Wednesday, August 16, 2017

សិស្សដែលប្រលងបាននិទ្ទេស A នៅខេត្តកណ្តាល នឹងទទួលបានម៉ូតូស៊េរីថ្មីមួយគ្រឿង

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានរៀបចំពិធីសំណេះ​សំណាល​ជាមួយសិស្សថ្នាក់ទី១២ និងគ្រូបង្រៀនថ្នាក់ទី១២ ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារ​ថ្នាក់ជា​តិ​ចុះ​ជួយក្រុងតាខ្មៅ និងមានការចូលរួមមានពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្តីរាជ​ការ​ជុំវិញ​ក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៣០០ នាក់។
នាឱកាសនោះដែរ អភិបាលខេត្ត បានឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ក្នុង​ក្រុង​តា​​ខ្មៅ​ចំនួន១០៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល   សិស្សា​នុសិស្សថ្នាក់​ទី១២​ ចំនួន ១១៦២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល។ លោកក៏បាន​លើកទឹក​ចិត្តដល់​សិស្សជ័យលាភីប្រឡងសញ្ញាបត្រនៅក្នុងក្រុងតាខ្មៅផងដែរ ដោយសិស្សដែលប្រលង​បាន​និទ្ទេសAនឹងទទួល​បានម៉ូតូស៊េរីថ្មីមួយគ្រឿង ហើយចំពោះសិស្សដែល​ប្រឡង​ជាប់​​នឹង​ទទួលបាន​ការ​លើក​​ទឹក​ទៅតាមនិទ្ទេសនីមួយៗ ។
លោក ម៉ៅ ភិរុណ  បានឱ្យដឹងថា រាល់ការផ្ញើកង់ ម៉ូតូ និងរថយន្តក្នុងពេលប្រលងបាក់ឌុប គឺមិនត្រូវគិតប្រាក់នោះទេ ហើយ​​រាល់ការ​បាត់បង់ គឺអាជ្ញាធរជាអ្នកទទួលខុសត្រូវ។ លោក ម៉ៅ ភិរុណ  ក៏បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ជួបប្រជុំ​ជាមួយ​ម្ចាស់​សណ្ឋា​គារ និងផ្ទះសំណាក់នានា ស្នើសុំកុំឱ្យមានការតម្លើងថ្លៃឈ្នួលផ្ទះសំណាក់ និងសណ្ឋាគារ នៅពេលប្រឡងខាងមុខ ដើម្បីសម្រួលដល់ការចំណាយនានា​របស់សិស្សដែលមក​ចូលរួម​ប្រ​ឡង​​៕








កាកបាទក្រហមកម្ពុជា នាំយកអំណោយជូនគ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះ ភ្លាមៗក្នុងខណ្ឌមានជ័យ

ក្រោយគ្រោះអគ្គិភ័យដ៏កំណាចមួយបានកើតឡើង ដោយឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១៨ខ្នង នៅ​ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ និង​អនុសាខាកាកបាទក្រហមខណ្ឌ​មានជ័យ នាំអំណោយមនុស្សធម៌​ផ្តល់ជូនភា្លមៗ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ក្រោយគ្រោះអគ្គិភ័យភ្លាម នៅ​រសៀល​ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ​២០១៧ លោកស្រី មុំ សណ្តាប់ តំណាងលោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និង​ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៌​ជូនដល់បងប្អូនប្រជាពលរដ្ឋ ២៤គ្រួសារ។

ក្នុងនោះក៏មានការចូលរួមពី​លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង​ជាប្រធានកិត្តិយសអនុសាខា និងសមាជិក សមាជិកា លោកចៅសង្កាត់បឹងទំពន់ទី២ ចៅសង្កាត់រងទី២ មេភូមិ រួមទាំងមន្រ្តីខណ្ឌជាច្រើនទៀត។

​លោកស្រី មុំ សណ្តាប់ និង​លោក ពេជ្រ កែវមុនី បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត។​

