Friday, January 24, 2014

បទអត្ថាធិប្បាយ​៖ តើ​វត្តមាន​មេបក្ស​ប្រឆាំង​ នាំមក​នូវ​ការ​សង្គ្រោះ​ជាតិ​ ឬ​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​?​



ពង្ស សុក្រឹត្យ        

ប្រជាពលរដ្ឋ​ និង​អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​បាន​មើល​​ឃើញ​ថា​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី លើក​លែង​ទោសដល់​ទណ្ឌិត​ សម រង្ស៊ី ថ្វាយ​ចំពោះ​ព្រះ​មហាក្សត្រ​​ ក្នុង​ន័យ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​មក​ យើង​ឃើញ​ថា​ ស្ថិរ​ភាព​សង្គម​ និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ​ និង​មាន​ភាព​វឹក​វរ​ ជាបន្ត​បន្ទាប់​។​
មានន័យ​ថា​ បន្ទាប់ពី​ លោក សម រង្ស៊ី​ បាន​រួច​ផុត​ពី​ការ​លើក​លែង​ទោស​ ហើយឈាន​ជើង​ដល់​ដី​ខ្មែរ​ ថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើម​កើត​កល្បយុគ្គ ជាបន្តបន្ទាប់​ ស្ទើ​តែ​គ្មាន​​ថ្ងៃស្ងប់​ស្ងាត់​​ឡើយ​​។ គណបក្ស​សង្គ្រោះ​ជាតិ​ មិនបាន​សង្គ្រោះ​ជីវភាព​ប្រជាពលរដ្ឋ​ឡើយ​ ប៉ុន្តែ​ បាន​ខិត​ខំ​កៀងគរ​ប្រជាពលរដ្ឋ​​​ធ្វើ​បាតុកម្ម​តវ៉ា បិទផ្លូវ​សេដ្ឋ​កិច្ច​​ជាតិ​ និងជម្រុញ​ឲ្យ​មាន​​អំពើ​ហិង្សា​នានា​នៅតាម​រោង​ចក្រ​ ដោយ​ការ​ញុះញង់​ បំផុស​បំផុល​ ​ទាំង​នៅ​ទី​ជន​បទ​ ក៏ដូច​ជា​​ទី​ក្រុង​ និង​បាន​ប្រើប្រាស់​ភាសា​លាប​ពណ៌​នយោបាយ​ ឲ្យ​​ខ្មែរ​​ស្អប់​​ខ្មែរ​ ឲ្យ​អ្នក​ជនបទ​ស្អប់​អ្នក​ទី​ក្រុង​ អ្នក​ក្រ​ស្អប់​អ្នក​មាន​ ហើយ​ទី​បំ​ផុត​ គឺ​ប្រជា​ពលរដ្ឋ​​ និង​កូន​ចៅ​ប្រជាពលរដ្ឋ​ ជាអ្នក​ទទួល​រង​នូវ​ផល​វិបាកដល់​ជីវភាព​គ្រួសារ​ទាំងមូល។​​​​​
ទាំងលោក​​ សម រង្ស៊ី និង កឹម សុខា​ ​ត្រេកអរណាស់​ និង​ស្វាគមន៍​​ការ​ផ្អាក​ជំនួយ​ពី​សហរដ្ឋអាមេរិក​ ដែលផ្តល់មក​ប្រជាជន​កម្ពុជា​។ រាល់​បញ្ហា ​ដែល​កើត​មាននាពេល​បច្ចុប្បន្ន​នេះ​​ គឺ​មេបក្ស​ទាំងពីររូបជាអ្នក​បង្ក​ឡើង​ទាំងអស់​។ ដង្ខៅបាតុកម្ម​ទាំង​ពីរ​ ​រីករាយ​នឹង​ការ​ធ្វើមាន​ ធ្វើ​បាន​ ពីការ​​​អំពាវ​នាវឲ្យ​សហគមន៍អន្តរជាតិ​ដាក់​​សម្ពាធ​​មកលើ​រាជ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​​​​ ម្យ៉ាងទៀត​ពួកគេបាន​ចេញជា​​លិខិតចំហរ​ កាលពី​សប្តាហ៍​កន្លង​ទៅ​​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដេរខោអាវដេរស្បែកជើងម៉ាក​ល្បីៗ និងសហជីព​លើ​ពិភពលោក កុំ​ឲ្យ​គាំទ្រ​ផលិតផល​របស់​កម្ពុជា
ទង្វើ​ដ៏ឆ្កួត​លីលា​ ប្រឆាំង​ផ្កាប់​មុខ​ ទប់​ស្កាត់​មិនឲ្យ​ប្រជាពលរដ្ឋ​​មាន​ជីវភាព​កាន់​តែ​ប្រសើរ​បែប​នេះ​ តើ​សក្តិសម​ ជាគណបក្ស​ដែល​ជួយ​ប្រជាពលរដ្ឋ​ និង​ជួយ​សង្គ្រោះ​ជាតិ​ដែរឬទេ?​
ល្បិច​កល​ដ៏កខ្វក់មួយទៀត​​​របស់​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រេច​មហិច្ឆតាក្នុង​ការ​ដណ្តើម​អំណាចរបស់​ខ្លួន​​ គឺ​ការ​​ប្រើប្រាស់​កម្លាំង​​កម្មករ​តាម​បណ្តារោង​ចក្រ​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម កុបកម្ម​​តវ៉ា ដោយ​យក​លេស​ថា​​ទាមទារ​តម្លើង​ប្រាក់​ខែ​​ទ្វេរ​ដង​​នៃ​ប្រាក់​ខែ​គោល​​ឲ្យ​កម្មករ​​​។​ ផ្ទុយទៅ​វិញ​ ផល​វិបាក​នៃ​ការ​ធ្វើ​បាតុកម្មនេះ​ បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​ និង​ចំណូល​របស់​កម្មករ​ ជាពិសេស​ចំណូលប្រចាំខែ​​របស់​ប្រជាពលរដ្ឋ​នៅតាម​ជន​បទ​ ធ្លាក់​ចុះ​ដោយ សារ​តែ​ក្រុម​គ្រួសារ​ ឬសាច់​ញាត្តិ​ពួក​គេ​មិន​បាន​ចូល​ធ្វើការ​។​
​តាម​របាយការណ៍ប៉ាន់​ស្មាន​​របស់​តំណាង​សម្ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​ដែលកម្ម​ករ​បាន​ផ្ញើ​ទៅ​ផ្គត់​ផ្គង់នៅឯស្រុក-ភូមិនោះ​គ្រួសារ​បាន​បាត់​បង់​ជាង​៥លាន​ដុល្លារ​អាមេរិក​ និង​ខាត​បង់​រាប់សិប​លាន​ដុល្លារ​ទៀត​ ដោយ​សារ​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​មិនដំណើរ​ការ​ ឬមានដំណើរការយ៉ាងលំបាកលំបិន នៅអំឡុង​ពេលធ្វើ​បាតុកម្ម​​នោះ។​​ របាយការណ៍​ក៏បាន​ឲ្យដឹង​ដែរ​ថា​ ការ​ទាមទារ​តម្លើង​ប្រាក់​ខែ​គោល​រហូត​ដល់​១៦០​ដុល្លារ​នោះ​ គឺ​អាច​ប៉ះ​ពាល់​ដល់​​ពិន្ទុ​នៃការ​ទាក់​ទាញ​អ្នក​វិនិយោគ​​បរទេស​ ជាពិសេស​ការ​បាត់បង់​កំណើន​សេដ្ឋកិច្ច​ជាតិ​​។​
        ដូច្នេះ​ ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី ទាំង​អស់​គួរ​ចេះ​ពិចារណា​ និង​មិន​ត្រូវ​ស្តាប់​ ឬជឿ​​លើ​ការ​ញុះញង់​​របស់​មេ​បក្ស​ប្រឆាំង​ និង​មេ​សហជីព​មួយ​ចំនួន​ ដែល​ជាខ្សែរ​ស្រឡាយ​​​​នយោបាយ​ របស់​បក្ស​សង្គ្រោះ​ជាតិ​​នោះ​ទេ​។​ ពួក​គេ​តែង​តែ​បំផុស​ថា​ ធ្វើ​បាតុកម្ម​ ដើម្បី​​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ ផលប្រយោជន៍​​កម្ម​ករ​ តែ​ធាតុ​ពិត គេ​ឲ្យ​កម្មករ​ស្រែក​តវ៉ា ពី​រឿង​បោះឆ្នោត​​ឡើង​វិញ ឬ​ទាមទារ​​ឲ្យ​នាយករដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​​ទៅវិញ​​​​។​ នេះ​គឺ​ជា​រឿង​នយោបាយ​បំផ្លិចបំផ្លាញជាតិសុទ្ធ​សាធ​!​

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៤