Wednesday, December 17, 2014

សុន្ទរកថា ឯកឧត្ត​ម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បើក​​សន្និសីទ​អន្តរ​ជាតិ​លើក​ទី៤ ស្តីពី «ទំនាក់​ទំនង​ការ​ទូត កម្ពុជា-​ចិន នា​សម័យ​សម្តេច​ព្រះ នរោត្តម សីហនុ»

ចេញផ្សាយថ្ងៃ: ( ១៧ - ធ្នូ - ២០១៤ )
រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤
- លោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និសីទទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!

          ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ​ទាំងអស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនងការទូត កម្ពុជា-ចិន នាសម័យសម្តេចព្រះ នរោត្តម សីហនុ» នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ជាពិសេស​​វិទ្យាស្ថាន​ខុងជឺ ដែលបានរៀបចំ​​សន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីរំលឹកដល់ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមក្នុងការកសាងទំនាក់ទំនងការទូតកម្ពុជា-ចិន របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ​​ចំពោះ​ស្ថានទូតនៃសាធារ​ណ​រដ្ឋ​ប្រជាមានិតចិនប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការរៀបចំសន្និសីទនេះ។
វេទិកាដ៏មានសារៈសំខាន់នេះ ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស និស្សិត ចែករំលែកទស្សនៈ បទពិសោធន៍ និងសិក្សាស្វែងយល់ ឱ្យកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀត អំពីការកកើត ការវិវត្ត ហើយជាពិសេសអំពីសារៈសំខាន់នៃទំនាក់ទំនងការទូត កម្ពុជា-ចិន។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយឱ្យកាន់តែ​ទូលំ​ទូលាយថែមទៀត ដល់មហាជនគ្រប់ស្រទាប់ អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសារៈសំខាន់នៃទំនាក់ទំនងការទូតរបស់ប្រជាជាតិទាំងពីរ។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
គួររំឭកផងដែរថា ៦​ឆ្នាំ​​ក្រោយ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឡើង​កាន់​អំណាច និង​២​ឆ្នាំ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសបារាំង កម្ពុជានិង​ចិន ក៏​ចាប់​មាន​ទំនាក់ទំនង​​ជាមួយ​គ្នា​។ ដំបូង​ជា​ទំនាក់ទំនង​ក្រៅ​ផ្លូវការ ប៉ុន្តែ ​ជា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ​ ​រវាង​សម្តេចព្រះ នរោត្តម សីហនុ និងលោក ​ជូ អេន​ឡាយ នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​ប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ​ នៅ​ក្រុង​ Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ​១៩៥៥។ ចាប់តាំងពី​ដើម​ឆ្នាំ​១៩៥៨ បើ​ទោះ​ជា​​ចិន​និង​កម្ពុជា មិន​ទាន់​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​គ្នា​ក៏ដោយ ថ្នាក់ដឹកនាំនៃប្រទសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក ហើយប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និត ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលដ៏ខ្លី។ មិត្តល្អជួយគ្នាក្នុងគ្រាក្រ បានក្លាយជាពាក្យស្លោកប្រកបដោយគុណធម៌ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែង ក្នុងទសវត្សរ៍ឆ្នាំ៦០ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជន​ចិន ក្នុងការតស៊ូមតិនៅលើវេទិកាអន្តរជាតិនានា ដើម្បីជួយគាំទ្រឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបាន​អាសនៈ​ប្រចាំ​អង្គការ​សហប្រជាជាតិ​។
យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ព្រះអង្គមិនត្រឹមតែបានលះបង់ព្រះកាយពល ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ហើយបានកសាងប្រទេសកម្ពុជានៅក្នុងសម័យសង្គមរាស្រ្ត​និយម​ឱ្យក្លាយជាប្រទេសដ៏រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងជាអ្នកការទូតដ៏ឆ្នើមដែលបានកសាងទំនាក់ទំនងយ៉ាងល្អ ក្នុងស្មារតីសន្តិភាព និងសន្តិសហវិជ្ជមានជាមួយប្រទេស​​​នានានៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ជាពិសេស ជាមួយមហាមិត្តចិន។ ទាំងនេះបានធ្វើឱ្យ​ព្រះអង្គទទួលបាននូវការគោរពស្រឡាញ់ និងកោតសរសើរ ពីប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិន ថាជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលពោរពេញទៅដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ ជាគំរូសម្រាប់អ្នកដឹកនាំ និងអ្នកការទូតទាំងអស់រៀនសូត្រតាម។
ដោយឈរលើស្មារតីមិត្តភាពជាអមតៈ និងដើរ​តាម​​មាគ៌ា​ដ៏វិសេសវិសាល​របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាល​​កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងការទូត ​និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជានិងចិន រហូតឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជាជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ជាមិត្តភក្តិល្អ និងជាដៃគូល្អរបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំ​ទ្រដោយឥតងាករេចំពោះនយោបាយ​ចិនតែមួយ និងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពអធិប​តេយ្យ​​ភាព ការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា និងការផ្តល់ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក។
