Wednesday, November 30, 2016

លិខិតមិត្តអ្នកអាន ៖ តើពិភពលោកត្រូវពិចារណា សំដីរបស់មេដឹកនាំកម្ពុជាដែរឬទេ?

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានក្រើនរំលឹកដល់មេដឹកនាំនិងប្រជាជនក្នុងពិភពលោក ដោយលេីកឡេីងថា កម្ពុជាក៏ដូចជាប្រទេសទូទាំងពិភពលោក គ្មានប្រទេសណាមួយត្រូវការសង្គ្រាមនោះទេ ដូច្នេះពិភពលោកត្រូវតែពិចារណឡើងវិញ ផងដែរអំពីស្ថានការណ៍សង្គ្រាម ភាពវឹកវរ វិបត្តិជនភៀសខ្លួន អំពើភេរវកម្ម មហន្តរាយ និងភាពហិនហោចនៃបណ្តាប្រទេសមួយចំនួន ដែលបង្កឡើងដោយការលូកដៃ និងជ្រៀតជ្រែកចូលពីប្រទេសដ៏ទៃ ដែលតួអង្គសំខាន់ក្នុងការជំរុញឱ្យកកើតសង្រ្គាម ក្នុងបណ្តាប្រទេសទាំងនោះ គឺសហរដ្ឋអាមេរិក និងដោយមានការបន្ទរពីអ៊ឺរ៉ុប។ លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានធំៗក្នុងប្រទេស ស្រង់សំដីនៅពេលដែលលោកឡើងថ្លែងសន្ទរកថា ក្នុងពិធីបើកមហាសន្និបាតសភាអាស៊ីលើកទី៩ ដែលមាន២៣ប្រទេសចូលរួម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការថ្លែងរបស់មេដឹកនាំកម្ពុជា ត្រូវបានធ្វើឡើង ស្របទៅនឹងប្រធានបទនៃមហាសន្និបាតសភាអាស៊ី ដែលនិយាយអំពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។
លោក ហ៊ុន សែន បាននិយាយទៅកាន់ពិភពលោកថា តើដល់ពេលដែលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះ អ្នកដែលបានផ្ដួចផ្ដើមគំនិតធ្វើបដិវត្តពណ៌ និងអ្នកដែលធ្លាប់អបអរសាទរនូវបដិវត្តន៍ពណ៌ ពួកគេទៅពួនសំងំនៅទីណា? ទីកន្លែងដែលកើត សង្គ្រាមដោយការផ្ដួលរំលំតាមកម្លាំងយោធា និងតាមរយៈបដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ គឺសុទ្ធតែកើតឡើងក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ មេដឹកនាំកម្ពុជា បានរំលឹកពីការផ្ដួលរំលំរបបមេដឹកនាំមួយចំនួន ដែលគេចោទថា ជាមេដឹកនាំផ្តាច់ការ ហើយពេលនេះប្រទេសទាំងនោះ បានរងនូវវិនាសកម្ម ខ្ទេចខ្ទីដល់ឬសគល់។ លោក ហ៊ុន សែន បានចោទសួរទៅកាន់ពិភពលោកថា តើការផ្តួលរំលំរបប សាដាំ ហ៊ូសេន មកដល់ពេលនេះ វាបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៊ីរ៉ាក់? ការផ្ដួលរំលំ បេន អាលី នៅទុយនេស៊ី, ការផ្ដួលរំលំ ហ្គាដាហ្វី នៅលីប៊ី, ការផ្ដួលរំលំ ហ៊ូស្ល៊ី មូបារ៉ាក់ នៅអេហ្ស៊ីប, ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតី អាសាដ ក៏ដូចជាសង្រ្គាមដែលកំពុងផ្ទុះឡើងនៅ យ៉េមេន តើទាំងអស់នេះ អ្នកណាត្រូវទទួលខុសត្រូវ? តើដើម្បីប្ដូរមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយ ត្រូវស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លានបែបនេះឬ? ឥឡូវតើល្មមដល់ពេលដែលយើងត្រូវវាយតម្លៃនូវសភាពការណ៍នេះហើយឬនៅ? តើបដិវត្តន៍ពណ៌វាគួរជាទីស្រឡាញ់ ឬក៏គួរឱ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ គួរតែយកពួកមេខ្លោងដែលធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៅបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ារងគ្រោះ ទៅកាត់ទោស ឬត្រូវពាក់មេដាយជាពានណូប៊ែល ឱ្យពួកទាំងនេះ?
មេដឹកនាំកម្ពុជា បានលើកឡើងថា ក្រៅពីការស្លាប់មួយថ្ងៃៗយ៉ាងច្រើនលើទឹកដីអ៊ីរ៉ាក់ ទឹកដីស៊ីរី លីប៊ីនិងយ៉េមេនបច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មានដែលកំពុងឆ្លងមហាសាគរ មេឌីទេរ៉ានេដើម្បីភៀសខ្លួនទៅកាន់អឺរ៉ុប? នេះគឺជាចំណុចដែលត្រូវពិភាក្សា ដើម្បីទប់ស្កាត់នូវទង្វើរបស់ជនទាំងឡាយណា ឬប្រទេសណាក៏ដោយដែលបង្កើតឡើងនូវស្ថានភាពទទឹងទិស ដែលនាំទៅរកសង្គ្រាម។ មេដឹកនាំកម្ពុជាក៏បានអំពាវនាវឱ្យប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួនទាំងនោះ ព្រោះនេះជាការទទួលខុសត្រូវរបស់អ៊ឺរ៉ុប ដែលជាអ្នកគាំទ្រនយោបាយសហរដ្ឋអាមេរិក លើបញ្ហាបដិវត្តន៍ពណ៌។ លោក ហ៊ុន សែន បន្តថា ដើម្បីការពារសន្ដិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្ដិភាព និងទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ត្រូវបន្ទោសអ្នកដែលលូកដៃបង្កើតសង្រ្គាម និងគាំទ្រសង្រ្គាម។ អ្នកដែលបង្កសង្រ្គាមសុទ្ធតែជាប្រទេសដែលមានលទ្ធភាព មិនមែនអ្នកទន់ខ្សោយទេ យើងគ្រាន់តែបានស្ដីបន្ទោសទៅលើអ្វីដែលវាជាបញ្ហាបានកើតតែប៉ុណ្ណោះ តែមូលហេតុដើមដែលនាំឱ្យវាកើតសង្រ្គាម អត់មានអ្នកណាហ៊ាននិយាយទេ មេដឹកនាំកម្ពុជាបានជំរុញឱ្យពិភពលោក ត្រូវតែហ៊ាននិយាយ ដើម្បីពិភពលោកមួយមានសន្ដិភាព មានការបង្រួបបង្រួម ហើយមានកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។
តើពិភពលោកគួរយកការលើកឡើងរបស់មេដឹកនាំកម្ពុជា ទៅពិចារណាដែរឬទេ? តើសំដីរបស់លោក ហ៊ុន សែន ត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍រួមដល់ពិភពលោកដែរឬយ៉ាងណា? បើការលើកឡើងរបស់មេដឹកនាំកម្ពុជាមានភាព.     តក្កវិត្យា និងជាការពិត ដែលពាក់ព័ន្ធនឹងសុខសន្តិភាពរបស់ពិភពលោកទាំងមូលមែននោះ មេដឹកនាំនិងប្រជាជនដែលស្នេហាសន្តិភាពលើពិភពលោកត្រូវតែពិចារណានូវសំដីមួយម៉ាត់ៗរបស់លោក ហ៊ុន សែន។ មេដឹកនាំប្រទេសនានា ត្រូវតែហ៊ាននិយាយការពិតដូច. លោក ហ៊ុន សែន ដើម្បីទប់ស្កាត់នូវការបញ្ឆេះសង្គ្រាមពីប្រទេសមួយចំនួនដូចជាអាមេរិក និងអ៊ឺរ៉ុបជាដើម។ ជាក់ស្តែងកម្ពុជាស្ទើរតែធ្លាក់ក្នុងស្ថានការណ៍វឹកវរទៅហើយ បើគ្មានការទប់ស្កាត់ទាល់ពេលវេលានោះទេ គឺនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ រូបភាពបដិវត្តពណ៌បានបង្ហាញខ្លួនជាក់ស្តែងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដោយសារតែពាក្យថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រទេសធំៗមួយចំនួន បានប្រើវាធ្វើជាខែល ក្នុងការលូកដៃជ្រៀតជ្រែកចូលប្រទេសដ៏ទៃ ដោយចាប់ផ្តើមពីចលនាបដិវត្តពណ៌។
មិនខុសពីការលើកឡើងរបស់មេដឹកនាំកម្ពុជានោះទេ មានប្រទេសច្រើនមកហើយដែលរងគ្រោះដោយសារតែការលូកដៃពីប្រទេសដ៏ទៃជាពិសេសគឺប្រទេសដែលមិនស្របនឹងខ្លួន ក៏ដូចជាប្រទេសដែលមានភូមិសាស្ត្រនយោបាយមិនស្របនឹងខ្លួន។ ដូច្នេះអ្វីដែលលោក ហ៊ុន សែន បានលើកឡើង គឺពិតជាមានឧត្តមប្រយោជន៍សម្រាប់ពិភពលោក នោះគឺត្រូវតែហ៊ាននិយាយការពិត ហ៊ានទទួលស្គាល់ការពិត និងហ៊ានរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ដោយស្មើភាព និងស្មើសិទ្ធិនៅលើឆាកអន្តរជាតិ ទោះបីជាប្រទេសខ្លួនជាប្រទេសតូចរឺទន់ខ្សោយក៏ដោយ ក៍មិនត្រូវបណ្តោយឱ្យប្រទេសដែលមានចេតនាបង្កសង្គ្រាម បំពេញមហិច្ឆតារបស់ខ្លួនតាមអំពើចិត្តនោះឡើយ៕

