Tuesday, March 17, 2015

សេចក្តីជូនព័ត៌មានអំពីដំណើរទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជា របស់ លោកជំទាវ មីស្ហ៊ែល អូបាម៉ា

យោងតាម​សេចក្តីជូន​ព័ត៌មាន ​របស់ក្រសួង​ការបរទេស ​និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​នៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៧​ បានឲ្យ​ដឹងថា​ ក្នុងឱកាស​ដំណើរ​ទស្សនៈកិច្ច​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ពីថ្ងៃទី២០​ ដល់ ២២​ ខែមីនា ​ឆ្នាំ២០១៥​ លោកជំទាវ ​ មីស្ហ៊ែល​ អូបាម៉ា ​(Michelle OBAMA) ​ទំទាវទី១​ សហរដ្ឋអាមេរិក​ នឹងត្រូវទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ​ដោយសម្តេច​កិត្តិព្រឹត្តបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ប្រធានកាក​បាទ​ក្រហមកម្ពុជា។
លោកជំទាវ​ មីស្ហ៊ែល​ អូបាម៉ា ​(Michelle OBAMA)​ និងសម្តេច​កិត្តិព្រឹត្តបណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុនសែន​ នឹងមាន​ជំនួបទ្វេរភាគី ​នៅឯវិទ្យាល័យ ​ហ៊ុន សែន ​បាគង​ ក្នុងខេត្តសៀមរាប ​ហើយបន្ទាប់មក​ជួបសំណេះ​សំណាល​ជាមួយសិស្សនារី​ចំនួន ​១០នាក់ ​ដើម្បីគាំទ្រ​វិស័យអប់រំដល់​យុវនារី​ នៅកម្ពុជា។
ក្នុងអំឡុង​ពេលស្នាក់នៅ​ខេត្តសៀមរាប ​ជំទាវ មីស្ហ៊ែល ​អូបាម៉ា ​ក៏នឹងអញ្ញើញ​ទៅទស្សនាប្រាសាទ​អង្គរវត្តផង​ដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី


អគ្គស្នងការនគរបាលជាតិ រម្លឹកពីការរៀបចំគំរោងផ្តួលរំលំរដ្ឋាភិបាល ពីសំណាក់គណបក្សប្រឆាំង

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេត្រ​ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​នេះ បានថ្លែង​​រម្លឹក ពី​ការរៀបចំ​ផែនការ​របស់​គណបក្ស​ប្រឆាំង​នៅមុន​ការបោះ​ឆ្នោត និង​​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ គឺបក្ស​ប្រឆាំង​មាន​ការរៀបចំ​គំរោង​​ទុកជាមុន ធ្វើ​មហា​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល ក៏ប៉ុន្តែ​គំរោង​របស់​ពួកគេ ត្រូវបាន​បរាជ័​យ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​ សេនីយ៍ នេ​ត្រ សាវឿន ថ្លែង​​ដូច្នេះ នៅក្នុង​សន្និបាត​ត្រួតពិនិត្យ​សភាព​ការណ៍​លទ្ធផល​កិច្ច​កិច្ចប្រតិបត្តិការ​ ប្រចាំឆ្នាំ​២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៥ របស់​អគ្គស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ថា កិច្ចការងារ​ការពារ​ទូទាំងប្រទេស ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ តំបន់ និង​ព្រឹត្តិការណ៍​ប្រពៃណី មាន​ជាង ៧០០០ លើក ហើយ​នៅក្នុង​ជុំវិញ​កិច្ចការ​ការពារ​នេះ សូម​សរសើរ​គ្រប់​កម្លាំង​ទាំងអស់​ដែល​បាន​សហការ ជាពិសេស​ដៃគូរ​សហការ​ផ្ទាល់ គឺ​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ខេមរភូ​មិន្ទ និង​កម្លាំង​សហការ​ខាង​ផ្នែក​ច្បាប់ រួមទាំង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​បាន​ជោគជ័យ ពីព្រោះ​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ដូច្នេះ​ការពារ​ភ្នំពេញ​បាន ការពារ​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​បាន ការពារ​ភ្នំពេញ​បាន ការពារ​ដំណើរ​ប្រក្រតីភាព​របស់​រាជាណាចក្រ​កម្ពុជា​ទាំងមូល​។ ដូច្នេះ​កិច្ចការងារ​ការពារ​នេះ សម្រាប់​ភ្នំពេញ គឺជា​ការលះបង់ ពលិកម្ម​មួយ​ដ៏​ធំធេង​។
ឯកឧត្តម​ បានបន្ថែម​ថា​ នៅក្នុងពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ខាងមុខនេះ ត្រូវ​ដក​កម្លាំង​ថ្នាក់ជាតិ​ទៅ​ជួយ​នៅ​ខេត្តសៀមរាប ពីព្រោះ​ខេត្តសៀមរាប​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ និងបានថ្លែង​ថា ​ យើង​មិនអាច​មើលស្រាល​បានទេ ជុំវិញ​កិច្ចការងារ​ការពារ ការ​​រក្សាបាន​សណ្តាប់ធ្នាប់ សន្តិសុខ ជុំវិញ​បាតុកម្ម កូដកម្ម និង​ការតវ៉ា​ផ្សេងៗ​។ ជា​មួយ​គ្នា​នេះ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​រម្លឹកថា ចំពោះ​គណបក្ស ដែល​បាន​ចូលរួម​បោះឆ្នោត និង​ចំពោះ​កម្លាំង​ដែល​បាន​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត ដោយ​និយាយ​សំ​ដៅ​បក្ស​ប្រឆាំង​ ដោយបញ្ជាក់​ថា ​ពួកគេ​មាន​ផែនការ​គ្រោងទុកជាមុន ដោយ​យើង​មើលទៅ​មាន ៤​ដំណាក់កាល ដំណាក់កាល​ទី​១‑  មុន​បោះឆ្នោត គាត់​ស្រែកថា គាត់​ចូលរួម​បោះឆ្នោត ក៏ប៉ុន្តែ​គាត់​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត នេះ​គឺជា​ចេតនា​ពិតប្រាកដ​របស់គាត់​។ ទី​២‑ ពេល​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ដែលមាន​កៅអី​យ៉ាងច្រើន និង​កន្លែង​បោះឆ្នោត​ជាច្រើន ​បង្ក​អស្ថិរភាព​ឡោមព័ទ្ធ កន្លែង​ខ្លះ​ចាប់​មន្ត្រី​បោះឆ្នោត​ធ្វើជា​ចំណាត់​ខ្មាំង ជាក់ស្តែង​ដូចជា​ការិយាល័យ​បោះឆ្នោត​នៅ​សាលា​ស្ទឹងមានជ័យ កន្លែង​ខ្លះ​ផ្តុំ​ឡើងទៅ​ជា​អំពើហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ សាធារណៈ ដូចជា​ដុត​ឡាន ហើយដោយ​មានការ​ដឹក​នាំ​ដ៏​ឆ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ទើបអាចទប់ស្កាត់សភាពការណ៍ បាន។ ទី​៣‑ ​ក្រោយ​បោះឆ្នោត​ភ្លាម​គេ​បាន​បដិសេធចោល​ទាំងស្រុង​លទ្ធផល​ការបោះឆ្នោត ដោយ​ទាមទារ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​ទី​៤.​មហា​បាតុកម្ម គឺជា​ចេតនា​ពេញលេញ​ក្នុងការ​ផ្តួលរំលំ​ដណ្តើម​អំណាច មិនអាច​ធ្វើទៅ​បានទេ​។ ហើយ​ទី​៤ ដំណាក់កាល​នេះ មិនអាច​ធ្វេស​ប្រហែល​មួយ​វិនាទី​ណាមួយ​បានទេ ពិសេស​ក្នុងពេលដែល​គេ​ប្រើពាក្យ​មហា​បាតុកម្ម​។​


​ការ​លើក​ឡើង​របស់ឯកឧត្តម នាយឧត្តម​សេនីយ៍ នេត្រ សាវឿន ​ ​ពាក់​ព័ន្ធ​ ក្នុង​សកម្មភាព​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល បាន​កើត​ឡើង​ស្រប​គ្នា​នឹង​ការ​ចេញ​មុខ​មក​បកស្រាយ​របស់​លោក កឹម សុខា ដែល​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​​មីនា លោក​ កឹម សុខា បាន​ថ្លែង​នៅ​សហរដ្ឋអាមេរិក ក្នុងពេល​ជួបជុំ​អ្នកគាំទ្រ ដោយបាន​សារភាព​នូវការ​បរាជ័យ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនអាច​ផ្តួលរំលំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​កម្លាំង​មហាជន ធ្វើបាតុកម្ម កុប្បកម្ម ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ​២០១៣ កន្លង​មក​នោះ​៕

សម្តេចតេជោ នឹងផ្តល់ប្រាក់រង្វាន់ ១០០លានរៀល រួមជាមួយមេដាយកិត្តិយសថ្នាក់មហាសេរីវឌ្ឍន៍ ដល់អ្នកគ្រូ នាង ផល្លា


យោងតាម​ប្រភព​ពីខុទ្ទកាល័យ​សម្តេចតេជោ ​ហ៊ុន​ សែន ​នៅល្ងាចថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០១៥​ បាន​ឲ្យដឹងថា​ ដើម្បី​ជាការ​លើកទឹកចិត្ត​ និង​ផ្តល់កិត្តិយស​ជូនអ្នកគ្រូ ​នាង ផល្លា​ ដែលបាន​ខិតខំ​អប់រំ​បង្ហាត់​បង្រៀន​កុមារគ ​ថ្លង់ ​និងពិការភ្នែក​កម្ពុជា​អស់រយៈកាល​ជិត​ ២០ឆ្នាំ​កន្លងមក​នេះ ​ដែលអ្នក​គ្រូសម​ នឹង​ទទួលបាន​មហាកិត្តិយស ​ពី​សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី ​នូវ​មេដាយថ្នាក់​មហាសេរី​វឌ្ឍន៍ ​(មេដាយ​មហា​កិត្តិយស ​លំដាប់ទី២​)​ ព្រមទាំង​ផ្តល់នូវ​រង្វាន់លើក​ទឹកចិត្ត​ចំនួន ​១០០លានរៀល ​ដែល​ពិធីប្រគល់​នេះ ​នឹងធ្វើឡើង​ នៅក្នុង​ឱកាស​មហាសន្និបាត​របស់​ក្រសួង​អប់រំ​យុវជន​ និងកីឡា ​ដែលនឹង​ប្រព្រឹត្តិ​ទៅ​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ។

អ្នកគ្រូ ​នាង​ ផល្លា​ ជាបេក្ខជន​ម្នាក់ ​ក្នុង​ចំណោម​បេក្ខជន​ ១០ រូប ​ដែល​ប្រជែងយក​ជ័យលាភី ​គ្រូបង្រៀន​ឆ្នើមពិភពលោក​ Global Teacher Prize 2015​។ ​ទោះបី​ជា​អ្នកគ្រូ នាង ​ផល្លា ​មិនបាន​ទទួល​ជ័យលាភី​ គ្រូបង្រៀន​ឆ្នើមពិភព​លោក​ ដែលត្រូវ​បានប្រកាស​លទ្ធផល​ ជ័យលាភី ​ប្រាក់រង្វាន់ ​១ លានដុល្លារ​កាលពី​ព្រលប់​ថ្ងៃអាទិត្យ ​ទី១៥​មីនា ​ក៏ដោយ​ក្រសួងអប់រំ​ អំពាវនាវ​ដល់​មហាជន​ឲ្យបន្តបោះឆ្នោត​គាំទ្រ​តាមអ៊ិន​ថឺណេត​ ជូនដល់​អ្នកគ្រូ​ នាង ផល្លា ​ដើម្បី​ឈ្នះពានរង្វាន់​គ្រូបង្រៀន ​ដែល​មានប្រជាប្រិយ​ភាព​បំផុត​។ ​ការបោះឆ្នោត​គាំទ្រ​នោះ ​ធ្វើឡើង​រហូតដល់​ថ្ងៃអង្គារ ​ទី១៧​មីនា​នេះ ​ដែលជាថ្ងៃ​ប្រកាសលទ្ធ​ផល​។
ទោះជា​បែបនេះក្តី​ ក្រសួងអប់រំ​ បាន​ប្រកាសថា ​មូលនិធិ ​Varkey Foundation ​ដែលជាអ្នក​រៀបចំ​កម្មវិធីគ្រូ​ឆ្នើម​ពិភពលោក ​Global Teacher Prize ​នឹង​ផ្ដល់ប្រាក់រង្វាន់​ម្នាក់ៗ ២៥.០០០ ដុល្លារ​​សហរដ្ឋ​អាមេរិក​ ជូនបេក្ខភាព​ជាប់ទាំង​ ៩ នាក់​ ចុងក្រោយ ​ដែលក្នុង​នោះ ​មានអ្នកគ្រូ ​នាង ​ផល្លា ​ម្នាក់ដែរ។
គួរបញ្ជាក់ថា ​ពានរង្វាន់​ជ័យលាភី​គ្រូបង្រៀន​ឆ្នើម​ពិភពលោក​ ដែល​ប្រកាសលទ្ធផល​កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ ​បានទៅ​លើអ្នកគ្រូ ​Nancie Atwell ជាស្ថាបនិក​បណ្ឌល​សិក្សា​និងជា​គ្រូបង្រៀន​រយៈពេល​៤២ឆ្នាំ។​ អ្នកគ្រូ​ ប្រកាសថា​ អ្នកគ្រូ ​នឹងផ្ទេរ​រង្វាន់​១លាន​ដុល្លារនេះ​ទៅជួយ​មណ្ឌល​សិក្សា​របស់​ អ្នកគ្រូ។     
ទោះបីជា ​អ្នកគ្រូ ​នាង​ ផល្លា ​មិនឈ្នះ​ជ័យលាភីក្តី ​ប៉ុន្តែ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋា​ភិបាល​ ក៏ដូចជា​ប្រជាជន​កម្ពុជា​ ពិត​ជា​បានមើល​ឃើញថា ​អ្នកគ្រូ នាង​ ផល្លា ​មិនត្រឹម​តែជាស្រ្តីកម្ពុជា ​ដែលបាន​បំពេញការងារ​មនុស្សធម៌​បម្រើ​ប្រយោជន៍​សម្រាប់​សង្គមជាតិ ​ថែម​ទាំង​ជាស្ត្រីខ្មែរ​ដែលមាន​ការតស៊ូអត់ធ្មត់​ជា​មួយ​ការ​តាំងចិត្តខ្ពស់ ​និង​ ប្តេជ្ញាចិត្ត​ដ៏មុះមុត​ក្នុង​ការផ្តល់ចំណេះ​ដឹងដល់​កុមារ​ពិការ​ និងគ​ ថ្លង់​។ ​តាមរយៈ​កម្មវិធី ​Global Teacher Prize ​ជាពិសេស​នៅលើវេទិកា​ នាទីក្រុងឌូប៉ៃ ​ដែលនឹង​មាន​អ្នកចូលរួម​រាប់រយ​នាក់នោះ ​អ្នកគ្រូ​ ផល្លា បាននាំ​កម្ពុជា​ឲ្យ​មនុស្សជាតិ​លើឆាក​អន្តរជាតិ ​បានដឹង​ បានស្គាល់ ​ហើយដឹង​កាន់តែច្បាប់ ​ថា ​កម្ពុជា​ បាន​និង​កំពុងយក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​ពិការភាព​ ដែលជាឧបសគ្គមួយ​ក្នុងការ​អភិវឌ្ឍ​សង្គម​ជាតិ។  
អ្នកគ្រូ ​នាង ផល្លា ​ត្រូវបាន​ Global Teacher Prize ​ដកស្រង់​សម្តីថា ​«ចាប់ផ្តើម​ការបង្រៀន​កម្មវិធីគ​ ថ្លង់ ​ជាពេល​វេលា ​ដ៏លំបាក​បំផុត​ ព្រោះមិន​ទាន់​ការអប់រំ​ ដល់ពួកគេ​ នៅឡើយទេ ​ដែលទាមទារ​ឲ្យពួកគេរៀន​ចំណាំ​ក្នុងការចង​ចាំ ​សញ្ញា ​នៃភាសា ​គ ថ្លង់​ នេះ ​ខណៈ​ដែលយើង​ទើបតែ​នឹង​ចាប់ផ្តើម​។ យ៉ាងណា​ក៏ដោយ ​ខ្ញុំអាច​និយាយ​បាន​ថា​ ខ្ញុំនៅតែ​បន្ត​ការងារ​នេះ​»
អ្នកគ្រូ​ មានគោលដៅ​ក្នុងការបង្រៀន​វិធីនេះ ​តាមរយៈ​ការយល់​ដឹង​ ការចងចាំ​ និង​ជំនឿទុក​ចិត្ត​របស់​អ្នកគ្រូ​។ ​បន្ថែមនេះ​ អ្នកគ្រូបាន​ផ្តល់​ការបង្រៀន​ជាអាទិភាព​ នូវ​ ភាសាអង់គ្លេស ​និង​ជំនាញកុំព្យូទ័រ​ ដល់​ពួកគេ​ថែមទៀត ​ផង​។ សិស្ស ​នៅអង្គការ​គ្រួសារថ្មី​ បាន​ចាប់​ផ្តើមរៀន​ភាសា​អង់គ្លេស ​ដោយក្មេង​ គ ថ្លង់​នោះបាន​បន្ថែមតន្រ្តី ​និង​ ភាសា​បរទេស។
ដោយ​សារ​ប្រព័ន្ធអប់រំ ​កម្មវិធីបង្រៀន​សិស្ស​ គ ថ្លង់ ​ត្រូវបាន​អនុវត្ត​ជាមួយ​ក្រសួងអប់រំ ​ជាលក្ខណៈជាតិ ​កម្មវិធី ​បង្រៀន​ ត្រូវបាន​ពង្រីក​ដោយមានគ្រូ​ រហូត​ទៅដល់ ​៦៩នាក់ និង​មានសិស្ស​ចំនួន ២៥០នាក់​ នៅអង្គការ​គ្រួសារ​ ថ្មី ចំនួន ៤ ​សាខា ​និង ​សាលា​នានា ​ជាសាធារណៈ​ចំនួន ​២៩ទូ​ទាំង​ប្រទេស។
អត្ថបទ៖ ច័ន្ទ ទេវី



រដ្ឋសភា​ នឹង​បើ​ក​ប្រជុំ​វិសាមញ្ញ នីតកាល​ទី៥ ពិភាក្សា អនុម័ត សេចក្តី​ស្នើ​ច្បាប់ចំ​នួន​ពីរ ស្តី​ពី ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តទៅ​ នៃ​គជប និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសតាំង​តំ​ណាង​រាស្ត្រ​

អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ បាន​ជូន​ដំ​ណឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ រដ្ឋសភា​ នឹង​បើ​ក​ប្រជុំ​វិសាមញ្ញ នីតកាល​ទី៥ ពិភាក្សា អនុម័ត សេចក្តី​ស្នើ​ច្បាប់ចំ​នួន​ពីរ ទី​១‑ គឺ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តទៅ​ នៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គជប) និង​ទី​២ ‑ ការ​ពិភាក្សា​ អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតជ្រើសតាំង​តំ​ណាង​រាស្ត្រ​ ។


ការ​ប្រជុំ​អនុម័ត​ច្បាប់​សំ​ខាន់​ពីរនេះ នឹង​ធ្វើ​ឡើង​ក្រោយ​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់ សម្តេច​អគ្គ​មហាពញាចក្រី ហេង សំ​រិន ប្រធាន​រដ្ឋសភាជាតិ​៕

ឯកឧត្តម​ ឈាង វុន​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ បំ​ភ្លឺ​ទៅ​នឹង​ការ​ចោទ​ប្រកាន់របស់​អ្នក​តំ​ណាង​​​រាស្ត្រ​បក្សប្រឆាំង​