ដោយសារកត្តាអំណោយផលទាំងនេះ អ្នកវិនិយោគ និងទេសចរចិន បានមកបណ្តាក់ទុន​វិនិយោគ និងទស្សនាកម្ពុជា កាន់តែច្រើនជាបន្តបន្ទាប់។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
សន្និសីទរយៈពេលពីរថ្ងៃនេះ គឺជាវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់​សម្រាប់ការចែករំលែក​ចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងចំណងការទូតកម្ពុជា-ចិន ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដែលសុទ្ធសឹងជាឥស្សរជនសំខាន់ៗនៅក្នុងវិស័យការទូត ជាពិសេស ឯកឧត្តម លោកជំទាវដែលធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យអ្នកចូលរួមទាំងអស់ ត្រងយកពុទ្ធិ និងបទពិសោធន៍ ដែល​ទទួល​បានពីវេទិកានេះ ដើម្បីជាមូលដ្ឋានសម្រាប់ការស្វែងយល់និងការសិក្សា​ស្រាវជ្រាវ​បន្តទៀត។ ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រឱ្យមានការសិក្សា​ស្រាវជ្រាវ និង​រៀបចំវេទិកា​វិទ្យាសាស្ត្របែបនេះជាបន្តទៀត ដើម្បីពង្រីកការយល់ដឹងកាន់តែទូលំទូលាយអំពីស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជជាតិ ព្រះបរមរតនកោដ្ឋ។ សន្និសីទនេះ ក៏ជាវិភាគទាន​ដ៏​​មាន​តម្លៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាព​ជាប្រពៃណី​រវាង​ប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គមឱ្យ​កាន់​​តែប្រសើរ​ឡើង​​ថែមទៀត។ ខ្ញុំយល់ថា លទ្ធផលនៃ​ការសិក្សាស្រាវជ្រាវ​អំពីទំនាក់ទំនង​មិត្តភាព​កម្ពុជា​-ចិនក្នុងសម័យសម្តេចព្រះ នរោត្តម សីហនុ គួរត្រូវបានចងក្រង​ ​បោះ​ពុម្ព និងផ្សព្វ​ផ្សាយ ជាខេមរភាសា ភាសាចិន និងភាសាអង់គ្លេស ឱ្យបានទូលំទូលាយដល់មហាជនជាតិនិង​អន្តរជាតិ​។ ក្នុងស្មារតីនេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅក្នុងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយប្រសិទ្ធនាមថា មជ្ឈមណ្ឌលស្រាវជ្រាវសម្តេចព្រះ នរោត្តម សីហនុ ដែលយើងគ្រោងនឹងបើកស្លាកនាពេលបន្តិចទៀតនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងបណ្តាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាទាំងអស់ ចំពោះការចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជាកន្លែង​ប្រមូលផ្តុំនៃអ្នកសិក្សាស្រាវស្រាវទាំងអស់ ជាពិសេស ក្រុមការងារសិក្សាស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភា​កម្ពុជា។ ក្នុងន័យនេះ ខ្ញុំពិតជារីករាយ និងសូមថ្លែងអំណរគុណ ចំពោះលោក​សាស្ត្រាចារ្យ​បណ្ឌិតហ្វុង ជុងភីង អនុប្រធាន​វិទ្យាស្ថានអន្តរជាតិសហសម័យរបស់ប្រទេស​ចិន ដែលនៅក្នុងជំនួបពិភាក្សាការងារជាមួយ​ខ្ញុំកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ លោកសាស្ត្រាចារ្យ​បានសម្តែងការ​គាំទ្រ ហើយនឹងផ្តល់កិច្ច​​សហការដល់​ក្រុម​ស្រាវ​ជ្រាវ​​ទំនាក់ទំនង ​កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភា​កម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមសម្តែងនូវ​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល ​និង​​​ប្រជាជន​​​នៃ​សាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងវាគ្មិននិងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកពុទ្ធិ និងបទពិសោធន៍ ដើម្បីធ្វើឱ្យសន្និសីទនេះទទួលបានលទ្ធផលជាផ្លែផ្កា។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃ​ខ្ពស់ ​ចំពោះ​អ្នក​ស្រាវជ្រាវ​ និង​ថ្នាក់ដឹកនាំ​​របស់​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ ដែលបានខិតខំ​សិក្សា​ស្រាវជ្រាវយ៉ាង​យកចិត្ត​ទុកដាក់​ទៅតាមចំណេះ​ និងជំនាញ​របស់ខ្លួន​ ហើយ​បានបោះពុម្ព ផ្សព្វផ្សាយ ធ្វើបាឋកថាថ្នាក់ជាតិនិងអន្តរជាតិនានា។ ក្នុងនោះ ស្នាដៃសៀវភៅ «ដែក និង ថ្ម» និងសៀវភៅ «IRON & STONE» ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្រុមស្រាវជ្រាវដឹកនាំដោយ​លោក​សាស្រ្ដាចារ្យ​បណ្ឌិត ធុយ ចាន់ធួន បានសិក្សាស្រាវជ្រាវ អំពីស្ថានីយឧស្សាហកម្មឡស្លដែកបុរាណនៅកម្ពុជា។ ​ កម្រង​ស្នាដៃ​ស្រាវ​ជ្រាវ​នេះ គឺ​បានបញ្ជាក់ឱ្យឃើញថា ​បុព្វបុរសខ្មែរជំនាន់ដើម មាន​សមត្ថភាព​ និងបច្ចេក​ទេស​ខ្ពស់​ខាង​វិទ្យា​សាស្រ្ដ អាចស្ល ​ចម្រាញ់ និងផលិតដែកយ៉ាងស្ទាត់ជំ​នាញ​ ដែលជាកត្តារួមចំណែកដល់ការកសាងចក្រភពខែ្មរដ៏រុងរឿង។ តាមរយៈ​ការសិក្សានេះ​ ស្ថានីយ​ផលិតដែក​ជាង​២០០​ ត្រូវបានរកឃើញ​ ហើយ​ការចម្រាញ់ដែក​ជាទ្រង់ទ្រាយធំ​នៅ​កម្ពុជា​ មានតាំងតែពី​ឆ្នាំ​៦៣៧ នៃគ្រិស្ដសករាជ មកម្ល៉េះ ដែលនេះគឺជាចំណេះដឹងបន្ថែមអំពីវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ។​ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវទាំងអស់ បន្តធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើប្រធានបទសំខាន់ៗនានា ឱ្យកាន់​តែច្រើនថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យចំណងមិត្តភាពរវាងប្រទេស​ទាំងពីរ កម្ពុជា-ចិន ស្ថិតស្ថេរជា​អមតៈ​តរៀងទៅ។
ខ្ញុំសូមប្រកាសបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនង កម្ពុជា-ចិន នាសម័យ      សម្តេចព្រះ នរោត្តម សីហនុ» ចាប់ពីពេល​នេះ។
 សូមអគុណ!

