ថ្ងៃទី៧ ខែតុលា
ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តមជារដ្ឋលេខាធិការតាមបណ្តាក្រសួងនានា
អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
មានសេចក្តីសោមន្សរីករាយ ដែលបានមកដល់ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី
ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានកោតសរសើរ
និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor
International Airport Investment (AIAI)) ដែលបានសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ
ទំនើប និងប្រកបដោយភាពទាក់ទាញ។ ទោះបីជាការសាងសង់ប្រលានយន្តហោះនេះ បានធ្វើឡើងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩
ក៏ដោយ ក៏ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាននេះ ប្រកបដោយជោគជ័យ
ដែលសរបញ្ជាក់យ៉ាងច្បាស់ពីភាពខ្លាំងរបស់ក្រុមហ៊ុន ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់វិស្វករ
កម្មករ និងបុគ្គលិកទាំងអស់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដ៏ស្កឹមស្កៃនេះ
ជាសក្ខីកម្មគួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា។
សមិទ្ធផលថ្មីមួយនេះពិតជាមានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប
ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសយើង និងអាចទាក់ទាញសក្តានុពល វិនិយោគមកកាន់ទឹកដីខេត្តសៀមរាប
និងប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយានដ្ឋានថ្មីនេះ
ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់
និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា អាកាសយានដ្ឋាននេះ
នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ ដែលនឹងរួមចំណែកក្នុងការឈានទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ
ប្រមាណ ៨លាននាក់ នៅឆ្នាំ២០២៨ តាមរយៈការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ទាំងនៅក្នុងតំបន់
និងពិភពលោក។ កត្តានេះ នឹងរួមចំណែកលើកកម្ពស់មុខមាត់ សក្តានុពល និងកិត្យានុភាពរបស់កម្ពជា។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ យល់ឃើញថា
ការដាក់បញ្ចូល និងការរចនាឱ្យមានលក្ខណៈ ជាខ្មែរ/ភាពជាខ្មែរ និងការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរក្នុងតម្លៃសមរម្យនៅក្នុង អាកាសយានដ្ឋាន
ពិតជានឹងរួមចំណែកក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការផលិតផលិតផលនៅក្នុងស្រុក
ការថែរក្សានិងលើកស្ទួយអត្តសញ្ញាណជាតិ។
ឆ្លៀតក្នុងឱកាសនេះ
ឯកឧត្តមរដ្ឋមន្ត្រី សូមសម្តែងការនឹករលឹកដល់វីរភាពរបស់លោកឪពុក គឺ
សម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ក្នុងចំណោមថ្នាក់ដឹកនាំ
ដែលជាស្ថាបនិកជាតិ ដែលបានចូលរួមចំណែកកែលម្អឡើងវិញ និងអភិវឌ្ឍន៍អាកាសយានដ្ឋាន អន្ដរជាតិទាំង៣ ទីតាំងដំបូងរបស់កម្ពុជា បន្ទាប់ពីសង្គ្រាម។
ការបើកឱ្យដំណើរការអាកាសយានដ្ឋាន អន្តរជាតិឡើងវិញ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការកើនឡើងនូវចំនួនអ្នកដំណើរជាតិ
និងអន្ដរជាតិពីគ្រប់ទិសទី។
ក្រោមការដឹកនាំរបស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញការងារជាអាទិភាពក្នុងការបង្កើត
កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ស្របពេលដែលយើងមានអាកាសយានដ្ឋានថ្មី
ដែលរចនាឡើងស្របតាមស្តង់ដារកម្រិត អន្តរជាតិ និងមានការគិតគូរពីសុវត្ថិភាព
ប្រសិទ្ធភាព និងនិរន្តរភាព ក៏ដូចជាបានបំពាក់ដោយគ្រឿងបរិក្ខារ
និងបច្ចេកវិទ្យាទំនើប យើងក៏ត្រូវយកចិត្តទុកដាក់ត្រៀមខ្លួនឱ្យកាន់តែប្រសើរជាងពេលណាៗទាំងអស់
ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ក្នុងន័យនេះ យើងគួរពិចារណាដល់ការលើកកម្ពស់សេវាកម្មនានា
ជាពិសេសសេវាកម្មទេសចរណ៍ឱ្យមានកម្រិតអន្តរជាតិ មានន័យថាទាំងហេដ្ឋារចនាសម្ព័ន្ធរឹង
និងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន។
តាមរយៈកិច្ចសហការ
និងការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ យើងនឹងអាចពង្រឹងយន្តការ
នៃការសម្របសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ
និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសឱ្យមានប្រសិទ្ធិភាពខ្ពស់
និងភាពកក់ក្ដៅបំផុត ដែលអាចធ្វើឱ្យកម្ពុជាទទួលបានកំណើននៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ។