Monday, November 13, 2017

Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានការគាំទ្រ (Like) ជាង៩លាននាក់!

នៅថ្ងៃទី ១៣ វិច្ឆិកា ២០១៧ នេះ ទំព័រ Facebook ផ្លូវការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំងកើនឡើងយ៉ាងឆាប់រហ័សជាង៩លាន Likes ។ ការកើនឡើងយ៉ាងគំហកនេះ គឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសាធារណជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថាជាប្រភពផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាព័ត៌មានអំពីការរីកចម្រើន និងនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរគឺ Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់ភាពងាយកាន់តែស្រួលដល់សាធារណជនទូទៅ មន្រ្តីរាជការ ជាពិសេសយុវជនយុវតីមានឱកាសបានបញ្ចេញមតិយោបល់ និងជម្រាបពីកង្វល់ និងបញ្ហាផ្សេងៗមកកាន់នាយករដ្ឋមន្រ្តីពោលគឺប្រជាពលរដ្ឋកាន់តែមានឱកាសអាចឆ្លើយឆ្លង និងទំនាក់ទំនងដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលបានយ៉ាងងាយស្រួលបំផុត។
តាមរយៈ Facebook នេះ កន្លងមក គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដោះស្រាយនូវបញ្ហានានាជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិដូចជាការសម្រេចឱ្យមានការបន្ធូបន្ថយអំពីបណ្ណបើកបរ ការដកយកប្រាសាទអង្គរវត្តមកឱ្យរដ្ឋគ្រប់គ្រងវិញ ការមិនយកលុយតទៅទៀតចំពោះរមណីយដ្ឋាន ស្ពាន និងផ្លូវមួយចំនួនដូចជា ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផ្លូវ និងស្ពាន លីយ៉ុងផាត់ ស្ពានកោះកុង រមណីយដ្ឋានឋានសួគ៌បូកគោ ជាដើម រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលលោកបានចូលរួមដោះស្រាយតាមរយៈបណ្តាញសង្គម Facebook នេះ៕

ពេលនេះក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានទៅដល់តុលាការកំពូលហើយដើម្បីដាក់ភស្តុតាងសំខាន់ៗ៣បន្ថែមទៀត

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានទៅដល់តុលាការកំពូលហើយ ហើយកំពុងតែដាក់ភស្តុតាងសំខាន់ៗ៣បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ភស្តុតាងទាំងបីបន្ថែមនោះក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ៥ឆ្នាំផងដែរ។
លោកមេធាវី គី តិច ធ្លាប់បានបញ្ជាក់ថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ តុលាការកំពូលនឹងកាត់សម្រេចសេចក្តីទៅលើសំណុំរឿងសុំប្តឹងរំលាយគណបក្សសង្រ្គោះជាតិ៕



លោកស្រី យូ សុភា ចុះសាកសួរសុខទុក្ខ ​និងដឹកនាំ​ក្រុមគ្រូពេទ្យកូរ៉េ​ ចុះជួយព្យាបាល​ជម្ងឺដល់ប្រជាពលរដ្ឋ​ នៅសង្កាត់​គោកចក​

សៀមរាប៖ បន្ទាប់ពីក្រុមការងារអន្តរវិស័យរបស់សាលាខេត្ត បាននាំក្រុមគ្រូពេទ្យកូរ៉េចុះព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់គោកចកអស់រយៈពេលមួយព្រឹកកន្លងមក លោកស្រី យូសុភា អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ចើញចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យកូរ៉េ ដែលបានចុះជួយព្យាបាលជម្ងឺ កាត់សក់ ផ្តល់វែនតាជូនប្រជាពលរដ្ឋ និងកុមារនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សៀមរាប ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះសួរសុខទុក្ខនេះ គឺជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ៕





យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនបន្តទៀត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាយុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនបន្តទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារ ចំនួន១ខ្នងជាអំណោយរបស់អង្គការមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស (SEAPC-C) ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជប់វារី ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនាយកអង្គការមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស( អង្គការ SEAPC-C) សហការី ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុប១០០០នាក់ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះប្រកបដោយការឈ្លាសវៃ ច្បាស់លាស់ រឹងមាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះយុវជន យុវនារីជាកម្លាំងដ៏សំខាន់ចាំបាច់ណាស់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យរីកចម្រើនបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងកោតសរសើរនិងថ្លែងអំណរគុណដល់ម្ចាស់ជំនួយអង្គការ (SEAPC-C) ដែលបានផ្តល់នូវអគារសិក្សាមួយខ្នងដោយចំណាយថវិកាកសាងសរុបចំនួន ( ១៥០.០០០ដុល្លារអាមេរិក) នេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស ចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន និងដើម្បីអប់រំខ្លួនឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងបរិបទសកល គោលដៅអភិវឌ្ឍប្រកបដោយចីរភាព បានផ្ដោតលើការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មីឱ្យមានសមត្ថភាពពេញលេញ ប្រកបដោយគុណភាព ដែលជាត្រីវិស័យសម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិរបស់យើងឱ្យមានការរីកចម្រើន ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំដល់ក្មួយៗជាសិស្សានុសិស្សនិងអ្នកចូលរួមទាំងអស់ ត្រូវតែចូលរួមថែរក្សាអគារសិក្សា បរិស្ថាន និងខិតខំរៀនសូត្រ ហើយផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ កូនចៅ បងប្អូន មិត្តភក្តិត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន ត្រូវចាំថា ការដាំដុះ រក្សាទុក ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ។

ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានភ្ជាប់មកនូវអំណោយឧបត្ថម្ភរួមមានដូចខាងក្រោម៖
១៖ ជូនថវិកាដល់វិទ្យាល័យជប់វារី ១លានរៀល។
២៖ ជូនលោកគ្រូ អ្នកគ្រូ ១១៨នាក់ក្នុង១នាក់ទទួល បានសារ៉ុង១និងថវិកា២ម៉ឺនរៀល។
៣៖ សិស្សានុសិស្សចំនួន ៤០២នាក់ក្នុងម្នាក់ទទួល បានសៀវភៅ៤ក្បាលខ្មៅដៃ១ បិច១និងថវិកា៥០០០រៀល។
៤៖ ប្រជាពលរដ្ឋចូលរួម៥២៧នាក់ ក្នុង១នាក់ ទទួលបានសារ៉ុង១ ផងដែរ។
៥៖ ពិធី បំពាក់មេដាយនិងគ្រឿងឥស្សរិយយសជូនដល់ម្ចាស់ជំនួយចំនួន៤នាក់៕







ថ្នាក់ដឹកនាំក្រសួងការពារជាតិ៖ កងទ័ព ត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាមជាមួយក្រុមប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងក្បត់ជាតិ

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយទាហ៊ាន នារទាហ៊ានរង និងពលទាហ៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយលើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣–០៩ វិច្ឆិកា ២០១៧) ដែលអមដំណើរដោយ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និង ឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥៣ ចំណុះយោធភូមិភាគទី៥ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រាប់ឱ្យកងទ័ពត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាម ជាមួយពពួកមនុស្សណា ក្រុមណា ដែលចង់ធ្វើបដិវត្តន៍ពណ៌ នៅប្រទេសកម្ពុជា ជាពិសេសជនក្បត់ជាតិ។

នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ ដាច់ខាតត្រូវថែរក្សាការពារសន្តិភាពជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងពេលអនាគត។ លោកបានមានប្រសាសន៍បន្តថា កងទ័ពជាស្នូលធំបំផុតក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ហើយគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីជាកាលៈទេសៈ ណាក៏ដោយ ហើយគាំទ្រលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ពីព្រោះការដឹកនាំរបស់លោកបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានមានប្រសាសន៍ជំរុញដល់កងទ័ពទាំងអស់គប្បីត្រូវតែខិតខំពង្រឹងគុណភាព សមត្ថភាពបន្ថែមទៀត ជាពិសេសត្រូវបង្កើនសកម្មភាព ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការងារមនុស្សធម៌ ហើយត្រូវតែអនុវត្តន៍ឱ្យបានដាច់ខាត នូវពាក្យស្លោករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា « ងូត ទឹក ដុះក្អែល និង ឆ្លុះកញ្ចក់ »។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានឧបត្ថម្ភដល់កងពលតូចថ្មើរជើងលេខ ៥៣ មានដូចជា អង្ករ ៥តោន ត្រីងៀត ៥០គីឡូក្រាម សាច់ក្រក ៥០គីឡូក្រាម ត្រីខ ១៨កេះធំ មី ១៤៥កេះ ស្បែកជើង ២៥គូ នាយទាហ៊ាន ពលទាហ៊ាន ចំនួន ៥០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់កសាងអង្គភាព ចំនួន ១០លានរៀលផងដែរ៕


លោក គឹម សន្ដិភាព៖ ការប្រមូលផ្តុំកម្លាំងមហាជនដាក់សម្ពាធលើស្ថាប័នតុលាការជាទង្វើល្មើសច្បាប់

ស្របពេលដែលថ្ងៃកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ កាន់តែខិតជិតចូលមកដល់នោះលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកលើកឡើងថា ការប្រមូលផ្តុំកម្លាំងមហាជនដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តនូវវិធានការចាំបាច់ផ្សេងៗ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គឹម សន្ដិភាព បានបញ្ជាក់យ៉ាងច្បាស់ថា «ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»។

សូមជម្រាបថា ការចេញមកប្រកាសបែបនេះ របស់លោក គឹម សន្ដិភាព ធ្វើឡើងស្របពេលដែល ថ្ងៃកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលរងបណ្ដឹងថា បានឃុបឃិតជាមួយបរទេស ហើយប្រព្រឹត្តិអំពើក្បត់ជាតិនោះ កាត់តែជិតចូលមកដល់ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ ពាក់ព័ន្ធករណីនេះ នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នឹងដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ករណីប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលនៅថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីគី តិច ថ្លែងប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តន៍ពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕


កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាត្រូវបើកដំណើរការនៅព្រឹកនេះ

កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកដំណើរការកិច្ចប្រជុំ ដែលដឹកនាំដោយប្រធានរដ្ឋសភា លោក ហេង សំរិន។

ប៉ុន្ដែនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភានេះ មិនមានវត្តមានក្រុមតំណាងរាស្ដ្រគណបក្សប្រឆាំងចូលរួមនោះទេ។ កិច្ចប្រជុំនេះនឹងពិភាក្សាលើរបៀបវារៈសំខាន់មួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសដទៃផ្សេងៗមួយចំនួន៕



តំណាងរាស្ដ្រ ស សុខា អញ្ជើញប្រកាសបញ្ជូន សមាជិកគណបក្សប្រជាជនថ្មី ជាង៤០០នាក់ ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ ក្នុងមូលដ្ឋានខេត្តព្រៃវែង

ព្រៃវែង៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញ ប្រកាសបញ្ជូនសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៤១៦នាក់ ដែលបានចាកចេញពីគណបក្ស សង្គ្រោះជាតិ ហើយមកសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋាន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា លើកឡើងពីស្ថានភាពនយោបាយនៅបរទេស ដើម្បីជម្រាបជូនសមាជិក ថ្មី របស់គណបក្សប្រជាជនកម្ពុជា ឱ្យយល់កាន់តែច្បាស់ ហើយកុំឱ្យចាញ់បោកការឃោសនា របស់ក្រុមបក្ស ជាតិមួយចំនួន។

បន្ថែមពីនេះ លោកតំណាងរាស្ដ្រមណ្ឌលព្រៃវែង ក៏បានប្រាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធាន។

ជាមួយគ្នានោះ លោក ស សុខា ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលបានមកសុំរួមរស់ ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា៕








លោកស្រី ម៉ែន សំអន ថ្លែងថាមន្រ្តីល្អរបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ និងមានអត្តចរិតសីលធម៌ល្អប្រពៃ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ថ្លែងថាមន្រ្តីល្អរបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ និងមានអត្តចរិតសីលធម៌ល្អប្រពៃ។ លោកស្រីបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៤០ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានមានប្រសាសន៍លើកឡើងថាតាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេនដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា និងត្រងត្រាប់ស្តាប់នូវការចែករំលែកនូវបទពិសោធន៍របស់គ្រូឧទ្ទេសនាម សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត៕




លិខិតមិត្តអ្នកអាន៖ ស្នាមញញឹមពោរពេញដោយចំណងមិត្តភាពស្មើសិទ្ធិ ស្មើភាព និងមោទនភាពជាតិខ្មែរ

ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍពិតជារីករាយយ៉ាងខ្លាំង ពេលបានឃើញរូបថត នៃប្រមុខ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាប្រកបដោយស្នាមញញឹម និងភាពជឿជាក់ និងប្រកបដោយមោទនភាពជាតិជាមួយមេដឹកនាំពិភពលោកនានានៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះនៅ ប្រទេសហ្វីលីពីន។ ស្នាមញញឹមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីអាមេរិក ដែលបានចាប់ដៃគ្នាយ៉ាងស្វាហាប់ និងប្រកបដោយមិត្តភាពបានបញ្ជាក់ពីចំណងការ ទូតដ៏រឹងមាំ រវាងប្រទេស ទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក។ ចំណងមិត្តភាពដ៏ល្អ និងទំនាក់ទំនងប្រកបដោយស្មើភាព និងស្មើសិទ្ធិនេះ ក៏មានជាមួយមេដឹកនាំប្រទេស ផ្សេងៗទៀតផងដែរ។ នេះគឺជាការទះកំផ្លៀងទៅក្រុមបក្សប្រឆាំង និងមេអង្គការ មានតែក្បាលមួយចំនួនដែលព្យាយាម​ ក្នុងការបកស្រាយប្រកបដោយអគតិ ក្នុងភាពអវិជ្ជមានទៅលើ សកម្មភាពរបស់សម្តេចតេជោ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងសង្កត់ធ្ងន់ជាច្រើនដង​ ទាំងនៅចំពោះមុខមហាសន្និបាត អង្គការសហប្រជាជាតិ និងនៅកិច្ចប្រជុំ APEC នៅវៀតណាមនូវគោលជំហររបស់ ខ្លួនថា «ក្នុងនាមលោកជា ប្រធានាធិបតី លោកតែងតែតម្កល់ផលប្រយោជន៍អាមេរិកមុនគេបំផុត រីឯមេដឹកនាំប្រទេសផ្សេងទៀត ក៏ដូចគ្នាដែរ ត្រូវគិតគូរពីផលប្រយោជន៍ប្រទេសខ្លួនមុនគេ»។ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិតជាបានបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាមុនគេបង្អស់ចាប់តាំង ពីសម្តេចបានចូលរួម ក្នុងការរំដោះជាតិ ហើយបន្តមកដល់បច្ចុប្បន្ន និងទៅអនាគតខាងមុខទៀត។ ផលប្រយោជន៍ជាតិ និងប្រជាជន កម្ពុជាដែលត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យខាងតែបាន ទប់ស្កាត់ និងបង្ក្រាបក្រុមក្បត់ជាតិ ឃុបឃិតនឹង បរទេសបំផ្លាញ ខ្មែរតាមរយៈការបំផ្ទុះបដិវត្តន៍ពណ៌ ការអធិបតេយ្យជាតិទៅដាក់ក្រោមជើងបរទេស ការអំពាវនាវឱ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រជជនកម្ពុជា ការវាយបំបែក ឆ្នាំងបាយប្រជាជានតាមរយៈការស្នើឱ្យបរទឹសកុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពី កម្ពុជា។ ទាំងនេះជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។

