Friday, December 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះឲ្យបានច្រើនកុះករ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែកទី ២៩ ធ្នូ ២០១៨។កម្ពុជាអបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះ ទៅរកភាពរុងរឿង នៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡាដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់»៕

ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៤)

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសព័ត៌មានផ្លូវការអំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ ដែលធ្វើឱ្យប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ស្លន់ស្លោរជាទីបំផុត ហើយមន្ត្រីមួយចំនួនទាំងនៅក្នុងគណបក្ស និងក្នុងជួររដ្ឋាភិបាលចម្រុះស្រឡាំងកាំងចំពោះព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នេះ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន និងមានការផ្ទុះអាវុធក្នុងតំបន់ម៉ាឡៃរវាងកម្លាំងតាម៉ុក និងសុន សេន និងកងពល ៤៥០ បង្កឱ្យមានចលនាចលនៅក្នុងតំបន់ម៉ាឡៃ ហើយព្រឹត្តិការណ៍នេះបានជំរុញឱ្យកងពល ៤៥០ របស់លោក សុខ ភាព និងកងពល ៤១៥ របស់លោក អ៊ី ឈាន ឈានដល់ការផ្តាច់ខ្លូនទាំងស្រុងពីក្រុម ប៉ុល ពត ប៉ុន្តែមិនទាន់ចូលសមាហរណកម្ម ជាមួយរដ្ឋាភិបាលនៅឡើយ។ នៅពេលនោះ កងពល ៥១៩ ដឹកនាំដោយព្រំ ស៊ូ នៅតំបន់ម៉ាឡៃ រណសិរ្ស ២៥០ និង៣៥០ នៅភ្នំព្រឹក ដែលកំពុងតែប្រុងប្រៀបផ្តាច់ខ្លួនដែរនោះ ក៏មានស្ថានភាពច្របូកច្របល់អាស្រ័យដោយបុគ្គលមួយចំនួនជាសមាជិកនៃបក្សដៃគូក្នុងរដ្ឋាភិបាលចម្រុះបានបង្កឡើង។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ និងមនុស្សម្នាបានដឹងគ្រប់គ្នា។
ក្នុងបញ្ហាប្រឈមនៃការអនុវត្តនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិក យុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះ បានមានប្រសាសន៍ពន្យល់នាពេលកន្លងទៅថា ដោយសារតែផ្ទៃក្នុងរាជរដ្ឋាភិបាលចម្រុះអាណត្តិទី១ មិនឯកភាពគ្នា។ សម្តេចបានហៅការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបង្កើតរាជរដ្ឋាភិបាលចម្រុះនៅពេលនោះថាជា «សម្ព័ន្ធភាពមិនស្មោះត្រង់ ឬជាអំពើក្បត់នៅក្នុងសម្ព័ន្ធភាព»។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំឮកថា ក្រោយពីទទួលទូរស័ព្ទពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលបានរាយការណ៍ពីការបះបោរនៅប៉ៃលិន សម្តេចបានធ្វើសេចក្តីបញ្ចប់ឱ្យលឿនបំផុតនូវសុន្ទរកថាក្នុងពិធីសម្ពោធស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីចេញមកធ្វើសេចក្តីថ្លែងការណ៍ និងស្នើសុំសម្តេចក្រុមព្រះ ចុះហត្ថលេខា ប៉ុន្តែពេលនោះ សម្តេចក្រុមព្រះមិនព្រមចុះហត្ថលេខាឡើយ។ ហេតុដូច្នេះហើយបានជាសេចក្តីថ្លែងការណ៍ទី១ គឺមានខ្ញុំដែលជាអ្នកចុះហត្ថលេខាតែម្នាក់ឯង។ ហើយស្រាប់តែសម្តេចក្រុមព្រះបានលើកឡើងថា សុំឱ្យមានការចរចាជាមួយ សុន សេន នៅថ្មដូនថ្មរយ ដែលនេះអាចជាការរៀបចំរបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ខ្ញុំប្រាប់ទៅសម្តេចក្រុមព្រះវិញថាព្រះអង្គ អត់បានទេ! បើព្រះអង្គចរចាជាមួយសុន សេន មានតម្លៃស្មើនឹងសម្លាប់កម្លាំងផ្តាច់ខ្លួន។ ប៉ុន្តែព្រះអង្គមិនព្រម»។
នៅចំពោះមុខស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នៅពេលនោះក្នុងនាមជានាយករដ្ឋមន្ត្រី ទី២ បានធ្វើសេចក្តីសម្រេចចិត្តដ៏អង់អាចក្លាហានមួយដើម្បីបុព្វហេតុសន្តិភាព ការផ្សះផ្សានិងបង្រួបបង្រួមជាតិខ្មែរ ដោយសម្តេចបានដំណើរទៅតំបន់ប៉ៃលិននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ១៩៩៦ ខណៈពេលនោះ អៀង សារី និងកម្លាំងកងពល ៤៥០ របស់លោកសុខ ភាព នៅម៉ាឡៃ និងកងពល ៤១៥ របស់លោក អ៊ី ឈាន នៅប៉ៃលិន បានបះបោរផ្តាច់ខ្លួន ប៉ុន្តែមិនទាន់ធ្វើសមាហរណកម្មចូលជាមួយរាជរដ្ឋាភិបាលទេ។
នេះជាទស្សនកិច្ចមួយដែលគេហៅថាជាការសម្រេចចិត្តមួយដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ចូលក្នុងរូងខ្លាខ្មែរក្រហមដែលជាគូបក្ខដិបក្ខទី១ របស់សម្តេច។ សម្តេចតេ ជោ ហ៊ុន សែន ធ្លាប់បានរំឭកជាច្រើនលើកច្រើនសាថា មាតានិងម្តាយធំជាទីស្រឡាញ់របស់សម្តេចបានឃាត់សម្តេចមិនឱ្យទៅកាន់តំបន់ខ្មែរក្រហមឡើយ ប៉ុន្តែសម្តេចបានជម្រាបមាតា និងម្តាយធំសម្តេចថា៖ «បើខ្ញុំចូលទៅ ស្លាប់ គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យគឺយើងនឹងទទួលបានផែនដីទាំងមូល»។ អ្វីដែលជាការតាំងចិត្តរបស់ សម្តេចនៅពេលនោះ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាកំពុងតែទទួលបាន និងជាការពិត។
ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ បានយាងទៅតំបន់ប៉ៃលិននៅថ្ងៃទី២៥ សីហា ឆ្នាំ ១៩៩៦ ពោលគឺពីរថ្ងៃក្រោយការអញ្ជើញទៅរបស់សម្តេចតេជោ ហ៊ុន សែន។ យោងតាមរបាយការណ៍របស់ឯកឧត្តម សេរី កុសល សម្តេចក្រុមព្រះយាងទៅតំបន់ប៉ៃលិនគឺដើម្បីបបួលលោក អៀង សារី ធ្វើរណសិរ្សរួបរួមជាតិ ដែលក្នុងនោះមានគណបក្សហ៊្វុនស៊ិនប៉ិចជាស្នូល គណបក្សលោកតាសឺន សាន គណបក្សជាតិជាតិខ្មែររបស់ សម រង្ស៊ី គណបក្សរបស់លោក ប៊ូ ហែល និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ របស់លោក អៀង សារី។ ចាប់តាំងពីពេលនោះ បញ្ហាកើតមានជាហូរហែររហូតដល់ភាគី រហូតដល់ចុងក្រោយកិច្ចព្រមព្រៀងរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមឧទ្ទាមខ្មែរក្រហមនៅអន្លង់វែងត្រូវបាន ចុះហត្ថលេខាដោយម្ខាងចុះហត្ថលេខា ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអមដោយ ញឹក ប៊ុនឆៃ និងម្ខាងទៀតចុះហត្ថលេខាដោយ ខៀវ សំផន និងអមដោយ ទេព ឃុនណាល់ តំណាងភាគីខ្មែរក្រហម។
កិច្ចព្រមព្រៀងនេះក្រោយមកត្រូវបានឧត្តមសេនីយ៍ សេរី កុសល ថ្លែងថា ប្រាប់អ្នកសារព័ត៌មានថា៖ «ទិសដៅរបស់មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ គឺប្រមូលខ្មែរក្រហមមកចូលរួមជាមួយគណបក្សខ្លួន ដោយធ្វើការប្រមូលមិនថានរណាជានរណាទេ ទោះបីជាបានធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលក៏ដោយ។ តាមគម្រោង ពេលប្រមូលបានហើយផែនការបន្ទាប់គឺបញ្ចូលអ្នកទាំងនោះមកធ្វើជាសមាជិកសមា ជិកាគណបក្សហ៊្វុនស៊ិនប៉ិចតែម្តង ដើម្បីបង្កើនកម្លាំងនៃការគាំទ្រទប់ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលកាន់តែមានប្រជាប្រិយភាពឡើងក្នុងចំណោមប្រជាជន»។
មុននឹងការធ្វើសមាហរណកម្ម តំបន់មួយចំនួនជាពិសេស ប៉ៃលិន ម៉ាឡៃ សំឡូត ស្ថិតនៅក្នុងការប្រទីញប្រទង់គ្នារវាងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្យាយាម អនុវត្តយុទ្ធសាស្ត្រ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ» និងបានចាប់យកលោក អៀង សារី និងកម្លាំងដែលស្ថិតនៅក្រោមឆ័ត្ររបស់គាត់ធ្វើជាខែល ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុម ប្រតិបត្តិករខ្លះដូចជាលោក កែវ ពង្ស ជាដើមស្ទើរស្លាប់បាត់ជីវិតដោយសារតែគេមើលឃើញថា ជាឆ្អឹងទទឹងក នៃការលេបកម្លាំងខ្មែរក្រហមពង្រីកបក្សរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោក អៀង សារី បានប្រឹងប្រែងរក្សាកិត្តិយស និងលើកតម្លៃចលនារបស់ខ្លួន និងដើម្បីទាមទារអំណាចក្នុងរដ្ឋាភិ បាលក្រោមការរុញពីក្រោយរបស់គណបក្សហ៊្វុនស៊ិនប៉ិច មេដឹកនាំផ្តាច់ខ្លួន អៀង សារី រួមនឹងក្រុមរបស់គាត់បានយកចិត្តទុកដាក់ពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងការគ្រប់គ្រងតំបន់រណបដូចជា សំឡូត សំពៅលូន ភ្នំព្រឹក ម៉ាឡៃ និងតំបន់សកម្មជាឈ្នាន់ផ្សេងទៀតមានទន្លេសាប ភូមិសាស្ត្រស្រុកមោង ក្រវ៉ាញជាដើម។ ជាមួយគ្នានេះ អៀង សារី បានព្យាយាមរាំងខ្ទប់មិនឱ្យមានទំនាក់ទំនងដោយផ្ទាល់របស់ក្រុមណាមួយនៅចំណុចណាមួយផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមិនតាមរយៈលោកអៀង សារី ឡើយ។
តាមរយៈយុទ្ធសាស្ត្រនេះ ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅប៉ៃលិន និងម៉ាឡៃ ចេះតែពន្យារពេល ក្នុងការធ្វើសមាហរណកម្មជាបន្តបន្ទាប់ដោយរកលេសនេះលេសនោះ។
