Monday, October 25, 2021

វីដេអូ៖ រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលទាំង៤

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា

 

ពិធីប្រគល-ទទួលអំណោយឧបត្ថម្ភរបស់អង្គការ UNICEF តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖  នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាអង្គការ UNICEF តាមរយៈរក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងគ្រោះទឹកជំនន់ តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។

អំណោយរួមមាន:

១.សាប៊ូម្សៅ ២ ៦២៥ កញ្ចប់

២.ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ

៣.ស្រោមដៃកៅស៊ូ ចំនួន៣៧៥ គូរ 

៤.សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ

៥.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ២៨ ២០០ បន្ទះ

៦.របាំងមុខចំនួន ៧០០ របាំង

៧.អៀមប្លាស្ទិកចំនួន ៥ ៧៥០

ក្នុងនាមរដ្ឋបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អង្គការ UNICEF លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  ក្នុងខេត្តនិងគ្រោះទឹកជំនន់ អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

នាឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានសម្តែងនូវការគោរពជូនពរ អង្គការ រដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





វិភាគអន្តរជាតិ៖ ហេតុអ្វីនៅអាស៊ី អាមេរិកប្រជែងមិនឈ្នះចិន?


(វ៉ាស៊ីនតោន)៖ តំបន់អាស៊ីទាំងមូលកំពុងមាននិន្នាការឆ្ពោះទៅរកទិសដៅដ៏គ្រោះថ្នាក់ ក្នុងបរិបទដែលការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលកាន់តែរីកសាយភាយទាំងនៅក្នុងចំណោម សម្ព័ន្ធមិត្ត និងគូប្រជែងរបស់សហរដ្ឋអាមេរិក។ រីឯ បណ្ដាប្រទេសជាមហាអំណាចនុយក្លេអ៊ែរនាំគ្នាធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររៀងៗខ្លួន នៅចំពោះមុខការដើរថយក្រោយនៃ លទ្ធិប្រជាធិបតេយ្យ និងការថយចុះឥទ្ធិពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈឥទ្ធិពលចិនកើនឡើង។

សហរដ្ឋអាមេរិកមិនមែនជាដើមហេតុនៃនិន្ននាការដ៏គ្រោះថ្នាក់ទាំងនេះទេ ប៉ុន្តែគឺយុទ្ធសាស្ត្រយោធារបស់អាមេរិកចំពោះតំបន់អាស៊ីទៅវិញទេ ដែលធ្វើឱ្យស្ថានការណ៍កាន់តែ យ៉ាប់យ៉ឺន។ តាមរយៈការបង្កើនវត្តមានយោធា និងសព្វាវុធនៅក្នុងតំបន់ ក៏ដូចជាការលើកទឹកចិត្តឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកឃ្លាំងអាវុធ, ទីក្រុងវ៉ាស៊ីនតោនកំពុងបង្ហាញប្រាប់ ពិភពលោកថាជម្លោះអាចនឹងផ្ទុះឡើងដោយចៀសមិនរួច។ សហរដ្ឋអាមេរិកបានចាត់ទុកចិន និងកូរ៉េខាងជើងគឺជាបញ្ហាជាក់ស្ដែងរបស់អាស៊ីតែមួយគត់ ប៉ុន្តែទន្ទឹមគ្នា អាមេរិក ខ្លួនឯងបានប្រគល់ដំណែងតួឯកសេដ្ឋកិច្ចទៅឱ្យចិន ហើយបានបោះបង់ចោលសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាវិសមភាព, ការប្រែប្រួលអាកាសធាតុ និងបញ្ហាដទៃទៀត ដែលបង្កអសន្តិសុខក្នុងតំបន់ តាមមធ្យោបាយ «មិនមែនផ្លូវយោធា»។ នេះជាមូលហេតុមួយធ្វើឱ្យសហរដ្ឋអាមេរិកប្រជែងឥទ្ធិពលមិនឈ្នះចិន នៅក្នុងតំបន់អាស៊ី។