ឯកឧត្តម​ ឈាង​ វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ និង​ជា​ប្រធាន​គណៈកម្មការ​ការបរទេស សហបប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ និង​ព័ត៌មាន​ នៃ​រដ្ឋ​សភា​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ជា​វេទិកាប្រចាំ​ខែ​ក្នុង​ទំ​នាក់​ទំ​នង​រវាង​រដ្ឋ​សភា​​ និង​អ្នក​សារព័ត៌មាន​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ ចេញ​ផ្សាយ​ដោយ​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​ ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា​ឆ្នាំ​២០១៥​។
តាម​គម្រោង​ វេទិកាប្រចាំ​ខែ​លើក​នេះ ឯកឧត្តម  ឈាង វុន នឹង​បង្ហាញ​ជូន​ដល់​អ្នក​សារព័ត៌​មាន​​ស្តី​ពី​ ប្រធាន​បទ​សំ​ខាន់​ៗចំ​នួន​៣ ក្នុង​នោះ​មាន​ ការងាររបស់​រដ្ឋ​សភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋ​សភា លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៥ ការ​បកស្រាយ​បំ​ភ្លឺ​អំ​ពី​ករណី ឯកឧត្តម​ អ៊ុំ សំ​អាន សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​  ដែល​បាន​ចោទ​ប្រកាន់​សម្តេច​ ហេង​ សំ​រិន ប្រធាន​រដ្ឋ​សភា មិនបញ្ជូន​លិខិត​ទៅ​សម្តេច​នាយករដ្ឋ​មន្ត្រី ពាក់​ព័ន្ធ​នឹង​អាជ្ញា​ធរ​អប្សរា​ និង​ការ​បកស្រាយ​បំ​ភ្លឺ​បន្ថែម​ជុំ​វិញ​ការ​លើក​ឡើង​របស់​ ឯកឧត្តម​ សុន ឆ័យ​ សមាជិក​សភា​គណបក្ស​ប្រឆាំង​ អំ​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ចំ​ណាយ​នៅ​ក្នុង​រដ្ឋ​សភា​។

សន្និសីទ​សារព័ត៌មាន​នេះ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៩​ព្រឹក​ ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​សភា​ បន្ទប់​ទំ​នាក់​ទំ​នង​អន្តរជាតិ​៕

ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​សម្តេច​តេជោ​នាំពី​ជប៉ុន​នូវការ​កោត​​សរសើ និង​គាំទ្រ​​ចំពោះ​​ប្រទេស​​ជាតិ

មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម កៅ គឹមហួន បាន​ថ្លែង​ឲ្យដឹង​នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ ថា ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទទួល​បាន​ការ​គាំទ្រ​កោត​សរសើ​នៅ​ក្នុង​ការ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល ៣ថ្ងៃ​កន្លង​មក​នេះ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​មាតុភូមិ​និវត្ត​ពី​ការអញ្ជើញ​ចូលរួម ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​៣ ស្តីពី​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៅ​ទីក្រុង​សេនដាយ​ប្រទេស​ជប៉ុន អស់​រយៈ​ពេល ៣ថ្ងៃ (​១៣​ខែ​មីនា-១៦​មិនា ឆ្នាំ​២០១៥) ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ជា​ការកត់​សម្គាល់​ក្នុងរយៈ​ពេល​ស្នាក់​អាស្រ័យ​នៅទីក្រុង​សេនដាយ​ក្រៅ​ពីចូលរួម​សន្និសីទ​ពិភពលោក សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ទ្វេភាគី ជាមួយ​ឥស្សរជន​មួយ​ចំនួន ដែល​រួមមាន ឯកឧត្តម បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​លោក​ជំទាវ អាន្និក ហ្ស៊ីរ៉ាដាំង (​Annick Girardin) រដ្ឋលេខាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍ និងហ្រ្វង់​កូហ្វូន នៃ​សាធារណ​រដ្ឋ​បារាំង និង​ជាពិសេស​ជួប​ប្រាស្រ័យ​ការងារ​ជាមួយ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ។

ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា ឯកឧត្ត គីមូន (Ban Ki Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​វាយ​តម្លៃខ្ពស់ និង​កោត​សរសើរ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​នយោបាយ ជាពិសេស ជាមួយ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ពិសេស​ការ​សម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គការសហ​ប្រជាជាតិ​នៅ​កម្ពុជា លើ​ចំណុច អាទិភាព​ទាំង​៩ របស់​ខ្លួន។

ទាក់ទង​បញ្ហា​សាលាក្តី​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ចូលរួម​វិភាគ​ទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ផ្តល់​នូវថវិកា​សម្រាប់ ការ​បើក​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​ជាតិ​របស់​កម្ពុជា ហើយ​ខាង​ផ្នែក​អន្តរជាតិ ជា​បន្ទុក​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុងការ​ស្វែង​រកថវិកា​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​សាលា​ក្ដី​នេះ មាន​និរន្តរភាព​ទៅ​មុខ​។

ដោយ​ឡែក​លោកជំទាវ អាន្និក ហ្ស៊ីរ៉ាដាំង (Annick Girardin) រដ្ឋលេខាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍ និង​ហ្រ្វង់​កូហ្វូន នៃ​សាធារណរដ្ឋ​បារាំង ក្រៅ​ពី​ផ្ដោត​ពិភាក្សា​អំពី​បញ្ហា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក​ជំទាវ Annick ជម្រាប​សម្ដេចតេជោ​ថា នៅ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី២០ ខែឧសភា​ខាង​មុខ លោក​ជំទាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោកជំទាវ នឹង​ធ្វើ​ការ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ទៅ​លើ​ការងារ​គ្រោះ​មហន្តរាយ និង​ការ​រឹត​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ស្វាគមន៍ និង​ចង់​ឃើញ​នូវ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ កម្ពុជា និង​បារាំង​បាន​ឈាន​ដល់​ចំណុច​កំពូល​ថ្មី​មួយ​ទៀត ពិសេស​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង​អប់រំ​។ ដោយ​សារ​នៅ​កម្ពុជា​មាន​ទីភ្នាក់​អភិវឌ្ឍន៍​បារាំង AFD នោះ សម្តេច​តេជោ​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ទាក​ទង​និង​វត្តមាន​កម្ពុជា នៅ​ក្នុង​កង​កម្លាំង​រក្សាសន្តិភាព​ដែល​តាម ប្រទេស​នានា​លើ​ពិភព​លោក ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូន ឯកឧត្តម កៅ គឹមហួន បាន​បញ្ជាក់​ថា សម្តេចតេជោ​បាន​សំណូមពរ​ឲ្យ​កងទ័ព​បារាំង ដែល​មាន​វត្តមាន​ជាមួយ កង​ទ័ព​កម្ពុជា បន្ត​សហការ និង​ផ្តល់​ព័ត៌មាន​ដល់​កងទ័ព​កម្ពុជា និង​ប្រជាជន​នៅ​ទីនោះ​ឱ្យ​មាន​សុវត្តិភាព​ទាំង​អស់​គ្នា។

