Friday, December 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas)

 តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕



គ្រួសារមានជីវភាពខ្វះខាតជាង ៦៨ម៉ឺនគ្រួសារ រងផលប៉ះពាល់ដោយសារជំងឺកូវីដ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរដ្ឋ លើកទី២ សម្រាប់ជុំទី៣

 បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា មានប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦៨១,៩៩៩ គ្រួសារ ទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៣ លើកទី២។

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច៖




ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ៣នាក់បានជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺចំនួន៣នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជាសះស្បើយទាំង៣នាក់ ជាអ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។

២៖ បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកចូលហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់ និងអ្នកជំងឺ៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យវិញ។ សម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ មានចំនួនសរុប៤១នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៣៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥នាក់ ៕