ក្រោយគ្រោះអគ្គិភ័យដ៏កំណាចមួយបានកើតឡើង ដោយឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១៨ខ្នង នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាំអំណោយមនុស្សធម៌ផ្តល់ជូនភា្លមៗ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ក្រោយគ្រោះអគ្គិភ័យភ្លាម នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកស្រី មុំ សណ្តាប់ តំណាងលោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាសមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋ ២៤គ្រួសារ។
ក្នុងនោះក៏មានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខា និងសមាជិក សមាជិកា លោកចៅសង្កាត់បឹងទំពន់ទី២ ចៅសង្កាត់រងទី២ មេភូមិ រួមទាំងមន្រ្តីខណ្ឌជាច្រើនទៀត។
លោកស្រី មុំ សណ្តាប់ និងលោក ពេជ្រ កែវមុនី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត។
អំណោយដែលត្រូវទទួលបាន ក្នុងមួយគ្រួសារមានដូចជា៖ អង្ករ៥៥គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ Oral១កេស ទឹកត្រី២យូរ ទឹកស៊ីអ៊ីវ ២យួរ មុង២ ភួយ២ តុង១ ក្រមា២ កន្ទេល២ ថវិកាចំនួន៧០,០០០រៀល និងគ្រឿងឧបរិភោគបរិភោគជាច្រើនផ្សេងទៀត ៕
No comments:
Post a Comment