Monday, December 07, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល ACMECS លើកទី៩ និង ចូលរួមកិច្ចប្រជុំ CLMV លើកទី១០ នាពេលខាងមុខ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។


យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងការបរទេស បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយដែលកិច្ចប្រជុំកំពូលទាំងពីរនេះនឹងត្រូវដឹកនាំដោយលោកបណ្ឌិត ថងលូន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


កិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។ កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញពីវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕


សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖







ក្រសួងអប់រំ ដាក់ចេញវិធានការណែនាំ៤ចំណុចដល់ស្ថាប័នអប់រំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

 ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានដាក់ចេញនូវវិធានការណែនាំ៤ចំណុច ផ្ញើជូនដល់ស្ថាប័នអប់រំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាមលិខិតរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួងសូមណែនាំ នូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពសុខភាពក្នុងការបំពេញការងារ ដូចខាងក្រោម៖

១៖ អង្គភាពទាំងអស់ត្រូវណែនាំ ដល់បុគ្គលិកអប់រំក្រោមឱវាទឲ្យអនុវត្តការបំពេញការងារពីចម្ងាយ ឬអនឡាញ ក្នុងករណីមិនមានការចាំបាច់ មិនត្រូវមកកាន់ អង្គភាពនោះទេ។ បុគ្គលិកអប់រំ ត្រូវយកចិត្តទុកដាក់តាមដាន ព័ត៌មាននៃការវិវត្តស្ថានភាព ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនត្រូវធ្វើដំណើរទៅកន្លែង ដែលមានហានិភ័យ កូវីដ-១៩

២៖ ក្នុងករណីចាំបាច់ត្រូវមកកាន់អង្គភាព បុគ្គលិកអប់រំត្រូវធានាថា ខ្លួនមានសុខភាពប្រក្រតី និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដោយពាក់ម៉ាសការពារជាប្រចាំ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម

៣៖ អង្គភាពនីមួយៗត្រូវចាត់វិធានការលើកកម្ពស់សុវត្ថិភាពសុខភាពនៅតាមអង្គភាព ដូចជា ការវាស់កម្ដៅ បុគ្គលិកការចាត់វិធានការរក្សាអនាម័យនៅតាមអង្គភាព និងត្រូវពិចារណាពន្យារពេល ឬលើកពេលអនុវត្តកម្មវិធី ឬកិច្ចប្រជុំនានា។ ក្នុងករណី មិនអាចពន្យារពេល ឬលើកពេលបាន សូមអនុវត្តក្នុងទ្រង់ទ្រាយតូច ឬតាមប្រព័ន្ធអនឡាញ

៤៖ រាល់ការស្នើសុំយោបល់ ការឆ្លងឯកសារ និងការសុំការសម្រេចពីថ្នាក់ដឹកនាំ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ (ក្រុមតេឡេក្រាម)៕



អ្នកស្រុកអង្គរនៅតែបន្តប្រមូលផលស្រូវប្រវាស់ដៃគ្នាតាមទម្លាប់បុរាណ

 រដូវរំហើយមកដល់ វាលស្រែពេញដោយស្រូវបានប្តូរពីបៃតងទៅជាពណ៌មាសឆ្អិនឆ្អៅនៅក្នុងរមណីយ ដ្ឋានអង្គរយ៉ាងស្រស់ស្អាត។ ប្រជាកសិករក៏កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ បើទោះជាហត់នឿយ តែទឹកមុខពោរពេញទៅដោយស្នាមញញឹម។

បច្ចុប្បន្ន បច្ចេកវិទ្យាក្នុងវិស័យកសិកម្មបានរីកចម្រើន ទំនើបជាខ្លាំងក៏ពិតមែន ហើយកសិករបានផ្លាស់ប្តូរ ទម្លាប់ពីការប្រើប្រាស់កម្លាំងមនុស្ស សត្វពាហនៈ មកប្រើម៉ាស៊ីនដើម្បីបង្កបង្កើនផលក៏ដោយ ក៏អ្នកភូមិក្នុងតំបន់អង្គរនៅតែបន្តរក្សាបាននូវប្រពៃណីប្រវាស់ដៃគ្នាច្រូតកាត់តាមទម្លាប់ដែលមានតាំងយូរណាស់មកហើយ ហើយការប្រវាស់ដៃគ្នានេះ ក៏មានតាំងពីដកស្ទូង ភ្ជួររាស់ និងដឹកជញ្ជូនដែរ។

ការប្រវាស់ដៃគ្នាច្រូតកាត់ គឺបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍ ដែលចេះជួយគ្នាទៅវិញទៅមក ចំណាយតិច សប្បាយរីករាយ និងច្រូតកាត់បានស្អាតល្អជាងប្រើម៉ាស៊ីន។

អាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការកោតសរសើរ និងការគាំទ្រចំពោះការថែរក្សាបាននូវសាមគ្គីភាពក្នុងការច្រូតកាត់ ការប្រើឧបករណ៍បុរាណ រួមទាំងទំនៀមទម្លាប់របស់អ្នកស្រុកអង្គរទាំងការរស់នៅ ពិធីបុណ្យ និងជំនឿផ្សេងៗឱ្យនៅតែរស់រវើក មានជីវិតដល់សព្វថ្ងៃ៕








ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយតាម Facebook ពីវិធីសាស្ត្រព្យាបាលកូវីដ-១៩ ដោយខ្លួនឯង និងអំពាវនាវប្រជាពលរដ្ឋទៅមន្ទីរពេទ្យបើមានអាការៈមិនស្រួលខ្លួន

 លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចេញមកច្រានចោលទាំងស្រុងនូវព័ត៌មានដែលបង្ហោះនិងចែកចាយលើគណ​នី Facebook ចំនួន៣ ដែលនិយាយពីវិធីសាស្ត្រព្យាបាលជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈការប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំបុរាណ។

លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវប្រជាពលរដ្ឋ សូមកុំជឿតាមព័ត៌មានការបំពុលសង្គមទាំងនេះ បើមានអាការៈមិនស្រួលសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានេះ លោកស្រី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃសង្គមបែបនេះ៕