Friday, May 21, 2021

TOP NEWS: សាលារាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ (Video inside)

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

 
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖

* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។

* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

អភិបាលរងខេត្តស្វាយរៀង បានចូលរួមដាំកូនឈើ នៅតាមទំនប់បង្ហៀរទឹកខាងត្បូងសង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ  លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពីលោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីក្រុមប្រឹក្សាក្រុងស្វាយរៀងលោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង លោកអភិបាលរងក្រុង មន្រ្តីរាជការសាលាក្រុង កម្លាំងទាំង៣ មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត យុវជនសសយកក្រុងស្វាយរៀង បានអញ្ជើញចូលរួមដាំកូនឈើចំនួន ១៥០ដើម ដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅតាមទំនប់បង្ហៀរទឹកខាងត្បូងសង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។


សូមជម្រាងផងដែរថា ការដាំដើមឈើនេះឡើងគឺ ដើម្បីកែលម្អសោភ័ណ្ឌ ភាពដងផ្លូវសាធារណៈ មានភាពទាក់ទាញ បានយល់បានដឹងអំពីប្រភេទដើមឈើ គុណតម្លៃរបស់វា ដល់សាធារណៈជនទូទៅ ក៏ដូចជាកូនចៅជំនាន់ក្រោយបានស្គាល់ ហើយនៅពេលដើមឈើលូតលាស់ឡើងវាប្រៀបបានទៅម្លប់ត្រជាក់ សម្រាប់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋបានជ្រក ស្នាក់អាស្រ័យលំហែកាយ។


ក្នុងនោះ លោក តូច ប៉ូលីវ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មកជូនដល់លោក លោកស្រីដែលមានវត្តក្នុងពិធីនេះផងដែរ។ បន្ថែមពីនេះលោក បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងត្រូវចូលរួមថែរក្សា ការពារ ស្រោចទឹកជាប្រចាំ និងដាក់ជីកូនឈើទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ និងសូមអរគុណដល់រដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កន្លងមក ជាពិសេសត្រូវចូលរួមអនុវត្តអោយបានខ្ចាប់ខ្ជួននៅវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងវិធានការ ៣កុំ ៣ការពារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩៕







ក្រុមការងារស្រុកកំពង់លែង នាំយកសម្ភារៈបច្ចេកទេសផ្តល់ជូនគណបក្សប្រជាជនកម្ពុជាឃុំត្រងិល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុក រស់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំត្រងិល និង សហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំត្រងិល ស្រុកកំពង់លែង នាំយកកុំព្យុទ័រលេតថត ១គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង អាកុល ម៉ាស់ ទឹកសុទ្ធ មី និងសម្ភារមួយចំនួនទៀតផ្តល់ជូនគណបក្សប្រជាជនកម្ពុជាឃុំត្រងិល ដើម្បីបំរើការងាររដ្ឋបាល និងចូលរួមការពារជំងឺកូវីដ-១៩។

លោក អ៊ុក រស់ បានធ្វើការណែនាំឱ្យក្រុមការងារទាំងអស់យកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសផុតពីការគ្រោះថ្នាក់ផ្សេងៗ ពិសេសចូលរួមការពារពីជំងឺកូវីដ-១៩។

លោក អ៊ុក រស់ ក៏បានធ្វើការផ្តាំផ្ញើ និងសំណូមដល់ក្រុមការងារគណបក្សឃុំត្រងិល ជួយផ្សព្វផ្សាយបន្តអំពីវិធីការពារពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅក្នុងឃុំត្រងិល ទាំងអស់ឱ្យបានយល់ដឹងគ្រប់ៗគ្នា តាមគ្រប់រូបភាព និងណែនាំដល់ដល់បងប្អូនយើងឱ្យចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕




កម្ពុជា ស្នើសុំសឹង្ហបុរី ជួយនាំចូលផលិតផលកសិកម្មចេញពីកម្ពុជា ថ្ងៃទី២១ ខែឩសភា ឆ្នាំ២០២១

(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកជំទាវ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងជំនួប ក្រសួងបានស្នើសុំឱ្យភាគីសឹង្ហបុរី ជួយសម្របសម្រួលជាមួយក្រុមហ៊ុនសឹង្ហបុរី ក្នុងការនាំចូលផលិតផលកសិកម្មចេញពីកម្ពុជា។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវអគ្គរដ្ឋទូតបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា  អំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់។






ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តស្វាយរៀង បានបន្តទទួលមូលនិធិសប្បុរសធម៌ពីលោក សុខ សុទ្ធាវុធ

 ស្វាយរៀង៖នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តទទួលមូលនិធិសប្បុរសធម៌ពីលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី រួមមាន៖ អង្ករ ៥០០ គ.ក្រ មី ២០ កេស ត្រីខ ២០ ឡូ ម៉ាស់ ៥០ ប្រអប់ ទឹកសុទ្ធ ៣០ កេស អាកុល ៦០ លីត្រ និងថវិកា ១,៥៦៩,០០០ រៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។ ក្នុងឱកាស ខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ លោកប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី សូមសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។សាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារ ពីសំណាក់ លោក លោកស្រី ជាសប្បុរសជនទាំងក្នុង និងក្រៅ ខេត្តជាបន្តបន្ទាប់ទៀត ៕