នៅ​ក្នុងជំនួប​នាថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៥ ជាមួយ​ឯកឧត្តម ស៊ីនហ្សូ អាបេ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ឯកឧត្តម កៅ គឹមហួន បាន​ឲ្យដឹងថា ស្រប​ពេល​ដែល​ឆ្នាំ​២០១៥​នេះ គឺ​ជា​ខួប​គម្រប់ ៦០ឆ្នាំ នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​ផង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ត​ជំរុញ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេចតេជោ​បានជម្រាប​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា នៅ​ថ្ងៃ​ទី៦ ខែ​មេសា ខាង​មុខនេះ ដោយ​បាន​ឯកភាព​ពី​ភាគី​ជប៉ុន កម្ពុជា​នឹង​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ថា ស្ពាន « ស៊ូ បាសា» ដែល​ជា​ចំណង​ដៃ​ដ៏​ពិសិដ្ឋ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើប្រាស់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយនោះ គឺ​ជា​សក្ខីភាព​ជាក់​ស្តែង​នៃ​ចំណង​មិត្តភាព កិច្ចសហ​ប្រតិបត្តិការ និង​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ។

ឯកឧត្តម ស៊ីនហ្សូ អាបេ បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ ស្ពាន​នៅ​អ្នក​លឿង និង​ថ្លែង​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែល​បាន​ដាក់​រូបស្ពាន​គីហ្សូណា និង​ស្ពាន​អ្នក​លឿង ហៅ​ស្ពាន ស៊ូបាសា ទៅ​ក្នុង​ក្រដាស​ប្រាក់ ៥០០​រៀល​ថ្មី​របស់​កម្ពុជា។ ឯកឧត្តម​នាយករដ្ឋមន្ត្រីជប៉ុន​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​រួម​ចំណែក​ដល់​ការពង្រឹង​ការ​តភ្ជាប់ ពិសេស​ការ​តភ្ជាប់​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន។ ឯកឧត្តម អាបេ បញ្ជាក់​ថា ដោយសារ​តែ​គម្រោង​នៃ​ការ​តភ្ជាប់​នោះ​ទាមទារ​ឱ្យ​មាន​គុណភាព​ខ្ពស់ ជប៉ុន​នឹង​ផ្តល់​នូវ​កម្ចី​សម្បទាន​ដល់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ១ម៉ឺន​៩ពាន់​២០០​លានយ៉េន សម្រាប់​ការកសាង​កំណាត់ផ្លូវ​ជាតិ​លេខ​៥។

ក្នុង​នោះ​ដែរ លោក អាបេ ក៏​ចង់​ឃើញ​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង នៃ​វិស័យ​អាកាស​ចរណ៍​របស់​ប្រទេស​ទាំង​ពីរ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែមករា​កន្លង​ទៅ បាន​ចេញ​ជា​រូបរាង​នៅ​ពេល​ខាងមុខ​ដែរ។ ឯកឧត្តម​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ស្វាគមន៍ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​លើក​លែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លង​ដែន​ផ្លូវការ និង​ការ​ទូត​ដល់​ប្រទេស​ជប៉ុន ហើយ​ជាមួយនេះ​លោក​ក៏ចង់​ឃើញ​ផងដែរ នូវ​ការ​ផ្លាស់​ប្តូរ​នូវ​ទំនាក់​ទំនង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។ ដើម្បី​ជំរុញ​ទំនាក់​ទំនង​វិស័យ​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យា​ថា នឹង​ខិតខំប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់ ដែល​ទាក់​ទិន​នឹង​ការ​ហោះហើរ នៃ​វិស័យ​អាកាសចរណ៍​ស៊ីវិល​រវាង​ប្រទេស​ទាំង​ពីរ បាន​ឆ្លង​រដ្ឋសភា​ជប៉ុន។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយដោយ​បាន​ឃើញ​ក្រុមហ៊ុន​ជប៉ុន ​មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ការ​បណ្តាក់​ទុន​របស់​ក្រុម​ហ៊ុន​ជប៉ុន​នឹង​បន្ត​មាន​តទៅ​ទៀត​សង្ឃឹម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​នូវ​បរិយាកាស​ល្អ​សម្រាប់​អ្នក វិនិ​យោគ​ជប៉ុន។

ទាក់​ទិន​នឹង​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​កម្ពុជា ឯកឧត្តម​នាយករដ្ឋមន្រ្តី​ជប៉ុន មាន​ជំនឿ​មុតមាំ​ថា គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា ដើម្បីឈាន​ទៅ​សម្រេច​ទាំង​ស្រុង​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ជប៉ុន​នឹង​ជួយ​ដល់​កម្ពុជា​តាមរយៈ​ការ បញ្ជូន​អ្នក​ឯកទេស​របស់​ខ្លួន​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ទាក់ទង​ដល់​បញ្ហានេះ​ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យដឹងថា សម្តេច​តេជោ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឈាន​ទៅ​សម្រេច​ច្បាប់​បោះឆ្នោត​ថ្មីទាំងស្រុង​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ ពោលគឺ​នៅ​ថ្ងៃ​ទី១៩​មីនា​ខាង​មុខ នឹង​មាន​ការជជែក​ដេញដោល​គ្នា​ក្នុង​សភា។ សម្តេច​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វីៗ​កំពុង​ដំណើរ​ការ​ទៅ​មុខ ហើយ​នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី ដំណើរការ​ហើយ​នោះ ជប៉ុន​អាច​បញ្ជូន​អ្នក​ឯកទេស​ខាង​ការបោះ​ឆ្នោត​មក​កម្ពុជា បញ្ហា​សំខាន់ គឺ​ការ​ជួយ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ដល់​កម្ពុជា ដោយសារ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម ប្រឹក្សាឃុំ-សង្កាត់ និង​នៅ​ឆ្នាំ​២០១៨ បោះ​ឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្រ្ត។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុងសន្និសីទ​ពិភពលោក​លើកទី៣ ស្តីពី​ការ​កាត់​បន្ថយ ហានិភ័យ​នៃ​គ្រោះមហន្ត​រាយ​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ប្រទេស​ជប៉ុន​នឹង​រៀបចំ​កញ្ចប់​ជំនួយ​ចំនួន ៤.០០០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​វិស័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​បាន​ប្រកាស​ជួយ បណ្តុះ​បណ្តាល​ចំនួន ៤ម៉ឺន​នាក់​ផង​ដែរ សម្រាប់​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​នូវ​គ្រោះមហន្តរាយ នៅ​ក្នុង​យុទ្ធសាស្ត្រ​នៃ​គំនិត​ផ្តួច​ផ្តើម​កិច្ច​សហប្រតិបត្តិការ​សេនដាយ ដែល​ឈរ​លើ​មូលដ្ឋាន​ជា​ច្រើន ហើយ​ជា​សំខាន់​នោះ គឺ​ការ​កសាង​ឱ្យ​ប្រសើរ​ឡើង​ជាង​មុន។

បន្ទាប់​ពីបាន​អញ្ជើញ​ទៅចូលរួម​ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​៣ ស្តីពី​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៅ​ទីក្រុង​សេនដាយ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​គណៈប្រតិភូអម​ដំណើរ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព កាល​ពី​រសៀល​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៥៕

