Wednesday, December 22, 2021

វិភាគអន្តរជាតិ៖ ទោះមិនអាចឈ្នះ, តែអ៊ុយក្រែនអាចធ្វើឱ្យរុស្ស៊ីរបួសធ្ងន់


(ម៉ូស្គូ)៖ ក្រុមអ្នកវិភាគជាច្រើនជឿជាក់ថាទោះបីជាកងទ័ពអ៊ុយក្រែន មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលជាមហាអំណាចយោធា លេខ២ នៅលើពិភពលោកក៏ដោយ តែយ៉ាងហោចណាស់ អ៊ុយក្រែនអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់កងទ័ពរុស្ស៊ី។ ការខាតបង់ធ្ងន់ធ្ងរនេះឯងអាចនឹងធ្វើឱ្យ


លោក ពូទីន ពិចារណា ២ ទៅ៣ដងដែរ មុននឹងសម្រេចចិត្តបើកការវាយលុកទ្រង់ទ្រាយធំចូលអ៊ុយក្រែន។


បើតាមក្រុមអ្នកវិភាគយោធាលោកខាងលិច ដូចជាលោក Ben Hodges មកពីមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប កងទ័ពអ៊ុយក្រែនទទួលបានការ បណ្ដុះបណ្ដាលយ៉ាងល្អ និងត្រូវបានបំពាក់អាវុធទំនើបៗ ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០១៤មក ហើយនេះអាចនឹងធ្វើឱ្យលោក ពូទីន ស្ទាក់ស្ទើរនៅក្នុងចិត្ត។ លោក Ben Hodges បានលើកឡើងដូច្នេះថា «យើងនឹងមិនឃើញព្រួញក្រហមដ៏ធំមួយឆ្លងកាត់ចូល អ៊ុយក្រែនឡើយ។ ខ្ញុំមិនជឿទេថារុស្ស៊ីមានសមត្ថភាពវាយកាន់កាប់អ៊ុយក្រែនបានទាំងស្រុង ហើយគ្រប់គ្រងប្រទេសទាំងមូល។ ខ្ញុំក៏មិនជឿនោះដែរថារុស្ស៊ីមានបំណង ធ្វើរឿងបែបនេះ»។


លោកបន្ថែមថា ជាជម្រើសមួយផ្សេង រុស្ស៊ីអាចនឹងជំរុញឱ្យតំបន់ភាគខាងត្បូង និងភាគខាងលិចនៃតំបន់ Donbass ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងគាំទ្រដោយរុស្ស៊ីរួចទៅហើយនោះ ភ្ជាប់ជាមួយតំបន់គ្រីមៀ និងសមុទ្រខ្មៅ។ ប៉ុន្តែ ការធ្វើបែបនេះក៏នឹងអាចបង្កជាជម្លោះនឹងធ្វើឱ្យកងទ័ព រុស្ស៊ីរបួស និងស្លាប់ផងដែរ។


ជាការពិតណាស់ បើគិតពីកម្លាំងយោធាដោយមិននិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អ៊ុយក្រែនមិនមែនជាដៃគូរបស់រុស្ស៊ីទេ ហើយសូម្បីតែអាមេរិក ឬ NATO ក៏មិនប្រាកដថានឹងធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន ដែលមិនមែនជាសមាជិក NATO ឬក៏ស្ថិតនៅក្នុងសន្ធិសញ្ញាណាមួយដែលតម្រូវឱ្យអាមេរិកចេញមុខការពារ ដោយកម្លាំងយោធានោះដែរ។


បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រឹមចំនួនកងទ័ពរុស្ស៊ី ២៨០,០០០នាក់ វាគឺមានចំនួន ច្រើនជាងកងទ័ពអ៊ុយក្រែនដល់ទៅ ២ដង ហើយកងទ័ពរុស្ស៊ីសរុបជាង ៩០០,០០០នាក់ គឺមានចំនួនច្រើនជាងកងទ័ពអ៊ុយក្រែនដល់ទៅ៤ ឯណោះ ខណៈគិតត្រឹមពី

ឆ្នាំ២០១០ ដល់ឆ្នាំ២០២០ អ៊ុយក្រែនបានចំណាយត្រឹមតែ ៤.៣ពាន់លានដុល្លារ ឬស្មើត្រឹមតែ ១ភាគ១០តែប៉ុណ្ណោះនៃកញ្ចប់ថវិកាយោធារុស្ស៊ី។


គួរបញ្ជាក់ថា អ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីបានដាក់ពង្រាយកងទ័ព ៩២,០០០នាក់ នៅក្បែរតំបន់ព្រំដែនរបស់ខ្លួន ស្របពេលមន្ត្រីចារកម្មអាមេរិកព្រមានថាចំនួន កងទ័ពនេះអាចនឹងកើនដល់ ១៧៥,០០០នាក់ ហើយរុស្ស៊ីអាចនឹងបើកការវាយប្រហារនៅខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាកងទ័ពរុស្ស៊ី ធ្វើសកម្មភាពតែក្នុងទឹកដីខ្លួនឯងតែប៉ុណ្ណោះ រីឯអ៊ុយក្រែន និង NATO ទៅវិញទេដែលជាអ្នកធ្វើឱ្យមាន ភាពតានតឹង និងគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី៕


ប្រភព៖ Reuters (ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News










សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ្វ៊ុក មកកាន់កម្ពុជា រយៈពេល២ថ្ងៃ

 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានាធិបតីវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ។


តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។


ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាម៖



Joint Statement between the Kingdom of Cambodia and the Socialist Republic of Viet Nam on the occasion of the State Visit of H.E. Nguyen Xuan Phuc, President of the Socialist Republic of Viet Nam, to the Kingdom of Cambodia from 21 to 22 December 2021



វិភាគអន្តរជាតិ៖ រុស្ស៊ីកាន់តែស្និទ្ធជាមួយចិន អាមេរិកនឹងជួបបញ្ហាប្រឈមកាន់តែច្រើន


(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមក្នុងកិច្ចប្រជុំមួយនៅក្នុងសប្ដាហ៍នេះ។ សេចក្ដីរាយការណ៍ ជាច្រើននៅក្នុងប្រទេសរុស្ស៊ី បានឱ្យដឹងថានៅក្នុងជំនួបដែលនឹងប្រពឹត្តទៅនៅថ្ងៃពុធសប្ដាហ៍នេះតាមប្រព័ន្ធវីដេអូ មេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាពី វោហាសាស្ត្រសម្លុតគំរាមរបស់អង្គការ NATO និងភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់អឺរ៉ុប។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) រុស្ស៊ី និងចិនក៏បានជជែកគ្នារួចហើយដែរពីការវិវត្តស្ថានការណ៍នានាពេលថ្មីៗនេះ នៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងទ្វីបអឺរ៉ុបដែលតម្រូវឱ្យមានកិច្ចពិភាក្សារវាងសម្ពន្ធមិត្ត នោះគឺរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ជាការពិតណាស់ នេះគឺជាពេលវេលាដ៏សំខាន់នេះ ពីព្រោះថាគេអាចនឹងមើលឃើញកាន់តែច្បាស់ថាតើរុស្ស៊ី និងចិន នឹងរួមដៃគ្នា ឬក៏សហការគ្នាយ៉ាងដូចម្ដេច ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងអឺរ៉ុប ស្របពេលមហាអំណាចទាំង២ មើលឃើញពីឱកាស និងប្រយោជន៍រៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយ បណ្ដាប្រទេសលោកខាងលិច។ ក្រោយធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករអស់រយៈពេលរាប់សិបឆ្នាំមកនេះ អាមេរិកបានភ្ញាក់ដឹងខ្លួនដោយងាកមក ប្រជែងជាមួយរុស្ស៊ីផង និងចិនផង។ ប៉ុន្តែ វាមានសំណួរមួយដែលគេត្រូវចោទសួរថាតើការភ្ញាក់ខ្លួននេះ យឺតពេលហើយមែនទេ?

ក្រៅពីស្ថានភាពតានតឹងក្នុងតំបន់អឺរ៉ុប , លោក ពូទីន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាដែរលើកិច្ចសហប្រតិបត្តិការស្ដីពីវិស័យថាមពល, ការវិនិយោគ , ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាដើម។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយចិន CGTN បាននិយាយថារុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ (Treaty on Open Skies) ជាផ្លូវការហើយ។ រុស្ស៊ីមានផែនការដកខ្លួនចេញពីសន្ធិសញ្ញានេះតាំងតែពីខែមិថុនាកន្លងទៅមកម្ល៉េះ ដ្បិត សន្ធិសញ្ញានេះ វាលែងមានប្រយោជន៍ទៅហើយ ក្រោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចសន្ធិសញ្ញានេះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថារុស្ស៊ីជាអ្នកបំពានសន្ធិសញ្ញានេះមុន។

ប្រព័ន្ធផ្សព្វផ្សាយចិន CGTN បានកត់សម្គាល់ទៀតថា សន្ធិសញ្ញាដែលបានចូលជាធរមានតាំងតែពីឆ្នាំ២០០២មក បានអនុញ្ញាតឱ្យប្រទេសជាភាគី អាចដឹកនាំ ប្រតិបត្តិការហោះហើរនៃយន្ដហោះស៊ើបការណ៍ដោយមានការជូនដំណឹងជាមុន នៅក្នុងដែនអាកាសនៃប្រទេសជាហត្ថលេខី ដើម្បីប្រមូលទិន្នន័យស្ដីពីកម្លាំង យោធា និងសកម្មភាពយោធា សំដៅកសាងទំនុកចិត្តលើគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់នៅត្រង់នេះ នោះគឺវាបានបង្ហាញកាន់តែច្បាស់ពីការធ្លាក់ចុះកាន់តែ ដុនដាបនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុង ម៉ូស្គូ ហើយវាជាឱកាសមួយឱ្យរុស្ស៊ីកាន់តែខិតទៅរកចិន។

ទំាងចិន និងរុស្ស៊ី នាពេលកន្លងមក ហាក់ដូចជាបានបង្ហាញការគាំទ្រដល់អ៉ីរ៉ង់ ខណៈអ្នកជំនាញជាច្រើនយល់ថាមិនយូរនឹងឆាប់ប្រទេសទាំង៣នេះ អាចនឹង បង្កើតសម្ពន្ធភាពថ្មីមួយដើម្បីទប់ទល់ជាមួយអាមេរិក និងអឺរ៉ុប។ តួយ៉ាង បើតាមស្ថានីយទូរស្សន៍អាមេរិក CNN កាលពីសប្ដាហ៍មុនបានរាយការណ៍ថាក្រមហ៊ុន អាមេរិក Microsoft បានព្រមានថាក្រុម hackers ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន, អ៉ីរ៉ង់, កូរ៉េខាងជើង និងតួកគី បាន និងកំពុងព្យាយាមវាយប្រហារ ព័ត៌មានវិទ្យាលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅជុំវិញពិភពលោក។


សេចក្ដីរាយការណ៍នេះបានលើកឡើងពីឈ្មោះចិន, អ៉ីរ៉ង់, កូរ៉េខាងជើង និងតួកគីដែលនេះមានន័យថាប្រទេសទាំងនេះកំពុងធ្វើការជាមួយគ្នាប្រឆាំងនឹងអាមេរិក ព្រមទាំងបណ្ដាប្រទេសលោកខាងលិច ហើយត្រៀមបញ្ចូលរុស្ស៊ីបន្ថែមនៅក្នុងសម្ពន្ធភាពថ្មីមួយ៕


ប្រភព៖ Jerusalem Post (ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News