ពិធី​បើក​សន្និ​សីទ​ជាតិ​ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​មូល​ដ្ឋាន​ទាំង​បី​ពាក់​ព័ន្ធ និង​វិស័យ​យុត្តិធម៌ ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់​​បំផុត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៅសណ្ឋាគារអាំង​ទែកង់​ទីណង់​តាល់


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយពលករ​ ពលការនី និស្សិត និងពលរដ្ឋកម្ពុជា​ដែលកំពុង​ស្នាក់នៅ​បំពេញការងារ​សិក្សា​ និងរស់នៅ​ ទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី១៤ ធ្នូ ២០១៤


សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទស្សនា​មជ្ឈមណ្ឌល​ចលនា​ភូមិថ្មី សេម៉ាអ៊ីល​អ៊ុនដុង ទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៤


សម្ដេច​តេជោ​ចាត់​ទុក​​សារព័ត៌មា​ន​ក៏ជា​កញ្ចក់​មួយ​តែ​​ត្រូវ​​ជា​​កញ្ចក់​​ពិត



សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានមាន​ប្រសាសន៍​ក្រើន​រំលឹក​ជាថ្មី​ទៀត ដល់​មន្ត្រី​រាជការ​ឲ្យឆ្លុះកញ្ចក់ មុជទឹក ដុះ​ក្អែល និង​ព្យាបាល​ជាប្រចាំ ដើម្បីឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រចតុកោណដំណាក់​កាល​ទី៣ ដែល​​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា បាន​ប្រកាស​ដាក់​ចេញ​ កាល​ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើ​ដំបូង។ ជាមួយ​គ្នា​នោះ​សម្តេច​តេជោ ក៏​បាន​ចាត់​ទុក​វិស័យ​សារព័ត៌មាន​ថា ជាកញ្ចក់​មួយ​ តែ​សុំ​ឲ្យ​កញ្ចក់​នោះ​ឆ្លុះ​ឃើញ​រូប​ពិត។​