* យោធាដើរមុនការទូត

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ី និងនៅជុំវិញពិភពលោកក្នុងរយៈពេលរាប់សិបឆ្នាំមកនេះគឺឱ្យយោធាដើរមុន ទើបការទូត និងសេដ្ឋកិច្ចដើរតាមក្រោយ ស្របពេលដែលយុគសម័យបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាយុគសម័យប្រជែងខាងសេដ្ឋកិច្ច។ អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ បានដើរតាម យុទ្ធសាស្ត្រនេះក្នុងការរក្សាភាពជាមហាអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ក្រោមយុទ្ធសាស្ត្រដែលគេស្គាល់ជាទូទៅថា «យុទ្ធសាស្ត្រផ្តោតជាអាទិភាពលើតំបន់អាស៊ី» និង «សេរីភាព និងបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ យុទ្ធសាស្ត្រទាំង២នេះមើលឃើញថាការកើនឡើងឥទ្ធិពលចិនទាំង សេដ្ឋកិច្ច, នយោបាយ និងយោធាជាការគំរាមកំហែងដ៏ធំដល់ ភាពជាអំណាចលេខ១ នៅលើពិភពលោករបស់សហរដ្ឋអាមេរិក ហើយសូម្បីតែលោកប្រធានាធិបតី ចូ បៃដិន ក៏ត្រូវបានគេមើលឃើញថានៅតែដើរតាមយុទ្ធសាស្ត្រនេះដដែល ចំពោះតំបន់អាស៊ី។

ដើម្បីខ្ទប់ការធ្វើទំនើបកម្មកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ចិន, រដ្ឋបាលលោក បៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រយោធាដ៏មានមហិច្ឆតាមួយដែលសព្វថ្ងៃគេហៅថា «ឥណ្ឌូ- ប៉ាស៊ីហ្វិក»។ នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ- ប៉ាស៊ីហ្វិកនេះ, សហរដ្ឋអាមេរិកបានបើកដៃឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូង អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល, ចែករំលែក បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអូស្ត្រាលី នៅក្រោមសម្ព័ន្ធភាព AUKUS ព្រមទាំងបង្កើនការលក់សព្វាវុធឱ្យកោះតៃវ៉ាន់ និងហ្វីលីពីដែលសុទ្ធសឹង តែកំពុងមានជម្លោះទឹកដីជាមួយចិន។

លើសពីនេះទៅទៀត, កាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកក៏បានប្រកាសផងដែរពីផែនការបង្កើនវត្តមានយោធាអាមេរិកនៅទូទាំងទី្វបអូសេអានី ក្នុងនោះរួមមានទាំងការសង់មូលដ្ឋានយោធាថ្មីនៅលើប្រទេសដែនកោះមីក្រូណេស៊ី (Micronesia), កោះហ្គាំ, ប៉ាពូអាស៊ីនូវែលហ្គីណេ និងដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅលើប្រទេស ដែនកោះប៉ាឡូ (Palau)។ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានថាចិនអាចនឹងបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រហូតទាល់តែពួកគេគិតថា គ្រប់គ្រាន់អាចកំញើញ ឬទប់ស្កាត់ការវាយប្រហារណាមួយពីសត្រូវ។ អមជាការព្រមាននេះ, រដ្ឋបាលលោក ត្រាំបានដាក់ចេញផែនការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៣០ឆ្នាំ ដោយត្រូវចំណាយចន្លោះពី ១.២ទ្រីលានដុល្លារ ដល់ ១.៧ទ្រីលានដុល្លារ។

តាមពិតទៅ, ចាប់តាំងឡើងកាន់អំណាចមក, លោក បៃដិនត្រូវបានគេមើលឃើញថានៅតែបន្តអនុវត្តតាមនយោបាយមួយចំនួនរបស់លោក ត្រាំ។ តួយ៉ាង, លោក បៃដិនបានគាំទ្រផែនការការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់លោក ត្រាំ ជាពិសេសការអភិវឌ្ឍគ្រូសមីស៊ីលបាញ់ចេញពីនាវាមុជទឹក, មីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ Trident D5, ការដាក់ពង្រាយបន្ថែម នូវប្រព័ន្ធខែលការពារមីស៊ីលក្នុងតំបន់អាស៊ីភាគឦសាន រួមទាំងបង្កើតកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី B-21 ចំនួន១៤៥គ្រឿងដែលទាំងនេះបង្ហាញថារដ្ឋបាលលោក បៃដិន នៅតែផ្ដោតសំខាន់លើ «សកម្មភាពយោធា ជាងការទូត»។

* គ្រោះមហន្តរាយនៅចំពោះមុខ?

