Thursday, March 17, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែន បង្ហាញថាសហរដ្ឋអាមេរិក ជាមេដឹកនាំពិភពលោក ឬ?


(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅនេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម ប៊ឺន (William Burns) បានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកថា លោក ពូទីន កំពុងខឹងសម្បារ ហើយមានការខកចិត្តជាខ្លាំងចំពោះ លទ្ធផលមិនដូចការរំពឹងទុកនៃសង្រ្គាមនៅអ៊ុយក្រែន។

ថ្លែងនៅចំពោះមុខគណៈកម្មាធិការដដែល លោក វីលៀម ប៊ឺន ដែលជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូផងនោះ ក៏បានពន្យល់ផងដែរថា ថាហេតុអ្វីបានជាប្រតិបត្តិការយោធាពិសេស ដែលលោកខាងលិចហៅថាជាការឈ្លានពាន មិនអាចដំណើរការតាមអ្វីដែលលោក ពូទីនចង់បាន? បើតាមនាយក CIA រូបនេះ លោក ពូទីនសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែនដោយផ្អែកលើការទាញសម្មតិកម្មចំនួន៤ ដែលសុទ្ធតែជា សម្មតិកម្មខុស។

ទីមួយ នោះគឺលោក ពូទីន យល់ថាអ៊ុយក្រែនទន់ខ្សោយ។ ទីពីរ៖ លោកជឿថាបណ្ដាប្រទេសអឺរ៉ុបស្ទាក់ស្ទើរមិនហ៊ានប្រថុយគ្រោះថ្នាក់ជាមួយ យក្សដូចជារុស្ស៊ី ហើយបារាំងកំពុងរវល់រៀបចំការបោះឆ្នោតប្រធានាធិបតី ខណៈអាល្លឺម៉ង់មានមេដឹកនាំថ្មី និងទើបតែងើបចេញពីសករាជដឹកនាំ របស់លោកស្រី អាន់ជែលឡា មឺគែល។ ទី៣៖ លោក ពូទីនកំណត់នៅក្នុងចិត្តថាលោកបានចាក់វ៉ាក់សាំងបង្ការឱ្យសេដ្ឋកិច្ចរុស្ស៊ីគ្រប់គ្រាន់ ដែល អាចប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។ ទី៤៖នោះគឺបុរសខ្លាំងរុស្ស៊ីរូបនេះជឿជាក់យ៉ាងមុតមាំថាលោកមានយោធាដែលបំពាក់ដោយអាវុធ ទំនើបៗ និងមានសមត្ថភាពអាចយកជ័យជម្នះក្នុងពេលដ៏ខ្លី ដោយមិនបង្កការខាតបង់ធ្ងន់ធ្ងរ។ សម្រាប់លោក ប៊ឺន សម្មតិកម្មទាំង៤នេះ របស់លោក ពូទីនសុទ្ធតែជាការគណនាខុសទាំងអស់។

សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី៣ ហើយវាក៏កំពុងធ្វើឱ្យសេដ្ឋកិច្ច និងនយោបាយសកលលោកមានការប្រែប្រួល ផងដែរ។ បណ្ដាប្រទេសលោកខាងលិចដែលធ្លាប់បែកបាក់គ្នា នៅក្រោមជំនាន់លោក ដូណាល់ ត្រាំ និងក្រោយការបរាជ័យនៅអាហ្វហ្កានីស្ថាន ស្រាប់តែបានរួបរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ទោះបីជាទណ្ឌកម្មទាំងនោះមានខ្លះធ្វើឱ្យខាតបង់ប្រយោជន៍របស់ពួកគេក៏ដោយ។ ម្យ៉ាង ផ្ទុយពីការគិតរបស់លោក ពូទីន, NATO ប្រែជាភ្ញាក់ពីការដេកលង់លក់ទៅវិញ។ ប៉ុន្តែ តើនេះមានន័យថាសហរដ្ឋអាមេរិកកំពុងឈរនៅលើទីតាំង ដ៏ល្អប្រសើរនៅក្នុងនាមជាមេដឹកនាំពិភពលោក ឬ?

ត្រង់ចំណុចមានការគិតផ្សេងៗពីគ្នា។ ក្រុមអ្នកជំនាញមួយចំនួនយល់ថាខណៈសង្រ្គាមអ៊ុយក្រែន ដាស់ឱ្យ NATO ភ្ញាក់ពីដេក សហរដ្ឋអាមេរិកខ្លួន ឯងបែរជាទន់ខ្សោយទៅវិញ ដោយហេតុថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនអាច និងមិនមានសមត្ថភាពបញ្ឈប់ ឬឃាត់លោក ពូទីន កុំឱ្យបង្កសង្រ្គាមនៅអ៊ុយក្រែន។ នេះជាអ្វីដែលថ្នាក់ដឹកនាំចិនកំពុងតាមដានថាតើពួកគេអាចរៀនអ្វីខ្លះពីសង្រ្គាមអ៊ុយក្រែន ដើម្បីបង្រួបបង្រួមជាតិ ជាមួយកោះតៃវ៉ាន់ទៅថ្ងៃមុខ តាមវិធីប្រើកម្លាំងបាយ ឬក៏យ៉ាងណា?

លោក ខែនណេត វែនស្ដែន (Kenneth Weinstein) ជាអ្នកជំនាញម្នាក់មកពីវិទ្យាសា្ថនហ៊ូដសុន (Hudson Institute) បានរិះគន់លោក បៃដិន ដែលបានបង្ហាញពីភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិកឱ្យលោក ពូទីនបានឃើញមុននឹងសង្រ្គាមផ្ទុះឡើង។ មុនមានសង្រ្គាម, លោក បៃដិន បានបញ្ជូននាយក CIA លោក ប៊ឺន ទៅកាន់ទីក្រុងម៉ូស្គូ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង។ ប៉ុន្តែ លោក ប៊ឺន គឺជាមនុស្សម្នាក់ដែលទីក្រុងម៉ូស្គូស្រឡាញ់ពេញចិត្ត ពីព្រោះថាលោកជាមនុស្សមិនសូវមានមនោគមវិជ្ជា និងមិនគាំទ្រការពង្រីកឥទ្ធិពល NATO។ 

បើតាមលោក វែនស្ដែន, ទស្សនកិច្ចរបស់លោក ប៊ឺន ទៅកាន់ទីក្រុងម៉ូស្គូ វាបានបង្ហាញរួចទៅហើយពីភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិក។ 

លោក វែនស្ដែន បន្ថែមទៀតថា «ការសម្រេចចិត្តរបស់លោកប្រធានាធិបតី (បៃដិន)... ដោយនិយាយភ្លាមៗថា អាមេរិកនឹងមិនបញ្ជូនកងទ័ពឱ្យ ទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី, វាជាសម្បទានមួយដែលមិនចាំបាច់ត្រូវដកចេញពីជម្រើសនៅលើតុទាល់តែសោះ បើទោះជាចង់ ឬមិនចង់លូកដៃក្នុងសង្រ្គាមក៏ដោយ»។ ពោលគឺពាក្យបែបនេះមិនគួរនិយាយចេញមកក្រៅ ឱ្យលោក ពូទីនបានឮនោះទេ។

ដូចគ្នាទៅនឹងលោក វែនស្ដែនដែរ, ប្រវត្តិវិទូ លោក ណាយអល ហ្វឺហ្គូសុន (Niall Ferguson) និងជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានហ៊ូវើ (Hoover Institution) នៃសាកលវិទ្យាល័យស្ទែនហ្វ័ដ (Stanford University) បាននិយាយថាច្បាស់ណាស់ រដ្ឋបាលលោក ចូ បៃដិន ពិតជាមិន ចង់លូកដៃចូលក្នុងសង្រ្គាមឡើយ ដែលនេះជាប្រយោជន៍នយោបាយនៅក្នុងស្រុក ហើយពួកគេក៏មិនចង់សាងកំហុសដូចដែលពួកគេបានឃើញ នៅក្នុងជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស នោះដែរ។