ទាក់​ទង​នឹង​បញ្ហា​ឆ្លុះ​កញ្ចក់​នេះ នៅក្នុងសន្និសីទ​ជាតិ​ផ្សព្វ​ផ្សាយ​ច្បាប់​គោល​ទាំង​៣ ដែល​មាន​គោល​ដៅ​កែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា រួមមាន «​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​» «​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​» និង​«​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​»​ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ​ សម្តេចតេជោ​បានមា​ន​ប្រសាសន៍​ថា នៅចាំ? ប្រហែល​ជាមន្ត្រី​របស់​យើង មួយ​ចំនួន អាយុ​លើស​ពី ៦០ (ឆ្នាំ) ធ្លាប់​រៀននៅ​ភ្នំពេញ ធ្លាប់​ទៅ​លេង​នៅ​វត្តភ្នំ។ ហ្អែ!!! អា​កញ្ចក់ហ្នឹង​ដូច​នៅ​បាត់​អស់ហើយ មាន​កញ្ចក់​ប្រហែលជា ៤-៥ អា​កញ្ចក់​ខ្លះ​ឈរ​ទៅ និយាយ​ពីតូច​ឡើង​លើ, កញ្ចក់​ខ្លះ​វាតឿ, កញ្ចក់​ខ្លះវា​ធាត់, កញ្ចក់​ខ្លះ​វាស្គម អីចឹង​ទេ សូមឲ្យអាកញ្ចក់​ដែល​ឆ្លុះ​មក​នេះ មានអី បើ​មុខ ហ៊ុន សែន ឲ្យច្បាស់ជា ហ៊ុន សែន អាហ្នឹង​ជា តួនាទី​របស់​កញ្ចក់ តើ​បើមិន​ចឹង​ទេ តែ​បើ​មក​ទៅ​ឆ្កុយ ទៅ​ឯណា​ណោះ​ទៅ អាហ្នឹង​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្ត

សម្តេចតេជោ​បាន​បញ្ជាក់​ថា "យើង​បាន​សរសេរ​ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដែល​មាន (ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល និងព្យាបាល) អីចឹង ងូតទឹក ដុះក្អែល និង​ព្យា​បាល នឹង​ធ្វើ​ខ្លួន​ឯង ប៉ុន្តែ​កញ្ចក់​ត្រូវ​មាន​មតិដទៃ ដែល​ឆ្លុះ​បញ្ចាំងឲ្យ​យើង​ក្នុង​ហ្នឹង​តួនាទី ក៏​កាន់​តែសំខាន់​ឡើងៗ សម្រាប់​យើង​ដែរ ប៉ុន្តែ​អ្វី​ដែល​សុំស្នើ គឺកញ្ចក់​ត្រូវ​ច្បាស់​ជា​កញ្ចក់​ឆ្លុះ មក​ឲ្យ​ច្បាស់​ជារូបពិត បើ​ប្រឡាក់​ភក់ ឲ្យ​ពិត​ជា​ប្រឡាក់​ភក់ បើ​អត់​ប្រ​ឡាក់​ទេ ឲ្យ​ពិត​ជាអត់​ប្រឡាក់ កុំ​លេង​កញ្ចក់ វ័ធធ្មុង សម័យ​មុន កុំ​លេង​ឲ្យ​សោះ

សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍ថា ច្បាប់​ទាំង​បី​នេះ​ («​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​» «​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​» និង​«​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​»​) ជា​ប្រភេទច្បាប់​រៀបចំអង្គការ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​ចាត់ទុកជា​ច្បាប់​មូលដ្ឋាន​ដ៏​មាន​សារៈសំខាន់​សំដៅធានា​ពង្រឹង​ឯក​រាជ្យ​នៃ​អំណាចតុលាការ និង​ធានា​ឲ្យ​អំណាច​តុលាការ នេះ​មាន​ដំណើរ​ការ​ប្រព្រឹត្តទៅ​បាន​ល្អ​ប្រសើរ សំដៅ​លើកកម្ពស់​ការ ផ្តល់​សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍​នៃ​នីតិរដ្ឋ ឆ្លើយតប​ទៅ​នឹង​បញ្ហា​កង្វះខាត​នៃ​ការ​ផ្តល់​សេវា​សាធា​រ​ណៈ និង​សេវា​យុត្តិធម៌ ដែល​នៅ​ក្នុង​រយៈពេល​កន្លងមក​នេះ សេវា​នេះ នៅ​មិន​ទាន់​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពេញលេញ​ពី​សំណាក់​មហាជន​នៅឡើយ។

សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ច្បាប់មូលដ្ឋាន​ទាំងបី​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅ​ក្នុង​វិស័យតុលាការ សំដៅ​ធ្វើឲ្យ​ការ​ផ្តល់សេវា​យុត្តិ​ធម៌​ជូន​ដល់​ប្រជាជន​កាន់តែ មាន​ភាព​ល្អ​ប្រសើរឡើង និង​កាន់តែ​មានការ​ជឿ​ទុក​ចិត្ត​ខ្លាំង​ឡើង​។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ជារួម​ការ​សម្រេចបាន​នូវ​ច្បាប់​មូល​ដ្ឋាន​ទាំងបី នៅ​ដើម​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ យ៉ាង​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​អនុវត្តន៍​ការងារ​កែទម្រង់​ស៊ីជម្រៅ របស់​ខ្លួន​នៅ​ក្នុង​វិស័យ​យុត្តិធម៌ សំដៅ​ពង្រឹង​អភិ​បាល​កិច្ច​ល្អ និង​នីតិរដ្ឋ។