ក្រោយពីមានការផ្តាច់ខ្លួន កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៩៦ នៅ សណ្ឋាគារមួយក្នុងខេត្តច័ន្ទបូរី ប្រទេសថៃ និងជំនួបមួយទៀតបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៦ នៅកន្លែងដដែលរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ស៊ូ គឹមស៊ុន ជួបជាមួយចលនាផ្តាច់ខ្លួនរបស់លោក អៀង សារី ដែលមានលោក អ៊ី ឈាន លោកសុខ ភាព និងលោក អៀង វុធ កូនប្រុស អៀង សារី។ ក្នុងកិច្ចប្រជុំនោះបានផ្តោតលើខ្លឹមសារចំនួន៤គឺ៖
ទី១) ការឈប់បាញ់គ្នារបស់កម្លាំងនៅខ្សែត្រៀម ជួរមុខ និងទំនាក់ទំនងតភ្ជាប់ភូមិសាស្ត្រជាមួយគ្នារវាងកម្លាំងផ្តាច់ខ្លួន និងកម្លាំងរាជរដ្ឋាភិបាល។
ទី២) ស្នើរៀបចំគណៈកម្មការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងផ្តាច់ខ្លួន។
ទី៣) ចលនាផ្តាច់ ខ្លួនស្នើសុំលើកលែងទោស អៀង សារី ដែលត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញចេញសាលក្រមនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ១៩៧៩ កាត់ទោសប្រហារជីវិតពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
ទី៤) បើកច្រកព្រំដែនកម្ពុជាថៃនៅទិសប៉ៃលិន និងម៉ាឡៃ។ ទោះបីជាមានសម្បទានយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ក្រុមផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី នៅតែចិញ្ចឹមចិត្តក្នុងការទាមទារតម្លៃមួយខ្ពស់ពី រាជរដ្ឋាភិបាល ដោយជឿជាក់ថា ខ្លួននៅតែមានឥទ្ធិពលខ្លាំងក្លាគ្របដណ្តប់ទៅលើមេបញ្ជាការខ្មែរក្រហម ដែលនៅតំបន់រណបរបស់ខ្លួន។ ក៏ប៉ុន្តែខុសអំពីការវាយតម្លៃរបស់ខ្លួន មេដឹកនាំផ្តាច់ខ្លួនដឹកនាំដោយ អៀង សារី ទទួលនូវសម្ពាធយោធាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដោយបណ្តាភូមិសាស្ត្រដែលជាបង្អែកជួរមុខរបស់ខ្លួនត្រូវបានកងយោធពលខេមរភូមិន្ទធ្វើការទំនាក់ទំនងអូសទាញ និងចូលកាន់កាប់ជាបន្តបន្ទាប់ដូច ជាតំបន់ច្រលព្រាល ទួលគ្រួស តាសាញ់ ទឹកសុខ បាសាក់ អូរដូង ថ្មសំលៀង។
ស្ថានការណ៍នេះបានធ្វើឱ្យ ក្រុមមេដឹកនាំផ្តាច់ខ្លួន អៀង សារី ភិតភ័យ និងបានរម្ភខ្លាចបាត់បង់ជាបន្តបន្ទាប់មិនមានទម្ងន់ក្នុងការតថ្លៃ ជាមួយរាជរដ្ឋាភិបាល។ កាលនោះ លោក អ៉ី ឈាន និងលោក សុខ ភាព បានប្រញាប់រកការអនុញ្ញាតបានចូលជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រញាប់ធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន និងម៉ាឡៃដោយមិនជឿតាមការបោកប្រាស់ទៀតទេ។ ក្រោយមកតាមមតិណែនាំរបស់សម្តេចតេ ជោ ហ៊ុន សែន ឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការជួបប្រាស្រ័យជាមួយលោក អៀង សារី និងអតីតមេបញ្ជាការខ្មែរក្រហមមួយចំនួន បន្ទាប់នោះក៏បានសម្រេចចិត្តសមាហរណកម្ម។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា៖ «តាមពិតទៅ អៀង សារី គ្មានតួនាទីនៅក្នុងការដឹកនាំបះបោរអ្វីឡើយ។ អៀង សារី បានចោលជួរខ្មែរក្រហមតាំងពីទសវត្សរ៍ ៨០។ ប៉ុន្តែហេតុអ្វី យើងត្រូវទៅរកអៀង សារី? ហើយធ្វើឱ្យ អៀង សារី ឡើងថ្លៃទៀត! បញ្ហានៅត្រង់ថា ឆ័ត្រនយោបាយ កម្លាំងផ្តាច់ខ្លួនមានត្រឹមតែប្រធានកងពលដែលដឹកនាំ ចំណែកម្លាំងសេសសល់មានតាំងពីគណៈប្រធានរដ្ឋ ប្រធានសភា រដ្ឋមន្ត្រី។ ឆ័ត្រនយោបាយខុសគ្នាធំណាស់។ ដូច្នេះហើយបានជាខ្ញុំឱ្យ ឯកឧត្តម ទៀ បាញ់ ឯកឧត្តមប៉ុល សារឿន ឯកឧត្តម កែវ គឹម យ៉ាន ធ្វើការងារនេះឱ្យបានឆាប់ជាមួយ អៀង សារី ដើម្បីជាឆ័ត្រនយោបាយ ព្រោះ អៀង សារី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម។ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់ អៀង សារី ដែរដែលធ្វើឱ្យគាត់ឡើងថ្លៃ ព្រោះការពិត អៀង សារី អត់មានកម្លាំងទេ។
យើងត្រូវការ អៀង សារី ដើម្បីយកមកធ្វើឆ័ត្រខាងនយោបាយ ឯអ្នកដឹកនាំកម្លាំងបះបោរពិតប្រាកដគឺ អ៉ី ឈាន និងសុខ ភាព។ នៅពេលដែលអៀង សារីមក គាត់បានទប់ស្កាត់ចលនាបះបោរនេះ តាមរយៈការបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។ ផែនការបង្កើតកម្លាំងទី៣ របស់អៀង សារី ដើម្បីតថ្លៃ មិនមែនត្រឹមតែលើកលែងទោសទេ ប៉ុន្តែដើម្បីគ្រប់គ្រងកម្លាំង និងទឹកដី ដើម្បីតថ្លៃ។ ចង់បានអ្វីមួយដែលយើងមិនអាចដឹងបាន ព្រោះផែនការនេះត្រូវបានយើងបំផ្លាញចោលតាមរយៈ ការធ្វើសមារណកម្មកម្លាំងនៅសំឡូត កំរៀង ភ្នំព្រឹក ដែលជំរុញឱ្យ អៀង សារី ឈប់រារាំងកម្លាំងនៅប៉ៃលិន និងម៉ាឡៃធ្វើសមាហរណកម្ម»។