ប្រភពពី GNN

ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃដំណើរការចុះឈ្មោះបោះឆ្នោត សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់ទៅចុះឈ្មោះ ឲ្យបានមុនម៉ោង៥៖៣០នាទីល្ងាច

(ភ្នំពេញ)៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាថ្ងៃចុងក្រោយ នៃដំណើរការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចបន្ថែម១ថ្ងៃ, សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា!
សូមជំរាបថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង៧.៧លាននាក់ បើគិតជាភាគរយស្មើនឹង៨០ភាគរយ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ពីការចុះឈ្មោះបោះឆ្នោតថ្មីនេះឲ្យបានកាន់តែទូលំទូលាយ អង្គភាពព័ត៌មាន Fresh News សូមលើក យកនូវកម្រង សំណួរ-ចម្លើយចំនួន៧ ដើម្បីស្រាយចម្ងល់នានា ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដោយដកស្រង់ចេញ ពីខិត្តប័ណ្ណស្តីពី ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ របស់គ.ជ.ប។
១៖ តើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅនៅពេលណា? កន្លែងណា?
ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
២៖ ដើម្បីចុះឈ្មោះបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរទាំង២ភេទ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
* មានសញ្ជាតិខ្មែរ
* មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
– មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត
– មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត
– ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពី ក្រសួងស្ថាប័នមានសមត្ថកិច្ច។
៣៖ ដើម្បីចុះឈ្មោះបោះឆ្នោត តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេច?
* ត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីកន្លែងណាមួយក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅតាមការកំណត់របស់ គ.ជ.ប
* បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើការចុះឈ្មោះបោះឆ្នោត ដល់ក្រុមចុះឈ្មោះបោះឆ្នោត
* មានសិទ្ធិបោះឆ្នោត និងបំពេញបានតាមលក្ខខណ្ឌ នៃការចុះឈ្មោះបោះឆ្នោត
* មិនទាន់បានចុះឆ្នោត ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។
៤៖ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយ ប៉ុន្តែអាសយដ្ឋានក្នុងអត្តសញ្ញាប័ណ្ណផ្សេងពីលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនសុំចុះឈ្មោះ តើត្រូវធ្វើដូចម្តេចដើម្បីចុះឈ្មោះបោះឆ្នោតបាន?
សាមីខ្លួនសុំចុះឈ្មោះ ត្រូវនាំមកនូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើម ដែលមានបញ្ជាក់ការស្នាក់នៅឃុំ សង្កាត់ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។
៥៖ ចុះប្រសិនបើសាមីខ្លួនពុំមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារទៀតនោះ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវទៅជួបអាជ្ញាធរឃុំ សង្កាត់ ដោយនាំមកជាមួយនូវសាក្សី១រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ជាមួយដើម្បីសុំលិខិតបញ្ជាក់ទីលំនៅ សម្រាប់សុំចុះឈ្មោះបោះឆ្នោត។
៦៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរ ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវមកបង្ហាញខ្លួន ដោយផ្ទាល់ចំពោះមុខអាជ្ញាធរឃុំ សង្កាត់ ដើម្បីសុំឯកសារបញ្ជាក់ អត្តសញ្ញាបម្រើឲ្យការចុះឈ្មោះ បោះឆ្នោត ដោយនាំមកនូវ៖
* សំបុត្រកំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្រកំណើតច្បាប់ដើម ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ តាមការទាមទារសញ្ជាតិរបស់ជនបរទេស ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិដោយ សញ្ជាតូបនីយកម្មដល់ជនបរទេស ឬសាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថា សាមីខ្លួននោះកើតពីឪពុកឬម្ដាយដែលមាន សញ្ជាតិខ្មែរ ឬឯកសារភស្ដុតាងផ្លូវការ ដែលបញ្ជាក់ថា សាមីខ្លួនកើតមកពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ។
* សាក្សី២រូបដែលមានសិទ្ធិបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ពិតប្រាកដក្នុងឃុំ-សង្កាត់ជាមួយ។
* រូបថតទំហំ ៣ x ៤ ចំនួន២សន្លឹក។
៧៖ តើប្រជាពលរដ្ឋ ឬកម្មករ និយោជិត សិស្ស និស្សិត មន្រ្តីរាជការ នាយឬពលនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ និងបព្វជិត សាសនា ដែលកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ អាចសុំចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នោះបានដែរ ឬទេ?
អ្នកកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ សុទ្ធតែអាចសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះបានឲ្យតែសាមីខ្លួនបំពេញ បានត្រឹមត្រូវបានលក្ខខណ្ឌសម្រាប់ ការចុះឈ្នោះឆ្នោតដូចបានរៀបរាប់ខាងលើ។
បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប្រភេទថ្មី ឬចាស់ អាចសុំចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បាន៕

តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​​ និង​អគ្គ​លេខាធិការ​រង ​គ.ជ.ប​ ក្នុង​ពន្ធនាគារ​ដដែល​​

(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ សម្រេចតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ បន្តឃុំខ្លួនមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបក្នុងពន្ធនាគារដដែល។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឱ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា។
ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕



គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ប្រជាពលរដ្ឋខ្មែរ ៧,៨៣២,៧២១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះត្រូវបញ្ចប់នៅថ្ងៃនេះ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៨៣២, ៧២១ នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើម ពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែ គ.ជ.ប បានសម្រេចបន្ថែមមួយថ្ងៃទៀត គឺថ្ងៃទី៣០ ខែ វិច្ឆិកា នេះ។ គ.ជ.ប បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

Tuesday, November 29, 2016

រដ្ឋ​មន្ត្រី​ក្រសួង​​បរិស្ថាន ​បាន​អញ្ជើញ​ជាអធិប​តីភាព ក្នុង​​ពិធី​​​បើក​​សិក្ខាសាលា​​ស្ដី​ពី​​ការ​បូក​​សរុ​ប​លទ្ធ​ផល​ត្រួត​ពិនិត្យ​​វាយ​តម្លៃ​​លើ​ការ​​អនុវ​ត្ត​មុខ​ការ​ងារ​ ​

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងដល់ទីប្រជុំជនក្រុង ២-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក ៣-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់ ៤-ការធ្វើប្រតិភូកម្មមុខងារការបញ្ជ្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុក និង ៥-ការធ្វើប្រតិភូកម្មមុខងារការពង្រឹងការងារអប់រំបរិស្ថានជូនរដ្ឋបាលរាជធានី ខេត្ត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានគាំទ្រនិងជំរុញឱ្យដំណើរការនៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណែទម្រង់ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់ក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវអនុវត្តឱ្យបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម បញ្ហាប្រឈមចំពោះមុខ ឆន្ទៈប្រជាពលរដ្ឋ និងរបត់នយោបាយរបស់កម្ពុជា។ ភាពជោគជ័យនិងប្រសិទ្ធភាពនៃការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា គំនិតច្នៃប្រឌិត ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហការក្នុងការអនុវត្តមុខងារជារួម៕



អភិបាលរាជធានីពិភាក្សាគម្រោងស្នើសុំគោលការណ៍ច្បាប់​គ្រប់គ្រងចិញ្ចើមផ្លូវពីឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណះសំណាលជាមួយលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីនៅសាលារាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូតថ្មី បានមើលឃើញយ៉ាងច្បាស់នូវការដឹកនាំលើផ្លូវដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ជាមួយគ្នានេះដែរ លោកអភិបាលរាជធានី ក៏បានស្នើសុំនូវគោលការណ៍ច្បាប់គ្រប់គ្រងចិញ្ចើមផ្លូវរបស់សិង្ហបុរី និងការផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រង និងប្រើប្រាស់ចិញ្ចើមផ្លូវផងដែរ ដើម្បីសិក្សារៀបចំចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរឡើង៕




បញ្ជា​ការដ្ឋាន​កងរាជ​អាវុ​ធហត្ថ បាន​ប្រារព្ធ​ពិធីអប​អរសាទរ​ខួបលើក​ទី៦៣ ថ្ងៃកំ​ណើតក​ងទ័ព

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីអបអអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសគ្រប់ថ្នាក់ចំនួនប្រមាណជាង៧០០នាក់៕






បញ្ហានៅក្នុងគណបក្សប្រឆាំង ធំជាងគេបង្អស់របស់កម្ពុជា

ការរិះគន់ក្នុងបក្សត្រូវតែក្លាយជាបទដ្ឋាន ប្រសិនបើវាក្លាយជាជម្រើសប្រជាធិបតេយ្យពិតប្រាកដមួយមែននោះ។
រឿងនេះផ្តើមចេញពីការបង្ហោះសារតាម Twitter ដែលនិយាយថា “មានអ្នកខ្លះមើលខ្សែភាពយន្តច្រើនពេកនៅពេលដែលពួកគេទំនេរ។ ប្រសិនបើអ្នកគោរពទស្សនិកជនមែននោះ យ៉ាងហោចណាស់ អ្នកអាចចេះធ្វើឱ្យការកុហក់របស់អ្នក ស្តាប់ទៅគួរឱ្យជឿ”។
នេះ គឺជាការសរសររបស់កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេបង្អស់នៅកម្ពុជា និងជាកូនស្រីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ការបញ្ចេញមតិរបស់កញ្ញា មនោវិទ្យា ដែលបានបង្ហាញឱ្យឃើញកាលពីខែមុន បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយថា លោកនឹងត្រឡប់មកស្រុកវិញ ដើម្បីប្រឈមទៅនឹងការជាប់ពន្ធនាគារ ដែលជាថ្នូរទៅនឹងការដោះលែងអ្នកនយោបាយគណបក្សសង្រ្គោះជាតិជាច្រើនរូប ដែលកំពុងតែជាប់ឃុំ។ ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការច្រានចោលនូវអ្វីដែលហៅថា ជាការដោះដូរអ្នកទោសពីសំណាក់អ្នកនយោបាយគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំ និងបន្ទាប់ពីមានការរិះគន់របស់ លោក សម រង្ស៊ី ចំពោះប្រទេសចិនថា បានជំរុញការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ កញ្ញា មនោវិទ្យា បានលើកឡើងនៅលើ Twitter ម្តងទៀត ដោយសរសេរថា “ជំហរផ្លូវការរបស់គណបក្សសង្រ្គោះជាតិ គឺផ្តល់អាទិភាពចំពោះផលប្រយោជន៍របស់កម្ពុជា និងស្ថិរភាពក្នុងតំបន់។ មិនមែនជា ជំហរដែលមិនប្រាកដប្រជា ឈរលើទ្រឹស្តីនិយាយឱ្យតែរួចពីមាត់ ឬតាមអារម្មណ៍ផ្តេសផ្តាសរបស់គេនោះទេ។
ការលើកឡើងនៅលើ Twitter របស់ កញ្ញា មនោវិទ្យា កម្របង្ហាញជាសាធារណៈ ពីការបែកបាក់របស់គណបក្សសង្រ្គោះជាតិណាស់។ ការលើកឡើងទាំងនោះគឺមានកំហុសឆ្គងច្រើន និងមានភាពក្មេងខ្ចី ដែលយោងតាមនយោបាយដូចគ្នា។ ច្បាស់ណាស់ នេះគឺជាទស្សនៈរបស់អ្នកសរសរបទអត្ថាធិប្បាយគឺលោក អៀ សុផល ដែលបាននិយាយថា វាគឺជា “នយោបាយក្មេងខ្ចី និងស្រើបស្រាលចង់ឱ្យឪពុករបស់ខ្លួនក្លាយជាប្រធានបក្ស”។ បើទោះជា លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាយោបល់វេទិកាអនាគត (Future Forum Think Tank) ប្រាប់ខ្ញុំថា “អារម្មណ៍រុកគួនរំខាន” ទំនងជាអ្វីដែលធ្វើឱ្យកញ្ញានិយាយរឿងនេះឡើង គាត់បន្តថា “ ស្ទើរគ្រប់អ្វីៗទាំងអស់ ដែលកញ្ញាបាននិយាយ គឺជាការពិត។” បើទោះបីជា នាងមិនគួរនិយាយពីវា ដោយសារតែវាអាចឱ្យគេមើលឃើញថា នៅកម្ពុជា វាអាចបង្កើតឱ្យមានការបែកបាក់របស់គណបក្សសង្រ្គោះជាតិក៏ដោយនោះ  ក៏នៅប្រទេសជាច្រើនផ្សេងៗទៀត រឿងនេះ វាគឺជារឿងធម្មតា ហើយអាចចាត់ទុកថា វាមិនមែនជាព័ត៌មានថែមទៀតផង។ ក៏ប៉ុន្តែ នៅកម្ពុជាវិញ ប្រជាជនមានការគិតមមៃជានិច្ចចំពោះការរួបរួមកម្លាំង”។
ក្រោយមក កាលពីថ្ងៃទី២៨ ខែតុលា មានការលើកឡើងរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថធម្មិកោ ដែលជាមន្ត្រីរបស់គណបក្សសង្រ្គោះជាតិដ៏ល្បីម្នាក់ និងជាសមាជិករបស់គ្រួសាររាជវង្សតែម្នាក់ ដែលមានសម្ព័ន្ធភាពបើកចំហជាមួយនឹងគណបក្សប្រឆាំងនេះ បានមានប្រសាសន៍ថា «ខ្ញុំនឹងគំរាមកំហែងចាកចេញពីគណបក្សនេះ ប្រសិនបើមិនមានការកែទម្រង់ទៅតាមផ្លូវ ដែលគណបក្សនេះដើរ ឬរៀបចំឡើងនោះទេ»។
អ្នកអង្គម្ចាស់បានបន្តថា៖ មានបញ្ហាមួយចំនួន ដែលគ្មាននរណាម្នាក់ហ៊ានដោះស្រាយ… បញ្ហាសំខាន់គឺការបែកបាក់។ នៅខាងក្រោយការបង្រួបបង្រួមរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នោះ មានរឿងផ្សេងៗជាច្រើនទៀតដែលមានការបែកខ្ញែក និងទទួលយកមិនបាន។ យើងចាំបាច់ត្រូវតែស្វែងរកការសាមគ្គីភាពគ្នាមួយ ប្រសិនបើយើងចង់ឈ្នះការបោះឆ្នោតខាងមុខនេះ… ពេលនេះយើងមិនបានធ្វើការក្នុងនាមជាគណបក្សតែមួយនោះទេ។ យើងកំពុងតែធ្វើការក្នុងនាមជាបុគ្គលម្នាក់ៗ ដែលនេះមិនមែនជាផ្លូវដែលគណបក្សត្រូវដើរនោះទេ ជាពិសេសប្រសិនបើយើងចង់គ្រប់គ្រងប្រទេសដរាបណាវានៅតែបែបនេះនោះ យើងនឹងមិនមានឱកាស ឈ្នះនៅក្នុងការបោះឆ្នោតខាងមុខនេះទេ
បញ្ហានៅក្នុងគណបក្សសង្រ្គោះជាតិ៖ ទន្ទឹមនឹងនេះ គណបក្សនេះបានបែកខ្ញែកយ៉ាងខ្លាំងក្រោមឥទ្ធិពលរបស់មេដឹកនាំទាំងពីរ។ គេបានដឹងថា មានក្រុមជាច្រើននៅក្នុងបក្សនេះ។ គណបក្សសង្រ្គោះជាតិ នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានចងសម្ព័ន្ធភាពរវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ មកដល់ពេលនេះ ក្រុមទាំងនោះនៅតែមានការបែកខ្ញែកជាពីរក្រុមដដែល ពោលរវាងអ្នកនយោបាយដែលស្មោះត្រង់ទៅនឹងបុគ្គលទាំងពីររូបខាងលើនេះ។
លោក អ៊ូ វីរៈ បានប្រាប់កាសែត Cambodia Daily ថា គណបក្សនេះតែងតែស្ថិតក្នុងវិបត្តិនេះជានិច្ច។ វាជាការរៀបការ ដែលមានភាពចាំបាច់ និងត្រូវរូវគ្នា ប៉ុន្តែវាមិនទាន់ជាគណបក្ស ដែលខ្លាំងនៅឡើយទេ។ អ្វីៗដែលគេដឹងជាសាធារណៈនោះ គឺស្ថិតនៅកន្លែងបែកបាក់គ្នាហ្នឹងដដែល ពោលគឺចាប់តាំងពីថ្ងៃដែលគណបក្សនេះត្រូវបានបង្កើតឡើងនោះ ហើយជាលទ្ធផលវាមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ។ លោកបន្តទៀតថា «ប្រសិនបើលោក សម រង្ស៊ី ឆ្លើយតប ក្នុងនាមជាបុរសម្នាក់ ដែលមិនអាចទទួលយកការរិះគន់បាន នោះលោកមិនមែនជាមេដឹកនាំ ដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមទៅលើនោះទេ… ប៉ុន្តែ ប្រសិនបើលោកឆ្លើយតបតាមរយៈការពង្រឹងប្រព័ន្ធគណបក្ស ហើយអនុញ្ញាតឱ្យមានគំនិត និងវិធីសាស្ត្រផ្សេងៗគ្នាមួយចំនួន ទន្ទឹមនឹងការថែរក្សាទស្សនៈរួមឱ្យមានភាពរស់រវើក នោះខ្ញុំគិតថា កត្តានេះអាចនឹងជួយពង្រឹងគណបក្សនេះឱ្យយូរអង្វែងតទៅទៀត»។
សូមស្តាប់លោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិ និងជាសម្ព័ន្ធមិត្តដ៏យូរបស់លោក សម រង្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៣មក បានលើកឡើងពីការផ្តល់មតិរបស់ កញ្ញាមនោវិទ្យាថា៖
យើងមិនចាប់អារម្មណ៍ទៅលើអ្វី ដែលកញ្ញាម្នាក់នេះបាននិយាយនោះទេ… ខ្ញុំត្រូវបានតែងតាំងធ្វើជាអ្នកនាំពាក្យរបស់គណបក្សនេះជាផ្លូវការ ហើយខ្ញុំតែម្នាក់ប៉ុណ្ណោះ ដែលនិយាយទៅកាន់សារព័ត៌មាន។
ខ្ញុំមិនច្បាស់ទេ ថាតើខ្ញុំជាមនុស្សតែម្នាក់ ឬយ៉ាងណា ដែលស្រងាកចិត្តចំពោះរឿងនេះ។ សម្រាប់គណបក្សមួយ ដែលចាត់ទុកខ្លួនឯងជាគណបក្សមានលក្ខណៈប្រជាធិបតេយ្យ និងចង់នាំប្រជាធិបតេយ្យពិតប្រាកដមកកាន់ប្រទេសជាតិមួយ ដែលមិនធ្លាប់ទាំងបានស្គាល់ប្រជាធិបតេយ្យពិតប្រាកដពីមុនមកនោះ សំដីទាំង ២៨ពាក្យនេះ ចាំបាច់ត្រូវតែស្គាល់វាឱ្យច្បាស់អំពីការងារផ្ទៃក្នុងរបស់បក្សខ្លួន។
សូមពិនិត្យមើលប្រយោគទាំងពីរនោះឱ្យបានដិតដល់ជាងនេះបន្ថែមទៀត។ កញ្ញា មនោវិទ្យា គឺជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សម្នាក់ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សផងដែរ ដូច្នេះម្នាក់ៗអាចសន្មត់បានថា កញ្ញាមិនត្រឹមតែមានសិទ្ធិក្នុងការបញ្ចេញនូវទស្សនៈរបស់ កញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិ ដែលអាចធ្វើឱ្យពួកគេស្តាប់ថែមទៀតផង។ ប្រសិនបើមិនដូច្នេះទេ តំណែងរបស់កញ្ញាគឺមិនត្រឹមតែមិនសំខាន់ប៉ុណ្ណោះទេ តែថែមទាំងកញ្ញាមិនមានសមត្ថភាពក្នុងការនិយាយអំពីនយោបាយថែមទៀតផង។ (ផលប៉ះពាល់ទំនងជាថា) តើហេតុអ្វីបានជាគណបក្ស ដែលប្រឆាំងនឹងបក្សពួកនិយម ផ្តល់តំណែងបែបនេះទៅឱ្យកូនស្រីអនុប្រធានគណបក្សទៅវិញ? ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីដែលលោក យឹម សុវណ្ណ ចង់និយាយនោះគឺថា ដោយសារតែកញ្ញាមានភាពមិនកោតក្រែងក្នុងការផ្តល់គំនិតរិះគន់ដល់ថ្នាក់ដឹកនាំបក្សនោះ គំនិតរបស់កញ្ញាគឺមិនយកជាការទេ។ តើនេះជាវិធីសាស្ត្ររបស់គណបក្ស ដែលមានលក្ខណៈប្រជាធិបតេយ្យឬ? សូមពិចារណាចំពោះផលប៉ះពាល់នេះ៖ ប្រសិនបើនរណាម្នាក់ ដែលស្ថិតក្នុងតំណែងរបស់កញ្ញាត្រូវបានដកចេញ ដោយសារតែកញ្ញានិយាយរិះគន់ទៅលើមេកើយ តើនោះមានន័យយ៉ាងដូចម្តេចចំពោះថ្នាក់ក្រោមរបស់កញ្ញា? តើនោះមិនមែនជាការគំរាមកំហែងទៅលើសមាជិកបក្សសង្រ្គោះជាតិទាំងអស់ ដែលរក្សាភាពស្ងប់ស្ងាត់ និងដើរតាមគន្លងបក្សទេឬ?
ឥឡូវនេះ សូមមើលប្រយោគទី២។ តាមរយៈផលប៉ះពាល់នេះ លោក យឹម សុវណ្ណ បានទទួលផ្តាច់មុខក្នុងការនិយាយជាសាធារណៈ។ ម្នាក់ៗអាចបានត្រឹមតែសន្មត់ថា លោកប្រើពាក្យគន្លឹះមួយមិនត្រឹមត្រូវ ពោលគឺថា លោកជាមនុស្សតែម្នាក់គត់ ដែលមានសិទ្ធិនិយាយទៅកាន់សារព័ត៌មាន។ ហើយនេះគឺជាចំណុចសំខាន់៖ ប្រសិនបើលោក យឹម សុវណ្ណ ដូចដែលលោកបានអះអាងខ្លួនលោកថា លោកត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់គណបក្សជាផ្លូវការ ហើយជាមនុស្សម្នាក់ ដែលនិយាយទៅកាន់សារព័ត៌មាន នោះពាក្យសំដីរបស់គាត់គួរតែត្រូវចាត់ទុកជាតម្លៃមុខមាត់ ហើយត្រូវតែយល់ពីមាគ៌ានយោបាយរបស់គណបក្ស។ បើមិនដូច្នេះទេ គណបក្ស សង្រ្គោះជាតិ គួរតែពិចារណាឡើងវិញចំពោះតំណែងរបស់គាត់។
ជាការពិតហើយ គណបក្សនេះប្រហែលជាអាចនិយាយបានថា មិនមែនជាពេលបង្កើតឱ្យមានវិវាទផ្ទៃក្នុងនោះទេ ពេលនេះបក្សកំពុងទទួលរងការវាយប្រហារពីរដ្ឋាភិបាល ហើយការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះហើយ ខណៈដែលការបោះឆ្នោតសកលនឹងធ្វើឡើងក្នុងឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែជាថ្មីម្តងទៀត តើមានពេលណាដែលគណបក្សប្រឆាំងនេះមិនស្ថិតក្រោមសម្ពាធបែបនេះ? គួរឱ្យកត់សំគាល់បន្ថែមទៀតនោះ អ្នកអង្គម្ចាស់ធម្មិកោគឺមានភាពត្រឹមត្រូវក្នុងការនិយាយថា បើគ្មានការបង្រួបបង្រួមគ្នាទេនោះ គណបក្សនេះនឹងប្រឈមនឹងភាពលំបាកដូចជាការឡើងភ្នំ ដែលមានចំណោទខ្ពស់ ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះណាស់។ ប៉ុន្តែសំណួរសួរថា តើការបង្រួមបង្រួមនឹងត្រូវរកបានដោយរបៀបណា និងក្នុងតម្លៃណា?
ការបង្រួមបង្រួមគ្នាអាចត្រូវបានលើកកំពស់តាមរយៈយុទ្ធសាស្ត្រទន់ឬរឹង ឬ វិធីសាស្ត្រពីក្រោមទៅលើ ឬ ពីលើមកក្រោម។ វិធីសាស្ត្រទន់ ពីក្រោមទៅលើនេះ ជាកិច្ចព្រមព្រៀងមួយសំដៅឱ្យមានគោលបំណង និងទស្សនៈរួមរបស់បក្ស។ វាទាមទារឱ្យមានកិច្ចពិភាក្សាសួរដេញដោលគ្នា ហើយការសួរដេញដោលគ្នាចាំបាច់ត្រូវមានគំនិតខុសប្លែកពីគ្នា (ដែលជាញឹកញាប់គឺអ្វីដែលគេមិនចង់លឺ)។ សម្រាប់យើងទាំងអស់គ្នា ដែលនៅតែឱ្យតម្លៃថា ពាក្យពេចគ្រាមភាសា ដែលយើងជឿតាមរយៈការជជែកគ្នា និងឈ្លោះគ្នា មិនគ្រាន់តែនាំឱ្យមានសច្ចភាពប៉ុណ្ណោះទេ គឺថែមទាំងមានមនោគមវិជ្ជាជាប់ទាក់ទងគ្នារដឹកហូរហែ ឬយ៉ាងហោចណាស់ កម្មវិធីនយោបាយបក្សមួយមានការជាប់ពាក់ព័ន្ធគ្នាផងដែរ។  ដូច្នេះ ការជជែកពិភាក្សាផ្ទៃក្នុងសំខាន់ណាស់សម្រាប់បក្សនយោបាយ។ ម្នាក់ៗមិនអាចច្រៀងបទចម្រៀងតែមួយឱ្យដូចគ្នា ដោយគ្មានការជជែកគ្នាថា តើបទចម្រៀងណាដែលត្រូវច្រៀងនោះទេ។
ប៉ុន្តែគណបក្ស CNRP វិញមិនបានប្រតិបត្តិការតាមរយៈវិធីសាស្ត្រទាំងអស់នោះទេ។ គណបក្សនេះស្ទើរតែពោរពេញទៅដោយជំនឿលើភាពចុះសម្រុងគ្នា ដែលជាការចុះសម្រុងគ្នាពីលើមកក្រោមតែប៉ុណ្ណោះ។ ជាការពិត វាគឺជាការសម្រេចចិត្តរបស់លោក សម រង្ស៊ី ដែលមិនត្រឡប់ចូលមកស្រុកវិញ។ នេះគឺជាផលប៉ះពាល់ ដែលធ្វើឱ្យអ្នកអង្គម្ចាស់ ធម្មិកោ បាននិយាយថា នេះមិនមែនស្រេចតែលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះទេ ដែលសម្រេចថា លោកគួរតែចូលស្រុក ឬមិនគួរចូលនោះ វាគឺស្ថិតលើការសម្រេចរបស់គណបក្ស ដែលថាតើលោក សម រង្ស៊ី ត្រូវចូលស្រុក ឬមិនចូល។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រការសម្រេចចិត្តនេះកាលពីឆ្នាំមុន ប៉ុន្តែអ្នកអង្គម្ចាស់ ធម្មិកោ បាននិយាយថា លោកនឹងជំរុញឱ្យមានការបោះឆ្នោតមួយទៀត នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ជួបគ្នា នៅដើមខែវិច្ឆិកានេះ។ ប៉ុន្តែមិនទាន់មានការបោះឆ្នោតនេះកើតឡើងនៅឡើយទេ។
ការពិតគឺថា រចនាសម្ព័ន្ធរបស់បក្សសង្គ្រោះជាតិ មានទំនោរយ៉ាងខ្លាំងទៅលើបុគ្គល។ សូមលើកយក បញ្ហាថវិកាមកធ្វើជាឧទាហរណ៍។ លោក អ៊ូ វីរៈ បាននិយាយថា «អំណោយផ្សេងៗមិនត្រូវបានប្រគល់ជូនគណបក្សទេ ប៉ុន្តែត្រូវបានប្រគល់ជូនបុគ្គលទៅវិញ។ ដូច្នេះហើយ បានជាអ្នកនយោបាយទាំងនោះ ព្យាយាមធ្វើដំណើរទៅកាន់បរទេស។ ប្រសិនបើគេផ្លាស់ប្តូររូបមន្តនេះ ពោលគឺប្រគល់អំណោយទាំងអស់នោះ ទៅឱ្យគណបក្ស ហើយត្រូវបានលាតត្រដាងវិញ នោះគេនឹងមានការផ្លាស់ប្តូរជាច្រើន។ ប៉ុន្តែពួកគេមិនធ្វើបែបនេះទេ ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនបំផុតនោះ គឺមេដឹកនាំទាំងពីររូបនោះ»។
ជាឧទាហរណ៍មួយផ្សេងទៀត សូមមើលទៅលើ យោបល់របស់លោក សម រង្ស៊ី កាលពីដើមខែនេះ។ នៅពេលដែលគ្មានវត្តមានរបស់គាត់នោះ លោក កឹម សុខា គឺជាប្រធានស្តីទីរបស់គណបក្ស ហើយជាអ្នកបន្តនៅពេលដែលលោក សម រង្ស៊ី មិនត្រូវបានលើកលែងទោស និងមិនអាចត្រឡប់មកស្រុកវិញ នៅក្នុងឆ្នាំ២០១៨ខាងមុខ នោះមានន័យថា លោក កឹម សុខា គឺជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ និយាយទៅកាន់កាសែត Cambodia Daily លោក សម រង្ស៊ី បានលើកឡើងថា មានតែខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ ដែលជាគូប្រកួតប្រជែងស្របច្បាប់ប្រឆាំងនឹងលោក ហ៊ុន សែន។ មុននឹងដកស្រង់សម្តីរបស់ សម រង្ស៊ី កាសែតបានលើកឡើងថា៖ «តើគេអាចស្រមៃបានទេ បើមានតែអ្នកប្រដាល់ម្នាក់គត់នៅលើសង្វៀន ហើយតាំងខ្លួនឯងជាអ្នកឈ្នះក្នុងការប្រកួត ដោយមិនបានប្រឈមជាមួយនឹងគូប្រកួតពិតប្រាកដ របស់គាត់នោះ?