សន្និសីទ​ពិភព​លោក​លើក​ទី៣ របស់​អង្គការ​សហ​ប្រជា​ជាតិ ស្តីពីការ​កាត់​បន្ថយ​ហានិភ័យ នៃគ្រោះ មហន្តរាយ

សន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះ​មហន្ត​រាយ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៤មីនា និងបន្តរបៀបវារៈរបស់ខ្លួនរហូតដល់ថ្ងៃទី១៨ មីនា។
សន្និសីទដ៏មានសារៈសំខាន់នេះ បានប្រារព្វធ្វើឡើងនៅទីក្រុងសេនដាយ (Sendai) ដែលជាទីក្រុង គំរូ របស់ខេត្តមិយ៉ាហ្គិ(Miyagi) ប្រទេសជប៉ុន។
សន្និសីទពិភពលោកលើកទី៣នេះ ត្រូវបានការយាងចូលរួមពីព្រះចៅអធិរាជ ព្រះចៅអធិរាជនីជប៉ុន ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ រួមទាំង​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី តំ​ណាងរាស្រ្ត បណ្ឌិត​សភា អង្គការ​មិន​មែនរដ្ឋាភិបាល សង្គម​ស៊ីវិល  និងបានទាក់ទាញ​អ្នក​ចូលរួមប្រមាណ៨ពាន់នាក់  អញ្ជើញចូលរួម​ក្នុងព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​សាធារណៈ ដែលភ្ជាប់ទៅនិងសន្និសីទពិភពលោកនេះ។ ប្រ​ទេស​ជប៉ុននិងអង្គការសហប្រជាជាតិ បាន​រៀប​ចំ​សន្និសីទពិភពលោកចំនួនពីរលើករួចមកហើយ នៅក្នុង​ប្រ​ទេសជប៉ុន ក្នុងនោះលើកទី១ សន្និសីទ​ពិភព​​លោក​ស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ នៅទីក្រុងយូកូហា​ម៉ា (Yukohama) ក្នុងឆ្នាំ១៩៩៤ និង​លើក​​ទី២នៅខេត្តយ៉ូហ្គូ(Hyogo)ក្នុងឆ្នាំ២០០៥ និងពេលនេះ គឺជា​លើក​ទី៣ ដែលជប៉ុនបានធ្វើ​ជាម្ចាស់​ផ្ទះ ក្នុង​ការរៀបចំនូវសន្និសីទពិភពលោកដ៏មានសារៈសំខាន់នេះ។
ថ្លែងនៅក្នុងពីធីបើកសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្ត រាយ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា មានប្រសាសន៍ថា ពេលនេះ​ គឺដល់ពេលដែលយើងទាំងអស់គ្នា ធ្វើការផ្លាស់ប្តូរបទពិសោធន៍និងយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ចាត់ទុកថា ការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដែលយើង​ទាំងគ្នាត្រូវតែរួមគ្នា រិករកវិធានការសមស្របណាមួយក្នុងការទប់ស្កាត់ និងការបន្ថយនូវហានិភ័យ ដែល បាននិងកំពុងកើតមានឡើងនៅលើពិភពលោកយើងនេះ។ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើឲ្យមានការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ពិសេស​ការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលបន្សាំទៅនិងបម្រែបម្រួលអាកាសធាតុ និងការ​ខិតខំ តស៊ួទប់ទល់និងគ្រោះមហន្តរាយ។ ឯកឧត្តមអគ្គលេខាធិការក៏បានគូសបញ្ជាក់ដែរថា នេះគឺជា​ការ​ប្រកាស អាសន្នមួយដល់បណ្តាប្រទេសទាំងអស់លើពិភពលោក ពិសេសបណ្តាប្រទេស​នៅតាម​បណ្តា​កោះ​ឲ្យបន្តការយកចិត្តទុកដាក់រួមគ្នាក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលនឹងកើត​មាន​ឡើងនៅចំ​ពោះមុខ។ 
ក្នុងពីធីបើកសន្និសីទនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានប្រកាស់នូវការបង្កើត​គំនិត ផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេនដាយ ដោយផ្តោតលើការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ​ចំនួន​៣ គឺការផ្តល់ជំនួយមិនមែនជាវត្តុ ជំនួយជាវត្តុ និងការលើកស្ទួយកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរ​ជាតិ។ នៅក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានប្រសាសន៍អំ​ពី​ជំនួយ​​គិត​ជា​ទឹក ប្រាក់ចំនួន៤ពាន់លានដុល្លា ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ រួមទាំង​ការ​​ជួយ​បណ្តុះបណ្តាលដល់មន្រ្តី បុគ្គលិកចំនួន៤ម៉ឺននាក់ផ្សេងទៀត ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុង​សុន្ទរក​ថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានគូសបញ្ជាក់ពីការកសាងឡើងវិញបី គឺការ​កសាង​ឡើង​វិញ ការកសាងឲ្យមានផ្អប្រសើរជាងមុន និងការកសាងនូវជំនឿទុកចិត្ត។ ជាមួយគ្នានេះ​ឯកឧត្តម​នាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ក្នុងចំណោមបណ្តាប្រទេស ដែល​បាន​អញ្ជើញចូលរួមទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ ដល់បណ្តា​មេដឹកនាំពិភពលោកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាននេះ។   
កម្មវត្ថុចំនួន៥ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ក្នុងនោះទី១ ‑ បញ្ចប់​ការ​វាយតម្លៃ និងពិនិត្យឡើងវិញ នូវការអនុវត្តផែនការសកម្មភាពខេត្ត Hyogo ដើម្បីកាត់បន្ថយហានិ ភ័យ នៃ​គ្រោះមហន្តរាយឆ្នាំ២០០៥-២០១៥ (Hyogo Framework for Action-HFA) ។ ទី២‑ ពិនិត្យ ពិ​ចា​រណាទៅលើបទពិសោធន៍ទាំងឡាយដែលទទួលបាន តាមរយៈការអនុវត្តយុទ្ធសាស្រ្ត និងផែនការ​ដែល​មានគោលដៅកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដែលបានអនុវត្តដោយស្ថាប័ននៅថ្នាក់ជាតិ និង​នៅ​ថ្នាក់តំបន់ និងពិនិត្យពិចារណារាល់អនុសាសន៍ដែលលើកឡើងដោយស្ថាប័នទាំងអស់នេះ ហើយ​ក៏​មានការពិនិត្យពិចាណាទៅលើកិច្ចព្រមព្រៀងនៅថ្នាក់តំបន់ ដែលជាកិច្ចព្រមព្រៀងសមស្របនៅក្នុងក្រប ខណ្ឌនៃផែនការសកម្មភាពHFA។ ទី៣‑ អនុម័តផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហានិភ័យ នៃ​គ្រោះ​មហន្តរាយនៅក្រោយឆ្នាំ២០១៥។ ៤កំណត់រកឲ្យឃើញនូវបែបបទ នៃការធ្វើកិច្ចសហប្រតិបត្តិការ​ដោយ ផ្អែកលើការប្តេជ្ញាចិត្ត ថានឹងអនុវត្តផែនការសកម្មភាពក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយ​ហានិភ័យ នៃ គ្រោះមហន្តរាយ និង៥កំណត់យកបែបបទនានាសម្រាប់ការត្រួតពិនិត្យឡើងវិញ ដោយ​ទៀង​​​ទាត់ចំពោះ ការអនុវត្តនូវផែនការសកម្មភាពនៅក្រោយឆ្នាំ២០១៥ ដើម្បីកាត់បន្ថយហានិភ័យ នៃ​គ្រោះមហន្តរាយ។
គណៈ​ប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោកលើកទី៣នេះ នឹងធ្វើការពិភាក្សា​ លម្អិតអំពីក្របខណ្ឌការងារថ្មី របស់អង្គការសហប្រជាជាតិសម្រាប់យកទៅជំនួសឲ្យ HFA ដែល បាន​អនុម័ត​កាលពី១០ឆ្នាំមុន។ សេចក្តីព្រាងបឋមនៃក្របខណ្ឌការងារថ្មីនៅក្រោយឆ្នាំ២០១៥ ស្តីពីការកាត់ បន្ថយ​​ហានិ​ភ័យ នៃគ្រោះមហន្តរាយ ដែលព្រាងឡើងដោយសហប្រធាន នៃគណៈកម្មាធិការ​រៀបចំ​អង្គសន្និសីទ​ពិភពលោកលើកទី៣នេះ នឹងក្លាយជាឯកសារគន្លឹៈនៃការពិភាក្សានៅ​ក្នុងសន្និសីទរយៈ​ពេល​៤​​ថ្ងៃនេះ​។ សេចក្តីព្រាងបឋមនោះ នឹងកំណត់នូវការងារអាទិភាពចំនួន៤ គឺ១ការយល់ដឹង​អំពី​ហានិភ័យ​នៃគ្រោះមហន្តរាយ ទី២‑ ការពង្រឹងអភិបាលកិច្ច និងស្ថាប័ននានា ដើម្បីគ្រប់គ្រងហានិភ័យ​នៃ​គ្រោះ​មហន្ត​រាយ ទី៣‑ ការដាក់ទុនវិនិយោគលើភាពអាចធន់បាន នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និង​​៤ការ​លើក កម្ពស់ការត្រៀមខ្លួនដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងការត្រឡប់ទៅស្ថាបនា​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ នៅក្នុងការស្តារនិងការកសាងឡើងវិញ។ 
គ្រោះមហន្តរាយមានពីរប្រភេទ គឺគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងគ្រោះមហន្ត​រាយ​ដែលបង្កឡើងដោយមនុស្ស។ គ្រោះមហន្តរាយទាំងពីរប្រទេសនេះ អាចបង្កហានិភ័យដ៏ធំធេងដូចគ្នា ប្រសិន​បើគ្មានវិធានការត្រឹមត្រូវសម្រាប់ទប់ស្កាត់នោះទេ។ ហេតុដូច្នេះទើបបានជាពិភពលោកខិតខំប្រឹង​ប្រែងដាក់ចេញជាវិធានការ HFA សម្រាប់ឆ្នាំ២០០៥-២០១៥ ហើយនឹងកំពុងត្រៀមអនុម័តវិធានការថ្មី ឬ ហៅ​ក្រមខណ្ឌការងារដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២ (HFA2) សម្រាប់​ទប់ ស្កាត់គ្រោះមហន្តរាយនៅក្នុងអំឡុងពី១០ទៅ១៥ឆ្នាំខងមុខ។
គ្រោះមហន្តរាយដែលបង្ក​ឡើង​ដោយធម្ម​ជាតិ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ គ្រោះធម្មជាតិ​មានដូចជាខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ព្យុះ​ព្រិល សុទ្ធតែមានការកើនឡើងយ៉ាងខ្លាំងក្លា រហូតធ្វើឲ្យពិភព​លោក​មានការព្រួយបារម្ភ។ នៅ​ក្នុងចន្លោះពីឆ្នាំ ២០០២ដល់ឆ្នាំ២០១១ គ្រោះមហន្តរាយចំនួន៤១៣០ ត្រូវបានកត់ត្រាដែលបង្ក​ឡើង​ដោយ​ធម្មជាតិនៅ ជុំវិញពិភពលោក ឲ្យបានបណ្តាឲ្យមនុស្សជាង១លាន១​សែន១ម៉ឺននាក់​ស្លាប់បាត់​បង់ជីវិត និងខាតបង់​ទ្រព្យសម្បត្តិជាង១ពាន់១៩៥ពាន់លានដុល្លាអាមេរិក។ សូមបញ្ជាក់ដែរថា សន្និសីទ​ពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយនេះ និងបន្តកិច្ចពិភាក្សា​ការងាររបស់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃបន្តទៀត ដោយគ្រោងនឹង​បញ្ចប់នៅថ្ងៃ​ទី១៨​មីនា។ ជាមួយគ្នានេះប្រធានសន្និសីទនិងចេញសេចក្តីប្រ កាសរួមស្តីពីលទ្ធផល នៃសន្និសីទ​ពិភព​លោក​លើក​ទី៣នេះផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងសន្និសីទ ពិភពលោកលើកទី៣នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​ថ្លែង​សុន្ទរកថា​គន្លឹៈដោយរូបសម្តេចយល់ឃើញ ថា យើងទាំងអស់គ្នាត្រូវផ្តោតអាទិភាពទៅ​លើការអនុវត្ត​កិច្ចការ​​សំខាន់ៗ មួយចំនួនរួមមាន ទី១ការពង្រឹងស្ថាប័ន និងការបង្កើនក្របខណ្ឌច្បាប់ បទបញ្ញាត្តិ និង​យន្តកា​រ​គ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិតទាំងអស់ ដោយផ្អែកលើស្ថានភាពជាក់ស្តែង​របស់​ប្រទេ​ស​នីមួយៗ ក៏ដូចជាការផ្តល់នូវការគាំទ្របន្ថែមទៀតដល់ ការខិតខំធ្វើសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និង​ពិភពលោក ទី២ការបង្កើននិងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥតព្រំដែន ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ ពិសេសការបន្តជំរុញធ្វើការផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែស៊ីជំរៅ ព្រមទាំង​បង្កើត​កម្មវិធីចែករំលែកចំណេះដឹងទាក់ទិននឹងការទប់ស្កាត់ និងកាត់​បន្ថយហានិភ័យពីគ្រោះមហន្តរាយ​ទាំង​ក្នុង​កម្រិតសហគមន៍ កម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ទី៣ ការលើកកម្ពស់ភាពជាដៃគូ ព្រមទាំងការបង្ក​និង​ធានានូវបរិយាកាសដែលបើកទូលាយ និងមានលក្ខណៈអនុគ្រោះ ដើម្បីជំរុញការចូលរួមពី​សំណាក់​ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់កម្រិត រួមទាំងក្រុមជនងាយរង គ្រោះផង ក្នុងការគ្រប់​គ្រងគ្រោះមហន្តរាយ ពិសេសតាមរយៈការគាំទ្រនូវភាពជាអ្នកដឹកនាំ និងការពង្រឹង សមត្ថភាពអនុវត្តនៅតាមសហគមន៍ ទី៤​ការ​បញ្ចូលនូវការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍នៅ​គ្រប់គ្រប់កម្រិតទាំងអស់ ដោយផ្អែកលើអភិក្រមនៃការរៀបចំ និងអនុវត្តផែនការ​សកម្មភាពតា​មតំបន់​នីមួយៗ ដែលយកសហគមន៍ជាស្នូលនៃការធ្វើផែនការ និងដោយ​សហការជាមួយនិងគ្រប់ភាគីពាក់ព័ន្ធ ទី៥​ការពង្រឹងផែនការត្រៀមបំរុងឆ្លើយតបនិងគ្រោះមហន្តរាយ ដែលមានយន្តការត្រឹមត្រូវដើម្បីធានា​ប្រសិទ្ធ​ភាពនៃការអនុវត្តផែនការ ព្រមទាំងការបន្តពង្រឹងយន្តការជួយគាំពារ ដល់ប្រជាជនងាយរង​គ្រោះទាំងក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ តាមរយៈការពង្រឹងស្ថាប័ន និងយន្តការពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីមួយៗ និងការពង្រឹងកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយនិងគ្រប់ដៃគូពាក់ព័ន្ធ ទី៦ការវិភាជន៍ថវិកាឲ្យបានគ្រប់គ្រាន់ទៅដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីបញ្រ្ជាបផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យ ពីគ្រោះ​មហន្តរាយ ក៏ដូចជា​សម្រាប់រៀបចំ និងអនុវត្តសំណាញ់សុវត្ថិភាពសង្គម និងកម្មវិធីគាំពារសង្គម សំដៅកាត់បន្ថយហានិភ័យ បង្កើនភាពធ្ងន់ និងរក្សាសន្តិសុខស្បៀង ។ ការពង្រឹង និងពង្រីកប្រព័ន្ធធានារ៉ាប់រង រួមទាំងការបន្ត​ខិតខំ​បង្កើនផលិតផលធានារ៉ាប់រង​ថ្មីៗបន្ថែម​ទៀតផងដែរ ដើម្បីឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ ជា​ពិសេស​ការធានារ៉ាប់រងអាយុជីវិត និងការ​ធានា​រ៉ាប់រងខ្នាតតូច ។
នៅថ្ងៃត្រង់ថ្ងៃដដែលនោះដែរ ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្វរៀបចំពិធី ទទួល​ទានអាហារថ្ងៃត្រង់ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិបាល និង​បណ្តាគណៈប្រតិភូទាំងអស់ដែលមានវត្តមានអញ្ជើញ មកចូលរួមសន្និសីទពិភពលោកលើកទី ៣ របស់​អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេស​ជប៉ុន។
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថ្លែងនូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ជូន​ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នានាលើ​ពិភព​លោក ដែលបានចំណាយពេលវេលាដ៏មានតំលៃបំផុត អញ្ជើញមកចូលរួមក្នុង​ពិធីសន្និសីទ ពិភព​លោក​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅ ទីក្រុង​សេន​ដាយ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច ឯក​ឧត្តម លោក​ជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងគណៈប្រតិភូទាំងអស់ នៅទីក្រុងសេន​ដាយ​ប្រទេស​ជប៉ុន នៅពេល​នេះ គឺពិតជាតំលៃមិនអាចកាតថ្លៃបាន និងគឺជាការធ្វើពលីកម្មយ៉ាងធំធេងសំរាប់សន្តិភាព ស្ថេរ​ភាព និង ការ​អភិវឌ្ឍក្នុងតំបន់ ពិសេសការរួមគ្នារិៈរកគ្រប់មធ្យោបាយ ក្នុងការកាត់បន្ថយហានិភ័យ នៃគ្រោះ​មហន្ត​រាយ ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ដែលបាន និងកំពុងកើត​​​មាន​ឡើង​នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
នៅក្នុងសុន្ទរកថាខ្លីនោះ​ឯកឧត្តមនាយករដ្ឋ​មន្រ្តី​ជប៉ុន ក្នុងនាមព្រះចៅអធិរាជ និង​ព្រះអធិរាជនី ក៏ដូច​ជា​ភរិយា និងប្រជាជនជប៉ុនទាំងអស់ ឯកឧត្តមបាន​ប្រសិទ្ធ​ពរ​ដល់ការស្នាក់នៅទីក្រុងសេនដាយ ​ប្រកប​ដោយសុវត្តិភាពបំផុត ដើម្បីជានិម្មិតរូបដល់ចំណង​សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជាតិ​ទាំងអស់ក្នុងតំបន និងពិភពលោក៕