ទាក់ទងនឹងការស្នើសុំធ្វើសមាហរណកម្មនេះ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយតាមវិទ្យុដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនជនរួម ជាតិជាទីស្នេហាថាសន្តិភាពបានកើតមានឡើងភាគច្រើនលើចំណែកដែនដីដែលនៅសេសសល់»។ សម្តេចនា យករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ សម្តេចបានជួបជា ពិភាក្សាជាមួយបណ្តាមេបញ្ជាការកងឯកភាពនានា​ដែលមិនត្រឹមតែបានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមខ្មែរក្រហមប៉ុណ្ណោះទេ តែក៏បានផ្តាច់ខ្លួនពីរបស់ដែលហៅថា ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។
សម្តេច បានពន្យល់ពីមូលហេតុ ដែលមានការអូសបន្លាយពេលនៃការធ្វើសមាហរណកម្មចាប់ពីថ្ងៃទី៩ ខែសីហារហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ របស់កម្លាំងនៅប៉ៃលិន និងម៉ាឡៃ គឺមិនមែនស្ថិតត្រង់កម្លាំងផ្តាច់ខ្លួនរបស់លោក អៀង សារី អ៊ី ឈាន និងសុខ ភាព ទាំងស្រុងនោះទេ តែផ្ទុយទៅវិញកម្ពុជាអភ័ព្ទណាស់ ជនរួមជាតិកម្ពុជាអភ័ព្ទណាស់ ដោយមានអ្នកនយោបាយនៅទីក្រុងភ្នំពេញមួយចំនួនទៅប្រាប់បងប្អូនខ្មែរ ក្រហមផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃថាឱ្យទាមទារឋានៈតួនាទីខ្ពស់ៗក្នុងជូរកងទ័ពនិងកងប៉ូលិស ហើយ បើទាមទារមិនបាន គេបញ្ជាក់ឱ្យបងប្អូនទាំងនោះអូសបន្លាយពេលវេលានៃការធ្វើសមាហរណកម្មកម្លាំងបន្តទៀត។ បញ្ហានេះហើយដែលជាមូលហេតុពិតប្រាកដនៃការអូសបន្លាយពេលវេលាសមាហរណកម្ម។
ដោយសារមានការមិនទុកចិត្តមកលើដៃគូក្នុងរដ្ឋាភិបាលចម្រុះ និងមានយុទ្ធសាស្ត្រខុសឆ្គងក្នុងការធ្វើតុល្យភាពកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ បាននាំអាវុធចូលក្នុងប្រទេសរាប់តោនដោយមិនបានឱ្យដៃគូក្នុងរដ្ឋាភិបាលចម្រុះដឹង និងព្រមទាំងបាននាំយកកម្លាំងខ្មែរក្រហមចូលមក កាន់រាជធានីភ្នំពេញ ដែលត្រូវបានគេពិពណ៌នាថាជាលើកទី១ ក្រោយពីការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ ទី៧ ខែមករា ឆ្នាំ ១៩៧៩ ដែលមានកម្លាំងខ្មែរក្រហមមានវត្តមានក្នុងរាជធានីភ្នំពេញជាថ្មីម្តងទៀត រហូតដល់ការវាយប្រយុទ្ធគ្នានៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ ១៩៩៧ រវាងកម្លាំងកងទ័ពរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងស្មោះនឹងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមទាហានខ្មែរក្រហមដោយសារតែ ទី១) យុទ្ធសាស្ត្រធ្វើ តុល្យភាពកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិចដោយយកកម្លាំងខ្មែរក្រហមបញ្ចូលជាកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទី២) បង្កើតរណសិរ្សរួបរួមជាតិប្រឆាំងនឹងរដ្ឋាភិបាលចម្រុះខ្លួនឯង ទី៣) នាំចូលអាវុធដោ យខុសច្បាប់ ទី៤) ការចរចាជាមួយខ្មែរក្រហម ជាសម្ងាត់ដើម្បីយកមកបង្កើនកម្លាំងរបស់ខ្លួន និងបានចល័តកម្លាំងខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ ដោយមិនបានខ្វាយខ្វល់នឹងសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់ពលរដ្ឋខ្មែរ ក៏ដូចជាសុខសន្តិភាពរបស់ជាតិ និងប្រជាជន។
