Wednesday, November 30, 2016

លិខិតមិត្តអ្នកអាន ៖ តើពិភពលោកត្រូវពិចារណា សំដីរបស់មេដឹកនាំកម្ពុជាដែរឬទេ?

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានក្រើនរំលឹកដល់មេដឹកនាំនិងប្រជាជនក្នុងពិភពលោក ដោយលេីកឡេីងថា កម្ពុជាក៏ដូចជាប្រទេសទូទាំងពិភពលោក គ្មានប្រទេសណាមួយត្រូវការសង្គ្រាមនោះទេ ដូច្នេះពិភពលោកត្រូវតែពិចារណឡើងវិញ ផងដែរអំពីស្ថានការណ៍សង្គ្រាម ភាពវឹកវរ វិបត្តិជនភៀសខ្លួន អំពើភេរវកម្ម មហន្តរាយ និងភាពហិនហោចនៃបណ្តាប្រទេសមួយចំនួន ដែលបង្កឡើងដោយការលូកដៃ និងជ្រៀតជ្រែកចូលពីប្រទេសដ៏ទៃ ដែលតួអង្គសំខាន់ក្នុងការជំរុញឱ្យកកើតសង្រ្គាម ក្នុងបណ្តាប្រទេសទាំងនោះ គឺសហរដ្ឋអាមេរិក និងដោយមានការបន្ទរពីអ៊ឺរ៉ុប។ លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានធំៗក្នុងប្រទេស ស្រង់សំដីនៅពេលដែលលោកឡើងថ្លែងសន្ទរកថា ក្នុងពិធីបើកមហាសន្និបាតសភាអាស៊ីលើកទី៩ ដែលមាន២៣ប្រទេសចូលរួម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការថ្លែងរបស់មេដឹកនាំកម្ពុជា ត្រូវបានធ្វើឡើង ស្របទៅនឹងប្រធានបទនៃមហាសន្និបាតសភាអាស៊ី ដែលនិយាយអំពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។
លោក ហ៊ុន សែន បាននិយាយទៅកាន់ពិភពលោកថា តើដល់ពេលដែលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះ អ្នកដែលបានផ្ដួចផ្ដើមគំនិតធ្វើបដិវត្តពណ៌ និងអ្នកដែលធ្លាប់អបអរសាទរនូវបដិវត្តន៍ពណ៌ ពួកគេទៅពួនសំងំនៅទីណា? ទីកន្លែងដែលកើត សង្គ្រាមដោយការផ្ដួលរំលំតាមកម្លាំងយោធា និងតាមរយៈបដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ គឺសុទ្ធតែកើតឡើងក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ មេដឹកនាំកម្ពុជា បានរំលឹកពីការផ្ដួលរំលំរបបមេដឹកនាំមួយចំនួន ដែលគេចោទថា ជាមេដឹកនាំផ្តាច់ការ ហើយពេលនេះប្រទេសទាំងនោះ បានរងនូវវិនាសកម្ម ខ្ទេចខ្ទីដល់ឬសគល់។ លោក ហ៊ុន សែន បានចោទសួរទៅកាន់ពិភពលោកថា តើការផ្តួលរំលំរបប សាដាំ ហ៊ូសេន មកដល់ពេលនេះ វាបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៊ីរ៉ាក់? ការផ្ដួលរំលំ បេន អាលី នៅទុយនេស៊ី, ការផ្ដួលរំលំ ហ្គាដាហ្វី នៅលីប៊ី, ការផ្ដួលរំលំ ហ៊ូស្ល៊ី មូបារ៉ាក់ នៅអេហ្ស៊ីប, ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតី អាសាដ ក៏ដូចជាសង្រ្គាមដែលកំពុងផ្ទុះឡើងនៅ យ៉េមេន តើទាំងអស់នេះ អ្នកណាត្រូវទទួលខុសត្រូវ? តើដើម្បីប្ដូរមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយ ត្រូវស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លានបែបនេះឬ? ឥឡូវតើល្មមដល់ពេលដែលយើងត្រូវវាយតម្លៃនូវសភាពការណ៍នេះហើយឬនៅ? តើបដិវត្តន៍ពណ៌វាគួរជាទីស្រឡាញ់ ឬក៏គួរឱ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ គួរតែយកពួកមេខ្លោងដែលធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ារងគ្រោះ ទៅកាត់ទោស ឬត្រូវពាក់មេដាយជាពានណូប៊ែល ឱ្យពួកទាំងនេះ?
