Saturday, June 03, 2017

លិខិតមិត្តអ្នកអាន៖ សំឡេងការពារសន្តិភាព និងអភិវឌ្ឍវៃបំបែកសំឡេងញុះញង់ និងសន្យាខ្យល់

ពិតជាមិនធម្មតាមែន! ជាមួយនរណាបាន ជាមួយមេទ័ពនគរទេវតាពិតជាគ្មាននរណាអាចយកឈ្នះ​លើគណបក្សប្រជាជនកម្ពុជាបានឡើយ! សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ២០ម៉ឺននាក់​ នៅរាជធានីភ្នំពេញ បានស្ម័គ្រចិត្តចូលរួមដង្ហែក្បួនបិទបញ្ចប់ការឃោ​សនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ដឹកនាំដោយមេទ័ពនគរទេវតា សម្តេចតេជោ ហ៊ុន សែន។
ជាក្បួនដង្ហែឃោសនាបោះឆ្នោតដែលធំជាងគេលើកទី១ នៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅកម្ពុជា និងជាលើកទី១ ដែលមេទ័ពនគរទេវតាដែលមានបទពិសោធន៍គ្រប់គ្រងដឹកនាំប្រ​ទេសដ៏យូរជាងគេនេះ បានចេញដឹកនាំក្បួនដើម្បីលើកទឹកចិត្ត សមាជិកសមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សជាង ៥ លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ចំនួនដ៏ច្រើនសម្បើមនៃការគាំទ្រនេះឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រង និងដឹកនាំប្រទេសកម្ពុជាជាង ៣៨ ឆ្នាំមកនេះ ពិតជាបានដើរនៅលើផ្លូវត្រូវផ្តល់ និងឆ្លើយតបទៅតាមអ្វីដែលប្រជាពលរដ្ឋភាគច្រើនចង់បាននិងត្រូវការ។ បងប្អូនប្រជាពលរដ្ឋ ក៏បានសម្រេចផ្តល់ការគាំទ្របន្តទៀតដល់គណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសថែរក្សាសន្តិភាព ដែលមានសម្រាប់បន្តការអភិវឌ្ឍ។
ក្បួនឃោសនាដ៏ធំសម្បើម អ្នកចូលរួមជាង ២០ ម៉ឺននាក់ បានហែរកាត់ទីក្រុងភ្នំពេញរាប់ម៉ោង ក្នុងទម្រង់ផ្លូវហែរព្រឹកមិញ ចំនួននេះបើពន្លាតទាំងអស់ត្រូវគេ ប៉ាន់ស្មានថា ក្បួនឃោសនាបក្សប្រជាជនកម្ពុជាមានប្រវែងប្រមាណ៣០គឺឡូម៉ែត្រ។ ក្បួនដង្ហែរខ្នាតយក្សនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវនិងពីលើអគារស្នាក់នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលមហាក្បួនឃោសនាបានឆ្លងកាត់។
សារសំខាន់ៗជាច្រើនត្រូវបានមេទ័ពនគរទេវតា បញ្ជូនទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់ខ្លួនចាប់តាំងទីតាំងជួបជុំនៅផ្លូវ ៦០ ម៉ែត្រ និងជាហូរហែរនៅតាមដងមហាវិថី ជុំវិញ​សមិទ្ធផលសម្រេចបាន ការការពារថែរក្សាសន្តិភាពដែលមានសម្រាប់បន្តការអភិវឌ្ឍ និងការទប់ស្កាត់ការប៉ុនប៉ងដោយ ក្រុមបក្សប្រឆាំងក្នុងការបង្កចលាចល និងទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី។ ពលរដ្ឋបានស្វាគមន៍វត្តមានសម្តេច ហ៊ុន សែន និងបានផ្តល់នូវការជឿជាក់កាន់តែខ្លាំងលើការដឹកនាំរបស់គណបក្ស និងត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងថែមទៀត។
តាមពិតទៅបើប្រៀបធៀបគ្នា ក្បួនឃោសនាបក្សប្រជាជនកម្ពុជាកាលពីព្រឹកម្សិលមិញ បានស៊ីដាច់ក្បួនឃោសនាទម្ងន់ស្រាលរបស់បក្សប្រឆាំងនៅល្ងាចថ្ងៃទី២ មិថុនា នេះ ព្រោះបក្សប្រឆាំងមិនអាចរកមនុស្សឱ្យគ្រប់ ៥ ម៉ឺននាក់តាមការប្រកាសរបស់ខ្លួនឡើយ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ទៅគណបក្សសង្គ្រោះជាតិ ថាមិនត្រូវកៀងគរសកម្មជនបក្សខ្លួនមកពីខេត្តដទៃមកជួយហែរការឃោសនានៅរាជធានីភ្នំពេញខុសពីកិច្ចព្រមព្រៀងជាមួយអាជ្ញាធររាជធានីភ្នំពេញឡើយ។
តាមពិត បក្សប្រឆាំងពុំគួរលេងល្បែងឆ្ពិនភ្នែក ដូច្នេះលើការបំប៉ោងចំនួនអ្នកចូលរួមឡើយ ហើយក៏គួរបែងចែកឱ្យច្បាស់ រវាងអ្នកចូលរួមពិត និងរូបភាពចូលរួមសន្មតក្រោយពីស្ទះចរា​ចរណ៍ ខណៈជារឿយៗក្បួនហែរឃោសនារបស់បក្សប្រឆាំងភាគច្រើន គ្មានសណ្តាប់ធ្នាប់ និងបង្កការថ្នាំងថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀត។ ទោះយ៉ាងណា ក្បួនឃោសនាខ្នាតយក្សរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ពិតជាបានអង្រួនដួងចិត្តប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យដឹងច្បាស់ថាគណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំនយោបាយ និងមាន​ធនធានមនុស្សហូរហៀរ ជាចលករដ៏មានថាមពល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្បូណ៌រុងរឿង។
រយៈពេល ១៤ ថ្ងៃនៃការឃោសនាបោះឆ្នោតក្រោមប្រឹក្សាឃុំសង្កាត់ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២ ខែមិថុនានេះ រាស្ត្រទូទាំងនគរបានមើលឃើញថាទាំងកម្មវិធីនយោបាយ ដែលបានតាក់តែងឈរលើតថភាពពិត និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសន្ទុះនៃការគាំទ្រយ៉ាងច្រើនក្រាស់ក្រែល នៅគ្រប់ច្រកល្ហកនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនពិតជាបានវៃបំបែកឆ្នាំងបាយរបស់អ្នកនយោបាយឱកាសនិ​យមមួយចំនួន និងវៃបំបែកការសន្យាខ្យល់របស់គណបក្សប្រឆាំង ព្រមទាំងបានរួមសាមគ្គីកម្លាំងខ្មែរតែមួយ ដើម្បីត្រៀមការពារការប៉ុនប៉ងទាញកម្ពុជាចូលក្នុងសង្គ្រាមនិងបដិវត្តន៍ពណ៌ ហើយ​បានឈរជាបង្គោលយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ ប្រជារាស្ត្រខ្មែរបានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការជ្រើសរើសយកទេវតាតំណាងសន្តិភាព និងការអភិវឌ្ឍនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕
ដោយ៖ ចៅចាក់ស្មុក