Thursday, June 17, 2021

ថ្នាក់ដឹកនាំ ចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងការចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង នាពេលខាងមុខនេះ។ 

សូមជម្រាបផងដែរថា ទីតាំងដែលបានចុះពិនិត្យ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ទីតាំងអាគារក្រុមហ៊ុនអិលវ៉ាយភីគ្រុប ទីតាំងវត្តចាំយាម ទីតាំងវត្តប៉ាក់ខ្លង ទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងបរិវេណសាលាខេត្តកោះកុង៕





កិច្ចប្រជុំស្តីពីការរៀបចំផែនការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករ​ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង​

 ស្វាយរៀង÷ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជួបប្រជុំជាមួយលោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស នៃក្រសួងការពារជាតិ ដើម្បីពិភាក្សាការងារស្តីពីការរៀបចំផែនការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករ​ កម្មការិនីរោងចក្រ និងប្រជាពលដ្ឋក្នុងខេត្តស្វាយរៀង​ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងប្រតិភូក្រសួងការពារជាតិមួយចំនួនទៀត៕




រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច ដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុន ស្កាយណាយ២ អ៊ិនធើណេសិនណល ខូអិលធីឌី

 នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច ស្តីពីការដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុន ស្កាយណាយ២ អ៊ិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម នៅខាងក្រោមដូចទៅ៖




លោក ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ ឆ្នាំ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡាំ

 ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលកិច្ចប្រជុំនេះ ប្រទេសប្រ៊ុយណេដារូសាឡាំ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនោះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ានទាំង ១០ប្រទេស និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូកចំនួន៨ ទៀត រួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋ កូរ៉េ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងញូហ្សេឡែន។

ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ លោក Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការអោយតំលៃទៅលើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ទោះបីជាមានការប្រឈមថ្មីៗនៅក្នុងតំបន់ក៏ដោយ។

លោកបន្តថា កាលពីឆ្នាំមុនយើងបានប្រារព្ធពិធីរំលឹកខួប ១០ឆ្នាំ ដែលជាចំណុចរបត់មួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសជាដៃគូរ។ ទោះបីជាមានបទពិសោធមិនសូវល្អ នៅក្នុងឆ្នាំកន្លងមក ប៉ុន្តែយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីកសាងកិច្ចសហប្រតិបត្តិបន្តទៅទៀត និងបង្កើតជាឱកាសផ្សេងៗ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៅទៀត។ ហើយនៅទស្សវត្សខាងមុខកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក នឹងក្លាយជាកិច្ចប្រជុំ ដែលអាចដោះស្រាយបញ្ហាផ្សេងៗដើម្បីជំរុញដំណើរទៅមុខទៀត កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលយើងបានកសាងនៅក្នុងការងារជំនាញទាំង៧។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ លោក ទៀ បាញ់ បានថ្លែងថា៖ កិច្ចប្រជុំនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការធានាឱ្យតំបន់របស់យើងមានសាមគ្គីភាព និងវិបុលភាព ដូចមានចែងក្នុងមូលបទរបស់យើងគឺ “យើងយកចិត្តទុកដាក់ យើងប្រុងប្រៀប យើងរីកចម្រើន”។ លោក ទៀ បាញ់ ក៏បានចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ ក្នុងតំបន់មួយចំនួន ដែលក្នុងនោះ លោកបានចាត់ទុកជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងចំណោមបញ្ហាប្រឈមនានានៅលើពិភពលោក។ លោកបានបញ្ជាក់ទៀតថា៖ ទោះបីយើងទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះមេរោគ បំលែងថ្មីៗដែលកំពុងរាលដាលទូទាំងពិភពលោក និងប្រសិទ្ធភាពនៃវ៉ាក់សាំង ប្រឆាំងនឹងវីរុសថ្មីទាំងនេះ។ នៅក្នុងបរិបទនេះ ទាមទារអោយមានការខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏សាហាវនេះ។

លោក ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា។ វាមានសារៈសំខាន់ណាស់ សម្រាប់កងកម្លាំងយោធាអាស៊ានធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដោយសារវាជាបញ្ហាប្រឈមសន្តិសុខឆ្លងព្រំដែន ដែលទាមទារឱ្យមានការ ឆ្លើយតបរួមគ្នា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាសម្រាប់ប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានបំពេញការងារយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរី-១៩ ទទួលបានជោគជ័យយ៉ាងខ្លាំង។ ក្រសួងការពារជាតិកម្ពុជា បានបង្កើតគណៈកម្មាធិការមួយ ដែលជាផ្នែកមួយ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់វ៉ាក់សាំង មិនត្រឹមតែសម្រាប់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដល់សាធារណជន កម្មករ ជាពិសេសនៅ “តំបន់ក្រហម” ដែលជា តំបន់មានបញ្ហាប្រឈមធ្ងន់ធ្ងរ។ មកដល់ពេលនេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង១លាននាក់ ទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ប្រទេសចិន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលបានផ្តល់វ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក នាឱកាសនោះ លោក ទៀ បាញ់ អញ្ជើញចូលរួមចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗទៀតដូចជា៖ បញ្ហាសន្តិសុខលម្ហសមុទ្រ អំពើភេរវកម្ម និងបានលើកឡើងអំពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខតំបន់ និងអន្តរជាតិ តាមរយៈការបង្កើតវេទិកា ពិភាក្សា និងយន្តការកិច្ចសហប្រតិបត្តិការជាច្រើន។

ក្នុងឱកាសនោះដែរ លោក ទៀ បាញ់ ក៏បានចូលរួមអនុម័តសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាព អាស៊ាន ៕




អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្នបាលស្រុកបន្ទាយស្រី ចុះពិនិត្យឡកុលាលភាជន៍បុរាណនៅជើងភ្នំគូលែន

 សៀមរាប៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីសណ្តាប់ឆ្នាប់ និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យទីតាំងឡផលិតកុលាលភាជន៍បុរាណនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលរងការឈូសឆាយពីប្រជាពលរដ្ឋនៅទីនោះ ដើម្បីពូនថ្នល់ចូលដីរបស់ខ្លូន។

អាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវអន្តរជាតិធ្លាប់បានសិក្សាបុរាណវិទ្យាលើស្ថានីយទ្បដុតកុលាលភាជន៍នេះកន្លងមក និងទើបបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយដែរ។ ស្ងានីយនេះជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដើមសម័យអង្គរ ប្រភេទស្រទាប់រលោងពណ៌បៃតងដែលផ្តើមផលិតនៅរវាងសតវត្សទី៩-១០នៃគ.ស។ កុលាលភាជន៍ប្រភេទនេះធ្លាប់ប្រទះឃើញតាមស្ថានីយ៍កំណាយផ្សេងៗក្នុងខេត្តសៀមរាប តំបន់ផ្សេងៗ និងនៅភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។

ថ្មីៗនេះមានការឈូសឆាយធ្វើថ្នល់ចូលសហគមន៍របស់អ្នកស្រុកក្នុងតំបន់ ដោយកាត់តាមជើងនៃទីទួលទ្បមួយផ្នែក ដោយបានប៉ះពាល់ជើងទួលផ្នែកខាងលិចមួយចំហៀង។ តាមការពិនិត្យជាក់ស្តែង ការឈូសឆាយធ្វើផ្លូវនៅផ្នែកខាងលិច បានយកដីមួយផ្នែកនាជើងទួល មិនទាន់បានប៉ះពាល់ដល់រចនាសម្ព័ន្ធនិងគ្រឿងបង្គុំទ្បទេ។ ប៉ុន្តែបានប៉ះពាល់ដល់គំនរអំបែងភាជន៍និងសំណល់ដែលសល់ពីទ្បចាស់ ដែលបានកាយមកទុកនៅជើងទួល។

វិធានការណ៍បន្ទាន់មួយ ត្រូវបានដាក់ចេញដោយមន្រ្តីសណ្តាប់ឆ្នាប់ សហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានដាក់របាំងការពារ និងហាមឃាត់ការឈូសឆាយបន្ត និងអប់រំណែនាំប្រជាជនរស់នៅក្បែរស្ថានីយឲ្យជួយអភិរក្សស្ថានីយនេះ។ វិធានការណ៍បន្ទាប់ ដោយមានការឯកភាពពីរដ្ឋបាលស្រុក គឺស្នើឲ្យអាជ្ញាធរមូលដ្ឋានកាយប្រមូលដីដែលបានយកពីជើងទួល ពូនកន្លែងខូចខាតទ្បើងវិញ និងថ្នល់ថ្មីត្រូវរក្សាគម្លាតទីទួលបុរាណនេះ។ ក្នុងពេលខ្លីខាងមុខ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ដោយសហការជាមួយរដ្ឋបាលស្រុកដើម្បីបញ្ជៀសការឈូសឆាយ ដើម្បីអភិរក្សនិងលើកតម្លៃស្ថានីយនេះឲ្យបានគង់វង្ស។

បន្ថែមលើនេះ ស្ថាប័នទាំងពីរនឹងរៀបចំឲ្យមានវេទិកាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារសំខាន់ លក្ខណៈពិសេស និងតម្លៃប្រវត្តិសាស្ត្ររបស់តំបន់ ដើម្បីឲ្យសហគមន៍មូលដ្ឋានចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌរួមគ្នា៕






អភិបាលខេត្តកំពង់ចាម ប្រាប់ឱ្យអភិបាលស្រុកចំការលើ ទើបប្រកាសចូលកាន់ដំណែង ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

កំពង់ចាម៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យលោកអភិបាលស្រុក ទើបចូលកាន់តំណែង ខិតខំបន្ត រក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាគោលការណ៍គ្រឹះ ក្នុងការអភិវឌ្ឍ នឹងត្រូវគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ នូវសភាពការណ៍ ប្រសិនបើពិនិត្យឃើញមានសភាពការណ៍អ្វីកើតឡើងត្រូវដាក់ចេញជាវិធានការដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរស្រុកត្រូវខិតខំពន្យល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើអាជ្ញាធរ និងរដ្ឋាភិបាល។ ត្រូវខិតខំដោះស្រាយនូវបញ្ហា រាល់ការតវ៉ានានាក្នុងមូលដ្ឋានដោយសន្តិវិធី បញ្ចៀសនូវអំពើហិង្សា ហើយធ្វើឱ្យមានការចោទប្រកាន់មកលើអាជ្ញាធរ និងសមត្ថកិច្ច។

ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សូមបញ្ជាក់ថា លោក សំ ពិសិដ្ឋ ជាអតីតនាយករងរដ្ឋបាលខេត្តកំពង់ចាម ត្រូវបានប្រកាសតែងតាំង ជាអភិបាលនៃគណៈអភិបាលស្រុកចំការលើ ដោយអតីតអភិបាលស្រុកចំការលើ លោក ខ្លូត ចិន្តា ផ្លាស់ទៅកាន់តំណែងថ្មី៕





(មានវីដេអូ) រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចអំពីសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩, លោក ម៉ម ប៊ុនហេង ជាប្រធាន, លោក កើត រិទ្ធ អនុប្រធានអចិន្រ្តៃយ៍

 
 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ 
តាមសេចក្តីសម្រេចបាន បញ្ជាក់ឱ្យដឹងថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ មានសមាសភាព២១រូប ដឹកនាំដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយអនុប្រធាន១០រូប ដែលមាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្រ្តៃយ៍៕ 
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