អំណោយដែលត្រូវទទួលបាន ក្នុងមួយគ្រួសារមានដូចជា៖ អង្ករ​៥៥​គីឡូក្រាម មី២កេស ​ទឹកបរិសុទ្ធ Oral​១កេស ទឹកត្រី២យូរ ទឹកស៊ីអ៊ីវ ២យួរ មុង​២ ភួយ​២ តុង​១ ក្រមា​២ កន្ទេល​២ ថវិកាចំនួន៧០,០០០រៀល និងគ្រឿងឧបរិភោគបរិភោគជាច្រើនផ្សេងទៀត ៕







ក្រសួង​សាធារ​ណការ នឹងផលិ​តស្ពតអប់​រំពីគ្រោះ​ថ្នាក់ចរាច​រណ៍ ដើម្បី​កាត់បន្ថ​យគ្រោះថ្នាក់​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណ​ការ​ និងដឹកជញ្ជូន បាន​ដឹក​​នាំ​កិច្ច ប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវ​គោក​ប្រចាំ​ខែ ដោយ​មាន​ការ​ចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ ។
ជាលទ្ធផលនៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុង​ខែកក្កដា​កន្លង​ទៅនេះ កើតមានចំនួន២៥៤ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣០ នាក់ និងរបួស ៣៧០ នាក់ គិត​ជាមធ្យម​ក្នុងមួយថ្ងៃស្លាប់ចំនួន៤,៣នាក់ និងបានត្រួតពិនិត្យការអនុវត្តច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោកលើយានយន្តសរុបចំនួន ៧៨១៥០ គ្រឿង ក្នុងនោះមានរថយន្តល្មើសច្បាប់​ស្មើ១៤% ហើយបាន​ធ្វើការអប់រំចំនួន៤៦៧០គ្រឿង។
ចុងបញ្ចប់នៃកិច្ចប្រជុំ មានការចាក់បញ្ចាំងស្ពតអប់រំ ស្តីពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលជាវីដេអូរយៈពេល៥នាទី ដើម្បីស្នើសុំយោបល់បន្ថែមពីសមាជិក គ.ស.ច.គ ក្នុងការធ្វើឲ្យ ស្ពតអប់រំនេះកាន់តែមានមានការចាប់អារណ៍បន្ថែមទៀត៕





ខេត្តស្វាយរៀង ប្រជុំបូកសរុប​ និងវាយ​តម្លៃការងារ​លុបបំបាត់​ឱសថក្លែងក្លាយ​ និងសេវាសុខា​ភិបាលខុសច្បាប់​​

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងលើកទិសដៅបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត ស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្ត ប្រធានលេខាធិការសាលាដំបូងខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ លោក លោកស្រី ជាប្រធាន អនុគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ក្រុង ស្រុក ប្រធានស្រុកប្រតិបត្តិសុខាភិបាលទាំង៤ អធិការរង ក្រុង ស្រុក លោក លោកស្រី ប្រធានមណ្ឌលសុខភាពទាំង៤៣ និងមន្ត្រីពាក់ព័ន្ធ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានជំរុញអោយភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋឈប់ស្វែងរក និងឈប់ទទួលប្រើប្រាស់សេវាសុខាភិបាលខុសច្បាប់ និងត្រូវនាំគ្នាលើកកំពស់ការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងក្រមសីលធម៌ រហ័សទាន់ចិត្ត នៅប៉ុស្ត៍សុខភាព តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយធានាបាននូវប្រសិទ្ធភាពខ្ពស់៕





(សូមទស្សនាវីដេអូ) លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន​ ចុះសំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ​កង​ទ័ព​នៅ​យោធ​ភូមិ​ភាគ​ទី១​ ខេត្ត​ស្ទឹង​ត្រែង​

ប្រជាកសិករចំនួន២៥២គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកគូលែន បាន​ទទួល​ស្រូវពូជ​ ដើម្បីយកទៅ​បង្កបង្កើន​ផលឡើងវិញ​ ក្រោយទឹក​ជំនន់លិច​បំផ្លាញស្រូវ​

