Thursday, November 12, 2020

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

 កំពង់ឆ្នាំង៖ ក្នុងគោលបំណងជំរុញដល់ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយអោយកាន់តែទទួលបានលទ្ធផលល្អនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការ កងទ័ពជើងគោកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការវាយតម្លៃអំពីដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺននេះសំរាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ានក៏ដូចជាកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នៅពេលខាងមុខផងដែរ។

លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់បានចុះទៅពិនិត្យការដ្ឋានសាងសង់មណ្ឌលទីលានបាញ់គ្រាប់ពិត ដែលមាន៖ ទីលានបាញ់កាំភ្លើងខ្លីនារី ទីលានបាញ់កាំភ្លើងខ្លីបុរស ទីលានបាញ់កាំភ្លើងយន្ត ទីលានបាញ់កាំភ្លើងវែង ទីលានបាញ់កាំភ្លើងការ៉ាប៊ីន។ ក្រៅពីនេះមានសាងសង់ អគារវេទិកាយោធា អគារកីឡាកររង់ចាំបាញ់ ឃ្លាំងដាក់អាវុធ និងគ្រាប់ត្រៀមបាញ់ ចំណតរថយន្ត អគារហ្វឹកហាត់ជំនាញប្រឆាំងភេវរកម្ម ឃ្លាំងដាក់គ្រាប់ ឃ្លាំងដាក់កាំភ្លើង បន្ទប់ដុតអុស អគារស្នាក់នៅ និងផ្ទះបាយសម្រាប់កងការពារ និងអគារហ្វឹកហាត់តាមបច្ចេកទេសប្រព័ន្ធស៊ីមូឡេហ្សិន (Simulation)។

លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានចុះទៅពិនិត្យការដ្ឋានសាងសង់ស្ថានីយផលិតទឹកស្អាតទី២ អគារទីចាត់ការ ស្ថានីយ៍ចម្រោះទឹកស្អាត អគារស្នាក់នៅ វេទិកាសំរាប់ការប្រារព្ធពិធី និងអាងស្តុកទឹក និងបានជួបសំណេះសំណាលជាមួយសិក្ខាកាមនៅក្នុងមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជំរាយផងដែរ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ នាពេលនោះ លោក ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន ដែលនេះមានលក្ខណៈល្អប្រពៃ គឺចំទិសដៅដែលយើងចង់បានដែលត្រូវប្រើប្រាស់ជាពហុវិស័យ និងឈានដល់កំរិតអន្តរជាតិថែមទៀត។

លោក ទៀ បាញ់ ក៏បានឯកភាពចំពោះការស្នើសុំប្តូរឈ្មោះ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ទៅជាភ្នំជុំរីករាយវិញ។ ទាក់ទងទៅនឹងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ឆ្នាំ២០២២ លោក បានបញ្ជាក់ថា ប្រសិនបើការសាងសង់ហេដ្ឋារចនាសម្ព័ននានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយបានរួចរាល់ និង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កម្ពុជានឹងប្រកាសទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាននេះ៕





ធុងលាងសំអាតដៃចំណុះ៥០០លីត្រ ត្រូវបានដាក់នៅតាមទីប្រជុំជនក្នុងសហគមន៍ជនបទ ដើម្បីប្រើប្រាស់ជាសាធារណៈ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ និងមន្ទ្រីអង្គការសុវណ្ណភូមិ រួមជាមួយការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក បាននាំយកធុងលាងសំអាតដៃចំណុះ ៥០០ លីត្រ ចំនួន ២ ដើម្បីដាក់ឱ្យប្រើប្រាស់នៅតាមទីប្រជុំជនសហគមន៍ជនបទ ក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ ចំនួន ២ កន្លែង។

សូមបញ្ជាក់ថា ធុងលាងសំអាតដៃចំណុះ ៥០០លីត្រ ចំនួន ២ នេះជាការឧបត្ថម្ភរបស់ អង្គការសុវណ្ណភូមិ ដែលត្រូវបានដាក់នៅកន្លែងទី១ នៅទីប្រជុំជនសហគមន៍ជនបទនៅផ្សារត្បែងខ្ពស់ ស្ថិតក្នុងឃុំត្បែងខ្ពស់ និងកន្លែងទី២ នៅទីប្រជុំជនសហគមន៍ជនបទនៅផ្សារក្រាំងល្វា ស្ថិតក្នុងឃុំក្រាំងល្វា។

ក្នុងនោះបើតាមការការឱ្យដឹងពីអង្គការសុវណ្ណភូមិ គ្រោងផ្តល់ធុងលាងសំអាតដៃចំណុះ ២០លីត្រ ចំនួន ៦ បន្ថែមទៀត ដើម្បីដាក់នៅតាមទីប្រជុំជនសហគមន៍ជនបទ និងមណ្ឌកសុខភាព ក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕






ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាលនិងធ្វើចត្តាឡីស័ក

 ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការកែសម្រួលនេះធ្វើឡើងដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ដែលបានមកដល់ និងគ្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម៖






អភិបាលរងខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំឆមាសទី៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ក្រចេះ៖ នៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២០ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២0២០ របស់ក្រុមកាងារបច្ចេកទេស លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ខេត្តក្រចេះ។ដោយមានការចូលរួមពីលោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រួមអង្គការដៃគូ កិច្ចប្រជុំនេះធ្វើឡើងដោយមន្ទីរអភិវឌ្ឍ ជនបទ និងគាំទ្រដោយអង្គការ KWWA នៅសាលប្រជុំសាលា ខេត្តក្រចេះ។

លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ពីផែនការសកម្មភាពខេត្តជំហានទី២ ដែលបានចូលរួមកសាងផែនការ ពីបណ្តាភាគីពាក់ព័ន្ធនានា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា ពីក្របខណ្ឌលទ្ធផលចុងក្រោយថា ប្រជាជននៅទីជនបទ ត្រូវទទួលបាននូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយ សមធម៌ និរន្តរភាព និងសុវត្ថិភាព ឬយ៉ាងហោចណាស់ ៩០% នៃប្រជាជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកជនបទកម្រិតមូលដ្ឋាន និង៨០% នៃប្រជាជនត្រូវទទួលបាននូវសេវាអនាម័យកម្រិតមូលដ្ឋាន។ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងតំបន់ទីប្រជុំជនរបស់ខេត្ត មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាពិសេសក្នុងបណ្តាឆ្នាំថ្មីៗកន្លងទៅនេះការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋនៅជនបទ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹករួមមាន៖ ការផ្តល់អណ្តូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង សហគមន៍គ្រួសារ និងប្រពន័្ធចែកចាយទឹកសហគមន៍ ដែលធ្វើឲ្យប្រជាជនទទួលបានទឹកប្រើប្រាស់មានលក្ខណៈប្រសើរឡើង។ 

លោកបន្តថាយោងតាមទិន្នន័យគោលនៃមន្ទីរអភីវឌ្ឍន៍ជនបទខេត្តស្តីពីការងារទឹកស្អាត សុខភាព និង អនាម័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ អត្រាផ្គត់ផ្គង់ទឹកជនបទ គឺមាន៧៥% កើនឡើង ៦% ធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹម ៦៨.៩% (ទិន្នន័យទឹកស្អាត និងអនាម័យ ខេត្តក្រចេះ MIS ត្រឹមឆមាសទី៣ ឆ្នាំ២០២០) ។ អត្រាគ្របដណ្តប់ផ្នែកអនាម័យជនបទ គិតត្រឹមឆ្នាំ២០២០ គឺមាន៥៥% កើនឡើង១១% ធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹម៤៤% (ទិន្នន័យទឹកស្អាត និងអនាម័យ ខេត្តក្រចេះ MIS ត្រឹមឆមាសទី ៣ ឆ្នាំ២០២០) អត្រាកំណើននៃផ្នែកទាំងពីរនេះ គឺដោយសារមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធអាជ្ញាធរគ្រប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងមានកិច្ចសហការចូលរួម របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ដែលជាអ្នកទទួលផលផងដែរ។

ក្នុងឱកាសនោះលោក ប៉ែន លីណាត បានថ្លែងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាស ឲ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតគនិតយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឲ្យបាននូវគោលដៅផែនការ សកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ 

លោកបន្តទៀតថា ស្ថានភាពអនាម័យជនបទ ជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ នៅសហគមន៍ លើការប្រតិបត្តិអនាម័យ ឲ្យបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យឲ្យក្លាយទៅជា ការរស់នៅមានអនាម័យ ដើម្បីលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពួកគាត់ឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។ការផ្លាស់ប្ដូរ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ នៅក្នុងសហគមន៍ ព្រមទាំងជៀសបាន នូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ៕







លិខិតមិត្តអ្នកអាន៖ ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី

 កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។

សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ«ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។
មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។
អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖
ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី
កុំឲ្យឧក្រិដ្ឋជនអាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។
ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា
អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជា មិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម
មួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។
ទី៣-ចំពោះរឿងចង់ចូលរួម
សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ
មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង។
ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។
ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុច កណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផងនិងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។
ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត។
ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?
ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាស
ក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។
តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។
សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។
ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។
ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែ
ដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំ
ការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕
ដោយ: អ្នកនយោបាយតុកាហ្វេ