ការវាយប្រយុទ្ធគ្នាបាន អូសបន្លាយជិតមួយឆ្នាំ និងក្រោយមកក៏មានការបោះឆ្នោតនាខែកក្កដា ឆ្នាំ ១៩៩៨ គណបក្សប្រជាជន កម្ពុជាបានឈ្នះការបោះឆ្នោតទទួលបាន ៦៤ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបានចាញ់ឆ្នោតទទួលបាន ៤៣ អាសនៈ និងគណបក្សសម រង្ស៊ី ទទួលបាន ១៥ អាសនៈ។ ចំពោះលទ្ធផលនេះត្រូវបានគេមើលឃើញសម្តេចក្រុមព្រះ មិនមែនជាអ្នកដឹកនាំដែលគួរឱ្យទុកចិត្តទៀតនោះទេ។ ចំពោះបងប្អូនខ្មែរក្រហម នៅតំបន់អន្លង់វែងដែលជាមូលដ្ឋានចុងក្រោមរបស់ខ្មែរក្រហម បានលើកឡើងថានយោបាយរបស់សម្តេចក្រុមព្រះ បានធ្វើឱ្យក្រុមខ្មែរក្រហមនៅទីនោះអស់ជំនឿ។ ស្របពេលដែលមេស្ថាបនិកនៃរបបខ្មែរក្រហម ប៉ុល ពត បានស្លាប់នៅខែមេសា ឆ្នាំ ១៩៩៨ និងការបោសសម្អាតគ្នាឯងចុងក្រោយក្នុងចំណោមក្រុមមេដឹកនាំខ្មែរក្រហម ក្រុមខ្មែរក្រហមនៅតំបន់អន្លង់វែងក៏បានបញ្ឈប់នយោបាយ ចាក់ខ្សែជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានមើលឃើញថាមនុស្សដែលមានសុចរិតភាព ទៀងត្រង់និងស្មោះត្រង់បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងជាវិរជនបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ពិតប្រាកដ ជាវិរជនសន្តិភាព និងដែលមាននយោបាយសន្តោសប្រណីជានិច្ច និងតែងតែបើកចំហរឱកាស ឱ្យអ្នកមានកំហុសកែខ្លួនដោយមិនប្រកាន់ទោសពៃរ៍គឺមានតែសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។
ដូច្នេះហើយបានជាកម្លាំងខ្មែរក្រហម ដែលនៅសេសសល់ចុងក្រោយ ដែលរួមមានគណៈរដ្ឋមន្រ្តីរបស់ខ្មែរក្រហមទាំង មូលរួមមាន អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរមកគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅដើម្បីចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្លាំងសេសសល់ត្រូវបានចូលធ្វើសមាហរណកម្ម។ នេះគឺជាជោគជ័យដ៏ធំធេងនៃការយុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងការំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយក សុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ គឺជាគម្រប់ខួប ២០ ឆ្នាំនៃការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅ កម្ពុជា នាំសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាក័នឹងចូលរួមអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះដែលជានិមិត្តរូបនៃភាពជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការនិងប្រជាពលដ្ឋជាច្រើនម៉ឺននាក់៕
សូមរង់ចាំអានអត្ថបទវគ្គទី៥ ដែលនឹងបរិយាយពីមេរៀន និងបទពិសោធនៃនយោបាយឈ្នះឈ្នះសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨




















ដំណើរឆ្ពោះទៅការប្រារព្ធខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ (វគ្គ៣)

វគ្គទី៣៖ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ ខ្មែរក្រហមផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយ នឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិ ចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការ បោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។
ពួកគេ ចុះខ្សោយដោយសារតែប្រទេសជាសម្ព័ន្ធមិត្រដែលធ្លាប់ជួយខ្លួនបានបញ្ឈប់ការផ្តល់ជំនួយទាំង យោធានិង នយោបាយ ហើយក្រុមទាហានខ្មែរក្រហមបានបាក់ទឹកចិត្ត។ នយោបាយ ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន វាយលុកលើនយោបាយច្រែះស៊ីដែករបស់ខ្មែរក្រហម។ គោលការណ៍នយោបាយឈ្នះឈ្នះ ទាំងបីត្រូវបានគេឃើញមានវត្តមានជាផ្លូវការណ៍ នៅក្នុងលិខិតសម្ងាត់ទាក់ទងផ្សេងៗ នៅក្នុងន័យឃោសនា អូសទាញក្រុមខ្មែរក្រហមប្រើប្រាស់ដោយដោយក្រុមប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ។
គោលការណ៍ទាំងបីសំខាន់នៃនយោបាយជាប្រវត្តិសាស្ត្រនេះ ក្នុងនោះរួមមាន៖ ទី១-ធានាសុវត្ថិភាពនិងអាយុជីវិត ទី២-ធានអាជីពនិងមុខរបរ និង ទី៣-ធានារក្សាទ្រព្យសម្បត្តិ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិ ដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយ ទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។
