Wednesday, August 16, 2017

ប្រជាកសិករចំនួន២៥២គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកគូលែន បាន​ទទួល​ស្រូវពូជ​ ដើម្បីយកទៅ​បង្កបង្កើន​ផលឡើងវិញ​ ក្រោយទឹក​ជំនន់លិច​បំផ្លាញស្រូវ​

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំក្រុមការងារយកស្រូវពូជ យកមកចែកជូនដល់ដៃកសិករ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករក្នុងទិសដៅលើកស្ទួយកំរិតជីវភាពកសិករ ឲ្យមានភាពប្រសើរឡើងវិញ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត តែងគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាតែពេលមានគ្រោះទឹកជំនន់ ឬក្រោយគ្រោះទឹកជំនន់នោះទេ បានន័យថា គ្រប់កាលៈទេសៈគឺស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។
លោកបានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រោះទឹកជំនន់កន្លងទៅ ដោយលោកបានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។
បន្ថែមពីនេះ អភិបាលខេត្តព្រះវិហារ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួបានស្រូវពូជនៅពេលនេះ ត្រូវប្រញាប់យកទៅបង្កបង្កើនផលឡើងវិញ និងខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកំពស់កំរិតជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង ហើយលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្មខេត្ត និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំជួយប្រជាកសិករកន្លងមក។

ដោយឡែក លោក ពឹង ទ្រីដា បានបន្ថែមថា ស្រូវពូជដែលចែកជូនប្រជាកសិករនៅពេលនេះ មានចំនួន ២៥២គ្រួសារ មកពីឃុំ២ នៃស្រុកគូលែន រួមមានឃុំគូលែនជើង មាន១១៣គ្រួសារ ក្នុងគ្រោះទឹកជំនន់ខូចខាតស្រូវអស់៥៧៥០ហិកតា និងឃុំភ្នំពេញ មាន១៣៩គ្រួសារ ខូចខាតស្រូវអស់៨៧ហិកតា។ ហើយស្រូវពូជដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានស្រូវពូជប្រភេទ ផ្ការំដួលចំនួន២៥គីឡូក្រាម និងសាប៊ូដុសខ្លួន១ដុំផងដែរ៕




No comments:

Post a Comment