Tuesday, October 25, 2016

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរដែនដី ចុះរុះរើបង្គោលរបងដាំលើផ្លូវបុរាណពីលលៃទៅអង្គរ

បង្គោលរបងឈើព័ទ្ធលួសបន្លាប្រវែងប្រហែល៣០០ម៉ែត្រ ដែលមិនស្គាល់ម្ចាស់បានដាំនៅចំកណ្តាលទ្រូងផ្លូវបុរាណពីលលៃទៅអង្គរ ត្រង់ទីតាំងចន្លោះភូមិព្រៃគុយនិងភូមិគោកចាន់ ត្រូវបានកម្លាំងចម្រុះរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន និងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធដែនដី មានភូមិព្រៃគុយ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អំពិល និងក្រុមប្រឹក្សាសង្កាត់អំពិល ធ្វើការចុះរុះរើចេញនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

បើតាមការឱ្យដឹងពីលោក សំ សារ៉េត ប្រធានការិយាល័យនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឲ្យដឹងថា៖ នេះជាលើកទី២ហើយ ដែលទីតាំងនេះត្រូវបានដាំបង្គោលរបង គឺលើទី១ ម្ចាស់ដីនៅខាងកើតផ្លូវបុរាណបានដាំបង្គោលស៊ីម៉ង់ត៍ ហើយអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរមូលដ្ឋានបានហាមឃាត់និងឲ្យរុះរើចេញដោយខ្លួនឯង។ ចំណែកលើកទី២នេះ បានដាំបង្គោលក្រាក់ហើយព័ទ្ធលួសបន្លាចំកណ្តាលទ្រូងផ្លូវតែម្តង ប៉ុន្តែមិនស្គាល់អត្តសញ្ញាណម្ចាស់ទេ។ ដូច្នេះ ដើម្បីទប់ស្កាត់ការរំលោភយកផ្លូវបុរាណដែលជាសម្បតិ្តបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានធ្វើជាកម្មសិទ្ធិនោះ ក្រុមការងារចម្រុះបានសម្រេចរុះរើរបងលួសបន្លានេះចេញតែម្តង ដើម្បីឲ្យម្ចាស់ចេញមុខមកដោះស្រាយ។

លោក សន ចាន់ថន អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា៖ ផ្លូវបុរាណមួយខ្សែនេះ គឺជាផ្លូវធំនៅសម័យអង្គរ។ អាជ្ញាធរជាតិអប្សរា មានតួនាទីថែរក្សាផ្លូវនេះទុកជាបេតិកភណ្ឌ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍និងប្រទេសកម្ពុជាទាំងមូលទៅថ្ងៃអនាគតទៀត ពិសេសសម្រាប់អ្នកបុរាណវិទ្យាស្វែងរកភស្តុតាងផ្សេងៗ ដែលបញ្ជាក់អំពីការរស់នៅរបស់សហគមន៍នាសម័យមុនផងដែរ។ ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋ ឬ ម្ចាស់កម្មសិទ្ធិបន្តរំលោភបំពាននៅលើទីតាំងប្រវត្តិសាស្ត្រឬបុរាណដ្ឋានណាមួយ វានឹងធ្វើឱ្យខូចខាតឬបាត់បង់ស្លាកស្នាមនានាដែលអាចបញ្ជាក់ពីអត្តសញ្ញាណជាតិយើងបាន។

ចំពោះបញ្ហាចុះរុះរើរបងនៅលើផ្លូវបុរាណនេះដែរ លោក ឆេង សី ជាសមាជិកក្រុមប្រឹក្សាសង្កាត់អំពិល មានមតិយោបល់ថា៖ ការចូលរួមនិងការពារបេតិកភណ្ឌជាតិ ជារឿងល្អមួយសម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាប ព្រោះទីនេះសម្បូរទៅដោយកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ មានប្រាសាទ ផ្លូវបុរាណយ៉ាងច្រើន ដែលជាវប្បធម៌អរិយធម៌ខ្មែរ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ។ កន្លងមកយើងខ្ញុំតែងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំប្រជាពលរដ្ឋអំពីកិច្ចការពារបេតិកភណ្ឌ ពីព្រោះប្រជាពលរដ្ឋមួយចំនួនគាត់មិនយល់ថាអ្វីជារបស់បុរាណ ហើយត្រូវការពារដូចម្តេចឡើយ គាត់គ្រាន់តែដឹងថាគាត់ខ្វះខាត គាត់ត្រូវតែធ្វើនូវអ្វីដែលគាត់ចង់ធ្វើ ជាក់ស្តែងដូចជាការដាំរបងលួសបន្លានេះស្រាប់។ ដូច្នេះយើងត្រូវតែហាមឃាត់ និងពន្យល់ឲ្យគាត់យល់នូវអ្វីដែលជាបេតិកភណ្ឌជាតិត្រូវការពារ និងគោរពតាមអ្វីដែលបានកំណត់នៅលើតំបន់ការពារ៕





សម្តេចតេជោនាយករដ្ឋមន្រ្តី - អញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ កិច្ចប្រជុំកមពូល CLMV លើកទី៨ និង កិច្ចប្រជុំកំពូល ACMECS លើកទី៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសថៃ បានអញ្ជើញអញ្ជើញទៅដល់ ទីក្រុងហាណូយ សាធារណរដ្ឋសង្គម និយមវៀត ណាម ជាបន្ត បន្ទាប់គ្នា ដើម្បីចូលរួមវេទិកា សេដ្ឋកិច្ច ពិភពលោកស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ ដែលនឹងប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២៥ និងថ្ងៃទី២៦តុលា ឆ្នាំ២០១៦។

យន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតដោយសុវត្តិភាពនៅ អាកាសយានដ្ឋានអន្តរជាតិ ណូយបៃ (Noi Bai)  ទីក្រុងហាណូយ កាលពីវេលាម៉ោង៩ និង ៤៥នាទី ថ្ងៃទី២៥នេះ ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេស ACMECS សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា គន្លឹៈចំនួន៤ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕



លិខិតមិត្តអ្នកអាន៖ កឹម សុខា ដាក់នុយបញ្ឆោតទណ្ឌិត សម រង្ស៊ី

ជម្លោះផ្ទៃក្នុងរបស់គណបក្សប្រឆាំងនៅតែបន្តកើតមាន ទោះបីជាមើលពីសំបកក្រៅ អតីតគូ សត្រូវទាំងពីរ ដែលម្ខាងមកពីកូតាគណបក្សសមរង្ស៊ី និងម្ខាងទៀតមកពីកូតាបក្សសិទ្ធិមនុស្សហាក់បង្ហាញនូវភាពចុះសម្រុងគ្នាចំពោះសកម្មជន និងសាធារណៈជនក៏ដោយ។

ដោយសារតែបក្សប្រឆាំងមួយនេះត្រូវបានបង្កើតឡើង រួមបញ្ជូលគ្នារវាងគណបក្សនយោបាយពីរ (តាមការបញ្ជារបស់ជនបរទេសស្បែកស) ដែលធ្លាប់ជាសត្រូវនឹងគ្នា ធ្លាប់ឈ្លោះគ្នា និងធ្លាប់តែជេរហែកហួរគ្នាកន្លងមក ទើបមនុស្សក្នុងគណបក្សនេះ ដែលមកពីកូតាបក្សពីរផ្សេងគ្នា មិនសូវចុះសម្រុងគ្នា ហើយបើតាមប្រភពផ្ទៃក្នុងបក្ស ធ្លាប់បានទម្លាយប្រាប់ជាបន្តបន្ទាប់ឱ្យដឹងថា ពួកគេតែងតែមានការអាក់អន់ចិត្ត និងឈ្លោះប្រកែកគ្នា ជាញឹកញាប់ទាក់ទងនឹងបញ្ហាផលប្រយោជន៍ និងមុខតំណែងក្នុងបក្ស។ ជាមួយគ្នានេះ មេបក្សទាំងពីរដែលប្រៀបបាននឹងពស់ក្បាលពីរ តែងតែប្រើប្រាស់ល្បិចកល បែបឈាមត្រជាក់ដើម្បីផ្តួលគ្នាទៅវិញទៅមក ក្នុងបំណងដណ្តើមប្រជាប្រិយភាពក្នុងបក្ស និងដើម្បីគោលដៅក្តោបក្តាប់អំណាច ព្រោះទាំងប្រធានបក្ស និងប្រធានស្តីទីបក្សនេះ សុទ្ធតែមានមហិច្ឆតាស្រមើស្រមៃចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីដូចគ្នា។

សាធារណៈជនប្រហែលជានៅចាំបានហើយថា កាលពីថ្មីៗកន្លងទៅនេះ លោក កឹម សុខា បាន ប្រកាសថា « គាត់ចង់ឱ្យលោក សម រង្ស៊ី ត្រឡប់មកស្រុកខ្មែរវិញ ដឹកនាំបក្សជាមួយគ្នា ដើម្បីឱ្យគាត់មានភាពកក់ក្តៅ ប៉ុន្តែបើលោក សម រង្ស៊ី មិនចង់មកវិញទេ ក៏គាត់អាចដឹកនាំគណបក្សតែម្នាក់បានដែរ ទោះគ្មានវត្តមានលោក សម រង្ស៊ី ក៏ដោយ »។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនគិតថា លោក កឹម សុខា ពិតជាចង់បានកម្លាំងបន្ថែម ព្រោះដោយសារតែគាត់នៅម្នាក់ឯងយូរពេកដូចជារងារ និងចង់បានដៃគូជួយគាំទ្រ ទើបអំពាវនាវឱ្យទណ្ឌិត សម រង្ស៊ី វិលមកកម្ពុជាវិញ ប៉ុន្តែអ្នកវិភាគនយោបាយនៅកម្ពុជាមួយចំនួន ដែលតែងតែតាមដានពីសកម្មភាពមេដឹកនាំបក្សប្រឆាំងទាំងពីរនេះ បែរជាយល់ឃើញផ្ទុយពីនេះទៅវិញ។