ចំណុចនេះ មុននឹងអនុវត្តនូវនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ ហ៊ុន សែន បានធ្វើការជួបប្រាស្រ័យ ស្វែងយល់ តើអ្វីដែលជាការចង់បានរបស់អ្នកដែលនៅក្នុងជួរ និងជាពិសេសបានជួបប្រាស្រ័យ ជាមួយអតីតខ្មែរក្រហមផ្តាច់ខ្លួននិងសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយសមរភូមិភ្នំវល្លិ៍នៅចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ ការផ្តាច់ខ្លួនជាបន្តបន្ទាប់របស់ក្រុមខ្មែរ ក្រហមបានចាប់ផ្តើមឡើង នៅពេលនោះពលរដ្ឋខ្មែរប្រាកដជាបានឮឈ្មោះឧត្តមសេនីយ៍ កែវ ពង្ស ដែលជាអតីតមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុលពត ដោយផ្ទាល់ដែលឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួន និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមិនអាចបន្តទទួលយកនូវការដឹកនាំបែបផ្តាច់ការ ការបោសសម្អាតផ្ទៃក្នុង ដែលមិនស្មោះត្រង់នឹងបក្ស និងមិនអនុញ្ញាតឱ្យមាន កម្មសិទ្ធិឯកជនឡើយ។ ក្រោយការផ្តាច់ខ្លួន ឧត្តមសេនីយ៍ កែវ ពង្ស បានព្យាយាមទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាល ហើយចុងក្រោយបានជួបទំនាក់ទំនងជាមួយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលដឹកនាំបញ្ជាផ្ទាល់នៅបញ្ជាការជួរមុខអគ្គសេនាធិការឈរជើង នៅតំបន់ស្រុកឱរ៉ាល់។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលកាលនោះមានតួនាទីជាអគ្គសេនាធិការរង បានសរសេរលិខិតទៅ កាន់កម្លាំងផ្តាច់ខ្លួនជាមួយនឹងគោលនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ១៩៩៦។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស ចូលជួបក្រោមការសម្របសម្រួល របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន នៅគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ។ លោក កែវ ពង្ស បានរាយការណ៍ជូនសម្តេចពីបញ្ហាទាំងអស់ទាក់ទងនឹងការបែកបាក់របស់ក្រុមមេដឹកនាំខ្មែរក្រហម និងទឹកចិត្តខ្មែរក្រហមថ្នាក់ក្រោម។
ឧត្តមសេនីយ៍ កែវ ពង្ស មានការគិតគូរច្រើន នៅមុនពេលជួបសម្តេចតេជោ លាយឡំជាមួយនឹងការមិនទាន់ ទុកចិត្តទាំងស្រុង និងត្រៀមខ្លូនលើកឡើង២ចំណុចក្នុងនោះ ទី១៖ គឺស្នើសុំឱ្យ អ្នកមកតាមលោកទាំងអស់ មានសេរីភាពដូចប្រជាពលរដ្ឋធម្មតា និងទី២៖ លោកសុំទៅស្រុកកំណើតដើម្បីទៅធ្វើបុណ្យជូនឪពុកម្តាយ សាច់ញាតិនៅខេត្តតាកែវបាន ២ ឬ ៣ ថ្ងៃ និងបន្ទាប់មក យកលោកទៅដាក់ទោស ឬយ៉ាងណាអាស្រ័យ លើរដ្ឋាភិបាលទៅចុះ ព្រោះលោកសម្រេចលះបង់ការពារអាយុជីវិតទាហាន និងប្រជាជនដែលបានផ្តាច់ ខ្លួនពីខ្មែរក្រហម ប៉ុលពត រួចទៅហើយ។
នៅពេលជួបជាមួយឧត្តមសេនីយ៍ កែវ ពង្ស សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ធ្វើឱ្យលោក កែវ ពង្ស មានជំនឿជឿជាក់ និងមានស្មារតីរឹងមាំកាន់តែខ្លាំងថែមទៀត ហើយយល់ថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើគឺដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ថា៖ «ទី១) ពួកយើងបានចេញតស៊ូដូចគ្នា នៅឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ យើងដើរផ្លូវជាមួយគ្នា ប៉ុន្តែក្រោយមក អ្នកនយោបាយបំបែកយើងចេញពីគ្នា ហើយឥឡូវយើងជួបគ្នាវិញហើយ។ ទី២) យើងមិនមែនជាអ្នកសាង បញ្ហានៅកម្ពុជាទេ គឺអ្នកជំនាន់មុនជាអ្នកសាងទុក ឯយើងជាអ្នករងគ្រោះ»។ ក្រោយពីបានជួបនិងប្រាស្រ័យ ការងារជាមួយសម្តេច ហ៊ុន សែន ឧត្តមសេនីយ៍ កែវ ពង្ស បានស្ងប់ស្ងែងវរភាពរបស់សម្តេច និងភាពជាអ្នក ដឹកនាំពិត ជាមេដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្លាំងពូកែ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋ ជាមនុស្សរបស់ប្រជាជនកម្ពុជា។
ស្ថានភាពចុងក្រោយរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងខ្មែរក្រហមថ្នាក់ក្រោមដែលលោក កែវ ពង្ស បានជម្រាបជូនសម្តេច ហ៊ុន សែន គឺជាវិភាគទានថ្មីមួយទៀត ក្នុងការផ្តល់ព័ត៌មានច្បាស់ការណ៍ ដែលអាចទុកចិត្តបានអំពីបញ្ហាផ្ទៃក្នុងរបស់ក្រុមមេដឹកនាំខ្មែរក្រហមក្បាលរឹង ហើយនេះក៏ជាមូលដ្ឋានសម្រាប់ បន្តអនុវត្តនូវយុទ្ធសាស្ត្រឌីហ្វីដរំលាយ អង្គការនយោបាយ និងយោធាខ្មែរក្រហម បង្រួបបង្រួមជាតិ បង្រួបង្រួមទឹកដីផងដែរ។ សម្តេចបានប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ពីនយោបាយឈ្នះឈ្នះដែលមាន គោលការណ៍បីចំណុចនេះដែលជាគោលនយោបាយមួយ ដ៏ត្រឹមត្រូវក្នុងការអូសទាញកម្លាំងខ្មែរក្រហម ចូលរួមរស់ក្នុងសង្គមជាតិវិញ និងត្រូវបានទទួលស្វាគមន៍ពី សំណាក់បងប្អូនខ្មែរក្រហម។
