Tuesday, August 10, 2021

ពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២គ្រួសារ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២២គ្រួសារ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកផ្លែឈើ៦ដប និងម៉ាស់១ប្រអប់។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្របានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

លោកអភិបាលខេត្ត និងលោកស្រីតំណាងរាស្ត្រ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច និងជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា "៣ការពារ និង៣កុំ"។ 

ក្នុងឱកាសនោះដែរ លោក និងលោកស្រីអ្នកតំណាងរាស្ត្រ នឹងផ្តល់ជូននូវអំពូលប្រើពន្លឺព្រះអាទិត្យសម្រាប់ដាក់បំភ្លឺតាមដងផ្លូវចំនួន១០០ដើម សាលារៀន១ខ្នង និងស្នាក់ការគណបក្សឃុំ១ខ្នង ដែលជាអំណោយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

បន្ទាប់មកទៀត លោក និងលោកស្រី រួមនឹងក្រុមការងារ បាននាំយកទេយ្យទានរួមមានអង្ករ មី ត្រីខ ភេសជ្ជៈ ម៉ាស់ និងបច្ច័យចំនួន ៣០០ដុល្លារ ប្រគេនព្រះគ្រូចៅអធិការវត្តសិរីវង្សសត្ថារាម (ហៅវត្តថ្នល់ឈើទាល) ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលកាន់ព្រះវស្សា ៕






No comments:

Post a Comment