តើលោក កឹម សុខា ពិតជាមានចេតនាល្អក្នុងការហៅទណ្ឌិត សម រង្ស៊ី ឱ្យវិលចូលស្រុកវិញឬយ៉ាងណា? ទាំងដឹងហើយថា បើលោក សម រង្ស៊ី ចូលមកវិញពេលនេះ នឹងត្រូវជាប់គុកជាក់ជាមិនខាន?

អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជាមួយចំនួនយល់ឃើញថា ការដង្ហើយហៅលោក សម រង្ស៊ី ពីសំណាក់លោក កឹម សុខា នៅពេលនេះគឺគ្រាន់តែជានុយបញ្ឆោតប៉ុណ្ណោះ។ ការហៅដៃគូរបស់ខ្លួនឱ្យវិលចូលស្រុកវិញ ទាំងកំពុងមានទោសទណ្ឌបែបនេះ វាមិនមែនជាសញ្ញាណល្អ ក្នុងការបង្ហាញភាពស្មោះត្រង់ ក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរនោះទេ ពោលគឺគេមើលមិនឃើញ ពីសុច្ចរិតភាពក្នុងការហៅរបស់លោក កឹម សុខា ចំពោះទណ្ឌិត សម រង្ស៊ី ឡើយ ប៉ុន្តែវាគ្រាន់តែជាអន្ទាក់បញ្ឆោតលោក សម រង្ស៊ី ប៉ុណ្ណោះ។ ជាក់ស្តែងការបោះនុយតាមរបៀបដាក់ផ្កាកំផ្លោកពីលើផ្លែសន្ទូចរបស់លោក កឹម សុខា កំពុងត្រូវបានលោក សម រង្ស៊ី លោតមើលនិងបានស៊ីនុយបណ្តើរៗហើយ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានសម្ញែងថាគាត់នឹងវិលមកកម្ពុជាវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ លោក សម រង្ស៊ី ក៏មិនល្ងង់ពេកដែរ ព្រោះគាត់ស្គាល់ល្បិចពិសពុលរបស់ដៃគូខ្លួនច្បាស់។ ដូច្នេះហើយទើប សម រង្ស៊ី ធ្វើជាប្រកាសថាគាត់នឹងវិលចូលស្រុកវិញ ដែលនេះគ្មានអ្វីក្រៅពីធ្វើជាលេសសំរាប់បន្តបោកសកម្មជន និងអ្នកគាំទ្រខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងបើលោក សម រង្ស៊ី ពិតជាក្លាហាននិងពិតជាមានឆន្ទៈចង់វិលមកវិញមែន គាត់ពិតជាត្រឡប់មកតាំងពីយូរណាស់មកហើយ ដោយមិនចាំបាច់ប្រកាសជាឳឡារិកជាមុនទេ។ ម៉្យាងវិញទៀត ការអំពាវនាវស្វែងរកការដោះដូរ និងជាប់គុកជំនួសសកម្មជន និងមន្ត្រីខ្លួននោះ គ្រាន់តែជាល្បិចនយោបាយ ក្នុងចេតនាទម្លាក់ការចោទប្រកាន់ទៅលើរដ្ឋាភិបាលតែប៉ុណ្ណោះព្រោះតាមការពិតទៅ គាត់ពិតជាដឹងច្បាស់រួចបាត់ទៅហើយថា មិនថាតែនៅកម្ពុជានោះទេទោះបីប្រទេសនៅក្នុងពិភពលោកក៍ដោយ គឺតាមផ្លូវច្បាប់គ្មានបុគ្គលណា អាចទទួលទោសជំនួសបុគ្គលដ៏ទៃបានទេ ទោះបីតែសាច់ញាតិបង្កើតក៏ដោយ ហើយការដោះដូរអ្នកទោសបែបនេះគឺមានតែពួកភេវរករទេ ដែលធ្លាប់ទាមទារធ្វើយ៉ាងដូច្នេះ។ មួយវិញទៀត បើសូម្បីតែទោសកំហុសរបស់ខ្លួនក៏លោក សម រង្ស៊ី ខ្លាចភ្នែកស រហូតរត់ចោលស្រុក៣ទៅ៤លើកហើយមិនដែលហ៊ានប្រឈមមុខផង រឿងអីដែលគាត់ហ៊ានទៅជាប់គុកជំនួសមន្ត្រី និងសកម្មជនរបស់ខ្លួននោះ។ នេះគេហៅថាល្បិចទល់នឹងល្បិច។