សូមលើកយកការលើកឡើងដ៏ក្រអឺតក្រទមរបស់គាត់មកដាក់លើតម្លៃទល់មុខគ្នាវិញ។ ទី១ លោក កឹម សុខា នឹងក្លាយជាគូប្រកួតប្រជែងមិនពិតមួយរូបជាមួយលោក ហ៊ុន សែន។ ទី២ នយោបាយកម្ពុជាគឺពិតជាសមរភូមិរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដោយសារតែគ្មាននរណាម្នាក់អាចប្រកួតនឹងគាត់បាន ហើយវាក៏មិនមែនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះដែរ។ តែប្រសិនបើគណបក្សប្រឆាំងខ្លាំងដោយខ្លួនឯង ហើយការសន្យារបស់គណបក្សមានប្រជាប្រិយចំពោះប្រជាជនវិញ នោះវាមិនមានបញ្ហា ថាតើនរណាជាអ្នកដឹកនាំនោះទេ។ លោក Lee Morgenbesser អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Griffith University ប្រទេសអូស្ត្រាលីបានលើកឡើងថា ដោយសារតែរបៀបនៃការដឹកនាំប្រមូលផ្តុំតែក្នុងគណបក្សសង្គ្រោះជាតិនោះ ការនិរទេស របស់លោក រង្ស៊ី បានបន្សល់នូវជំរើសមួយចំនួន ដែលបំពេញចិត្តក្រុមទាំងពីរ។ ក្នុងករណីណាក៏ដោយ ខ្ញុំមិនគិតថា លោក រង្ស៊ី អាចនឹងអត់ឱនចំពោះការដឹកនាំបក្សប្រឆាំងរបស់លោក កឹម សុខា នាពេលបោះឆ្នោតខាងមុខនោះទេ។
ដោយគ្មានយន្តការច្រើនកើតឡើងសម្រាប់ធ្វើការរិះគន់ ឬគ្មានការពិភាក្សាសួរដេញដោលផ្ទៃក្នុងទេ នោះវានឹងបង្ខំឱ្យមានអ្នកដែលមិនសប្បាយចិត្តនឹងបក្ស ស្វែងរកវិធីសាស្ត្រផ្សេងទៀត ដើម្បីសំដែងមតិរបស់ពួកគេ។ នេះគឺជាអ្វីដែលធ្វើឱ្យកញ្ញា មនោវិទ្យា និងអ្នកអង្គម្ចាស់ ធម្មិកោបញ្ចេញទស្សនៈរបស់ពួកគេ។ បញ្ហាដ៏លេញធ្លោមួយក៏បានកើតឡើងផងដែរ៖ តើមានអ្វីដែលសមាជិកមិនសប្បាយចិត្តទាំងនោះ អាចធ្វើបាន ប្រសិនបើពួកគេមិនអាចផ្តល់មតិបាននោះ? គណបក្សនយោបាយថ្មីចំនួន ៨ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៥ មក ខ្លះបង្កើតឡើងដោយអតីតសមាជិក ដែលមានភក្តីភាពរបស់គណបក្ស CNRP ។ មនុស្សទុទិដ្ឋនិយមប្រហែលជានិយាយថា ពួកគេជាអ្នកធ្វើការឱ្យគណបក្សកាន់អំណាចដើម្បីមកបំបែកសំឡេងឆ្នោត។
យ៉ាងណាក៏ដោយ បន្ទាប់ពីបាននិយាយទៅកាន់មេដឹកនាំនៃគណបក្សទាំងនោះ ពួកគេពិតជាមិនពេញចិត្តនឹងគណបក្សសង្គ្រោះជាតិទេ។ ជាក់ស្តែង លោក ម៉ម សូណង់ដូ អ្នកកាសែតឯករាជ្យ និងនាយកវិទ្យុសំបុក្រឃ្មុំ ដែលបានបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យកាលពីឆ្នាំមុន គឺជាអ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ កាលពីការបោះឆ្នោតឆ្នាំ២០១៣កន្លងមក។ ប៉ុន្តែលោកបានប្រាប់ខ្ញុំថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដូចជារូបគាត់ផ្ទាល់ មានអារម្មណ៍មិនពេញចិត្តទេ ដោយសារតែគណបក្សនេះមិនបានដើរតាមអ្វីដែលពួកគេសន្យា។ យើងមានអារម្មណ៍ថា គណបក្សនេះមិនមែនជាអ្នកតំណាងឱ្យឆន្ទៈរបស់ប្រជាជនទៀតនោះទេ។
លោកស្រី Lak Sopheap ដែលជាសហស្ថាបនិករបស់គណបក្សបង្រួបបង្រួមខ្មែរ ធ្លាប់ជាសមាជិករបស់គណបក្សប្រឆាំងនេះ ចាប់តាំងពីចូលរួមគណបក្សជាតិខ្មែរលើកដំបូងរបស់លោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៥។ ត្រឹមឆ្នាំ២០១៤ លោកស្រីគឺជាជំនួយការផ្ទាល់ខ្លួនរបស់លោក កឹម សុខា ប៉ុន្តែត្រូវបានបណ្តេញចេញពីគណបក្សកាលពីខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រីបានចោទប្រកាន់ថា លោក កឹម សុខា បានប្រាប់លោកស្រីថា លោក សម រង្ស៊ី បានបន្លំប្រាក់មូលនិធិគណបក្សចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីមិនអាចនៅជាមួយគណបក្សសង្គ្រោះជាតិនេះទៀតទេ។ យើងតែងតែស្ថិតក្រោមឆ័ត្ររបស់មេដឹកនាំពីររូប។ ពួកគេរើសអើង ប្រឆាំងនឹងអ្នកផ្សេង ហើយជឿជាក់តែទៅលើអ្នកនៅជុំវិញផ្ទៃក្នុងរបស់ពួកគេប៉ុណ្ណោះទេ។ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនដែលគិតពីផលប្រយោជន៍ជាតិទេ ពោលគឺធ្វើអ្វីៗដើម្បីតែអំណាចផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ តាមរយៈការអនុញ្ញាតឱ្យមានកិច្ចពិភាក្សាសួរដេញដោលផ្ទៃក្នុងនោះ វាប្រហែលគ្រាន់តែទប់ស្កាត់សមាជិកដែលស្ងៀមស្ងាត់ និងមិនសំខាន់ ពីការចាកចេញពីគណបក្សតែប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ជំហានមួយដែលស្ថិតក្នុងទិសដៅត្រឹមត្រូវ ត្រូវបានគេប្រកាន់យក នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិកចំនួន ១២៥ រូប បានអនុម័តទៅលើសេចក្តីព្រាងគោលនយោបាយរបស់ខ្លួន។ បើទោះបីជាខ្លឹមសារនៅក្នុងនោះត្រូវបានគេដឹងបន្តិចបន្តួចក៏ដោយ ក៏គេអាចសង្ឃឹមបានថា សេចក្តីព្រៀងនេះនឹងផ្តល់ឱ្យគណបក្សសង្គ្រោះជាតិនូវធាតុចាំបាច់ ដែលឈានទៅរកការបោះឆ្នោតនៅ ២ ឆ្នាំក្រោយដែរ។ វាក៏ប្រហែលជាបង្ហាញថា គណបក្សនេះបានបង្កើតនូវការសាមគ្គីភាពគ្នាផងដែរ។ យ៉ាងណាក៏ដោយ នេះមិនមានន័យថា កិច្ចពិភាក្សាផ្ទៃក្នុងមិនមានសារៈសំខាន់នោះទេ។ បើទោះបីជាមានការព្រមព្រៀងចំពោះសេចក្តីព្រាងនេះក៏ដោយ ក៏បញ្ហានៃការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅតែមានភាពលេចធ្លោដដែល រហូតដល់ពេលដែលលោកបានចូលមកស្រុកវិញ។ ក្នុងពេលជាមួយគ្នានេះដែរ ការដឹកនាំបក្សនៅតែជាបញ្ហា ដោយសារទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មិនត្រូវបានអនុញ្ញាតិឱ្យធ្វើដំណើរនៅក្នុងប្រទេស (ហើយគ្មានសញ្ញាណណាមួយបង្ហាញឱ្យឃើញថា មានអ្នកណាម្នាក់ផ្សេងទៀតអាច ឬក៏ចង់កាន់ចង្កូតដឹកនាំនោះដែរ)។
ជាងនេះទៅទៀតនោះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ជាគណបក្សមានលក្ខណៈប្រជាធិបតេយ្យ ដូចដែលគេបាននិយាយ (ហើយប្រសិនបើគណបក្សនេះនឹងគ្រប់គ្រងប្រទេសកម្ពុជាតាមវិថីប្រជាធិបតេយ្យ ដូចដែលគេបាននិយាយមែន) នោះ ការរិះគន់ផ្ទៃក្នុងត្រូវតែក្លាយជាបទដ្ឋាន។ ប្រសិនបើមិនដូច្នេះទេ គណបក្សនេះនឹងបន្តដឹកនាំដោយក្រុមបុគ្គលពីរ ឬបីនាក់ដដែល។ ហើយ បើមិនដូច្នេះទេ តើគណបក្សនេះនឹងឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ និងបង្កើតរដ្ឋាភិបាលបានដែរឬទេ? ហើយ តើគណបក្សនេះនឹងមិនដើរតាមផ្លូវដដែល ដូចរដ្ឋបាលសព្វថ្ងៃ ដែលមើលឃើញការរិះគន់ថា ជាអ្វី ដែលមានការបែកខ្ញែក ឬជាអំពើក្បត់នឹងបក្សដែរឬទេ? ប្រសិនបើគណបក្ស CNRP មិនទំលាប់នឹងការរិះគន់ នៅពេលដែលខ្លួនស្ថិតក្នុងនាមជាគណបក្សប្រឆាំងនោះទេ នោះប្រាកដណាស់ថា គណបក្សនេះនឹងព្យាយាមធ្វើដូចគ្នានេះដែរ នៅពេលដែលពួកគេកាន់អំណាច៕
ប្រភព : The Diplomat  ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦

គ.ជ.ប ពន្យាពេលចុះឈ្មោះបោះឆ្នោត ០១ថ្ងៃ

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានបញ្ជាក់ថា ឹនឹងមានការពន្យាពេល ចុះឈ្មោះបោះឆ្នោត ០១ថ្ងៃទៀត នៅគ្រប់ឃុំ សង្កាត់ គឺបិទបញ្ចប់ត្រឹមថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រឹមម៉ោង៥:៣០នាទីល្ងាច។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់ ហើយគិតត្រឹមល្ងាចថ្ងៃទី ២៨ម្សិលមិញនេះ មានពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោត ប្រមាណជាង៨០%ហើយ៕

លោក ហ៊ុន ម៉ាណែត និងក្រុមការងារសុខចិត្តពុះពារឧបសគ្គ ដើម្បីផ្តល់ជូនអន្ដូងទឹកដល់ពលរដ្ឋនៅតំបន់អារ៉ែង

ទោះជាត្រូវប្រើប្រាស់រថយន្ត ម៉ូតូ និងដើរថ្មើរជើង កាត់ព្រៃ កាត់ទឹក កាត់ភក់ ពីព្រលឹមទល់យប់ ដើម្បីចូលទៅ តំបន់អារ៉ែង ក៏ដោយក៏លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានព្យាយាម  ដើម្បីចុះប្រគល់អណ្តូងទឹកស្អាតចំនួន 16 ដែលកសាងឡើងដោយមូលនិធិលោកតា ហ៊ុន នាង និងលោកយាយ ឌីប៉ុក លោកយាយ ប៉ុន ស៊ាងលី និងលោកតា លីន គ្រី ជូនប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមបណ្តាឃុំនានា នៅតំបន់អារ៉ែងរហូតបានចប់សព្វគ្រប់ នៅថ្ងៃច័ន្ទ ទី 28 វិច្ឆិកា 2016 កន្លងទៅនេះ៕