កម្ពុជាបច្ចុប្បន្នខុសពីកម្ពុជាអតីត! ពីមុនគេស្គាល់កម្ពុជា ដោយសារតែរបបវាលពិឃាតខ្មែរក្រហម និងរូបភាព អាក្រក់ៗផ្សេងទៀតតាមការលាបពណ៌របស់បក្សប្រឆាំង និងជនបរទេសមួយចំនួន ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលចាំបាច់ត្រូវសរសេររបាយការណ៍អាក្រក់ពីកម្ពុជាដើម្បីទទួលបានជំនួយ ប៉ុន្តែពេលនេះកម្ពុជាពិតជា បាន បោះជំហានទៅមុខ និងល្បីល្បាញខាងទេសចរណ៍ វប្បធម៌ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការថែរក្សាបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ និងជាប្រទេសមួយ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងបេសកកម្មមនុស្ស ធម៌ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងជាដៃគូជាមួយប្រទេសនានាទាំងតូចទាំងធំដោយស្មើភាព និងស្មើសិទ្ធិ! នេះជាមោទនភាពពិតរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនដូចបក្សប្រឆាំង និងប្រធានអង្គការមានតែក្បាល ខ្លះខិតខំទាញទម្លាក់កម្ពុជាដែលជាប្រទេសផ្តល់កំណើតឱ្យខ្លួន ចូលទៅក្នុងភក់ជ្រាំ។ ការថែរក្សាសន្តិភាពបាន កម្ពុជានឹងទទួលបាននូវឱកាសគ្រប់បែបយ៉ាងទាំងផ្នែកការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច ធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
ហេតុនេះហើយបានជា កម្ពុជាត្រូវចាត់វិធានការចាំបាច់នានាដើម្បីការពារសន្តិភាព ដែលរកបានមកដោយ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រជាជនកងទ័ព និងថ្នាក់ដឹកនាំ របស់យើងឱ្យបាន ហើយប្រឆាំង ដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញប្រទេសគ្រប់បែបយ៉ាងពីក្រុមបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ព្រមទាំងបរិវាររបស់ខ្លួន។ ទង្វើក្បត់ជាតិទាំងនេះ និងការឃុបឃិតជាមួយបរទេសបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈមមុខនឹងការសម្រេចពីតុលាការកំពូល រំលាយបក្សនេះចោល និងហាមឃាត់សមាជិក គណៈ អចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិប្រមាណជាង ១០០នាក់មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ! ការគ្រប់គ្រងស្ថានការណ៍មិនឱ្យបក្សប្រឆាំងសម្រេចបានជោគជ័យនូវផែនការ បដិវត្តន៍ ពណ៌របស់ខ្លួនគឺជាភាពជោគជ័យយ៉ាងធំធេងរបស់ប្រជាជនកម្ពុជា និងជាភព្វសំណាង របស់កម្ពុជាដែលមាន មេដឹកនាំដូច សម្តេចតេជោ ហ៊ុន សែន ដែលបានជួយរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន ពីរបបខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងមានកំណើនសេដ្ឋកិច្ចប្រមាណជាង ៧%ក្នុងមួយឆ្នាំ។

ក្រោយពីរងសោកនាដកម្ម និងការដាក់ទណ្ឌកម្ននយោបាយ និងសេដ្ឋកិច្ចទាំងអយុត្តិធម៌កាលពីអតីតកាល ពេលនេះកម្ពុជាពិតជាមានមោទនភាពដែលមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបានដើរតួនាទីសំខាន់ ទាំងនៅក្នុងតំបន់ និងពិភពលោក។

ស្នាមញញឹមមេដឹកនាំកម្ពុជានៅពេលនេះក៏ជាស្នាមញញឹមរបស់ប្រជាជនខ្មែរ ដែរ និងជាស្នាមញញឹមប្រកប ដោយមោទនភាពជាតិខ្មែរ ហើយយើងជាជនជាតិខ្មែរត្រូវនាំគ្នាជ្រោងទង់ជាតិខ្មែរ មោទនភាពជាតិនេះឱ្យ គង់វង្សជារៀងរហូត៕

ដោយ៖ ចៅចាក់ស្មុក








លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល បច្ចេកទេស០១ ខ្នង នៅវិទ្យាល័យជប់វារី

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល បច្ចេកទេស០១ ខ្នង នៅវិទ្យាល័យជប់វារី ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ អង្គការ (SEA PC-C )៕






ចៅសង្កាត់រងទី២ សង្កាត់ត្រើយកោះ ក្រុងកំពត ប្រកាសលាលែងពីគណបក្សសង្រ្គោះជាតិ

កំពត៖ លោក ឆូវ ភិរុទ្ធ ចៅសង្កាត់រងទី២ សង្កាត់ត្រើយកោះ ក្រុងកំពត នៃកូតាគណបក្សសង្រ្គោះជាតិ និងជាប្រធានគណបក្សសង្រ្គោះជាតិសង្កាត់ត្រើយកោះ ក្រោយពីបានទស្សនាវីដេអូឃ្លីប នៃអំពើក្បត់ជាតិរបស់ កឹម សុខា លោកក៏បានសុំលាលែងពីសមាជិកគណបក្សសង្រ្គោះជាតិ ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានខិតខំកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ ៕




រុស្ស៊ី ព្រមផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងគាំទ្រពេញទំហឹងចំពោះចំណាត់ការទាំងឡាយក្នុងការរក្សាស្ថិរភាពនយោបាយ

តាមរយៈសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពនយោបាយ។

ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម៉ាក់ម៉េដេវ។ លោក ឌីមេទ្រី ម៉ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។

នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុងចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានូវស្ថិរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឱ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះ។ ក្នុងជំនួបខាងលើនេះ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ីឱ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។ ជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឌីមេទ្រី ម៉ាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឱ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ៕





អភិបាល​ខេត្តស្វាយរៀង​ អញ្ជើញចូលរួម​ក្នុងពិធីបិទ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ស្វាយ​រៀងខាប់ លើកទី៣ ឆ្នាំ២០១៧

ស្វាយរៀង៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក រវាងក្រុមបាល់ទាត់ធារីលីងគួយ និងក្រុមបាល់ទាត់ស.ស.យ.ក ស្រុករមាសហែក នៅពហុកីឡារដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមការងារផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន នូវថវិកា២លានរៀល ក្រុមអាជ្ញាកណ្ដាលដែលចូលរួមកាត់សេចក្ដីក្នុងការប្រកួត ថវិកា២លានរៀល និងឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត ថវិកា ១លានរៀលផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ធារីលីងគួយ ទទួលបានមេដាយមាស១ ពានរង្វាន់១ និងថវិកា៦លានរៀល។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.ក ស្រុករមាសហែក ទទួលបានមេដាយប្រាក់១ និងថវិកា៣លានរៀល។ ចំពោះចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ផេនដាហ្វេសស៊ី ទទួលបានមេដាយសំរិទ្ធិ១ និងថវិកា១លាន ៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ស.ស.យ.កស្រុកស្វាយជ្រំ ទទួលបានថវិកាលើកទឹកចិត្ត ១លាន៥សែនរៀល ផងដែរ៕





នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ព្រមព្រៀងបោះបង្គោលព្រំដែនឱ្យបានញឹកនៅកន្លែងមានភាពសាំញ៉ាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ូលីត បានព្រមព្រៀង និងឯកភាពគ្នាឱ្យមានការបោះបង្គោលព្រំដែនបន្ថែមលើចំនួនបង្គោលព្រំដែន ដែលមានស្រាប់ ពោលនៅកន្លែងដែលមានបញ្ហាសាំញ៉ាំ ត្រូវបោះបង្គោលព្រំដែនឱ្យបានញឹក ដើម្បីចៀសវាងបញ្ហាជាមួយគ្នាទៅថ្ងៃក្រោយទៀត។ ការព្រមព្រៀងគ្នាឱ្យមានការបោះបង្គោលព្រំដែនឱ្យបានញឹកនៅតំបន់មានបញ្ហាសាំញ៉ាំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីកន្លែងដែលលោក ហ៊ុន សែន និងលោក ថងលួន ស៊ីស៊ូលីត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ រួមនិងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ លោក ហ៊ុន សែន និង លោក ថងលួន ស៊ីស៊ូលីត បានថ្លែងថា កំពុងតាមដាន និងត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយមិនឲ្យមានបញ្ហាកើតឡើងទៀតនោះឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកពិតជាមានការរីករាយចំពោះសភាពការណ៍ តាមតំបន់ព្រំដែនមិនមានភាពតានតឹង ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្រ្តីការបរទេស និងគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំ ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង សំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។

លោក ហ៊ុន សែន និងលោកថងលួន ស៊ីស៊ូលីត ក៏បានឯកភាពទទួលយកតាមសំណើរបស់ប្រធានាធិបតីបារាំង ក្នុងការផ្តល់អ្នកជំនាញឯកទេសព្រំដែន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាព្រំដែន ដែលមិនទាន់បានដោះស្រាយ។ ក្នុងកិច្ចសំណេះសំណាលនោះ មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការចុះហត្ថលេខាស្នើដល់ភាគីបារាំងបញ្ជូនអ្នកឯកទេសបារាំង ដើម្បីចូលមកធ្វើការជាមួយភាគីកម្ពុជា និងភាគីឡាវ លើបញ្ហាព្រំដែនដែលនៅសេសសល់។ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ទទួលស្វាគមន៍ការមកដល់នៃអ្នកឯកទេសព្រំដែនបារាំង ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ មានព្រំដែនប្រវែង ៥៤០គីឡូម៉ែត្រ ហើយត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥ បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ៕

ប្រភព៖ Fresh News