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំក្រុមការងារយកស្រូវពូជ យកមកចែកជូនដល់ដៃកសិករ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករក្នុងទិសដៅលើកស្ទួយកំរិតជីវភាពកសិករ ឲ្យមានភាពប្រសើរឡើងវិញ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត តែងគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាតែពេលមានគ្រោះទឹកជំនន់ ឬក្រោយគ្រោះទឹកជំនន់នោះទេ បានន័យថា គ្រប់កាលៈទេសៈគឺស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។
លោកបានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រោះទឹកជំនន់កន្លងទៅ ដោយលោកបានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។
បន្ថែមពីនេះ អភិបាលខេត្តព្រះវិហារ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួបានស្រូវពូជនៅពេលនេះ ត្រូវប្រញាប់យកទៅបង្កបង្កើនផលឡើងវិញ និងខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកំពស់កំរិតជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង ហើយលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្មខេត្ត និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំជួយប្រជាកសិករកន្លងមក។

ដោយឡែក លោក ពឹង ទ្រីដា បានបន្ថែមថា ស្រូវពូជដែលចែកជូនប្រជាកសិករនៅពេលនេះ មានចំនួន ២៥២គ្រួសារ មកពីឃុំ២ នៃស្រុកគូលែន រួមមានឃុំគូលែនជើង មាន១១៣គ្រួសារ ក្នុងគ្រោះទឹកជំនន់ខូចខាតស្រូវអស់៥៧៥០ហិកតា និងឃុំភ្នំពេញ មាន១៣៩គ្រួសារ ខូចខាតស្រូវអស់៨៧ហិកតា។ ហើយស្រូវពូជដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានស្រូវពូជប្រភេទ ផ្ការំដួលចំនួន២៥គីឡូក្រាម និងសាប៊ូដុសខ្លួន១ដុំផងដែរ៕




លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះសំណេះ​សំណាល​សាកសួរ​សុខទុក្ខ កងទ័ព​នៅយោ​ធ​ភូមិ​ភាគ​ទី១ ខេត្តស្ទឹង​ត្រែង

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង។

នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា គោលបំណងនៃការ ចុះមកកាន់ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន ពលទាហានទាំងអស់ នៃយោធភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពិសេសការអត់ធ្មត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារបូរណភាពទឹកដី ក្នុងដំណាក់កាលដែលកងទ័ពឡាវធ្វើការឈ្លានពានចូលទឹកដីកម្ពុជា នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែងកាលពីដើមឆ្នាំ២០១៧កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្តថា ក្រៅពីការជួបសំណេះសំណាលនិងសាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ លោកនឹងធ្វើការដោះស្រាយនូវ រាល់ការលំបាករបស់បងប្អូន ពិសេសការបង្កើតឡើងនូវកងពលតូចអន្តរាគមន៍ថ្មីមួយទៀត នៅខេត្តស្ទឹងត្រែងដែលមានឈ្មោះថា កងពលតូចអន្តរាគមន៍ថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ការរៀបចំនេះមិនមែនសំដៅដល់ការធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញសំដៅលើការពង្រឹងកិច្ចការការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំ ពោះនាយទាហាន និងពលទាហានទាំងអស់ ដែលបានគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការរក្សានូវភាពអត់ធ្មត់បំផុត មិនមានការផ្ទុះអាវុធបង្ហូរឈាមគ្នា ក្នុងដំណាក់កាលដែលមានការចូលឈ្លានពានទឹកដីពីសំណាក់កងទ័ពឡាវ។
សូមជម្រាបផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលប្រមាណ៥ម៉ោង រួមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយនឹង កងទ័ពនៃយោធភូមិភាគទី១ មុនពេលធ្វើដំណើរ វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃដដែលនេះ៕