ពិធីប្រកាសជាផ្លូវការនៃការធ្វើសមាហរណកម្មរបស់កងពលលេខ ១៨ របស់ឧត្តមសេនីយ៍ កែវ ពង្ស ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅតំបន់ឱរ៉ាល់។ ភ្នំវល្លិ៍គឺជាគ្រាន់តែជា ដំណាក់កាលសិក្សា ពីនយោបាយឈ្នះ-ឈ្នះ តែប៉ុណ្ណោះ ចំណែកឯការចាប់ផ្តើមអនុវត្ត នយោបាយឈ្នះឈ្នះដំបូងគេគឺ នៅតំបន់ឱរ៉ាល់ ដែលជាចំណុចដកបទពិសោធន៍ដ៏ធំ នៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានចាប់ ផ្តើមនៅខែកុម្ភៈ ឆ្នាំ១៩៩៦ ជាមួយឧត្តមសេនីយ៍ កែវ ពង្ស។ នេះគឺជាដំណាក់កាលទី១ នៃការអនុវត្តដោយ ជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឈ្នួនសន្តិភាពបានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់។ តំបន់ឱរ៉ាល់ដែលជា សមរភូមិក្តៅគគុករវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមខ្មែរក្រហម ហើយតំបន់ឱរ៉ាល់គឺជាទីតាំងតស៊ូរឹងមាំ មួយរបស់ក្រុមខ្មែរក្រហម និងជាទីតាំងតស៊ូរបស់ទ័ពព្រៃតាំងពីការចាប់ផ្តើមតស៊ូរបស់ខ្មែរក្រហមដំបូង។
ក្រោយសមាហរណកម្ម ឧត្តមសេនីយ៍ កែវ ពង្ស មិនត្រឹមតែរាជរដ្ឋាភិបាលមិនយកទោសពៃរ៍នោះទេ ថែមទាំងបានប្រគល់តួនាទី និងឋានន្តរស័ក្តិជាឧត្តមសេនីយ៍នៅជួរកងយោធពលខេមរភូមិន្ទ និងបានស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយបានប្រគល់ភារកិច្ច ឱ្យធ្វើកិច្ចការបន្ត ក្នុងការអូសទាញមិត្តភ័ក្តិនានាជាកងកម្លាំងខ្មែរក្រហម នៅក្នុងព្រៃមករួមរស់ក្នុង សង្គមជាតិវិញ តាមគោលនយោបាយ ឈ្នះឈ្នះ។ គោលនយោបាយឈ្នះឈ្នះបានជ្រៀត ចូលយ៉ាងលឿន ក្នុងការក្រុមខ្មែរក្រហមដោយក្នុងនោះ មានការផ្សព្វផ្សាយតាមឈ្មួញផងតាមខិត្តបណ្ណផង និងតាមរយៈការ ទាក់ទង ដោយផ្ទាល់តាមតេអូ។ លោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ដែលជាអតីតទាហានអាន់គី ដែលបានចុះ ចូលជាមួយរដ្ឋាភិបាលនៅឆ្នាំ ១៩៩២ ក៏ជាប្រតិបត្តិករម្នាក់ទៀត ដែលបានដឹងពីនយោបាយឈ្នះឈ្នះនេះ និងចូលរួមក្នុងក្រុមប្រតិបត្តិករដំបូងនៃ នយោបាយឈ្នះឈ្នះអូសទាញក្រុមខ្មែរក្រហម។
ក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ស្ថិតក្រោមការបញ្ជាផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន ដំណើរការការងាររបស់ខ្លួនដោយលាក់ការណ៍ សម្ងាត់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែការអនុវត្តនយោបាយឈ្នះឈ្នះមានការសម្ងាត់ខ្ពស់ ធ្វើឱ្យមន្ត្រីមួយចំនួននៅក្នុងរាជរដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការយល់ច្រឡំនិងវាយ តម្លៃខុស និងពេលខ្លះសម្តេចត្រូវបានរិះគន់ថាហេតុអ្វីអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស វិលចូលព្រៃវិញ?
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថាប្រសិនបើរក្សាទុកលោក កែវ ពង្ស នៅភ្នំពេញ គឺបានត្រឹមតែ កែវ ពង្ស តែម្នាក់ ប៉ុណ្ណោះ ប៉ុន្តែបើកែវ ពង្ស ចូលក្នុងព្រៃ កែវ ពង្ស នឹងនាំមកនូវខ្មែរក្រហម ជាច្រើនទៀត។ ពេលខ្លះខ្មែរក្រហមក៏បានប្រើប្រាស់ល្បិចដើម្បីបំបែកលោក កែវ ពង្ស ពីរដ្ឋាភិបាល និងពីសម្តេចតេជោ ហ៊ុន សែន និងពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយការទម្លាក់លិខិតក្លែងក្លាយជាដើមដើម្បី ធ្វើឱ្យរដ្ឋាភិបាល ដកជំនឿទុកចិត្តពីលោក កែវ ពង្ស។ តាមរយៈបទពិសោធនៅសមរភូមិភ្នំវល្លិ៍ និងការសមាហរណកម្មនៅ តំបន់ឱរ៉ាល់របស់ឧត្តមសេនីយ៍ កែវ ពង្ស នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលទទួលបញ្ជាផ្ទាល់ពីសម្តេច តេជោ ហ៊ុន សែន បានធ្វើវិធីសាស្ត្រប្រើកម្លាំង យុទ្ធវិធីវាយលុក និងអូសទាញដែលក្នុងនោះបានកំណត់ ចេញពីតំបន់ឱរ៉ាល់ឆ្ពោះទៅមុខព្រួញទិសសំឡូត ភ្នំព្រឹក សំពៅលូន ម៉ាឡៃ ជាគោលដៅកាន់កាប់ដើម្បី ឆ្ពោះទៅគ្រប់គ្រងតំបន់ប៉ៃលិនទាំងមូល។