ទេសរដ្ឋមន្រ្តី ឆាយ ថន អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការដាក់ឱ្យប្រើប្រាស់ និង ចាប់ផ្តើមដំណើរការនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារភ្នំពេញ ។
កម្មវិធីថ្មីនេះ គឺផ្តោតទៅលើប្រជាជនក្រីក្រដែលត្រូវកំណត់ទាំងជនបទ និង ទីប្រជុំជន។ អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ៕



នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ សមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ត្រូវខិតខំបង្រ្កាប អប់រំ និងព្យាបាលស្តារ​នីតិសម្បទា​អ្នកប្រើគ្រឿងញៀនឱ្យសះ​ស្បើយត្រឡប់ទៅកាន់សហគមន៍វិញ

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបង្រ្កាប អប់រំ និងព្យាបាលស្តារនីតិសម្បទាអ្នកប្រើគ្រឿងញៀនឱ្យសះស្បើយត្រឡប់ទៅកាន់សហគមន៍វិញ។ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់កងពលតូចអន្តរាគមន៍លេខ១១ ដែលស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម(ម្ចាស់គម្រោង) ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនៃកងពលអន្តរាគមន៍លេខ១១ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រសាសន៍ថា បញ្ហាគ្រឿងញៀនពិភពលោកមិនមានការថមថយទេ ហើយបានជះឥទ្ធិពលដល់ព្រះរាជាណាចក្រកម្ពុជាយើងតាមរយៈការលួចលាក់ប្រើប្រាស់ និងចែកចាយ ហើយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ខិតខំបង្រ្កាបជនល្មើស អប់រំអ្នកមិនទាន់ប្រើកុំឱ្យប្រើ និងព្យាបាលស្តារនីតិសម្បទាអ្នកដែលប្រើឱ្យសះស្បើយត្រឡប់ទៅកាន់សហគមន៍វិញ ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងពីគោលបំណងនៃការកសាងដើម្បីព្យាបាលជនរងគ្រោះថ្មី និងស្តារនីតិសម្បទាបន្តពីជនរងគ្រោះដែលបានព្យាបាលបន្សាបនៅរាជធានីភ្នំពេញរួចហើយ។ តាមការឱ្យដឹងពី លោក ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា គម្រោងសាងសង់មណ្ឌលមាន៦អគារ សរុបទឹកប្រាក់ប្រមាណជា៣០០.០០០ដុល្លារអាមេរិក ។ហើយជំហ៊ាន១នេះយើងគ្រោងសាងសង់អគារចំនួន០៣សិន៕




រដ្ឋសភាថៃនឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិនៅថ្ងៃអង្គារ៍នេះ

(បាងកក)៖ រដ្ឋសភានៃប្រទេសថៃត្រូវបានគេរំពឹងទុកថា នឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ៍នេះតែម្តង ដែលវាបានកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នេះបើតាមការផ្សាយរបស់ Reuters ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការប្រកាសយាងព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ភ្លាមៗនៅថ្ងៃអង្គារនេះ នឹងធ្វើឪ្យប្រជាជាតិថៃទាំងអស់មានការព្រួយបារម្ភថាព្រះមហាក្សត្រថ្មីនេះ នឹងមិនអាចឡើងគ្រងរាជ្យសម្បត្តិទាន់កាលកំណត់ នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ខណៈដែលព្រះអង្គម្ចាស់ពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់នៅឡើយ។ ជុំវិញបញ្ហានេះលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃធ្លាប់បានលើកឡើងថា ព្រះអង្គម្ចាស់បានស្នើមកកាន់លោកឲ្យពន្យាពេលនៃការឡើងស្នងរាជ្យសម្បត្តិ ដោយសារកំពុងស្ថិតនៅក្នុងអំឡុងពេលកាន់ទុក្ខ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនដែលថ្លែងសារអ្វីឡើយជាសាធារណៈចាប់តាំងពីព្រះបិតារបស់ព្រះអង្គសោយព្រះទិវង្គតនោះ ដោយគំរោងការណ៍ និងកិច្ចការជាតិនានាជាបន្ទុករបស់រដ្ឋាភិបាលដែលគ្រប់គ្រងទាំងស្រុងដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ទោះបីជាបែបនេះក្តីព្រះអង្គម្ចាស់ធ្លាប់បានផ្តល់ព័ត៌មានមកថា ព្រះអង្គនឹងយាងត្រឡប់មកពីអាល្លឺម៉ង់វិញនៅចុងសប្តាហ៍នេះ ហើយបើពិតមែននោះ វានឹងហួសថ្ងៃទី០១ ខែធ្នូ ជាថ្ងៃកំណត់នៃការឡើងស្នងរាជ្យនោះហើយ។
បន្ថែមពីនេះសមាជិករដ្ឋសភាថៃមួយរូប បានថ្លែងប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា «ថ្ងៃនេះយើងកំពុងតែរង់ចាំរដ្ឋាភិបាល បញ្ជូនលិខិតទៅកាន់រដ្ឋសភា យើងរំពឹងថា វានឹងសម្រេចបានតាមពេលកំណត់ទៅចុះ»។ ការបញ្ជូននេះ គឺដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋសភា ទើបធ្វើការយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ត្រឡប់មកប្រទេសថៃវិញជាផ្លូវការ៕

លោក ឡាយ វណ្ណៈ ចុះពិនិត្យមើលផ្លូវលំដែលខូចខាតដោយ​សារ គ្រោះជំនន់​ទឹកភ្លៀងដើម្បីស្នើសុំថវិកាសម្រាប់ជួសជុល

លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវលំដែលខូចខាត ដោយសារ គ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក នៅស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស ដើម្បីធ្វើរបាយការណ៍ និងសំណើសុំថវិកាសម្រាប់ជួសជុលផ្លូវទាំងនោះ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត មានប្រសាសន៍ថា ទោះបីផ្លូវនេះរាជរដ្ឋាភិបាលជាអ្នកធ្វើក៏ពិតមែនតែវាក៏ជាកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ហើយបងប្អូនទាំងអស់គ្នានេះហើយដែលជាអ្នកប្រើប្រាស់ផ្លូវនេះប្រចាំថ្ងៃ។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នាដើម្បីជាប្រយោជន៍រួមរបស់បងប្អូន។
សូមបញ្ជាក់ផងថា កន្លងមកទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យខូចខាតផ្លូវលំមួយចំនួននៅតាមបណ្តាស្រុកនានាក្នុងខេត្តតាកែវដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕




កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ពាន​រង្វាន់ ASEAN ICT AWARD ឆ្នាំ ២០១៧

លោក គង់ សោមវ៉ាន់ដា ដែលជានាយកប្រតិបត្តិ AI Solution Co,.Ltd ជាសហស្ថាបនិកតោះហ្វាន់ និងជាក្រុមតំណាងពីប្រទេសកម្ពុជាទៅទទួល មេដាយនៅអាស៊ាន ICT Award ២០១៦ បានប្រាប់ឱ្យដឹងថា ឆ្នាំក្រោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ លោកចង់ឃើញយុវវ័យកម្ពុជាចូលរួមប្រកួតឱ្យបានច្រើនជាងនេះ នឹងអាចដណ្ដើមបានមេដាយមាសបានច្រើន ។

លោកក៏បានបន្ថែមទៀតថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលពួកយើង ទទួលបានមេដាយប្រាក់ក្នុងការប្រកួតនេះ។ នេះជាមោទនភាពរបស់កម្ពុជា និងក្រុមការងារតោះFund ទាំងមូល ។ ពានរង្វាន់វិស័យ ICT អាស៊ាន (AICTA) គឺជាគម្រោងដែលបានអនុម័តដោយរដ្ឋមន្រ្តីទូរគមនាគមន៍អាស៊ាន។ គម្រោងនេះលើកកម្ពស់ការច្នៃប្រឌិត និងការសហការគ្នាក្នុងចំណោម រដ្ឋាភិបាល អាជីវកម្ម ប្រជាពលរដ្ឋ និងស្ថាប័នផ្សេងទៀត ផ្ដល់ឱកាសអាជីវកម្ម និងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មលើកម្លាំងវិស័យ ICT នៅក្នុងតំបន់អាស៊ាន។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់បច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN ICT AWARD នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីក្រុមតំណាងប្រទេសខ្មែរដែលទៅទទួលមេដាយនៅប្រទេសប្រ៊ុយណេ កាលពីសប្តាហ៍មុន៕