មេដឹកនាំកម្ពុជា បានលើកឡើងថា ក្រៅពីការស្លាប់មួយថ្ងៃៗយ៉ាងច្រើនលើទឹកដីអ៊ីរ៉ាក់ ទឹកដីស៊ីរី លីប៊ីនិងយ៉េមេនបច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មានដែលកំពុងឆ្លងមហាសាគរ មេឌីទេរ៉ានេដើម្បីភៀសខ្លួនទៅកាន់អឺរ៉ុប? នេះគឺជាចំណុចដែលត្រូវពិភាក្សា ដើម្បីទប់ស្កាត់នូវទង្វើរបស់ជនទាំងឡាយណា ឬប្រទេសណាក៏ដោយដែលបង្កើតឡើងនូវស្ថានភាពទទឹងទិស ដែលនាំទៅរកសង្គ្រាម។ មេដឹកនាំកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួនទាំងនោះ ព្រោះនេះជាការទទួលខុសត្រូវរបស់អ៊ឺរ៉ុប ដែលជាអ្នកគាំទ្រនយោបាយសហរដ្ឋអាមេរិក លើបញ្ហាបដិវត្តន៍ពណ៌។ លោក ហ៊ុន សែន បន្តថា ដើម្បីការពារសន្ដិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្ដិភាព និងទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ត្រូវបន្ទោសអ្នកដែលលូកដៃបង្កើតសង្រ្គាម និងគាំទ្រសង្រ្គាម។ អ្នកដែលបង្កសង្រ្គាមសុទ្ធតែជាប្រទេសដែលមានលទ្ធភាព មិនមែនអ្នកទន់ខ្សោយទេ យើងគ្រាន់តែបានស្ដីបន្ទោសទៅលើអ្វីដែលវាជាបញ្ហាបានកើតតែប៉ុណ្ណោះ តែមូលហេតុដើមដែលនាំឱ្យវាកើតសង្រ្គាម អត់មានអ្នកណាហ៊ាននិយាយទេ មេដឹកនាំកម្ពុជាបានជំរុញឱ្យពិភពលោក ត្រូវតែហ៊ាននិយាយ ដើម្បីពិភពលោកមួយមានសន្ដិភាព មានការបង្រួបបង្រួម ហើយមានកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
តើពិភពលោកគួរយកការលើកឡើងរបស់មេដឹកនាំកម្ពុជា ទៅពិចារណាដែរឬទេ? តើសំដីរបស់លោក ហ៊ុន សែន ត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍រួមដល់ពិភពលោកដែរឬយ៉ាងណា? បើការលើកឡើងរបស់មេដឹកនាំកម្ពុជាមានភាព.     តក្កវិត្យា និងជាការពិត ដែលពាក់ព័ន្ធនឹងសុខសន្តិភាពរបស់ពិភពលោកទាំងមូលមែននោះ មេដឹកនាំនិងប្រជាជនដែលស្នេហាសន្តិភាពលើពិភពលោកត្រូវតែពិចារណានូវសំដីមួយម៉ាត់ៗរបស់លោក ហ៊ុន សែន។ មេដឹកនាំប្រទេសនានា ត្រូវតែហ៊ាននិយាយការពិតដូច. លោក ហ៊ុន សែន ដើម្បីទប់ស្កាត់នូវការបញ្ឆេះសង្គ្រាមពីប្រទេសមួយចំនួនដូចជាអាមេរិក និងអ៊ឺរ៉ុបជាដើម។ ជាក់ស្តែងកម្ពុជាស្ទើរតែធ្លាក់ក្នុងស្ថានការណ៍វឹកវរទៅហើយ បើគ្មានការទប់ស្កាត់ទាល់ពេលវេលានោះទេ គឺនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ រូបភាពបដិវត្តពណ៌បានបង្ហាញខ្លួនជាក់ស្តែងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដោយសារតែពាក្យថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រទេសធំៗមួយចំនួន បានប្រើវាធ្វើជាខែល ក្នុងការលូកដៃជ្រៀតជ្រែកចូលប្រទេសដ៏ទៃ ដោយចាប់ផ្តើមពីចលនាបដិវត្តពណ៌។
មិនខុសពីការលើកឡើងរបស់មេដឹកនាំកម្ពុជានោះទេ មានប្រទេសច្រើនមកហើយដែលរងគ្រោះដោយសារតែការលូកដៃពីប្រទេសដ៏ទៃជាពិសេសគឺប្រទេសដែលមិនស្របនឹងខ្លួន ក៏ដូចជាប្រទេសដែលមានភូមិសាស្ត្រនយោបាយមិនស្របនឹងខ្លួន។ ដូច្នេះអ្វីដែលលោក ហ៊ុន សែន បានលើកឡើង គឺពិតជាមានឧត្តមប្រយោជន៍សម្រាប់ពិភពលោក នោះគឺត្រូវតែហ៊ាននិយាយការពិត ហ៊ានទទួលស្គាល់ការពិត និងហ៊ានរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ដោយស្មើភាព និងស្មើសិទ្ធិនៅលើឆាកអន្តរជាតិ ទោះបីជាប្រទេសខ្លួនជាប្រទេសតូចរឺទន់ខ្សោយក៏ដោយ ក៍មិនត្រូវបណ្តោយឱ្យប្រទេសដែលមានចេតនាបង្កសង្គ្រាម បំពេញមហិច្ឆតារបស់ខ្លួនតាមអំពើចិត្តនោះឡើយ៕