យុទ្ធសាស្ត្រយោធានិយមរបស់សហរដ្ឋអាមេរិក មិនត្រឹមតែបង្កហានិភ័យផ្ទុះសង្រ្គាម និងការរត់ប្រណាំងសព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងផងដែរដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ី។ ជាក់ស្ដែង ការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងអង់គ្លេសជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ អាចនឹងត្រូវបានចិន ឬកូរ៉េខាងជើងប្រើប្រាស់ជាហេតុផលមួយ ក្នុងការពង្រឹងសមត្ថភាពយោធា និងសព្វាវុធ រួមទាំងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ ពួកគេ។

ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង, ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង និងសេចក្ដីរាយការណ៍ពីការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកាលពីពេលថ្មីៗនេះ អាចយកមកធ្វើជាទឡ្ហីករណ៍បានថាការរត់ប្រណាំសព្វាវុធនៅក្នុងតំបន់អាស៊ីចាប់ផ្ដើមលេចចេញជារូបរាបជាបណ្ដើរៗហើយ។ ក្រុមអ្នកជំនាញភាគច្រើនយល់ថានៅក្នុងការប្រជែង ជាមួយចិន, សហរដ្ឋអាមេរិកមិនគួរផ្ដោតលើយោធាខ្លាំងពេកនោះទេ ខណៈអ្វីដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ីត្រូវការ នោះគឺសេដ្ឋកិច្ច, ការអភិវឌ្ឍ, ការវិនិយោគ និងពាណិជ្ជកម្ម។ ប៉ុន្តែ សហរដ្ឋអាមេរិកបានធ្វេសប្រហែសខ្លួនឯង ចំពោះតម្រូវការសេដ្ឋកិច្ចនៃតំបន់អាស៊ី ដែលនេះបានទុកឱកាសចិនពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការពង្រីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងពេលដែលសហរដ្ឋអាមេរិកជាប់រវល់នឹងការលក់អាវុធ និងជាប់ដៃក្នុងជម្លោះនៅមជ្ឈិបូព៌ារាប់សិបឆ្នាំមកនេះ, ចិនឯណេះវិញបានកា្លយជាតួឯកសេដ្ឋកិច្ចដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីរួចស្រេចទៅហើយ។ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី រួមទាំងប្រាក់កម្ចីខាងហេដ្ឋារចនាសម្ព័ន្ធរបស់ចិនបានវ៉ាដាច់ សហរដ្ឋអាមេរិក។ ម្លោះហើយក្នុងពេលបច្ចុប្បន្ន, នៅពេលនិយាយដល់ប្រយោជន៍សេដ្ឋកិច្ច, បណ្ដាប្រទេសក្នុងតំបន់អាស៊ីភាគច្រើន ក្នុងនោះរួមមានទាំងប្រទេស ឬដែនដីដែលមាន ជម្លោះជាមួយទីក្រុងប៉េកាំង សុទ្ធតែមិនហ៊ានចេញមុខប្រឆាំងនឹងចិនដោយផ្ទាល់ ឬក៏ចូលរួមឱ្យពេញទំហឹងជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងចិននោះទេ៕

ប្រភព៖ Foreign Affairs (ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News




សត្វផ្សោត ទន្លេមេគង្គដែលរស់នៅអន្លង់ឈើទាល នៃអន្តរព្រំប្រទល់រវាង កម្ពុជានិង ឡាវកំពុងឈានទៅបាត់បង់ទាំងស្រុង


ភ្នំពេញ៖ សត្វផ្សោតទន្លេមេគង្គ (Orcaella brevirostris) ដែលរស់នៅដាច់ស្រយាលពីគេ ក្នុងអន្លង់ឈើទាល ស្ថិតជាប់នឹងព្រំប្រទល់នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ កំពុងឈានទៅបាត់បង់ទាំងស្រុង។នេះបើតាមការចេញសេចក្តីប្រកាសរួមគ្នារវាងរដ្ឋបាលជលផលកម្ពុជាអង្គការអាស៊ីនៃអង្គការ WWF និង អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)នៅថ្ងៃទី២៤ ខែ តុលាឆ្នាំ ២០២១។ គួរបញ្ជាក់ថាសត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ នៅក្នុងប្រទេសក្រកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់នៃប្រទេសឡាវ ត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ១៨០គម។


បើតាមលទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ ២០២០ បានប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ៨៩ ក្បាលប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលចំនួនកូនផ្សោតដែលបានកត់ត្រាថ្មីៗ។ ក្រុមសត្វផ្សោតដែលរស់នៅក្នុងអន្លង់ឈើទាល គឺជាក្រុមរស់នៅដាច់ដោយឡែកពីក្រុមសត្វផ្សោតដទៃទៀត ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។


ប្រភពខាងលើនេះបានបញ្ជាក់ថាបើផ្អែកតាមការសិក្សាអង្កេត ចំនួនសត្វផ្សោតនៅអន្លង់ឈើទាលបានថយចុះជាបន្តបន្ទាប់មកត្រឹម៣ក្បាលក្នុងឆ្នាំ២០១៨ និង១ក្បាលក្នុងឆ្នាំ២០២១។ តាមការពិនិត្យជាក់ស្តែង អន្លង់ឈើទាលនេះ រងនូវហានិភ័យខ្ពស់ ដែលធ្វើឱ្យសត្វផ្សោតរស់ក្នុងអន្លង់នោះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការប្រែប្រួលរបបទឹកផ្នែកខាងលើនៃទន្លេមេគង្គ និងកិច្ចសហការក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ហាមឃាត់ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ម៉្យាងទៀត សត្វផ្សោតមួយចំនួននៅអន្លង់ឈើទាលនេះក៏បានស្លាប់ បណ្តាលមកពីអាយុកាលផងដែរ។ ចំនួនសត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់នេះ អ្នកវិទ្យាសាស្ត្របានប្រកាសរួចមកហើយកាលពីឆ្នាំ ២០១៦ ថា ហ្វូងផ្សោតដែលរស់នៅក្នុងអន្លង់ឈើទាលនេះនឹងឈានទៅផុតពូជនៅថ្ងៃខាងមុខ។


លោកបណ្ឌិត Randall Reeves ប្រធានក្រុមអ្នកជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានបញ្ជាក់ប្រាប់ថា៖ «សត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានឹងឈានទៅបាត់បង់ហើយ ដោយសារវានៅសេសសល់ចំនួនតិចតួចណាស់ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តដឹងថាវាបានរស់នៅដាច់ឆ្ងាយពីហ្វូងធំៗដទៃទៀត ដែលកំពុងរស់នៅក្នុងអន្លង់នៃខ្សែទឹកខាងក្រោមទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង»។


នៅក្នុងឆ្នាំ ២០០៧ ការតាមដានស្ថានភាព និងចំនួនសត្វផ្សោតដោយផ្អែកលើអត្តសញ្ញាណរូបថតដែលធ្វើឡើងដោយរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF បានកត់ត្រាទុកសត្វផ្សោតពេញវ័យចំនួន ៨ ក្បាល ដែលធ្លាប់បានរស់នៅក្នុងអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានេះ។ ការតាមដានក្រោយៗទៀតដែលបានប្រព្រឹត្តទៅតាមវដ្តនៃការធ្វើជំរឿនសត្វផ្សោត បានបង្ហាញថា ចំនួននេះបានធ្លាក់ចុះ ត្រឹមចំនួន ៣ ក្បាល នៅក្នុងឆ្នាំ ២០១៨ និងមកនៅត្រឹមតែមួយក្បាលប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២១ នេះ ដោយផ្សោតមួយក្បាលនេះមានអត្តលេខសម្គាល់ លេខ ៣៥ ។


ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានថ្លែងឱ្យដឹងថា៖ « ការថយចុះចំនួនសត្វផ្សោតនៅអន្លង់ឈើទាល (អន្លង់អន្តរព្រំប្រទល់) ដែលនឹងឈានទៅបាត់បង់នាពេលខាងមុខ ជាសញ្ញាប្រកាសអាសន្នមួយដល់អនាគតនៃថនិកសត្វដ៏សំខាន់ប្រភេទនេះ។ បច្ចុប្បន្ន ទោះបីជា សត្វផ្សោតនៅសល់តែចំនួនមួយក្បាលក្នុងអន្លង់ឈើទាលនេះក៏ដោយ ក៏រដ្ឋបាលជលផលនៅតែបន្តខិតខំការពារ និងពង្រឹងកិច្ចសហការជាមួយភាគីឡាវ ក្នុងការគ្រប់គ្រងធនធានជលផលដ៏មានតម្លៃនេះ។


ជាមួយគ្នា ឯកឧត្តម ពុំ សុថា បានបញ្ជាក់បន្ថែមថា៖ «សត្វផ្សោតទន្លេមេគង្គត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។

សត្វផ្សោតទន្លេមេគង្គបានប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗអស់រយៈកាលជាច្រើនទសវត្សរ៍មក ហើយ។ កត្តាគំរាមកំហែងដែលជាមូលហេតុចំបងៗដែលបានបណ្តាលឱ្យចំនួនសត្វផ្សោតនៅក្នុងអន្លង់អន្តរព្រំដែនធ្លាក់ចុះជាបន្តបន្ទាប់រួមមានការស្លាប់ដោយជាប់នឹងមងនេសាទ ការអភិវឌ្ឍទំនប់វារីអគ្គីសនីនៅខ្សែទឹកបែកខាងលើមេគង្គដែលបង្កការរាំងនូវលំហូរទឹកជាធម្មជាតិ ការនេសាទហួសកំម្រិត និងការអនុវត្តវិធីសាស្រ្តនេសាទបែបបំផ្លាញ ដូចជាការប្រើឧបករណ៍ឆក់ជាដើម។ កត្តាគំរាមកំហែងទាំងនេះក៏កំពុងបន្តដាក់សម្ពាធខ្លាំងឡើងៗលើការរស់រានមានជីវិតរបស់សត្វផ្សោតនៃទន្លេមេគង្គទាំងមូល។


នៅក្នុងឆ្នាំ ២០២០ និងក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ នេះ ការងារល្បាតតាមទីជម្រករបស់សត្វផ្សោត តាមបណ្តោយដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង បានសម្រេចបានលទ្ធផលសំខាន់ៗដូចជាការរឹបអូសនូវមងនេសាទខុសច្បាប់ សរុបប្រវែងប្រមាណ ១១២.០០០ ម៉ែត្រ ព្រមទាំងរឹបអូសនូវសន្ទូចរនងដាក់ក្នុងទីជម្រកផ្សោតសរុបប្រវែងប្រមាណជាង ១៣១.០០០ ម៉ែត្រផងដែរ។ ការងារល្បាតក៏បានទប់ស្កាត់និងរឹបអូសផងដែរនូវការនេសាទដោយឧបករណ៍ឆក់សរុបចំនួន ២០ ករណីផងដែរ។


ទាក់ទិនក្នុងរឿងនេះដែរឯកឧត្ដម ពុំ សុថា បានមានប្រសាសន៍ថា៖ «សូមអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ បន្ថែមទៀត ដើម្បីចូលរួមគ្រប់គ្រងធនធានជលផលនៅតំបន់អន្តរព្រំប្រទល់ ដែលជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាននៃប្រទេសទាំងពីរ និងការរស់រាននៃសត្វផ្សោតដែលនៅសល់ក្នុងអន្លង់ឈើទាលនេះ»។