សម្តេច ហេង សំរិន៖ សភាកម្ពុជាមានកិត្តិយស និងក្តីរីករាយ ដែលបានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះមហាសន្និបាត សភាអាស៊ីលើកទី៩

ថ្លែងក្នុងពិធីបើក មហាសន្និបាតសភាអាស៊ី លើកទី៩ សម្តេច ហេង សំរិន បានមានប្រាសន៍ថា សភាកម្ពុជា មានកិត្តិយស និងក្តីរីករាយ ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមានការគាំទ្រ យ៉ាងពេញលេញពីសភាសមាជិក ជាពិសេស មហាសន្និបាតអាស៊ីលើកទី៩ នាពេលនេះ។
នារសៀលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសភាអាស៊ី (អេ-ភី-អេ) បានចូលរួមបើកមហាសន្និបាតសភាអាស៊ីលើកទី៩ នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទ    សុខាថ្មី នៃទីរួមខេត្តសៀមរាប។
សម្តេច ហេង សំរិន បន្តថា ការជួបជុំជាប្រវត្តិសាស្រ្តរបស់យើង នាពេលនេះ នឹងសម្រេចបាននៅលទ្ធផលជាវិជ្ជមាន ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនប្រជាជាតិរបស់យើង។ សមិទ្ធផលដែលកើតចេញពីមនសិការរួម របស់យើងទាំងអស់គ្នា ជាមូលដ្ឋាននាំមកនូវកត្តាជោគជ័យ សម្រាប់អ្នកបន្តវេន។
ក្នុងរយៈពេលមហាសន្និបាត អេ-ភី-អេ នេះ សម្តេច ហេង សំរិន សង្ឃឹមជឿជាក់ថា ចំនុចវិជ្ជមានជាច្រើនទៀតនឹងត្រូវបានឯកភាព និងអនុម័តនៅក្នុងរង្វង់គ្រួសារសភានៅអាស៊ី ប្រកប ដោយស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព៕


អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទិវាអនាម័យបរិស្ថានជាតិ

លោក ឈើយ ចាន់ណា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និង លោក អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ក្រោមទិសស្លោក ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
ទិវាអនាម័យបរិស្ថានជាតិនេះបានរៀបចំឡើងនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីចប់កម្មវិធី គណៈអធិបតី កងកម្លាំង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដង្ហែក្បួន និងធ្វើអនាម័យ រើសសំរាម តាមដងផ្លូវ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋធ្វើអនាម័យ បរិស្ថានក្នុងការរស់នៅដើម្បីសហគមន៍ និងទីក្រុងស្អាត៕



សម្តេច ហេង សំរិន បានអនុញ្ញាតឲ្យគណៈប្រតិភូសភាអាស៊ី ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសភាអាស៊ី (អេ-ភី-អេ) បានអនុញ្ញាតឲ្យគណៈប្រតិភូសភាអាស៊ី ប្រទេសសមាជិកសង្កេតការណ៍ និងអង្គការជាដៃគូរសភាតំបន់អាស៊ី (អេភីអេ) ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅសណ្ឋាគារនិ ងមជ្ឈមណ្ឌលសន្និសីទ សុខាថ្មី នាខេត្តសៀមរាបកាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
មានប្រសាសន៍ក្នុងជំនួបនោះ សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិតជារីករាយនិងស្វាគមន៍ដំណើរអញ្ជើញមកដល់ របស់ឯកឧត្តម លោកជំទាវ គណៈប្រតិភូទាំងអស់ ដែលមកចូលរួមមហាសន្និបាតសភាអាស៊ី អេភីអេ លើកទី៩ នាទឹកដី អច្ចរិយៈអង្គរយើងនាពេលនេះ៕


ស្វែងយល់អំពី មហាសន្និបាតសភាតំបន់អាស៊ី (APA) និងមហាសន្និបាតលើកទី៩

សភាតំបន់អាស៊ី ហៅកាត់ថា (APA) នេះ គឺបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរមក ពីសមាគមសភាអាស៊ីដើម្បីសន្តិភាព ដែលហៅកាត់ថា (AAPP)។ សភាប្រទេសកម្ពុជា គឺជាសមាជិកស្ថាបនិក (AAPP) ដែលបានប្រសូត្រឡើងនៅឆ្នាំ១៩៩៩។  AAPP គឺជាស្ថាប័ន ដែលប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី ឲ្យរួបរួមគ្នាជាធ្លុងមួយក្នុង គោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយ នៅក្នុងតំបន់អាស៊ីឲ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។
ឈរលើគោលបំណងនៃការជំរុញសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិ ក្នុងតំបន់អាស៊ី APA គឺបានកំណត់ឲ្យមានជំនួបកំពូលជាមហាសន្និបាត ថ្នាក់ដឹកនាំសភា នៃបណ្តាប្រទេសដែលជាសមាជិក និងកិច្ចប្រជុំគណៈកម្មាធិការនានាជាទៀងទាត់ប្រចំាឆ្នំា ដើម្បីប្រមូលឆន្ទៈរួម ដំណោះស្រាយរួម យុទ្ធសាស្រ្តរួម ដាក់ជូនដល់អ្នកអនុវត្តច្បាប់ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗនៃរដ្ឋជាសមាជិក APA ដើម្បីធានាឲ្យបាន នូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។
ដោយឡែក សម្រាបមហាសន្និបាតសភាអាស៊ី លើកទី៩នេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អំពីមោទនភាពកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះមហាសន្និបាត APA លើកទី៩ នៅខេត្តសៀមរាបអង្គរ។ ប្រធានបទ មហាសន្និបាត APA លើកទី៩ នេះគឺ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី» នេះគឺពិតជាមានសារសំខាន់ បំផុត សំរាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការបំផុតស្មារតីរួមគ្នាអោយចូលរួមស្រឡាញ់ និងថែរក្សាសុខសន្តិភាព និងចូលរួមធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា ប្រទេសទាំងអស់នៅ លើពិភពលោកសុទ្ធតែត្រូវការសន្តិភាព ត្រូវការភាពរីកចម្រើន ដើម្បីប្រជាជនរស់នៅប្រកបដោយសន្តិភាព។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនត្រូវការសង្គ្រាមឡើយ។ ចំពោះសម្តេចតេជោផ្ទាល់ គឺបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងវេទនាបំផុតក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតទេ ហើយប្រជាជាតិដទៃក៏មិនចង់ឃើញដែរ ដូច្នេះយើងទាមទារឲ្យមានការរួមគ្នាដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះទោះបីនៅទីណាក៏ដោយ។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជាតិទាំងអស់លើពិភពលោករួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិត។ មិនត្រឹមតែ បាត់បង់ជីវិតមនុស្សទេ គឺបានបណ្តាលអោយកើតមានវិបត្តិជនភៀសខ្លួនយ៉ាងខ្លាំង។ សម្តេចតេជោ ក៏ បានអំពាវនាវដល់ប្រទេសអឺរ៉ុប សូមជួយទទួលយកជនភៀសខ្លួនអោយបានស្នាក់នៅសមរម្យ និងមានការងារធ្វើផង ព្រោះនេះទង្វើនៃលទ្ឋផលសង្រ្គាម។ ដើម្បីរក្សាសន្តិភាពបាន ទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ស្កាត់អ្នកបង្កសង្រ្គាម។ ការអភិវឌ្ឍ និងសន្តិភាព គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ បើគ្មានសន្តិភាពហើយ ក៏មិនអាចមានការអភិវឌ្ឍបានឡើយ។
កិច្ចប្រជុំពិភាក្សារវាងសមាជិក APA ទាំង ២៣ប្រទេស គឺនឹងបន្តពិភាក្សាគ្នាអំពីប្រធានបទខាងលើ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីរកនូវដំណោះស្រាយសមស្របនានាដែលនាំមកនូវសន្តិភាព និងការរីកចម្រើនប្រកប ដោយចីរភាព ដល់ប្រជាជាតិទាំងក្នុងតំបន់ និងក្នុងពិភពលោក៕





សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូល​ថ្វាយអំណរព្រះរាជគុណ​ព្រះមហាក្សត្រដែល​ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បី​ទ្រទ្រង់សកម្ម​ភាពមនុស្សធម៌

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន មួយពាន់ដុល្លារអាមេរិក របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ដែលព្រះអង្គសព្ទព្រះរាជហឬទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជាសំរាប់ខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសារថ្វាយអំណរព្រះរាជគុណចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្រ្គោះ ប្រជារាស្រ្តកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិនានា ក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សំរាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ៕