Monday, August 01, 2016

កម្មកររាប់រយនាក់ នៅតាមបណ្តាខេត្តលើកបដាទាមទារឲ្យលោក សម រង្ស៊ី លុបចោលសំដីខ្លួនស្នើឲ្យ EU បិទទីផ្សារនាំចូលពីកម្ពុជា

កម្មករ-កម្មការិនី រាប់រយនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីលើកបដាទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនដែលបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចូលពីកម្ពុជា។
យោងតាមលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា ការលើកបដា របស់កម្មករ-កម្មការិនី បានធ្វើឡើង៣ថ្ងៃហើយ ពោលគឺចាប់តាំងពី ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងនៅថ្ងៃច័ន្ទនេះ។ កន្លងមក កម្មករ-កម្មការិនី បានតវ៉ានិងលើកបដានេះ នៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ចាមជាដើម។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ឲ្យដឹងថា «កម្មករ-កម្មការិនី រាប់រយនាក់ នាំគ្នាលើកបដាទាមទារឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញពីកម្ពុជា។ កម្មករ-កម្មការិនី បារម្ភខ្លាចអត់ការងារធ្វើ ពួកគាត់ប្រាកដជាដាច់បាយ ហើយវាមិនប៉ះពាល់ តែកម្មករ៧០ម៉ឺននាក់ ៨០ម៉ឺននាក់ ៩០ម៉ឺននាក់ តែវាប៉ះពាល់ដល់កម្មករ-កម្មការិនីរាប់លាននាក់»។
ប្រធានសម្ព័ន្ធសហជីពជាតិ រូបនេះ ក៏បានសំណូមពរដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីរបស់ខ្លួន និងបញ្ឈប់ការស្នើនេះ ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករ-កម្មការិនី។ លោកបន្តថា បើលោក សម រង្ស៊ី រឺថ្នាក់ដឹកនាំនយោបាយដទៃទៀត ចង់ជួយកម្មករ-កម្មការិនីមិនត្រូវប្រើពាក្យសំដីណាមួយប៉ះពាល់ដល់វិស័យកាត់ដេរ។
លោក ហ្វា សាលី អះអាងថា សកម្មភាពរបស់ថ្នាក់ដឹកនាំសហជីព រួមនឹងសកម្មភាពរបស់លោក នាពេលនេះមិនមែនកើតចេញពីរឿងនយោបាយ ហើយក៏មិនមែនជាឈ្នាន់នយោបាយ និងបំរើផលប្រយោជន៍នយោបាយរបស់នរណាម្នាក់នោះទេ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថាបើសហភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុបារាំង RFI នាពេលកន្លងទៅ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានទស្សនៈមួយចំនួនលើកឡើងថា លោក សម រង្ស៊ី មិន ដែលគិតពីផលប្រយោជន៍កម្មករ-កម្មការិនីពិតប្រាកដនោះទេពោលគឺលោកធ្លាប់បានញុះញង់ឱ្យកម្មករឈប់ធ្វើការងារ ងាកមកចូលរួមធ្វើបាតុកម្មក្រោមលេសទាមទារតំឡើងប្រាក់ខែ តែតាមការពិតកៀងគរកម្លាំងធ្វើបាតុកម្មហិង្សា បដិសេធលទ្ធផល នៃការបោះឆ្នោតបន្ទាប់ពីចាញ់ឆ្នោតហើយ ក្នុងបំណងធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពចលាចល វឹកវរ អសន្តិសុខបម្រើនយោបាយរបស់ខ្លួន និងដើម្បីចោទទម្លាក់កំហុសលើការដឹកនាំរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ៕




ឯកឧត្តម ហ៊ុន ម៉ាណែត៖ «យុវជនពីមួយជំនាន់ទៅមួយជំនាន់ គឺជាឆ្អឹងខ្នង និងជាស្នូលរបស់គណបក្ស»

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជនពីមួយជំនាន់ទៅមួយជំនាន់គឺជាឆ្អឹងខ្នង និងជាស្នូលរបស់គណបក្ស។ ឯកឧត្តមបន្តថា យុវជនជំនាន់មុនបានដើរតួយ៉ាងសំខាន់​ ក្នុងការសង្គ្រោះជីវិត ប្រជាជនការពារប្រជាជន និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ។ ដូច្នេះយុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម និងសមិទ្ធិផលនានាដែលយុវជនជំនាន់មុនបានបន្សល់ទុក សម្រាប់យុវជនជំនាន់ក្រោយៗ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមឲ្យដឹងថា ការសម្រេចចិត្ត ចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជារបស់យុវជន គឺធ្វើឡើង ប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្ស និងបម្រើប្រជាជន។ ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់បងប្អូនដើម្បី គណបក្ស និងប្រជាជន។
បន្ថែមពីលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឲ្យយុវជនត្រូវយល់ច្បាស់ពីខ្លួនឯង ស្វែងយល់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែយល់ពីរបៀបរបរ ធ្វើការ និងដើតួនាទីជាឃោសនិករបស់បក្ស ក្នុងការបង្ហាញនូវរាល់សមិទ្ធិផលជាច្រើន របស់បក្សដែល បានខិតខំកសាងតាំងពីបាតដៃទទេ និងការពារអនាគតរបស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម ដើម្បីកុំឲ្យប្រទេសជាត ធ្លាក់ចូលក្នុងសង្គ្រាម។
សូមបញ្ជាក់ថា ក្រុមការងារយុវជនស្រុកតំបែរ ដែលត្រូវប្រកាសទទួលស្គាល់នាពេលនេះមានចំនួន៣៤១នាក់។ កន្លងមក ក្រុមការងារ បានដំណើរការរហូតមកដល់សព្វថ្ងៃ គឺដោយមានការជួយជ្រោមជ្រែង និង ឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម  វេង សាខុន ឯកឧត្តម ហេង សួរ ដែលជាប្រធានក្រុម ជនបង្គោល ទទួលបន្ទុកការងារយុវជនស្រុកតំបែរ ដែលជានិច្ចកាល តែងលើកទឹកចិត្តឧបត្ថម្ភគាំទ្រនូវធនធាន សម្ភារៈ ថវិកា ស្មារតី ដោះស្រាយ និងឆ្លើយតបចំពោះសំណូមពររបស់ ក្រុមការងារ និងសកម្មជនយុវជនស្រុក ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ។
ក្រៅពីនេះ យុវជនស្រុកតំបែរ ក៏បានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ តម្រង់ទិសការងារបានជាប់ជាប្រចាំពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារ គណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានផងដែរ៕


ប្រភព៖FRESH NEWS




សម្តេច​តេជោ ហ៊ុន សែន នឹងដឹក​នាំគណៈប្រតិភូជាន់​ខ្ពស់ ទៅចូលរួម​ក្នុងវេទិកា​ភាព​ជាអ្នក​ដឹងនាំអាស៊ាន​​លើកទី ១៣ នៅ​ថ្ងៃទី០៦ ដល់ទី០៧ ខែសីហា ឆ្នាំ២០១៦ នៅ​ទីក្រុង​វៀងច័ន្ទ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹងនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ (The 13 ASEAN Leadership Forum) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ទី ០៧ ខែ សីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម តាន់សុីរ ម៉ៃឃិល យ៉ូស (Tha Sir Michale Yeoh )ប្រធានវេទិកាភាពជាអ្នកដឹងនាំអាស៊ាន និងជានាយកប្រតិបត្តិការនៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹងនាំអាស៊ី។
គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ពានរង្វាន់សមិទ្ធិផលអមតៈអាស៊ានដែលនឹងប្រគល់ជួនដោយ  ឯកឧត្តម តាន់សុីរ ម៉ៃឃិល យ៉ូស បន្ទាប់មក សម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេសមួយ។
សូមញ្ជាក់ផងដែរថា ផ្តល់ពានរង្វាន់ និងមានសារៈសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាលដែលបានបំរើការងារយូរជាងគេក្នុងអាស៊ាន ។គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយសតែ៣រូប ប៉ុណ្ណោះដែលបានទទួលពានរង្វាន់នេះ រួមមាន ឯកឧត្តម លី ក្វាន់យួ               អតីតនាយករដ្ឋមន្ត្រីសឹង្ហបូរី ឯកឧត្តមបណ្ឌិត មហាធៀ ម៉ូហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះអង្គម្ចាស់ ស៊ុលតង់ ណាសរីន សាហ៍ នៃរដ្ឋប៉េរ៉ាករបស់ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាស់ស្នាក់នៅប្រទេសឡាវ  សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេរភាគីជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ុនញ៉ាង វរៈជីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕


សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញចែក​រង្វាន់ ខ្ញុំជាយុវ​ជនគំ​រូកម្ពុ​ជាវគ្គទី៦​

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រង្វាន់ដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»វគ្គទី៦ វគ្គពិសេស នៅវិមានសន្តិភាព ។ ខ្ញុំជាយុវជនគំរូកម្ពុជាវគ្គពិសេសគឺបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនត្រឹមតែចង់បានរដ្ឋាភិបាលដែលមានប្រសិទ្ឋភាពការងារ (E-Government) តែប៉ុណ្ណោះទេ តែសម្តេចចង់បានធនធានប្រជាពលរដ្ឋដែលយល់ដឹង បច្ចេកវិទ្យា (E-People) ក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៌សង្គមជាតិទៅទន្ទឹមគ្នា។ សម្តេចតេជោ គាំទ្រលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាត្រូវរៀននិងយល់ដឹងបច្ចេកវិទ្យា (Information Technology ) អោយបានល្អ ដើម្បីក្លាយទៅជាធនធានមនុស្សរបស់ប្រទេស ទន្ទឹមនឹងនេះ សូមប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដូចជាការចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកជាដើម។ សូមកុំប្រើប្រាស់បណ្តាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬ
ប្រើពាក្យហិង្សាប្រមាថនៅលើទំព័រ Facebook ជាដើម។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវគ្គក្រោយៗទៀត នឹង ដាក់បញ្ចូលបន្ថែមនូវប្រធានបទផ្សេងៗទៀត ពាក់ព័ន្ធការអប់រំ និងវិស័យសុខាភិបាលជាដើម។ សម្តេចតេជោ ធ្លាប់ជាយុវជនសម័យសង្រ្គាម ដែលគ្មានឱកាស រួមទាំងឱកាសនៃការសិក្សា។ សម្តេចតេជោ បានប្តេជ្ញាថានឹងមិនឱ្យកុមារនិងយុវជនជំនាន់នេះមានវាសនាអភ័ព្វដូចសម្តេចកាលពីពេលមុនឡើយ។ សម្តេចតេជោ នឹងបន្តខិតខំកសាងសាលារៀនជាច្រើនទៀត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋស្ពានថ្នល់ដើម្បីប្រជាពលរដ្ឋនិងយុវជនកាន់តែមាន ឱកាសច្រើនឡើងៗ។ ទន្ទឹមនឹងការខិតខំកសាង គឺយើងទាំងអស់គ្នា ជាពិសេសយុវជនត្រូវចូលរួម ថែរក្សាសន្តិភាពដើម្បីប្រទេសជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។

សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះគឺលេខ១ Top-1 បានទៅលើ បេក្ខនារី ហង្ស ម៉ារីនី ទទួលបានរង្វាន់ម៉ូតូមួយគ្រឿង សំលៀកបំពាក់កីឡា អាវយុវជនគំរូ ថវិកា ១លានរៀល និងប័ណ្ណសរសើរយុវជនគំរូកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តី។ ជ័យលាភីលេខ២ បានទទួល Computer laptop មួយគ្រឿង និងជ័យលាភីលេខ៣ បានទទួល iPad មួយគ្រឿង និងរង្វាន់បន្ថែមដូចជ័យលាភីលេខ១ដែរ។ ចំពោះជ័យលាភីទាំង៧ នាក់ទៀតគឺម្នាក់ៗទទួលបានប្រាក់រង្វាន់១លានរៀល សម្លៀកបំពាក់ កីឡា និងអាវយុវជនគំរូកម្ពុជា ព្រមទាំងប័ណ្ណសរសើរយុវជនគំរូសម្តេចតេជោ។ បន្ទាប់ពីចែកពានរង្វាន់ដល់ជ័យលាភីទាំង១០នាក់រួចមក សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយជ័យលាភីទាំង ១០ នាក់ និងជាមួយអាណាព្យាបាល អ្នកគាំទ្រក្នុងជ័យលាភីទាំងអស់នៅក្នុងបរិយាកាសរីករាយស្និទ្ឋស្នាលក្រៃលែង។ សូមអរគុណសប្បុរសជនដែលបានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជាទាំងអស់៕