Wednesday, December 17, 2014

សម្ដេច​តេជោ​ចាត់​ទុក​​សារព័ត៌មា​ន​ក៏ជា​កញ្ចក់​មួយ​តែ​​ត្រូវ​​ជា​​កញ្ចក់​​ពិត



សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានមាន​ប្រសាសន៍​ក្រើន​រំលឹក​ជាថ្មី​ទៀត ដល់​មន្ត្រី​រាជការ​ឲ្យឆ្លុះកញ្ចក់ មុជទឹក ដុះ​ក្អែល និង​ព្យាបាល​ជាប្រចាំ ដើម្បីឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រចតុកោណដំណាក់​កាល​ទី៣ ដែល​​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា បាន​ប្រកាស​ដាក់​ចេញ​ កាល​ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើ​ដំបូង។ ជាមួយ​គ្នា​នោះ​សម្តេច​តេជោ ក៏​បាន​ចាត់​ទុក​វិស័យ​សារព័ត៌មាន​ថា ជាកញ្ចក់​មួយ​ តែ​សុំ​ឲ្យ​កញ្ចក់​នោះ​ឆ្លុះ​ឃើញ​រូប​ពិត។​

ទាក់​ទង​នឹង​បញ្ហា​ឆ្លុះ​កញ្ចក់​នេះ នៅក្នុងសន្និសីទ​ជាតិ​ផ្សព្វ​ផ្សាយ​ច្បាប់​គោល​ទាំង​៣ ដែល​មាន​គោល​ដៅ​កែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា រួមមាន «​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​» «​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​» និង​«​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​»​ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ​ សម្តេចតេជោ​បានមា​ន​ប្រសាសន៍​ថា នៅចាំ? ប្រហែល​ជាមន្ត្រី​របស់​យើង មួយ​ចំនួន អាយុ​លើស​ពី ៦០ (ឆ្នាំ) ធ្លាប់​រៀននៅ​ភ្នំពេញ ធ្លាប់​ទៅ​លេង​នៅ​វត្តភ្នំ។ ហ្អែ!!! អា​កញ្ចក់ហ្នឹង​ដូច​នៅ​បាត់​អស់ហើយ មាន​កញ្ចក់​ប្រហែលជា ៤-៥ អា​កញ្ចក់​ខ្លះ​ឈរ​ទៅ និយាយ​ពីតូច​ឡើង​លើ, កញ្ចក់​ខ្លះ​វាតឿ, កញ្ចក់​ខ្លះវា​ធាត់, កញ្ចក់​ខ្លះ​វាស្គម អីចឹង​ទេ សូមឲ្យអាកញ្ចក់​ដែល​ឆ្លុះ​មក​នេះ មានអី បើ​មុខ ហ៊ុន សែន ឲ្យច្បាស់ជា ហ៊ុន សែន អាហ្នឹង​ជា តួនាទី​របស់​កញ្ចក់ តើ​បើមិន​ចឹង​ទេ តែ​បើ​មក​ទៅ​ឆ្កុយ ទៅ​ឯណា​ណោះ​ទៅ អាហ្នឹង​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្ត

សម្តេចតេជោ​បាន​បញ្ជាក់​ថា "យើង​បាន​សរសេរ​ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដែល​មាន (ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល និងព្យាបាល) អីចឹង ងូតទឹក ដុះក្អែល និង​ព្យា​បាល នឹង​ធ្វើ​ខ្លួន​ឯង ប៉ុន្តែ​កញ្ចក់​ត្រូវ​មាន​មតិដទៃ ដែល​ឆ្លុះ​បញ្ចាំងឲ្យ​យើង​ក្នុង​ហ្នឹង​តួនាទី ក៏​កាន់​តែសំខាន់​ឡើងៗ សម្រាប់​យើង​ដែរ ប៉ុន្តែ​អ្វី​ដែល​សុំស្នើ គឺកញ្ចក់​ត្រូវ​ច្បាស់​ជា​កញ្ចក់​ឆ្លុះ មក​ឲ្យ​ច្បាស់​ជារូបពិត បើ​ប្រឡាក់​ភក់ ឲ្យ​ពិត​ជា​ប្រឡាក់​ភក់ បើ​អត់​ប្រ​ឡាក់​ទេ ឲ្យ​ពិត​ជាអត់​ប្រឡាក់ កុំ​លេង​កញ្ចក់ វ័ធធ្មុង សម័យ​មុន កុំ​លេង​ឲ្យ​សោះ

សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍ថា ច្បាប់​ទាំង​បី​នេះ​ («​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​» «​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​» និង​«​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​»​) ជា​ប្រភេទច្បាប់​រៀបចំអង្គការ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​ចាត់ទុកជា​ច្បាប់​មូលដ្ឋាន​ដ៏​មាន​សារៈសំខាន់​សំដៅធានា​ពង្រឹង​ឯក​រាជ្យ​នៃ​អំណាចតុលាការ និង​ធានា​ឲ្យ​អំណាច​តុលាការ នេះ​មាន​ដំណើរ​ការ​ប្រព្រឹត្តទៅ​បាន​ល្អ​ប្រសើរ សំដៅ​លើកកម្ពស់​ការ ផ្តល់​សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍​នៃ​នីតិរដ្ឋ ឆ្លើយតប​ទៅ​នឹង​បញ្ហា​កង្វះខាត​នៃ​ការ​ផ្តល់​សេវា​សាធា​រ​ណៈ និង​សេវា​យុត្តិធម៌ ដែល​នៅ​ក្នុង​រយៈពេល​កន្លងមក​នេះ សេវា​នេះ នៅ​មិន​ទាន់​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពេញលេញ​ពី​សំណាក់​មហាជន​នៅឡើយ។

សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ច្បាប់មូលដ្ឋាន​ទាំងបី​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅ​ក្នុង​វិស័យតុលាការ សំដៅ​ធ្វើឲ្យ​ការ​ផ្តល់សេវា​យុត្តិ​ធម៌​ជូន​ដល់​ប្រជាជន​កាន់តែ មាន​ភាព​ល្អ​ប្រសើរឡើង និង​កាន់តែ​មានការ​ជឿ​ទុក​ចិត្ត​ខ្លាំង​ឡើង​។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ជារួម​ការ​សម្រេចបាន​នូវ​ច្បាប់​មូល​ដ្ឋាន​ទាំងបី នៅ​ដើម​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ យ៉ាង​ច្បាស់​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​អនុវត្តន៍​ការងារ​កែទម្រង់​ស៊ីជម្រៅ របស់​ខ្លួន​នៅ​ក្នុង​វិស័យ​យុត្តិធម៌ សំដៅ​ពង្រឹង​អភិ​បាល​កិច្ច​ល្អ និង​នីតិរដ្ឋ។

សម្តេច​តេជោ​មាន​ប្រសាសន៍​បន្ត​ថា ច្បាប់​មូលដ្ឋាន​ទាំង​បី នេះ​នឹង​បង្កើត​ឲ្យ​មាន​អភិ​ក្រម​មួយ​ច្បាស់លាស់ និង​រឹងមាំ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ ​ស្របតាម​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អាច​ធ្វើឲ្យ​សាលា​ជម្រះក្តី និងអយ្យការ​អម​សាលាជម្រះក្តី នៅ​គ្រប់​ជាន់ថ្នាក់​អាច​មាន​ដំណើរការ ប្រព្រឹត្ត​ទៅបាន​ល្អប្រសើរ ជាពិសេស​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​យុត្តិធម៌​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ ក្នុង​វិស័យ​មួយ​នេះ។

ពាក់ព័ន្ធ​នឹង​គម្រោងការបង្កើត​សាលា​ឧទ្ធរណ៍​តាម​ភូមិភាគ​ សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ពន្យល់​​ថា ដោយសារ​កន្លង​មក​សំណុំរឿង​២៤ ខេត្ត​ក្រុង ត្រូវ​បញ្ចូល​មក​សាលា​ឧទ្ធរណ៍​តែមួយ​ហើយ​កក​ស្ទះ​នៅ​កន្លែង​ហ្នឹង បូកបន្ថែម​ដោយ​ប្រជា​ពល​រដ្ឋ​របស់​យើង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ណាស់ អញ្ចឹង​ទេ​តម្រូវ​ការ​ឱ្យ​មានការៀបចំ​សាលា​ឧទ្ធរណ៍​ទៅ​តាម ភូមិ​ភាគ។ ឥឡូវ​នេះ​វាក៏ទៅ​ជាមួយ​គ្នា​ផង​ដែរ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មុន​នេះ​ប្រធាន​សាលា​ឧទ្ធរណ៍ និង​អគ្គ​ព្រះរាជអាជ្ញា អមសាលា​ឧទ្ធរណ៍​ក៏ជាសមាជិក​ស្វ័យ​ប្រវត្តិ ឥឡូវ​មិនមែន​ជា​សមាជិក​ស្វ័យប្រវត្តិ​ទៀត​ទេ គឺ​ត្រូវ​ឆ្លងកាត់​តាម​រយៈ​ការ​បោះ​ឆ្នោត។ ឧទាហរណ៍ យើង​បង្កើត​ឱ្យមាន​សាលាឧទ្ធរណ៍​ប្រចាំ​ខេត្ត​បាត់​ដំបង ដែល​អាច​ដោះ​ស្រាយ​សំណុំ​រឿងនៅ​បាត់ដំបង​ខ្លួន​ឯង ពោធិ៍​សាត់ ប៉ៃ​លិន និង​បន្ទាយ​មាន​ជ័យ ដូច្នេះ​ធ្វើ​ឱ្យ​ប្រជាជន​យើង​ដែល​ធ្លាប់​តែ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ដ៏លំបាក​នេះ គឺ​កាត់​បន្ថយ ហើយ​បញ្ហានេះ​ច្បាស់ណាស់​ថា ផ្នែក​ខាង​រដ្ឋ​ក៏ទាមទារ​នូវ​ការ​រៀបចំ​នូវ​កញ្ចប់​ថវិកា ដើម្បី​ដាក់​ឱ្យ​ដំណើរការ​កសាង​ជាបណ្ដើរៗ នៅ​សាលា​ជម្រះ​ក្ដីថ្នាក់​ឧទ្ធ​រណ៍​នេះ​ផងដែរ។

ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​សហការ​ឧបត្ថម្ភ​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ទាំង​បី​ខាង​លើ​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល សូម​មេត្តាផ្តល់​កិច្ចសហការ និង​គាំទ្រ​ដល់​ក្រសួងយុត្តិធម៌​ក្នុង​ដំណើរ​ការងារ របស់​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ខ្ញុំ​ក៏​សូមអំពាវនាវ​ឲ្យ​ដៃគូ​របស់យើង​មេត្តា​បន្ត​ផ្តល់​ការ​យកចិត្ត​ទុក​ដាក់​ថែម​ទៀត នូវ​ការឧបត្ថម្ភ​គាំទ្រ​ដល់​ការងារ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​អនុវត្តន៍​ច្បាប់​សម្រាប់​ធានា​សម្រេច​បាន​ការ​ផ្តល់​សេវា​សាធារណៈ និង​សេវា​យុត្តិធម៌​មួយ​ពេញ​លេញ មាន​សមធម៌ និង​ជឿ​ទុកចិត្ត​បាន៕


No comments:

Post a Comment