Sunday, May 31, 2020

លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល អញ្ជើញជាអធិបតីក្នុងពិធីចែកស្រូវពូជសែនក្រអូប ចំនួន១០ តោន ដល់កសិករ ចំនួន ២៨០ គ្រួសារ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅអមក្រសួងព្រះបរមព្រះរាជវាំង អញ្ជើញចែកស្រូវពូជសែនក្រអូបចំនួន ១០ តោន ជូនដល់កសិករ ២៨០គ្រួសារ មកពី ៧ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីចែកស្រូវពូជនោះ ក៏មានការអញ្ជើញចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ខេត្តជាច្រើនរូបទៀត។

ក្នុងនោះប្រជាពលរដ្ឋចូលរួមទទួលបានស្រូវពូជ ចំនួន ២៨០ នាក់ ក្នុងម្នាក់ៗទទួលបាន ស្រូវ ៤០គីឡូ សារ៉ុង១ និងថវិកា ២ម៉ឺនរៀល៕






លោក ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មី បំពេញក្របខណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស តំណាង ដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មី បំពេញក្របខណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនពលទាហាន យោធភូមិភាគពិសេស ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចំនួន១៥៥ នាក់បានធ្វើការហ្វឹកហ្វឺនរយៈពេល៣ខែ កន្លងមក។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំតំណាងនាយក នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ តំណាងការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ លោកមេបញ្ជាការរង  ការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ សាលា គ្រូឧទ្ទេសនាម យោធាចារ្យ និងអ្នកគ្រប់គ្រងពលទាហានថ្មី ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ទទួលខុសត្រូវ លើការងារគ្រប់គ្រងបានល្អ  បានយកចិត្តដើម្បីផ្តល់នូវចំណេះដឹង យុទ្ធសាស្រ្ត យុទ្ធវិធី ព្រមទាំងជំនាញផ្សេងៗ ក្នងកងយោធពលខេមរភូមិន្ទ ជូនដល់ពលទាហាន ធ្វើជាមូលដ្ឋានសំម្រាប់យកទៅបំពេញភារកិច្ច ការពារជាតិ មាតុភូមិ ទៅតាមបណ្តាអង្គភាព។ ជាក់ស្តែង សិក្ខាកាមយើងបានធ្វើលំហាត់ បាញ់គ្រាប់ពិត នៅក្នុងភូមិសាស្ត្រភូមិ កោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ទទួលបានលទ្ធផលល្អ។

លោក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ពលទាហានថ្មី ទាំងអស់ដែលត្រូវបញ្ចប់វគ្គហ្វឹកហ្វឺន នៅពេលនេះ ត្រូវស្មោះត្រង់ដាច់ខាត ជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងគោរពអោយបាននូវ វិន័យកងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចតិកស្លូតបូត សុភារាបសារ សមស្របជាកងយោធពលខេមរភូមិន្ទ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ត្រូវសាមគ្គីភាពល្អ ជាមួយយុទ្ធមិត្តរួមអាវុធ សាមគ្គីភាពល្អ និងចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គម អនុវត្តនូវគោលនយោបាយ ៩ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវប្រឆាំងដាច់ខាត និងចូលរួមទប់ស្កាត់នូវរាល់អំពើភេរវកម្ម ផ្សេងៗ របស់ពួកអមិត្ត និងចលនាបដិវត្តពណ៌ មិនអោយកើតមាននៅកម្ពុជា ជាដាច់ខាត ៕








អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ នាំយកថវិការជាង១៥លានរៀល ឧបត្ថម្ភយុវជនបក្ស និងចែកជូនពលរដ្ឋជីវភាពខ្វះខាត ក្នុងស្រុកអូររាំងឪ

(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសំណេះសំណាល ជាមួយយុវជនគណបក្សស្រុក និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារ ក្នុងស្រុកអូររាំងឪ សរុបថវិការជាង១៥លានរៀល។

ក្នុងនោះមានការអញ្ជើញចូលរួមពី លោក រ័ត្ន វិរៈ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក លោក ប៊ុនប៉ា ម៉ារីលុច ប្រធានក្រុមជនបង្គោលស្រុក លោក ងួន ប៊ុណ្ណាន ប្រធានគណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកាយុវជនគណបក្សស្រុក-ឃុំ។

មានប្រសាសន៍នាឱកាសនោះ លោក ចាយ បូរិន ធ្វើការសំណេះសំណាល និងពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងបានណែនាំអំពីវិធានការការពារមួយចំនួន តាមរយៈការស់នៅមានអនាម័យស្អាតជាប្រចាំ ក្នុងសកម្មភាពចូលរួមទប់ស្កាត់អោយបាននៅរលកទីពីរ នៃការរាតត្បាតជម្ងឺកូវីដ-១៩ នៅកម្ពុជា ។