ដោយឡែកលោក កឹម សុខា វិញ គាត់បានគិតយ៉ាងច្បាស់ហើយថា តាមចរិតនិងអាយុជិត៧០ឆ្នាំហើយមានជំងឺផង លោក សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកទេ ហើយកាលណាគាត់ប្រកាសថា វិលមកវិញហើយបែរជាមិនហ៊ានមកវិញនោះ នឹងធ្វើឱ្យទណ្ឌិត សម រង្ស៊ី បាត់បង់តំលៃក្នុងនាមជាមេបក្ស។ ដូច្នេះនៅក្នុងគណបក្សគេនឹងមើលឃើញថាលោក កឹម សុខា នៅតែខ្លាំងជាងលោក សម រង្ស៊ី ព្រោះគាត់អាចនៅក្រាញននៀលក្នុងស្រុកខ្មែរ ទោះមានបញ្ហាអ្វីក៏ដោយ។ ទីបំផុតតំលៃរបស់ សម រង្ស៊ី នឹងកាន់តែធ្លាក់ចុះ ខណៈ កឹម សុខា នឹងលេចធ្លោ ដូចពាក្យដែលកឹម សុខា បាននិយាយទុកហើយថា ទោះបីជាគ្មានវត្តមានលោក សម រង្ស៊ី ក៏គាត់អាចដឹកនាំបក្សម្នាក់ឯងបានល្អដែរ។ នេះហើយជាល្បិចប្រជែងអំណាចនយោបាយ នៅពីក្រោយខ្នងការប្រកាសហៅដៃគូឱ្យវិលចូលស្រុកវិញរបស់ កឹម សុខា និងល្បិចសំដែងតួថាខ្លួនជាវីរៈបុរសហ៊ានជាប់គុកជំនួសកូនចៅរបស់ទណ្ឌិត សម រង្ស៊ី ដែលមនុស្សមួយចំនួនមើលមិនឃើញ គិតតែស្រែកជេរបក្សកាន់អំណាច ដោយសារតែល្បែងនយោបាយដែលបង្កប់ ដោយល្បិចកលពិសពុលរបស់មេបោកទាំងពីរនាក់នេះ៕

អត្តបទ៖ អ្នកវិភាគតុកាហ្វេ (ប្រភពពី GNN)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម នៅទីក្រុងហាណូយ ប្រទេសៀតណាម

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រ​កម្ពុជា បានអញ្ជើញដឹក​នាំគណៈប្រតិភូ ទៅចូលរួម​ក្នុងកិច្ចជុំ​កំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​លើកទី៨ CLMV កិច្ចប្រជុំកំពូល​យុទ្ធសាស្ត្រនៃ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-​ចៅប្រាយ៉ា-​មេគង្គលើកទី៧ ACMECS និងវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពីតំបន់មេគង្គ ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃ​ទី២៤-២៦ តុលា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ប្រទេសវៀត​ណាម ។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​នៅក្នុងទំព័រ​ហ្វេសប៊ុក​របស់សម្តេចថា កិច្ចជុំកំពូល​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​លើកទី៨នេះ នឹងធ្វើការ​ពិភាក្សាលើ​ប្រធានបទ ” ចាប់យក​ឱកាស កសាង​អនាគត ” ចំពោះកិច្ច​ប្រជុំកំពូល យុទ្ធសាស្ត្រ​នៃកិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ា វ៉ាឌី -ចៅប្រាយ៉ា-មេគង្គ លើកទី៧ វិញ គឺនឹងពិភាក្សា​ទៅលើប្រធានបទ “ឆ្ពោះទៅ​រកអនុតំបន់មេគង្គ ប្រកបដោយ​ឋាមភាព និងវិបុលភាព” ។ លើសពីនេះ​ទៅទៀត​ជាមួយនឹង​ភាពមិន​ច្បាស់លាស់នៃ​សេដ្ឋកិច្ច​ពិភពលោក ថ្នាក់ដឹកនាំ​នានានៃប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀត​ណាម នឹងឆ្លៀតឱកាស​នៃកិច្ចប្រជុំទី​ក្រុងហាណូយ ដើម្បីចូលរួមជា​មួយថ្នាក់ដឹកនាំ​នៃប្រទេស​តំបន់មេគង្គផ្សេងទៀត ក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក ស្តីពីតំបន់​មេគង្គ ដែលនឹងផ្តោត​លើប្រធាន​បទ “ការស្វែងរកជោគ​ជ័យរួមគ្នា ក្នុងតំបន់​មេគង្គ” ៕