ប្រភពពី GNN

ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃដំណើរការចុះឈ្មោះបោះឆ្នោត សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់ទៅចុះឈ្មោះ ឲ្យបានមុនម៉ោង៥៖៣០នាទីល្ងាច

(ភ្នំពេញ)៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាថ្ងៃចុងក្រោយ នៃដំណើរការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចបន្ថែម១ថ្ងៃ, សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា!
សូមជំរាបថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង៧.៧លាននាក់ បើគិតជាភាគរយស្មើនឹង៨០ភាគរយ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ពីការចុះឈ្មោះបោះឆ្នោតថ្មីនេះឲ្យបានកាន់តែទូលំទូលាយ អង្គភាពព័ត៌មាន Fresh News សូមលើក យកនូវកម្រង សំណួរ-ចម្លើយចំនួន៧ ដើម្បីស្រាយចម្ងល់នានា ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដោយដកស្រង់ចេញ ពីខិត្តប័ណ្ណស្តីពី ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ របស់គ.ជ.ប។
១៖ តើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅនៅពេលណា? កន្លែងណា?
ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
២៖ ដើម្បីចុះឈ្មោះបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរទាំង២ភេទ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
* មានសញ្ជាតិខ្មែរ
* មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
– មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត
– មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត
– ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពី ក្រសួងស្ថាប័នមានសមត្ថកិច្ច។
៣៖ ដើម្បីចុះឈ្មោះបោះឆ្នោត តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេច?
* ត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីកន្លែងណាមួយក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅតាមការកំណត់របស់ គ.ជ.ប
* បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើការចុះឈ្មោះបោះឆ្នោត ដល់ក្រុមចុះឈ្មោះបោះឆ្នោត
* មានសិទ្ធិបោះឆ្នោត និងបំពេញបានតាមលក្ខខណ្ឌ នៃការចុះឈ្មោះបោះឆ្នោត
* មិនទាន់បានចុះឆ្នោត ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។
៤៖ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយ ប៉ុន្តែអាសយដ្ឋានក្នុងអត្តសញ្ញាប័ណ្ណផ្សេងពីលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនសុំចុះឈ្មោះ តើត្រូវធ្វើដូចម្តេចដើម្បីចុះឈ្មោះបោះឆ្នោតបាន?
សាមីខ្លួនសុំចុះឈ្មោះ ត្រូវនាំមកនូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើម ដែលមានបញ្ជាក់ការស្នាក់នៅឃុំ សង្កាត់ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។
៥៖ ចុះប្រសិនបើសាមីខ្លួនពុំមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារទៀតនោះ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវទៅជួបអាជ្ញាធរឃុំ សង្កាត់ ដោយនាំមកជាមួយនូវសាក្សី១រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ជាមួយដើម្បីសុំលិខិតបញ្ជាក់ទីលំនៅ សម្រាប់សុំចុះឈ្មោះបោះឆ្នោត។
៦៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរ ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវមកបង្ហាញខ្លួន ដោយផ្ទាល់ចំពោះមុខអាជ្ញាធរឃុំ សង្កាត់ ដើម្បីសុំឯកសារបញ្ជាក់ អត្តសញ្ញាបម្រើឲ្យការចុះឈ្មោះ បោះឆ្នោត ដោយនាំមកនូវ៖
* សំបុត្រកំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្រកំណើតច្បាប់ដើម ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ តាមការទាមទារសញ្ជាតិរបស់ជនបរទេស ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិដោយ សញ្ជាតូបនីយកម្មដល់ជនបរទេស ឬសាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថា សាមីខ្លួននោះកើតពីឪពុកឬម្ដាយដែលមាន សញ្ជាតិខ្មែរ ឬឯកសារភស្ដុតាងផ្លូវការ ដែលបញ្ជាក់ថា សាមីខ្លួនកើតមកពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ។
* សាក្សី២រូបដែលមានសិទ្ធិបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ពិតប្រាកដក្នុងឃុំ-សង្កាត់ជាមួយ។
* រូបថតទំហំ ៣ x ៤ ចំនួន២សន្លឹក។
៧៖ តើប្រជាពលរដ្ឋ ឬកម្មករ និយោជិត សិស្ស និស្សិត មន្រ្តីរាជការ នាយឬពលនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ និងបព្វជិត សាសនា ដែលកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ អាចសុំចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នោះបានដែរ ឬទេ?
អ្នកកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ សុទ្ធតែអាចសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះបានឲ្យតែសាមីខ្លួនបំពេញ បានត្រឹមត្រូវបានលក្ខខណ្ឌសម្រាប់ ការចុះឈ្នោះឆ្នោតដូចបានរៀបរាប់ខាងលើ។
បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប្រភេទថ្មី ឬចាស់ អាចសុំចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បាន៕

តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​​ និង​អគ្គ​លេខាធិការ​រង ​គ.ជ.ប​ ក្នុង​ពន្ធនាគារ​ដដែល​​

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ សម្រេចតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបក្នុងពន្ធនាគារដដែល។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឱ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា។
ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕



គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ប្រជាពលរដ្ឋខ្មែរ ៧,៨៣២,៧២១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះត្រូវបញ្ចប់នៅថ្ងៃនេះ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២, ៧២១ នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើម ពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែ គ.ជ.ប បានសម្រេចបន្ថែមមួយថ្ងៃទៀត គឺថ្ងៃទី៣០ ខែ វិច្ឆិកា នេះ។ គ.ជ.ប បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