លោក ចាយ បូរិន ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់សូមឲ្យមានការជឿជាក់លើអាជ្ញាធរមូលដ្ឋាន ហើយកុំស្តាប់នូវព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម គឺត្រូវតាមដានឲ្យបានត្រឹមត្រូវ ជាពិសេសព័ត៌មានដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ ហើយក៏សូមឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតឲ្យបានត្រឹមត្រូវ កុំជឿការញុះញ៉ង់ តាមរយៈព័ត៌មានមិនពិតផ្សេងៗ។

ក្នុងឱកាសនោះដែរ លោក ចាយ បូរិន ក៏បានអញ្ជើញចែកជូនអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ក្នុងបណ្តាឃុំទាំង៧ ស្រុកអូររាំងឪ ដោយ០១គ្រួសារៗទទួលបាន អង្ករ២៥គ.ក្រ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សាប៊ូលាងដៃ០២ដុំ ទឹកបរិសុទ្ធ០១កេស អាល់កុល០២ដប ខិត្តប័ណ្ណផ្សព្វផ្សាយ០២សន្លឹក និងថវិកាចំនួន២០,០០០រៀល។

ដោយឡែក នៅព្រឹកថ្ងៃដដែលនេះដែរ លោក ចាយ បូរិន ក៏បានអញ្ជើញបន្តជួបសំណេះសំណាល ជាមួយយុវជន គណបក្សស្រុកនិងឃុំជាង៥០នាក់ ដោយលើកឡើងអំពីគោលការណ៍របស់គណបក្ស និងសូមឲ្យបង្កើតនូវមូលនិធិយុវជនគណបក្សស្រុក ពិសេសបានលើកយកនូវបញ្ហារបស់គណបក្សប្រឆាំង ដែលតែងតែញុះញ៉ង់បំពុលសង្គម។

ជាមួយគ្នានោះ លោក ចាយ បូរិន បានសំណូមពរឲ្យក្រុមការងារយុជន ចុះជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅដល់មូលដ្ឋាន អំពីបញ្ហានៃជម្ងឺកូវីដ-១៩ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងការពារការរីករាលដាលនៃជម្ងឺនេះ និងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមបង្កបង្កើនផលឲ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខនេះ ហើយគណបក្សស្រុកត្រូវយកចិត្តទុកដាក់ក្នុងការងារកសាងសមាជិកគណបក្សឲ្យបានតាមផែនការ និងការណែនាំរបស់គណបក្សខេត្ត។

នាឱកាសនោះ លោក ចាយ បូរិន ក៏បានឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀលដល់គណបក្សស្រុក និងឧបត្ថម្ភសម្ភារៈ ថវិកាដល់យុវជនគណបក្សស្រុករួមមាន ម៉ាស់៤៦ប្រអប់ អាល់កុល៤៦ដប ក្រម៉ា៤៦ អាវរងារគណបក្ស៥០ និងថវិកា១,០០០,០០០រៀល។

សូមជម្រាបថា កម្មវិធីខាងលើចំណាយថវិកាអស់ចំនួន ១៥,១២១,៥០០រៀល ដែលជាការឧបត្ថម្ភផ្ទាល់របស់ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ៕




ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ ត្រូវបានបំពាក់នៅមាត់ចក្រទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ មើល ដំណើរ ការ ដាក់ ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិនៅចក្រទ្វាអន្តរជាតិព្រំប៉ៃលិន។

លោក ផាន់ ចាន់ធុល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 បានមាន ប្រសាសន៍ឱ្យដឹងថា ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នេះ នឹងបង្ក លក្ខណៈ ងាយស្រួលជាងមុនសម្រាប់វាស់កំដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមចក្រទ្វារ អន្តរជាតិព្រំខេត្តប៉ៃលិន។ លោកអភិបាលខេត្ត បានមានប្រសាសន៍ ជំរុញដល់មន្រ្តី ចត្តាឡី ស័ក ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវខិតខំតាម ដានដោយយកចិត្ត ទុក ដាក់ខ្ពស់ស្របពេលដែលមានផ្ទុះជំងឺកូវិដ-១៩នេះសារជាថ្មី នៅក្នុង ប្រទេស កម្ពុជាយើង ជាពិសេសលោកអភិបាល សូមថ្លែងអំណអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ជាម៉ាស៊ីន ស្គែនកំដៅស្វ័យប្រវត្តិនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺ កូវិដ-១៩ (COVID-19)។ នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៍បានមាន ប្រសាសន៍ក្រើនរំលឹកដល់ អជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើ ការផ្សព្វផ្សាយអប់រំ នៅតាម មូលដ្ឋាន ជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងថា ការដាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នៅមាត់ច្រកទ្វារអន្តរជាតិព្រំនេះ គឺដើម្បីស្គែនពលរដ្ឋ និងភ្ញៀវចេញចូលទាំងអស់ ហើយប្រសិន បើមាន រោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅ មន្ត្រីជំនាញនិងនាំចូលក្នុងបន្ទប់សុវត្ថិភាពធ្វើការពិនិត្យ និងវាស់កំដៅសារជាថ្មី ក្នុងករណីសង្ស័យថា ជារោគសញ្ញា ជម្ងឺកូវីត ១៩ គឺត្រូវដាក់គាត់នៅ ដាច់ដោយឡែក មានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងត្រូវយកសំណាកអ្នកជម្ងឺសង្ស័យ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទឺ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ ៕





អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ និងដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនការស្ថាបនាឱ្យសម្រេចតាមការគ្រោងទុក

ប៉ៃលិន៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ចេង ញ៉ាន់ និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បាន អញ្ជើញ ចុះដោះស្រាយផលប៉ះពាល់ និងពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែរ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្រោម ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ ឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើន លើ គ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ចខ្ពស់នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះ ជាប់ ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និង ដឹកកសិផលយកទៅលក់នៅទីផ្សារ។ នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវ នេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និង សម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនា ផ្លូវនេះឱ្យបានឆាប់រហ័សទៅតាម ផែនការ គ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានា ឱ្យ ការ ប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕





រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនៈកិច្ចរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅកន្លែងផលិតសូត្រ ដោយមានការចូលរួមពី លោក ផល សុជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច លោកស្រី អ៊ំ សោភា នាយិការប្រត្តិបត្តិក្រុមហ៊ុន GSD PHEACH CO., LTD លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតសូត្រខ្មែរ ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្រ្តសូត្រជាតិ ២០១៦-២០២០ ក្នុងគោលបំណងធ្វើឱ្យការចិញ្ចឹមកូននាងស្រាវយកសូត្រមានភាពទំនើបទាន់សម័យនិងប្រកបដោយចីរភាព។ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃសូត្រ ដើម្បីដោះស្រាយកង្វល់ជាអាទិភាព និងពង្រីកវិស័យសូត្រសម្រាប់សេដ្ឋកិច្ចជាតិដោយផ្អែកលើតម្រូវការផលិតផលសូត្រនៅក្នុងស្រុក និងទីផ្សារអន្ដរជាតិ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈទៅលើអាជីវកម្មសូត្រឈានមុខក្នុងការបង្កើតគ្រោងការណ៍កសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅសម្រាប់ប្រតិបត្តិការរបស់ពួកគាត់។ ភាពជាដៃគូរវាងវិស័យឯកជន-សាធារណៈទាំងនេះ ក៏មានការរៀបចំការផ្គត់ផ្គង់សំបុកកូននាង ដែលមានគុណភាពល្អប្រសើរជាងមុន និងជំរុញការដាំដើមមនមានគុណភាពតាមរយ:ការដាំដុះដោយឯកជន។ តាមរយ:សកម្មភាពទាំងនេះ គម្រោងរំពឹងថា កសិករនឹងមានការកើនឡើងនូវប្រាក់ចំណេញពីការផលិតសូត្រឆៅខ្នាតតូច និងផ្គត់ផ្គង់សូត្រឆៅសម្រាប់ត្បាញ និងរចនាជាផលិតផលសូត្រសម្រេច។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវ៉ាក់តម្លៃសូត្រដើម្បីដោះស្រាយបញ្ហារាំងស្ទះក្នុងវិស័យនេះ ដូចជា បច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន និងការធ្វើពិពិធកម្មទីផ្សារ។ ទន្ទឹមនឹងនេះ គម្រោងក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) នៅខេត្តសៀមរាប ដោយធ្វើការប្រមូលផ្តុំក្រុមកសិករផលិតដែលមានស្រាប់ និងចងក្រងបង្កើតក្រុមកសិករផលិតថ្មី ដែលផ្តោតសំខាន់លើផលិតផលសូត្រខ្មែរ ដើម្បីពង្រីក និងកែលម្អរផលិកម្មឱ្យស្របនឹងបទដ្ឋានសូត្រខ្មែរ ព្រមទាំងគាំទ្របច្ចេកទេសថ្មីៗក្នុងការពង្រីកផលិតភាពសូត្រដើម្បីឆ្លើយតបតម្រូវការទីផ្សារ។

ជាមួយគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ឱ្យធ្វើការសហការគ្នារួមចំណែកអភិវឌ្ឍវិស័យសូត្រខ្មែរយើងឱ្យកាន់តែរីកចម្រើន ជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករក្រុមផលិតសូត្រ ជាពិសេសបងប្អូនស្រ្តី និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែ     ច្រវ៉ាក់តម្លៃសូត្រខ្មែរជាមួយតួអង្គពាក់ព័ន្ធដទៃទៀត ព្រមទាំងបានសំណូមពរដល់ក្រុមហ៊ុនដែលរកទទួលទានលើវិស័យសូត្រខ្មែរទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់លើគុណភាពផលិតផលរបស់ខ្លួន ព្រោះថាគុណភាពដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលវែង។

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ គម្រោងដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគកូវីដ១៩


យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នេះបានបង្ហោះថា សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩​ ដ៏កាចសាហាវ​ បើទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។
យើងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រើនមកដល់សព្វថ្ងៃ។
សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំនិងក្រុមគ្រួសារ​ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ដោយសារតែការធ្វេសប្រហែសនឹងការមើលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ​១៩នោះទេ។
អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព​ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩​ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា។