Monday, November 13, 2017

លោក គឹម សន្ដិភាព៖ ការប្រមូលផ្តុំកម្លាំងមហាជនដាក់សម្ពាធលើស្ថាប័នតុលាការជាទង្វើល្មើសច្បាប់

ស្របពេលដែលថ្ងៃកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ កាន់តែខិតជិតចូលមកដល់នោះលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកលើកឡើងថា ការប្រមូលផ្តុំកម្លាំងមហាជនដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តនូវវិធានការចាំបាច់ផ្សេងៗ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គឹម សន្ដិភាព បានបញ្ជាក់យ៉ាងច្បាស់ថា «ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»។

សូមជម្រាបថា ការចេញមកប្រកាសបែបនេះ របស់លោក គឹម សន្ដិភាព ធ្វើឡើងស្របពេលដែល ថ្ងៃកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលរងបណ្ដឹងថា បានឃុបឃិតជាមួយបរទេស ហើយប្រព្រឹត្តិអំពើក្បត់ជាតិនោះ កាត់តែជិតចូលមកដល់ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ ពាក់ព័ន្ធករណីនេះ នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នឹងដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ករណីប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលនៅថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូលនឹងជំនុំជម្រះបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីគី តិច ថ្លែងប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តន៍ពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕


No comments:

Post a Comment