បើតាមលោក ហ្វឺហ្គូសុន, សង្រ្គាមនៅអ៊ុយក្រែន ឬការបង្ហាញភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិក ប្រហែលជានឹងមិនកើតឡើងដោយងាយៗទេ ប្រសិនលោក ដូណាល់ ត្រាំ កំពុងកាន់អំណាច។ «លោក ត្រាំ មានលក្ខណៈសម្បត្តិដែលចូលចិត្តប្រើទ្រឹស្ដីធម៌ក្ដៅ ដូចគ្នានឹងអតីតប្រធានាធិបតី លោក រីឆាដ និកសុន (Richard Nixon)។ ពោលគឺប្រសិនបើពិភពលោកគិតថាប្រធានាធិបតីអាមេរិក ជាមនុស្សចម្លែក នោះពួកគេនឹងកាន់តែ មានការប្រុងប្រយ័ត្ន។ បានន័យថាបើលោក ត្រាំ កំពុងកាន់អំណាច, ទាំងចិន និងរុស្ស៊ីយ៉ាងហោចណាស់ ពួកគេត្រូវគិត២ ទៅ៣ដងដែរ ចំពោះ វោហាសាស្ត្រ និងភាសាសម្លុតគំរាមរបស់លោក ត្រាំ»។ នេះការបញ្ជាក់របស់លោក ហ្វឺហ្គូសុន ដោយបន្ថែមទៀតថាលោក ត្រាំ ជាមនុស្សម្នាក់ មានចរិកកោងកាច និងផ្លាស់ប្ដូរគ្រប់ពេលវេលា ដែលនេះវាអាចជាមូលដ្ឋានមួយនៃអំណាច ហើយមូលដ្ឋានមួយនៃអំណាច នោះគឺការមិនបង្ហាញ ឱ្យសត្រូវ ឬជនឈ្លានពានណាម្នាក់ដឹងជាមុនថាអ្នកមិនចង់ ឬមិនមានចេតនាប្រយុទ្ធជាមួយពួកគេ នោះទេ។

តែទោះជាបែបនេះក្ដី, លោក រ៉ូប៊ីន នីប្លេត (Robin Niblett) ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានឆាតហាម ហោសស៍ (Chatham House) មាន មូលដ្ឋានក្នុងចក្រភពអង់គ្លេស មិនយល់ស្របចំពោះការលើកឡើងរបស់អ្នកជំនាញទាំង ២ខាងលើទេ។ លោកគិតថាអ្វីដែលរដ្ឋបាលលោកបៃដិន កំពុងធ្វើបានបង្ហាញពីភាពឈ្លាសវៃ មានស្ថិរភាព និងមានការគិតគូរហ្មត់ចត់ ដោយបានស្ដារសម្ព័ន្ធមិត្ត ដូចជា NATO ឱ្យមានសាមគ្គីភាពឡើងវិញ ក្រោយបែកបាក់នៅក្រោមជំនាន់លោក ដូណាល់ ត្រាំ។ លើសពីនេះទៅទៀត អ្វីដែលសំខាន់គឺរដ្ឋបាលលោក បៃដិន បានចែករំលែកព័ត៌មាន សម្ងាត់ និងពិគ្រោះយោបល់ជាមុនជាមួយសម្ព័ន្ធមិត្ត ដែលនេះជាការបង្ហាញថាសម្ព័ន្ធមិត្តមានសារៈសំខាន់ដល់សន្តិសុខអាមេរិក។

គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន ត្រូវបានគេសន្និដ្ឋានថាបានឈានដល់ដំណាក់មួយដ៏សំខាន់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសហរដ្ឋអាមេរិក បានព្រមានថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារដោយមិនរើសមុខ ដើម្បីសម្រេចគោលបំណងរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ តែទន្ទឹមគ្នានឹងការព្រមានពីអាមេរិក លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏ដូចជាបង្ហាញជំហរទន់ភ្លន់ជាងកាលពីថ្ងៃដែលសង្រ្គាមផ្ទុះឡើង ដំបូងផងដែរ។ លោកបានអះអាងថាកិច្ចចរចាជាមួយរុស្ស៊ីហាក់ដូចជាមានភាពប្រាកដនិយម ហើយក៏បានទទួលស្គាល់ដែរថាអ៊ុយក្រែនប្រហែលជា មិនអាចចូលជាសមាជិក NATO បានឡើយ។ ការបារម្ភខ្លាចអ៊ុយក្រែនចូលជាសមាជិក NATO នេះឯងត្រូវបានលោក ពូទីន យកមកសំអាងជា ហេតុផលមួយដើម្បីប្រកាសសង្រ្គាមលើអ៊ុយក្រែន៕

ប្រភព៖ Nikkei (ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News





សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង


នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។
«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។



សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយណាស់ ដែលបានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់ភូមិកុមារ SOS ព្រៃវែងនាពេលនេះ ជាពិសេសក្រោមភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិ SOS ដើម្បីជាទីពឹង និងក្តីសង្ឃឹមរបស់កុមារកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានធ្វើការងារច្រើនទាក់ទងទៅនឹងបញ្ហាកុមារ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា នៅលើពិភពលោកមានកុមាររងគ្រោះជាច្រើនដោយហេតុការណ៍ផ្សេងៗ ដូចជាកម្ពុជាជាដើម ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាក៏បានបន្សល់នូវកុមារកំព្រាជាច្រើនផងដែរ។ តែក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជាពិតជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងក្នុងការជួយដល់កុមារកម្ពុជាជាបន្តបន្ទាប់ ដោយមិនទុកកុមាររងគ្រោះជាបន្តទៀតឡើយ។ ជាក់ស្តែងកុមារកំព្រានៅតាមភូមិកុមារ SOS មានកុមារជាច្រើន បានក្លាយទៅជាអ្នកមានជោគវាសនាល្អ មានចំណេះដឹង កើតចេញពីការចិញ្ចឹមបីបាច់ និងការផ្តល់នូវការអប់រំនៅទីនេះ។
សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា កុមារដែលចិញ្ចឹមបីបាច់ដោយអង្គការកុមារ SOS ប្រមាណ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត ៦នាក់ ក្លាយជាវិស្វករ ៧នាក់បានក្លាយជាអ្នកបម្រើការនៅធនាគារ ៣នាក់ ក្លាយជាស្ថាបត្យករ ២នាក់ បានក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាលផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្តេចក៏បានសាងសង់មជ្ឈមណ្ឌលសម្រាប់កុមារីរងគ្រោះដោយការរំលោភបំពានពីឪពុក ហើយក៏បានសាងសង់សាលារៀនសម្រាប់កុមារពិការភ្នែក និងកុមារគថ្លង់ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា អង្គការ SOS នឹងបន្តកិច្ចខិតខំជាមួយកម្ពុជាជាបន្តទៀត ក្នុងការជួយដល់កុមារកំព្រា និងកុមារដែលខ្វះការថែទាំនោះ។
ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ កម្ពុជា បានសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកជំងឺកូវីដ-១៩ តាមម៉ាស៊ីន PCR ហើយ មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង ហើយកម្ពុជា ក៏សម្រេចលុបចោលការធ្វើតេស្តរហ័សនៅពេលដែលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលក្នុងប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធ្វើធុរកិច្ចជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃភូមិកុមារ SOS ព្រៃវែង នាថ្ងៃនេះនិងបានប្រកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែងចាប់ពីពេលនេះតទៅ៕































ផ្សាយបន្តផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS ព្រៃវែង »

 នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។

«ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។«ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិក ១០នាក់។ «ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។ អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បានចាប់ផ្តើមធ្វើការជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៩។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។​ក្រៅតែពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោងមួយចំនួនទៀតមានដូចជា៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។