លោក ម៉ម ប៊ុនហេង អញ្ជើញទៅចូលរួមវេទិកា ស្ដីពីខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឆ្ពោះទៅរកផ្លូវសុខភាព នៅប្រទេសចិន

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងអញ្ជើញទៅចូលរួមវេទិកាថ្នាក់រដ្ឋមន្ដ្រី ស្ដីពីខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលឆ្ពោះទៅរកផ្លូវសុខភាព នៅប្រទេសចិន ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមសេចក្ដីជូនដំណឹងដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោក នឹងចេញដំណើរនៅវេលាម៉ោង០៩៖១៥នាទីយប់នេះ។

វេទិកាថ្នាក់រដ្ឋមន្ដ្រីសុខាភិបាល នៃប្រទេសជាសមាជិកគនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានរៀបចំឡើងដោយភាគីមិត្តចិន ក្រោមប្រធានបទ «ការកសាងផ្លូវ និងខ្សែក្រវ៉ាត់សុខភាព ការចែករំលែកការអភិវឌ្ឍន៍សុខភាព» ដែលវេទិកានេះ ត្រូវបានរៀបចំឡើង ដោយចែកចេញពី៣ផ្នែក៕

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើដំណើរចុះសាកសួរសុខទុក្ខ កងទ័ពនៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយការលំបាក របស់កម្លាំងប្រដាប់អាវុធ

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បាននិងកំពុងធ្វើដំណើរសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook របស់លោកថា គោលបំណងរបស់លោក ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខកងទ័ពយោធភូមិភាគទី១នេះ ដើម្បីដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។

លោកបានបញ្ជាក់ថា លោកនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូច ថ្មើរជើងលេខ១២៨ ចំណុះឱ្យយោធភូមិភាគទី១ ដែលការរៀបចំនេះ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិត ខាងនោះទេ តែសំដៅលើកិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជា មួយប្រទេស ជិតខាង។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា « ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខ ទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹក ឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។ ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង »៕




ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាឯករាជ្យលើកទី៧០ ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានរៀបចំទិវាឯករាជ្យលើកទី៧០របស់ ប្រទេសឥណ្ឌា ដើម្បីចែករំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា។

ទិវាឯករាជ្យលើកទី៧០ របស់ប្រទេសឥណ្ឌានេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការនៃអាជ្ញាធរមីន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក នៃ Indian Diaspora ឯកអគ្គរាជទូត និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជារូបច្រើនរូបទៀតផងដែរ។

តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា « ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលបានទុកពេលវេលាដ៏មានតម្លៃ ដើម្បីចែក រំលែករឿងរ៉ាវនៃប្រទេសឥណ្ឌា »។

តំណាងឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា « នៅក្នុងកម្មវិធីរបស់យើង យើងនឹងបង្ហាញពីអ្វីដែលយើងបាន សម្រេចកន្លងមក និងអ្វីដែលយើងមាននៅពេលបច្ចុប្បន្ននេះ។ យើងចង់បានសន្តិភាព និងភាពសុខដុម ភាពរុងរឿង និងសុខុមាលភាពរបស់អាស៊ាន និងសហគមន៍ពិភពលោកទាំងមូល »។

តំណាងឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ដើម្បីអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋជាសមាជិក អាស៊ានទាំងអស់ សម្រាប់ការប្រារព្ធខួបលើកទី៥០ នៃអាស៊ាន។ ឆ្នាំនេះ ក៏មានលក្ខណៈពិសេសសម្រាប់ ប្រទេសឥណ្ឌាផងដែរ ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងឥណ្ឌា និងសមាជិកអាស៊ាន ក្រោមប្រធានបទ « Shared Value Common Destiny »។

លោកបន្ដថា នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ាន ដែលនឹងបញ្ចប់នៅក្នុងកិច្ចប្រជុំ ពិសេសរំលឹកខួប អនុស្សាវរីយ៍អាស៊ានឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ គឺជាការបញ្ជាក់ពីបេសកកម្ម រួមគ្នារបស់ យើង សម្រាប់ភាពរុងរឿងស្ថេរភាព និងសន្តិសុខ ៕









ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


លោក កែវ រ៉េមី៖ ការតាក់តែងច្បាប់ និងវិសោធនកម្មច្បាប់នានា របស់កម្ពុជា គឺផ្អែកលើបែបបទអន្តរជាតិ

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបសន្ទនាការងារ រវាងភាគី កម្ពុជា និងជប៉ុនលើកទី៨ ស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោកបាន ជម្រាបជូនទៅលោក Masato OTAKA អគ្គនាយករងនៃការិយាល័យ កិច្ចការបរទេសនៃក្រសួង ការបរទេសជប៉ុនថា «ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ នយោបាយ ឬទាក់ទងនឹងការធ្វើច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) គឺជាដំណើរការមួយ ក្នុងការស្រាវជាវយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាល ដែលយកលំនាំតាមបណ្តាប្រទេសមួយចំនួន នៅលើសកលលោក»។

លោក កែវ រ៉េមី បានបន្តថា សំរាប់ការធ្វើច្បាប់ និងវិសោធនកម្មច្បាប់នានា របស់កម្ពុជា គឺអាចនិយាយបានថា ជាការអនុវត្តតាមលក្ខណៈបែបបទអន្តរជាតិ ដែលមិនខុសពីបណ្តាប្រទេសនានានោះទេ ឧទាហរណ៍ដូចជា ទាក់ទងនឹងវិសោធនកម្មច្បាប់គណបក្សនយោបាយ គឹកម្ពុជាយកទម្រង់ និងលំនាំតាមច្បាប់ប្រទេស ដាណឺម៉ាក ព័រទុយហ្គាល់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមានតាំងពីសហគមន៍អឺរ៉ុបផងដែរ។

ជាមួយគ្នានេះ លោក កែវ រ៉េមី បានជម្រាបទៅលោក Masato OTAKA ថា ទាក់ទងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគម គឺរដ្ឋាភិបាលបានស្រាវជ្រាវ ពីបណ្តាប្រទេសរីកចម្រើនជាច្រើន ជាពិសេសប្រទេស ដែលមានភាពចាស់ទុំខាងច្បាប់នេះ ដូចជា៖ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសសាំងហ្គាពួរ ជាដើម។ លោកបន្ថែមថា ក្រៅពីនោះក៏មាន មានការចូលរួម ពីអ្នកជំនាញការទូតក្នុងការរៀបចំតាក់តែងច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិល (NGOs) និង សមាគមនេះ ប្រើរយៈពេលនៃការរៀបចំយ៉ាងយូរ គឺរហូតជិតដល់ម្ភៃឆ្នាំ។ លោក កែវ រ៉េមី បន្តទៀតថា ការធ្វើច្បាប់នេះចំណាយពេលយូរ ព្រោះបើគិតពីពេលដែល អង្គការសង្គមស៊ីវិល (NGOs) និងសមាគម ស្នើសុំសេចក្តីព្រៀងច្បាប់នេះ គឺចាប់តាំងពី ឆ្នាំ១៩៩៦-១៩៩៧ មកម្លេះ សេចក្តីព្រៀងច្បាប់នេះ ត្រូវបានត្រួតពិនិត្យច្រើនលើកច្រើនសារ បូករួមទាំងការពិភាក្សា ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដូច្នេះច្បាប់នេះ គឺមានការចួលរួម និងប្រើពេលយូរមកហើយ រយៈពេល២០ឆ្នាំ វាសមល្មមនឹងអាចធ្វើច្បាប់នេះ បានគ្រប់ជ្រុងជ្រោយហើយ។

គួរបញ្ជាក់ថា ជំនួបសន្ទនារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយករងនៃការិយាល័យ កិច្ចការបរទេសនៃក្រសួង ការបរទេសជប៉ុន គឺផ្តោតសំខាន់ទៅលើ ស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជា និងយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅជប៉ុនផងដែរ៕