ឯកឧត្តម ស៊ិនហ្សូ អាបេ នាយក​​រដ្ឋ​មន្រ្តី​ជប៉ុន រៀបចំ​​ពិធី​ទទួល​​អាហារ​​ការ​ងារ ជូន​​សម្តេច​​តេជោ​​នាយក​​រដ្ឋមន្រ្តី និង​គណៈ​​ប្រតិភូ​ជាន់​​ខ្ពស់​រាជ​រដ្ឋា​ភិបាល­​កម្ពុជា និងដំណើរ​មាតុភូមិ​និវត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន

(វដេអូ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួម សន្និសីទពិភពលោក លើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុង Sendai ប្រទេសជប៉ុន

បទយក​ការណ៍ ស្តីពី​ការ​​ផ្តល់​សេវា​ណែនាំ​​អំពី​​អាជីព និង​ការងារ​​ដល់​និស្សិត ​នៃ​សាកល​​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ (ទី១២៨)

សម្តេច ហ៊ុន សែន ជួប​​សន្ទនា​​ជាមួយ លោក​ជំទាវ Annick Girardin រដ្ឋលេខា​​ធិការ​​ទទួល​​​បន្ទុក​​អភិវឌ្ឍនី និង​​ហ្រ្វង់​​កូហ្វូនី នៃប្រទេស​​បារាំង និង ឯកឧត្តម ​បាន គីមូន អគ្គលេ​ខា​ធិការ​​អង្គការ​​​សហ​​ប្រជា​ជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅដល់​ទីក្រុងតូក្យូ ដើម្បី​ចូល​រួម សន្និសីទ​ពិភព​លោក លើកទី៣ ស្តីពី​ការ​កាត់​​បន្ថយ​ហានិភ័យ នៃគ្រោះ​មហន្តរាយ នៅទីក្រុង​ Sendai ប្រទេស​ជប៉ុន SHOW MORE

ពិធី​​បើក​​ពិធី​​បុណ្យ​​ទន្លេ ខេត្ត​​ក្រចេះ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០១៥