សម្តេច​តេជោ​មាន​ប្រសាសន៍​បន្ត​ថា ច្បាប់​មូលដ្ឋាន​ទាំង​បី នេះ​នឹង​បង្កើត​ឲ្យ​មាន​អភិ​ក្រម​មួយ​ច្បាស់លាស់ និង​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ ​ស្របតាម​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អាច​ធ្វើឲ្យ​សាលា​ជម្រះក្តី និងអយ្យការ​អម​សាលាជម្រះក្តី នៅ​គ្រប់​ជាន់ថ្នាក់​អាច​មាន​ដំណើរការ ប្រព្រឹត្ត​ទៅបាន​ល្អប្រសើរ ជាពិសេស​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​យុត្តិធម៌​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ ក្នុង​វិស័យ​មួយ​នេះ។

ពាក់ព័ន្ធ​នឹង​គម្រោងការបង្កើត​សាលា​ឧទ្ធរណ៍​តាម​ភូមិភាគ​ សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ពន្យល់​​ថា ដោយសារ​កន្លង​មក​សំណុំរឿង​២៤ ខេត្ត​ក្រុង ត្រូវ​បញ្ចូល​មក​សាលា​ឧទ្ធរណ៍​តែមួយ​ហើយ​កក​ស្ទះ​នៅ​កន្លែង​ហ្នឹង បូកបន្ថែម​ដោយ​ប្រជា​ពល​រដ្ឋ​របស់​យើង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ណាស់ អញ្ចឹង​ទេ​តម្រូវ​ការ​ឱ្យ​មានការៀបចំ​សាលា​ឧទ្ធរណ៍​ទៅ​តាម ភូមិ​ភាគ។ ឥឡូវ​នេះ​វាក៏ទៅ​ជាមួយ​គ្នា​ផង​ដែរ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មុន​នេះ​ប្រធាន​សាលា​ឧទ្ធរណ៍ និង​អគ្គ​ព្រះរាជអាជ្ញា អមសាលា​ឧទ្ធរណ៍​ក៏ជាសមាជិក​ស្វ័យ​ប្រវត្តិ ឥឡូវ​មិនមែន​ជា​សមាជិក​ស្វ័យប្រវត្តិ​ទៀត​ទេ គឺ​ត្រូវ​ឆ្លងកាត់​តាម​រយៈ​ការ​បោះ​ឆ្នោត។ ឧទាហរណ៍ យើង​បង្កើត​ឱ្យមាន​សាលាឧទ្ធរណ៍​ប្រចាំ​ខេត្ត​បាត់​ដំបង ដែល​អាច​ដោះ​ស្រាយ​សំណុំ​រឿងនៅ​បាត់ដំបង​ខ្លួន​ឯង ពោធិ៍​សាត់ ប៉ៃ​លិន និង​បន្ទាយ​មាន​ជ័យ ដូច្នេះ​ធ្វើ​ឱ្យ​ប្រជាជន​យើង​ដែល​ធ្លាប់​តែ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ដ៏លំបាក​នេះ គឺ​កាត់​បន្ថយ ហើយ​បញ្ហានេះ​ច្បាស់ណាស់​ថា ផ្នែក​ខាង​រដ្ឋ​ក៏ទាមទារ​នូវ​ការ​រៀបចំ​នូវ​កញ្ចប់​ថវិកា ដើម្បី​ដាក់​ឱ្យ​ដំណើរការ​កសាង​ជាបណ្ដើរៗ នៅ​សាលា​ជម្រះ​ក្ដីថ្នាក់​ឧទ្ធ​រណ៍​នេះ​ផងដែរ។

ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​សហការ​ឧបត្ថម្ភ​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ទាំង​បី​ខាង​លើ​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល សូម​មេត្តាផ្តល់​កិច្ចសហការ និង​គាំទ្រ​ដល់​ក្រសួងយុត្តិធម៌​ក្នុង​ដំណើរ​ការងារ របស់​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ខ្ញុំ​ក៏​សូមអំពាវនាវ​ឲ្យ​ដៃគូ​របស់យើង​មេត្តា​បន្ត​ផ្តល់​ការ​យកចិត្ត​ទុក​ដាក់​ថែម​ទៀត នូវ​ការឧបត្ថម្ភ​គាំទ្រ​ដល់​ការងារ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​អនុវត្តន៍​ច្បាប់​សម្រាប់​ធានា​សម្រេច​បាន​ការ​ផ្តល់​សេវា​សាធារណៈ និង​សេវា​យុត្តិធម៌​មួយ​ពេញ​លេញ មាន​សមធម៌ និង​ជឿ​ទុកចិត្ត​បាន៕


សម្តេច​​តេជោ​ពន្យល់​​ពី​​សេចក្តី​​សម្រេច​ខាង​​នយោបាយ និង​​សិទ្ធិ​​សម្រេច​​របស់​​តុលាការ



សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា​ សម្តេចនឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដើម្បី​ចូល​រួមធ្វើវិសោធន​កម្ម​បទបញ្ជា​ផ្ទៃ​ក្នុងរដ្ឋសភា ដើម្បី​បង្កើត​ប្រធាន​សភាភាគតិច មានឋានៈស្មើ​នាយករដ្ឋមន្ត្រី។ ទាក់​ទង​នឹង​កិច្ច​ប្រជុំ​សភា​ ដើម្បី​ធ្វើវិសោធន​កម្ម​បទបញ្ជា​ផ្ទៃ​ក្នុងរដ្ឋសភា បង្កើត​ប្រធាន​សភា​ភាគ​តិច មាន​ឋានៈស្មើ​នាយក​រដ្ឋមន្ត្រី សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្ដេច​បាន​ធ្វើ​ទៅ​ហួស​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខ​ន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម ដែល​រៀប​ចំ​ធ្វើ​នៅ​សណ្ឋាគារ​អាំងទែ​កុង​ទីណង់​តាល់ ដោយ​ក្រសួង​យុត្តិធម៌ សម្ដេចតេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពីការ​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នយោបាយ​របស់​សម្តេច​ជាមួយ​គណបក្សសង្គ្រោះ​ជាតិនា​ពេល​កន្លង​មក​ថា ខ្ញុំ​សុខ​ចិត្ត​ផ្អាក​ពេលវេលា​ហោះ​ទៅ​ប្រទេស​ថៃ​ប្រជុំ GMS ដើម្បី​ចូលរួម​ក្នុង​ការធ្វើ​វិសោធន​កម្ម គាំទ្រ​ឱ្យ​មានឋានានុក្រម​ប្រើ​ពាក្យ​ថា ប្រធាន​(សមាជិក​សភា) ភាគ​តិច​ដែល​ចាប់​ពី២៥​ភាគរយ​ឡើង​ទៅ ជាដៃគូសន្ទនា ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល នេះ​មាន​ក្នុង​កិច្ច​ព្រមព្រៀង​នៅ​ចំការ​មន​ឯណា? ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​យើង​ធ្វើ​បាន​យើង​ធ្វើ។

ដោយ​ឡែក​សិទ្ធិ​សម្រេច​របស់​តុលាការ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់ថា​នៅ​ក្នុង​តុលាការ ខ្ញុំ​ទៅ​ដឹង​រឿង​គេ​ចោទ​អ្នក​ណា​យ៉ាង​ម៉េច រួច​មក​បន្ទោស និយាយ​ឱ្យ​ច្បាស់​ត្រង់​កន្លែង​ហ្នឹង។ តែខ្ញុំ​ក៏សុំ​និយាយ​ឱ្យ​ច្បាស់​ដែរ​រឿង​បញ្ហា​តុលាការ​នេះ ខ្ញុំ​មាន​សិទ្ធិ​គ្រាន់​តែ​សេវា​បម្រើ​ជូន​ទេ។

ទាក់​ទិន​នឹង​ការ​រៀប​ចំ​សមាសភាពគណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត ដែល​គណ​បក្ស​ទាំង​ពីរ (ប្រជាជន​កម្ពុជា-សង្រ្គោះ​ជាតិ) បាន​និ​ងកំពុង​ពិភាក្សា​គ្នា​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត រយៈ​ពេល​ចុង​ក្រោយថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លង​ទៅ ​ខ្ញុំ​បាន​ជួប​ឯកឧត្ដម សម រង្ស៊ី។ ខ្ញុំថា វា​លំ​បាកម្ល៉េះ គ្រាន់​តែ​រក ៩នាក់ រក​ប៉ុណ្ណឹង​មិន​បាន កន្លង​ទៅ​ចេះ​តែ​និយាយ​ថា បក្សពួក​និយម គ្រួសារ​និយម ដូច្នេះ​យើងដាក់​ហាម​ក្នុង​នោះតែ​ម្ដង​ទៅ​ខ្លាច​អី កុំ​ឱ្យ​មាន​សាច់​ញាតិ ញាតិពន្ធ​អី​នៅ​ក្នុង​ហ្នឹង ព្រោះ​វា​កើត​ការ​លម្អៀង។ សញ្ជាតិ​តែមួយ​ក៏ដូច្នេះ​ដែរ ខ្ញុំ​ថា​បើ​ចេះ​ស្នេហា​ជាតិ​ម៉េច​ក៏មិន​ហ៊ានលា​សញ្ជាតិ​មក​បម្រើ​ជាតិ ឥឡូវ​បើ​ថា​ចង់​ទាំង​អស់​ក៏​សូម​អញ្ជើញ ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋសភា ទាំង​សមាជិក​រាជរដ្ឋា​ភិបាល ដូច្នេះ​សញ្ជាតិ​តែមួយ​កុំ​អាល​ពង្រាយ​សុំ​តែមួយ​បាន​ហើយ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៩នាក់ រើស​ម្នាក់​ដែល​គ្មាន​សញ្ជាតិ​បរទេស​បាន ឬអត់? ​ក្នុង​មនុស្ស ១៥​លាន​នាក់​នេះ ហើយកុំ​ឱ្យមាន​ញាតិ​ពន្ធ​របស់​មេដឹក​នាំ​បក្សទៅ​ក្នុង​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ ឬ​អត់​បាន?

ដោយ​ឡែក​ទាក់​ទិន​នឹង​សកម្ម​ភាព​ភេវរកម្ម​ចាប់មនុស្សធ្វើ​ចំណាប់​ខ្មាំង​ ដែល​បង្ក​ឡើង​ដោយក្រុម ISIS កាល​ពីថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤ នៅ​ទីក្រុង​ស៊ីដនី ប្រទេសអូស្ត្រាលី ដែល​បណ្ដាល​ឱ្យ​មនុស្ស​ ៣នាក់ស្លាប់ រាប់​ទាំងពួក​ភេរវករ​ម្នាក់ និង​របួស​មួយ​ចំនួន​ផង​នោះ សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ចូលរួម​សោក​ស្ដាយ និង​ថ្កោល​ទោស ជា​មួយ​ប្រជាជន ព្រម​ទាំង​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​អំពើភេរវកម្ម​នេះ​ផង​ដែរ។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ថា យើង​ចូលរួម​រំលែក​នូវ​ការ​លំបាក​ជា​មួយ​ដៃ​គូមិត្តភក្ដិ របស់​យើង​ទាក់ទង​ទៅ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ភេរវកម្ម ដែល​បាន​កើត​នៅ​ឯស៊ីដនី​កាលពីម្សិលមិញ​នេះ ហើយ​យើង​ក៏ចូលរួម​ជា​មួយមិត្ត​ភក្ដិ​របស់​យើង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ពួក ISIS ដែល​រឿងនេះ​ជា​ប្រធាន​បទ​សំខាន់​ណាស់ ក្នុងការ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំអាស៊ាន។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា រឿងនេះ​ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ប្រកាស​អំពី​ការ​ធ្វើ​ទារុណ​កម្ម​របស់​ពួក CIA ទៅ​លើ​អ្នក​ដែល​ខ្លួន​សួរ​ចម្លើយ។ សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឱ្យ​មានការប្រុង​ប្រយ័ត្ន​ទៅ​លើបញ្ហានេះ​រួច​ទៅ​ហើយ។ ​ប៉ុន្តែ​តាម​ការ​ស្មាន​របស់​ខ្ញុំ​បញ្ហា​កើត​នៅស៊ីដនី (អូស្ត្រាលី) បើទោះបី​ជា​គ្មាន​របាយការណ៍​របស់​ព្រឹទ្ធស​ភា​អាម៉េរិក ទាក់ទិន​ជាមួយ​ការ​ធ្វើ​ទារុណកម្ម​របស់ CIA ទៅ​លើ​អ្នក​ដែល​ត្រូវ​សួរចម្លើយ ក៏​រឿង​នេះ​វាកើត​ដែរ។ ដូច្នេះ បញ្ហា​ទាក់​ទង និង​ភេរវកម្ម​ជា​រឿង​ធំ​ណាស់។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​អង្គការ​សហ​ប្រជា​ជាតិ អាស៊ាន​បូក​អាម៉េរិក និង​អាស៊ីបូព៌ា ​​ខ្ញុំ​បាន​សួរ​ប្រធានាធិបតី អូបាម៉ា ត្រង់ៗ​តែម្ដង ខ្ញុំ​មិន​អាន​សុន្ទរកថា​ទេ ខ្ញុំ​សួរ​តែម្ដង អរគុណ​ដែល​ប្រធានាធិបតី អូបាម៉ា បាន​ឆ្លើយ​ចំពោះ​សំណួរ​ខ្ញុំ ដែល​បាន​គ្របដណ្ដប់​២ភាគ៣ នៃ​បញ្ហា​ដែល​គាត់ និយាយ​ត្រឡប់​មក​អាស៊ាន​ តែគាត់​ប្រើ​ពេល​២ភាគ៣ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ខ្ញុំ​ទាក់​ទៅ​នឹង​បញ្ហា ISIS ក៏ប៉ុន្តែ​ខ្ញុំ​មិនអាច​នឹង​យកបញ្ហា​សំដី​របស់​គាត់ចម្លើយ​របស់គាត់​នៅ​ក្នុង​អង្គ​ប្រជុំ​អាស៊ាន-អាម៉េរិក​នោះ មក​លាតត្រដាង​នៅទី​នេះ​បាន​ទេ។ ប៉ុន្តែជា​ទូទៅ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ី បូព៌ា​យើង​បាន​កត់សម្គាល់​ថា ISIS គឺ​ជាគ្រោះថ្នាក់​ជាង​អង្គការ​ភេរវកម្ម ណា​ៗ​ទាំងអស់៕