លោកស្រីបណ្ឌិត Uzma Khan អ្នកសម្របសម្រួលកម្មវិធីអភិរក្សសត្វផ្សោតទន្លេ និងប្រព័ន្ធទន្លេប្រចាំតំបន់អាស៊ីនៃអង្គការ WWF និងជាសមាជិកនៃក្រុមអ្នកជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្ស ធម្មជាតិ (IUCN) បានឱ្យដឹងថា៖ «យើងកំពុងតែមើលឃើញការបាត់បង់ដ៏គួរឱ្យសោកសង្រេងនូវសត្វផ្សោតអន្តរព្រំប្រទល់ដែលជាសត្វនិមិត្តរូបដ៏សំខាន់មួយប្រភេទនេះ។ វាពិតជាការសោកស្តាយមួយដ៏ខ្លាំងពន់ពេក។» លោកស្រី បានបន្ថែមទៀតថា៖ «ខណៈពេលដែលការឈានជិតទៅផុតពូជរបស់សត្វផ្សោតនៃអន្លង់អន្តរព្រំប្រទល់នឹងចូលមកដល់ យើងសូមអំពាវនាវដល់រដ្ឋាភិបាលឡាវ និងកម្ពុជាក្នុងការរួមសហការគ្នាដើម្បីបញ្ឈប់ការប្រើប្រាស់មង និងវិធីនេសាទខុសច្បាប់ដទៃៗទៀតទាំងនៅក្នុង និងជុំវិញអន្លង់អន្តរព្រំប្រទល់ ក៏ដូចជារួមគ្នាបន្ទាន់ដើម្បីរៀបចំផែនការស្តារឡើងវិញនូវទីជម្រកដោយរក្សា និងធានាឱ្យបាននូវលំហូរទឹកជាធម្មជាតិ សម្រាប់ការរស់រានរបស់សត្វផ្សោត និង ត្រីមេពូជផ្សេងៗជាច្រើនប្រភេទទៀត»។


ប្រតិបត្តិការទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គ បានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងររួចហើយដល់ប្រព័ន្ធទន្លេដែលស្ថិតនៅផ្នែកខាងក្រោមនៃទំនប់ទាំងនោះ។ រាល់គម្រោងសាងសង់ទំនប់វារីអគ្គីសនីដទៃៗទៀតដែលបានស្នើឡើងនៅលើដងទន្លេមេគង្គនឹងបង្កើនហេតុប៉ះពាល់ និងផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដល់ការរស់រានមានជីវិតរបស់សត្វផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ ព្រមទាំងធនធានជលផលជាច្រើនប្រភេទផ្សេងៗទៀត។ ឯកឧត្ដម ពុំ សុថា បានទទូចស្នើដល់ប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គថា៖ «រាល់ការអភិវឌ្ឍ ជាពិសេស ការសាងសង់ទំនប់វារីអគ្គិសនី គួរធ្វើការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងសង្គម ឱ្យបានពេញលេញ មុននឹងធ្វើការសម្រេចចិត្តជាចុងក្រោយ។


ជាមួយគ្នា ឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចពន្យាពេលនៃការអនុម័តគម្រោងវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ដូចជា គម្រោងទំនប់វារីអគ្គិសនីសំបូរ ក្នុងខេត្តក្រចេះ ជាដើម។ ដោយឡែកលោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទ ស្រុកបុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាបានឱ្យដឹងថា៖ «សត្វផ្សោតទន្លេមេគង្គត្រូវបានប្រជាជនកម្ពុជាគោរព និងចាត់ទុកថាជាសត្វដ៏ពិសិដ្ឋ ព្រោះវាគាំទ្រដល់ការចិញ្ចឹមជីវិតរបស់យើង ដោយផ្តល់នូវប្រភពសម្រាប់រកប្រាក់ចំណូល និងការងារយ៉ាងសំខាន់មួយដល់ប្រជាជនសហគមន៍ដែលប្រកបរបរទេសចរណ៍ធម្មជាតិមើលសត្វផ្សោត»។


លោក គង់ ចាន់ធី បានបន្ថែមទៀតថា៖ «ប្រជាជនកម្ពុជាមានជំនឿថា ទីណាមានផ្សោត ទីនោះមានត្រី។ បើគ្មានត្រី និងគ្មានផ្សោតទេ ការរស់នៅរបស់សហគមន៍យើងក៏នឹងត្រូវអន្តរាយផងដែរ»។ ឯកឧត្តម ពុំ សុថា និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នាថា នាពេលអនាគត ប្រសិនបើសត្វផ្សោតមួយក្បាលដែលកំពុងរស់នៅក្នុងអន្លង់ឈើទាលនេះ បានបាត់បង់បន្ថែមទៀត រដ្ឋបាលជលផល និងអង្គការ WWF នឹងរៀបចំធ្វើរូបសំណាកសត្វផ្សោត ដាក់តាំងនៅលើច្រាំងទន្លេមេគង្គនៃអន្លង់ឈើទាល ដើម្បីរំលឹកដល់សាធារណៈជន និងកូនចៅជំនាន់ក្រោយ បានចងចាំនូវវត្តមានសត្វផ្សោត ដែលធ្លាប់រស់នៅទីនោះ៕ដោយ៖ម៉ាដេប៉ូ






រដ្ឋសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។

របៀបវារៈ សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៤ គឺ៖
១- ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕







អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ស.ស.យ.ក.ខេត្ត

ក្រចេះ៖ នៅថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធាន ស.ស.យ.កខេត្ត ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ស.ស.យ.ក.ខេត្ត ស្ដីពីការបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នៅសាលប្រជុំទីស្នាក់ការ ស.ស.យ.កខេត្តក្រចេះ។


ក្នុងឱកាសនោះ លោកប្រធាន បានកោតសរសើដល់យុវជន ស.ស.យ.ក ឃុំ/សង្កាត់ ស្រុក/ក្រុង និងតាមវិទ្យាល័យ ដែលតែងតែចូលរួមសកម្មភាពការងារមនុស្សធម៌ ការសម្អាតបរិស្ថាន ជាពិសេសការចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចូលរួមសម្របសម្រួលកយុទ្ធនាការចាក់វ៉ាកសាំងប្រឆាំជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រកបដោយកាយវិការសុភាពរាបសារតាមគោលដៅគ្រប់កន្លែងទូទាំងខេត្ត៕






កម្មករ កម្មការិនី រោងចក្រកាត់ដេរក្នុងស្រុកក្រគរចំនួនប្រមាណ១៣០០នាក់ទទួលបានអំណោយកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា  និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាខេត្តនិងលោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់កម្មករ កម្មការនីរោងចក្រប្រមាណចំនួន១៣០០នាក់ ក្នុងស្រុកក្រគរ។

ពិធីនេះបានប្រារព្ធធ្វើនៅសាលាអនុវិទ្យាល័យហ៊ុន សែន ១០មករា បឹងកន្ទួត  ឃុំបឹងកន្ទួត ស្រុកក្រគរ  ខេត្តពោធិ៍សាត់  ដោយមានការអញ្ជើញចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលស្រុក  ក្រុមការងារអគ្គិសនីកម្ពុជា ក្រុមយុវជននិងក្រុមការងារកាកបាទក្រហមជាច្រើននាក់ទៀត។ 

អំណោយទទួលបានរួមមាន៖ ម៉ាស ១ប្រអប់ ទឹកត្រី១យួរ ត្រីខ១ឡូ មី១កេស អង្ករ ២៥ គីឡូក្រាម សាប៊ូ និងថ្នាំពេទ្យមួយចំនួនផងដែរ៕







លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសំណេះសំណាល ដោះស្រាយបញ្ហាជួនបងប្អូនប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសេងសម្បត្តិនៅស្រុកដងទង់

កំពត៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកដងទង់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រែជាខាងជើង ឃុំដងទង់ ជាមួយក្រុមហ៊ុនសេង សម្បត្តិ។

ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកដងទង់ តំណាងក្រុមហ៊ុនសេងសម្បត្តិ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋឡើងមានមតិផ្តល់អំណះអំណាងរៀងៗខ្លួនមក លោកអភិបាលខេត្តបានធ្វើការសម្រេចដូចខាងក្រោម៖

- ក្រុមហ៊ុនដែលបានទិញសិទ្ធអាស្រ័យផល ពីបងប្អូនប្រជាពលរដ្ឋទាំង១៩ គ្រួសារ  ដូច្នេះក្រុមហ៊ុននៅបន្តអាស្រ័យផលដដែល ហើយក្រុមហ៊ុនត្រូវស្នើសុំច្បាប់អភិវឌ្ឍនតាមនីតិវិធីច្បាប់  

- ចំពោះលិខិតស្នាមពាក់ព័ន្ធជាមួយអាជ្ញាធរ លោកនឹងពិនិត្យស្រាវជ្រាវទៅលើផ្លូវច្បាប់ ថាតើមន្ត្រីណាម្នាក់ដែលអនុវត្តផ្ទុយពីច្បាប់ មន្ត្រីនោះនឹងត្រូវទទួលវិធានការរដ្ឋបាល។