សកម្មភាពផ្សព្វផ្សាយពីគោលនយោបាយ ឈ្នះ-ឈ្នះ របស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយមានលោក កែវ ពង្ស នៅជួរមុខបានជ្រួតជ្រាប យ៉ាង លឿនទៅក្នុង ក្រុមខ្មែរក្រហម រហូតដល់ខែឧសភា ឆ្នាំ ១៩៩៦ នួន ជា ជាបងធំទី២ ខ្មែរក្រហមបានចុះមក ផ្សព្វផ្សាយនិងអប់រំ ស្មារតីមេបញ្ជាការគ្រប់អង្គភាពដែលនៅតំបន់ខាងក្នុង និងខាងកើតផ្លូវ ៥៦ ដើម្បីអប់រំ រៀនសូត្រពង្រឹងជាបន្ទាន់ ដោយ ពួកគេភ័យខ្លាចក្រែងអ្នកទាំងនោះធ្លាក់ចូលក្នុងការអូសទាញរបស់ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលកំពុងតែសកម្មក្នុង ការអូសទាញ។ ប៉ុន្តែអ្វីដែលក្រុមមេដឹកនាំក្រុមខ្មែរ ក្រហមមានការព្រួយ បារម្ភពិត ជាត្រឹមត្រូវ ហើយមេបញ្ជាការខ្មែរក្រហមនៅតំបន់ផ្សេងៗត្រូវបានអូសទាញ និងស្ម័គ្របោះបង់ចោលអាវុធ បោះបង់ចោលក្រុមខ្មែរក្រហមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការ អនុវត្តនយោបាយឈ្នះឈ្នះ ដោយមានការធ្វើសមាហរណកម្មកម្លាំងជាបន្តបន្ទាប់ដោយចេញពីឱរ៉ាល់ ដល់ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ និងតំបន់ផ្សេងៗទៀត។
ភាពជោគជ័យនៃក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលធ្វើឱ្យនយោបាយ ឈ្នះឈ្នះកាន់តែបោះជំហានទៅមុខគឺការទាក់ទងលោក សុខ ភាព ដែលជាមេ បញ្ជាការកងពល ៤៥០ របស់ខ្មែរក្រហមនៅតំបន់ម៉ាឡៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់ក្រុមប្រតិបត្តិករដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបដោយផ្ទាល់ ជួបជាមួយលោក សុខ ភាព ដោយធានាបាននូវការលាក់ការសម្ងាត់។ ជំនួបជាមួយលោក សុខ ភាពបានធ្វើ ឡើងនៅថ្ងៃទី១ ខែសីហា នៅប្រទេសថៃដោយបាននិយាយគ្នាជាច្រើន ពីនយោបាយឈ្នះ ឈ្នះនិងការជួយ ឧបត្ថម្ភគាំទ្រកម្លាំងខ្មែរក្រហមផ្តាច់ខ្លួនទប់ទល់នឹងការធ្វើទុកបុកម្នេញរបស់ខ្មែរក្រហម។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ ១៩៩៦ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលការងារដែលបានជួបជាមួយលោកសុខ ភាព(កងពល ៤៥០) និងអំពីគោលគំនិត របស់អៀង សារី ដែលប្រាប់ឱ្យលោក សុខ ភាព និងអ៊ី ឈាន (កងពល ៤១៥) ទៅជួបជា មួយក្រុមប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ហើយអៀង សារី ដែលបានបែកចេញពីក្រុមខ្មែរក្រហម បានជំរុញឱ្យប្រញាប់ ដោះស្រាយបញ្ចប់សង្គ្រាម មិនអាចនៅបន្តវាយខាងយោធាទៀតនោះទេ។ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន កំពុងតែសម្ពោធស្ថានីយស្ថានីយ៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ ៣ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានទូរស័ព្ទពីថៃមកដើម្បីជូនដំណឹងថាមានការបះបោរ ក្នុងក្រុមខ្មែរ ក្រហមហើយ។ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន បានប្រកាសព័ត៌មានជាផ្លូវការថា៖«បងប្អូនអតីតកងពល ៤៥០ របស់លោកសុខ ភាព និងកងពក ៤១៥ របស់លោកអ៊ី ឈាន រួមជាមួយលោក អៀងសារីផងបាន សម្រេចចិត្តផ្តាច់ខ្លួនចេញពី ប៉ុល ពត ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ១៩៩៦ អំពីការផ្តាច់ខ្លួន របស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ បានធ្វើឱ្យមនុស្សម្នាស្រឡាំងកាំងទាំងអស់គ្នា រហូតអ្នកខ្លះនៅ អល់អែកឬមិនជឿថា ខ្មែរក្រហមបានកែប្រែចិត្តគំនិត លះបង់ចេញពីជួរឧទ្ទាម ប៉ុលពត យ៉ាងអាថ៌កំបាំង អស្ចារ្យដូច្នេះសោះ។ ហេតុដូច្នេះហើយបានធ្វើឱ្យមជ្ឈដ្ឋានខ្លះងឿងឆ្ងល់ថា តើនរណាជាជាអ្នកដឹកនាំបញ្ជា រឿងនេះ?ហើយនរណាជាអ្នកអនុវត្តកិច្ចការនេះ? បេសកកម្មបម្រើគោលនយោបាយនេះចាប់ផ្តើមពីពេលណា? ហេតុអ្វីឈ្លាសវៃរក្សាការសម្ងាត់ជាទីបំផុត និងធ្វើរបៀបណាបានជាសម្រេចតាមបំណងនិងសម្រេច តាមផែនការ ជាពិសេសសូម្បីតែ ប៉ុល ពត នួន ជា ខៀវ សំផន សុន សេន ក៏ស្លន់ស្លោរជាទីបំផុត។ នៅថ្ងៃ ទី៧ ខែសីហា ឆ្នាំ ១៩៩៦ វិទ្យុឧទ្ទាមខ្មែរក្រហម ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គឺគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅ ឯទីក្រុង ព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនា មួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
សូមរង់ចាំអានអត្ថបទវគ្គទី៤ ដែលនិយាយពីបញ្ហាប្រឈមនានាពេលអនុវត្តនយោបាយឈ្នះឈ្នះ
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