សម្តេចតេជោនឹងចូលរួមចែករំលែកបទពិសោធន៍ល្អៗពីកម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក



សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹង​ចូលរួម​ចែក​រំលែក​នូវ​បទពិសោធន៍​ដែល​កម្ពុជា​មាន ក៏​ដូច​ជា​ស្វែងយល់​ផងដែរ ពី​បញ្ហា​ប្រឈម និង​ការវិវត្ត​នៅ​ក្នុង​ពិភពលោក​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ដាវ៉ូ ប្រទេស​ស្វីស​នៅ​ពេល​ខាងមុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី។

នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតវឱ្យវលោក សូ ហ្សាន់ ប៉ាឡាឃឹ​ធី រ៉ាវ (Sushant PalaKurthi Rao) នាយកវទទួលវបន្ទុកវអាស៊ីប៉ា​ស៊ី​ហ្វិក​នៃ​វេទិកាវសេដ្ឋ​កិច្ច​ពិភព​លោក ចូលវជួបវសម្តែងវការគួរវសម និង​ពិភាក្សា​ការងារ។

ឯកឧត្តម អ៊ាង សុផល្លែត ​ឱ្យដឹងថា លោក សូ ហ្សាន់ ប៉ាឡាឃឹ​ធី រ៉ាវ (Sushant PalaKurthi Rao) បាន​ជម្រាប​ជូន​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​អំពី​កម្ម​វិធី​នៃការ​អញ្ជើញ​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងដាវ៉ូ ប្រទេស​ស្វីស​នៅ​ពេល​ខាងមុខ។ លោក​នាយក​ទទួល​បន្ទុក​អាស៊ី ប៉ា​ស៊ី​ហ្វិក​នៃ​វេទិកាសេដ្ឋ​កិច្ច​ពិភព​លោក​មានប្រសាសន៍​បន្ត​ថា វេទិកា​ដ៏មាន​សារៈ​សំខាន់​នោះ​ នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ២.៥០០​នាក់ ក្នុង​នោះ​៥០% មក​ពី​វិស័យឯកជន ដែល​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ធំៗ​របស់​ពិភពលោក​៤៥% មក​ពីបណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស អង្គការ អ្នកសិក្សាស្រាវ​ជ្រាវ និង​បណ្តាញ​សារព័ត៌មាន​ផងដែរ។

លោក សូ ហ្សាន់ ប៉ាឡាឃឹ​ធី រ៉ាវ (Sushant PalaKurthi Rao) មាន​ប្រសាសន៍​ថា វេទិកា​នោះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​សន្តិសុខ​ស្បៀង និង​ផ្តល់​ឱកាស​ដល់​បណ្តា​ថ្នាក់​ដឹកនាំ​ទាំង​ផ្នែក​រដ្ឋាភិបាល និង​វិស័យឯកជន​បាន​ជួប​ពិភាក្សា​ផ្លាស់​ប្តូរយោ​បល់​គ្នា​ទៅ​វិញ​ទៅមក។

ឯកឧត្តម អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ដោយ​យោង​តាមបទ​ពិសោធន៍​​សំខាន់ៗ​ របស់​សម្តេច​តេជោ ដែលធ្លាប់​បាន​ចែក​រំលែក ក្នុង​វេទិកា​ផ្សេងៗ​ដូចជា​វេទិកា APEC និង​វេទិកា​អាស៊ាន​ជាដើម លោក សូ ហ្សាន់ ប៉ាឡាឃឹ​ធី រ៉ាវ (Sushant PalaKurthi Rao) សូម​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច ដើម្បី​សម្តេច​បានចែក​រំលែក​នូវ​បទពិសោធន៍​ល្អៗ ជុំវិញ​បញ្ហាសេដ្ឋកិច្ច​របស់​កម្ពុជា-អាស៊ាន និង​ពិភពលោក​នៅ​ក្នុង​វេទិកា​ដាវ៉ូ នា​ពេល​ខាង​មុខ។

ជាមួយ​នឹង​ការថ្លែង​អំណរគុណ​ជូន​ចំពោះ​លោក សូ ហ្សាន់ ប៉ាឡាឃឹ​ធី រ៉ាវ (Sushant PalaKurthi Rao)​ ដែល​បាន​ជម្រាប​ជូន​សម្តេច​អំពី​កម្មវិធី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​នឹង​ចូល​រួមចែក​រំលែក​នូវ​បទពិសោធន៍​ដែល​កម្ពុជា​មាន ទន្ទឹម​នឹង​នោះ​កម្ពុជា​នឹង​ស្វែងយល់​ផងដែរ ពី​បញ្ហា​ប្រឈម និង​ការវិវត្ត​នៅ​ក្នុង​ពិភពលោក​នោះ​ផង​ដែរ៕