Monday, November 13, 2017

យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនបន្តទៀត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាយុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនបន្តទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារ ចំនួន១ខ្នងជាអំណោយរបស់អង្គការមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស (SEAPC-C) ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជប់វារី ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនាយកអង្គការមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស( អង្គការ SEAPC-C) សហការី ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុប១០០០នាក់ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះប្រកបដោយការឈ្លាសវៃ ច្បាស់លាស់ រឹងមាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះយុវជន យុវនារីជាកម្លាំងដ៏សំខាន់ចាំបាច់ណាស់ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាពឱ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យរីកចម្រើនបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងកោតសរសើរនិងថ្លែងអំណរគុណដល់ម្ចាស់ជំនួយអង្គការ (SEAPC-C) ដែលបានផ្តល់នូវអគារសិក្សាមួយខ្នងដោយចំណាយថវិកាកសាងសរុបចំនួន ( ១៥០.០០០ដុល្លារអាមេរិក) នេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស ចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន និងដើម្បីអប់រំខ្លួនឱ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងបរិបទសកល គោលដៅអភិវឌ្ឍប្រកបដោយចីរភាព បានផ្ដោតលើការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មីឱ្យមានសមត្ថភាពពេញលេញ ប្រកបដោយគុណភាព ដែលជាត្រីវិស័យសម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិរបស់យើងឱ្យមានការរីកចម្រើន ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំដល់ក្មួយៗជាសិស្សានុសិស្សនិងអ្នកចូលរួមទាំងអស់ ត្រូវតែចូលរួមថែរក្សាអគារសិក្សា បរិស្ថាន និងខិតខំរៀនសូត្រ ហើយផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ កូនចៅ បងប្អូន មិត្តភក្តិត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន ត្រូវចាំថា ការដាំដុះ រក្សាទុក ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ។

ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានភ្ជាប់មកនូវអំណោយឧបត្ថម្ភរួមមានដូចខាងក្រោម៖
១៖ ជូនថវិកាដល់វិទ្យាល័យជប់វារី ១លានរៀល។
២៖ ជូនលោកគ្រូ អ្នកគ្រូ ១១៨នាក់ក្នុង១នាក់ទទួល បានសារ៉ុង១និងថវិកា២ម៉ឺនរៀល។
៣៖ សិស្សានុសិស្សចំនួន ៤០២នាក់ក្នុងម្នាក់ទទួល បានសៀវភៅ៤ក្បាលខ្មៅដៃ១ បិច១និងថវិកា៥០០០រៀល។
៤៖ ប្រជាពលរដ្ឋចូលរួម៥២៧នាក់ ក្នុង១នាក់ ទទួលបានសារ៉ុង១ ផងដែរ។
៥៖ ពិធី បំពាក់មេដាយនិងគ្រឿងឥស្សរិយយសជូនដល់ម្ចាស់ជំនួយចំនួន៤នាក់៕







No comments:

Post a Comment