Sunday, May 31, 2020

លោក ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មី បំពេញក្របខណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស តំណាង ដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មី បំពេញក្របខណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនពលទាហាន យោធភូមិភាគពិសេស ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចំនួន១៥៥ នាក់បានធ្វើការហ្វឹកហ្វឺនរយៈពេល៣ខែ កន្លងមក។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំតំណាងនាយក នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ តំណាងការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ លោកមេបញ្ជាការរង  ការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ សាលា គ្រូឧទ្ទេសនាម យោធាចារ្យ និងអ្នកគ្រប់គ្រងពលទាហានថ្មី ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ទទួលខុសត្រូវ លើការងារគ្រប់គ្រងបានល្អ  បានយកចិត្តដើម្បីផ្តល់នូវចំណេះដឹង យុទ្ធសាស្រ្ត យុទ្ធវិធី ព្រមទាំងជំនាញផ្សេងៗ ក្នងកងយោធពលខេមរភូមិន្ទ ជូនដល់ពលទាហាន ធ្វើជាមូលដ្ឋានសំម្រាប់យកទៅបំពេញភារកិច្ច ការពារជាតិ មាតុភូមិ ទៅតាមបណ្តាអង្គភាព។ ជាក់ស្តែង សិក្ខាកាមយើងបានធ្វើលំហាត់ បាញ់គ្រាប់ពិត នៅក្នុងភូមិសាស្ត្រភូមិ កោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ទទួលបានលទ្ធផលល្អ។

លោក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ពលទាហានថ្មី ទាំងអស់ដែលត្រូវបញ្ចប់វគ្គហ្វឹកហ្វឺន នៅពេលនេះ ត្រូវស្មោះត្រង់ដាច់ខាត ជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងគោរពអោយបាននូវ វិន័យកងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចតិកស្លូតបូត សុភារាបសារ សមស្របជាកងយោធពលខេមរភូមិន្ទ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ត្រូវសាមគ្គីភាពល្អ ជាមួយយុទ្ធមិត្តរួមអាវុធ សាមគ្គីភាពល្អ និងចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គម អនុវត្តនូវគោលនយោបាយ ៩ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវប្រឆាំងដាច់ខាត និងចូលរួមទប់ស្កាត់នូវរាល់អំពើភេរវកម្ម ផ្សេងៗ របស់ពួកអមិត្ត និងចលនាបដិវត្តពណ៌ មិនអោយកើតមាននៅកម្ពុជា ជាដាច់ខាត ៕








No comments:

Post a Comment