Monday, November 13, 2017

អភិបាល​ខេត្តស្វាយរៀង​ អញ្ជើញចូលរួម​ក្នុងពិធីបិទ​ការប្រកួត​បាល់ទាត់​ពានរង្វាន់ស្វាយ​រៀងខាប់ លើកទី៣ ឆ្នាំ២០១៧

ស្វាយរៀង៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក រវាងក្រុមបាល់ទាត់ធារីលីងគួយ និងក្រុមបាល់ទាត់ស.ស.យ.ក ស្រុករមាសហែក នៅពហុកីឡារដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមការងារផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន នូវថវិកា២លានរៀល ក្រុមអាជ្ញាកណ្ដាលដែលចូលរួមកាត់សេចក្ដីក្នុងការប្រកួត ថវិកា២លានរៀល និងឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួត ថវិកា ១លានរៀលផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៣ ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ធារីលីងគួយ ទទួលបានមេដាយមាស១ ពានរង្វាន់១ និងថវិកា៦លានរៀល។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.ក ស្រុករមាសហែក ទទួលបានមេដាយប្រាក់១ និងថវិកា៣លានរៀល។ ចំពោះចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ផេនដាហ្វេសស៊ី ទទួលបានមេដាយសំរិទ្ធិ១ និងថវិកា១លាន ៥សែនរៀល និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ស.ស.យ.កស្រុកស្វាយជ្រំ ទទួលបានថវិកាលើកទឹកចិត្ត ១លាន៥សែនរៀល ផងដែរ៕





No comments:

Post a Comment