ នេះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បាន តែក្រុមអង្គការសិទ្ធិមនុស្សជ្រុលនិយមដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បែរជាចង់ឱ្យពលរដ្ឋកម្ពុជាបន្តដុតចង្កៀងប្រេងកាតក្នុងសតវត្សរ៍ទី២១ នេះទៅវិញ។

តាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន របាយការណ៍នេះត្រូវបានពលរដ្ឋកម្ពុជារិះគន់យ៉ាងធ្ងន់ធ្ងរ ដែលអង្គការមួយនេះគួររៀនសូត្រ ហើយពលរដ្ឋខ្មែរមិនជឿរបាយការណ៍ខុសពីការពិត និងមានចរិបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនេះទេ។ លោកក៏បានឱ្យដឹងដែរថា ស្ថានភាពទឹកទន្លេសេសាន និងគុណភាពទឹកខាងលើ និងខាងក្រោមទំនប់វារីអគ្គិសនីបច្ចុប្បន្នពុំមានការប្រែប្រួល។

ក្នុងករណីមានការប្រែប្រួលគឺមានការប្រែប្រួលជាលក្ខណៈទូទៅនៃបណ្តាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គទាំងអស់ (ប្រទេសចិន ប្រទេសភូមា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម)។

កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បាន៨លាននាក់ហើយ, ជនទី៨លាន បានទៅលើស្ត្រីនៅខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ បាន៨លាននាក់ហើយ (សម្រាប់អ្នកមានវ័យ ១៨ឆ្នាំឡើង) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។ ជនទី៨លាន បានទីលើស្ត្រីជនជាតិឡាវ រស់នៅក្នុងខេត្តស្ទឹងត្រែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រ Facebook នៅយប់ថ្ងៃនេះយ៉ាងដូច្នេះ «នៅថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ បាន៨លាននាក់រួចហើយ គឺស្មើនឹង ៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣»។

សម្តេចតេជោ បានបន្ថែមថា «ដំណើរឆ្ពោះទៅរក ១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។

សម្តេចតេជោ បានបញ្ជាក់ថា ជនចាក់ទី៨លាន គឺបានទៅលើស្ត្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលជាអ្នកចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងនាំយកជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

ឆ្លៀតឱកាសនេះ សម្តេចតេជោ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយការខិតខំការពារខ្លួនតាមរយៈវិធានការ «៣ការពារ និង៣កុំ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាល ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃប៉ុណ្ណោះទេ។ តែសម្តេចក៏ជាមេដឹកនាំ ដែលបានផ្តល់កម្មវិធីលើកទឹកចិត្តសម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំងផងដែរ។

ក្នុងនោះមនុស្សចំនួន៧នាក់រួចមកហើយ ដែលជាជនចាក់វ៉ាក់សាំងទី១លាន, ២លាន, ៣លាន, ៤លាន, ៥លាន, ៦លាន និង ៧លាន ក៏បានទទួលបានការឧបត្ថម្ភថវិកា ១០លាន និងសម្ភារៈផ្សេងៗពីសម្តេចតេជោ។

ក្រៅតែពីជនទាំង៧នាក់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាជូនលោកយាយ លោកតា ដែលមានវ័យចាប់ពី ១០០ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងផងដែរ។ លោកយាយ លោកតា អាយុ ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងទទួលបានថវិកា ៣លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕





ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២គ្រួសារ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកផ្លែឈើ៦ដប និងម៉ាស់១ប្រអប់។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្របានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

លោកអភិបាលខេត្ត និងលោកស្រីតំណាងរាស្ត្រ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច និងជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា "៣ការពារ និង៣កុំ"។ 

ក្នុងឱកាសនោះដែរ លោក និងលោកស្រីអ្នកតំណាងរាស្ត្រ នឹងផ្តល់ជូននូវអំពូលប្រើពន្លឺព្រះអាទិត្យសម្រាប់ដាក់បំភ្លឺតាមដងផ្លូវចំនួន១០០ដើម សាលារៀន១ខ្នង និងស្នាក់ការគណបក្សឃុំ១ខ្នង ដែលជាអំណោយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

បន្ទាប់មកទៀត លោក និងលោកស្រី រួមនឹងក្រុមការងារ បាននាំយកទេយ្យទានរួមមានអង្ករ មី ត្រីខ ភេសជ្ជៈ ម៉ាស់ និងបច្ច័យចំនួន ៣០០ដុល្លារ ប្រគេនព្រះគ្រូចៅអធិការវត្តសិរីវង្សសត្ថារាម (ហៅវត្តថ្នល់ឈើទាល) ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលកាន់ព្រះវស្សា ៕






អភិបាលរងខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំសណ្តាប់ធ្នាប់ និងតម្លើងសម្ភារៈបរិក្ខា នៅកន្លែងស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក ឌី រ៉ាដូ  អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តឧត្តរមានជ័យ  បានដឹកនាំក្រុមការងាររួមមាន លោក អភិបាលរងក្រុង អភិបាលរងស្រុកចុងកាល់ ប្រធានអង្គភាពលទ្ធកម្ម  ប្រធានការិយាល័យសុខាភិបាលស្រុក អញ្ជើញត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំ កន្លែងស្នាក់នៅ បន្ទប់ទឹក បង្គន់អនាម័យ ប្រព័ន្ធទឹក-ភ្លើង និងតំឡើងសម្ភារៈបរិក្ខា នៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងក្រុងសំរោង និងស្រុកចុងកាល់ ដើម្បីត្រៀមទុកទទួលបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃឡើងវិញ ។ 

ដើម្បីចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ពិសេសវីរុសបម្លែងខ្លួនថ្មី  Delta  រដ្ឋបាលខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារះប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ជាច្រើនទីតាំងនៅតា មបណ្តាក្រុងស្រុក  ក្នុងភូមិសាស្រ្តខេត្ត សម្រាប់បម្រុងទុកទទួលបងប្អូនពលករមកពីប្រទេសថៃ។ 

សូមបញ្ចាក់ថា៖ ដើម្បីការផ្តាច់ប្រភពចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ប្រភេទ Delta រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន ០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមាន៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ព្រមទាំងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដើម្បីទទួលពលករឆ្លងព្រំដែនមកពីប្រទេសថៃចូលមកកម្ពុជាវិញដោយតម្រូវអោយធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួន១៤ថ្ងៃ ហើយត្រូវបន្តធ្វើចត្តាឡីស័កចំនួន៧ ថ្ងៃទៀតនៅតាមស្រុក និងលំនៅដ្ឋានដែលពួកគេកំពុងរស់នៅ៕





កូនឈើចម្រុះចំនួន២,៦១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

សៀមរាប៖ កូនឈើចម្រុះសរុបចំនួន ២,៦១០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២១។ កូនឈើទាំងនោះរួមមាន៖ 

១- ប្រគេទកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន៥៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត មុនឆាយលាងវនារាម ស្ថិតក្នុងភូមិគោកស្រុក ឃុំវារិន ស្រុកវារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម ច្រេស២៥ដើម គគីរ១០០ដើម អង្កាញ់២៥ដើម ផ្ញៀវ៥០ដើម សេដា២៥ដើម ថ្កុល៥០ដើម និងរំដួល៧៥ដើម។

២- ផ្តល់កូនឈើជូនលោក ស្វាយ ហុង  មេឃុំដូនកែវ ចំនួន៤០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលាឃុំ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក១០ដើម និងរំដួល៣០ដើម។

៣- ផ្តល់កូនឈើជូនលោក យឹម គឹមសាន ចំនួន២០០ដើម ដើម្បីយកទៅដាំលំអនៅភូមិធម្មជាតិរុនតាឯក សិ្ថតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល១០០ដើម ត្របែកព្រៃ៥០ដើម និងក្ងោកតូច៥០ដើម។

៤- ផ្តល់កូនឈើជូនលោក អែម សំអឿន នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្ពឺ ចំនួន២៥០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យនេះ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម គ្រញូង៥០ដើម ត្របែកព្រៃ៥០ដើម និងរំដួល៥០ដើម។

៥- ផ្តល់កូនរំដួលជូនអ្នកស្រី ឯក នីដា ចំនួន៣០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណលំនៅដ្ឋានផ្ទាល់ខ្លួន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

៦- ផ្តល់កូនឈើជូនលោក អោ កឿត នាយកសាលាបឋមសិក្សាសំបួរ ចំនួន៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលារៀន ស្ថិតនៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង៥០ដើម គគីរ១០០ដើម ក្ងោក៥០ដើម និងត្របែកព្រៃ១០០ដើម។

៧- ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤១០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងលិចអាងស្ទាក់ខ្សាច់(ច្រកសំពៅលូន)ផ្នែកខាងជើងកសិណប្រាសាទអង្គរវត្ត។ កូនឈើទាំងនោះរួមមាន គគីរ២៧០ដើម និងរំដួល១៤០ដើម ។

៨- ផ្តល់កូនឈើជូនអ្នកស្រី ព្រំ សុភារ៉ា បំរើការងារនៅខេត្តសៀមរាប ចំនួន១៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម បេង២៥ដើម ធ្នង់២៥ដើម រំដួល១០ដើម ត្របែកព្រៃ១០ដើម និងអង្កាញ់១០ដើម។

៩- ផ្តល់កូនឈើជូនលោក ញាន ឬទ្ធី បំរើការងារនៅខេត្តសៀមរាប ចំនួន២២០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិអន្លង់ស ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៨០ដើម និងធ្នង់៤០ដើម។

១០- ផ្តល់កូនឈើជូនអ្នកស្រី ឆោម កញ្ញា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង៥ដើម និងច្រេស៥ដើម។

១១- ផ្តល់កូនឈើជូនអ្នកស្រី សរ ធារី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៥០ដើម កកោះ៥០ដើម និងឈើទាល៥០ដើម៕










គម្រោងជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ

ស្រះទឹកខាងជើង ជារចនាសម្ពន្ធមួយនៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលបានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយៈពេល២ឆ្នាំក្រោយ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមការងារ កំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ៕