Wednesday, August 16, 2017

លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះសំណេះ​សំណាល​សាកសួរ​សុខទុក្ខ កងទ័ព​នៅយោ​ធ​ភូមិ​ភាគ​ទី១ ខេត្តស្ទឹង​ត្រែង

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង។

នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា គោលបំណងនៃការ ចុះមកកាន់ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន ពលទាហានទាំងអស់ នៃយោធភូមិភាគទី១ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពិសេសការអត់ធ្មត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារបូរណភាពទឹកដី ក្នុងដំណាក់កាលដែលកងទ័ពឡាវធ្វើការឈ្លានពានចូលទឹកដីកម្ពុជា នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែងកាលពីដើមឆ្នាំ២០១៧កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្តថា ក្រៅពីការជួបសំណេះសំណាលនិងសាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ លោកនឹងធ្វើការដោះស្រាយនូវ រាល់ការលំបាករបស់បងប្អូន ពិសេសការបង្កើតឡើងនូវកងពលតូចអន្តរាគមន៍ថ្មីមួយទៀត នៅខេត្តស្ទឹងត្រែងដែលមានឈ្មោះថា កងពលតូចអន្តរាគមន៍ថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ការរៀបចំនេះមិនមែនសំដៅដល់ការធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញសំដៅលើការពង្រឹងកិច្ចការការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំ ពោះនាយទាហាន និងពលទាហានទាំងអស់ ដែលបានគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការរក្សានូវភាពអត់ធ្មត់បំផុត មិនមានការផ្ទុះអាវុធបង្ហូរឈាមគ្នា ក្នុងដំណាក់កាលដែលមានការចូលឈ្លានពានទឹកដីពីសំណាក់កងទ័ពឡាវ។
សូមជម្រាបផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលប្រមាណ៥ម៉ោង រួមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយនឹង កងទ័ពនៃយោធភូមិភាគទី១ មុនពេលធ្វើដំណើរ វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញនៅរសៀលថ្ងៃដដែលនេះ៕










No comments:

Post a Comment